2024
តើ​ខ្ញុំ​អាច​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ព្យាការី​ដោយ​របៀប​ណា ?
ខែ កញ្ញា ឆ្នាំ ២០២៤


« តើ​ខ្ញុំ​អាច​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ព្យាការី​ដោយ​របៀប​ណា ? » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៤ ។

ចូរ​មក​តាម​ខ្ញុំ

ហេលេមិន ៧–១៦

តើ​ខ្ញុំ​អាច​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ព្យាការី​ដោយ​របៀប​ណា ?

សន្និសីទ​ទូទៅ​អាច​ជួយ​យើង​ពង្រឹង​ទីបន្ទាល់​របស់​យើង​អំពី​ព្យាការី​ដែល​នៅរស់ ។

ប្រធាន រ័សុល អិម ណិលសុន កំពុង​ថ្លែង​សុន្ទរកថា​នៅ​លើ​វេទិកា

នៅ​ក្នុង​គម្ពីរ​ហេលេមិន ព្យាការី​សាំយូអែល​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ផ្ដល់​ការព្រមាន និង​ការអញ្ជើញ​ដល់​ពួកសាសន៍​នីហ្វៃ ( សូមមើល ហេលេមិន ១៣–១៤ ) ។ នៅ​ជំនាន់​យើង យើង​ក៏​មាន​ឱកាស​ស្តាប់​ការព្រមាន​ទាន់​ពេល​វេលា​ពី​ព្យាការី​របស់​យើង និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដទៃ​ទៀត​ផង​ដែរ ។ ការស្តាប់​តាម​ការអញ្ជើញ​របស់​ពួកលោក​ជួយ​យើង​ឲ្យ​ដើរ​តាម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។

សន្និសីទ​ទូទៅ​គឺ​ជា​ឱកាស​ដ៏​ល្អ​ឥតខ្ចោះ​មួយ ដើម្បី​ស្តាប់​ប្រសាសន៍​ថ្មីៗ​បំផុត​ពី​ថ្នាក់ដឹកនាំ​ដ៏​បំផុស​គំនិត​របស់​យើង ហើយ​ខិត​កាន់តែ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ ។ នេះ​ជា​វិធី​មួយ​ចំនួន​ដែល​បងប្អូន​អាច​ពិចារណា​ប្រើប្រាស់​សន្និសីទ​ទូទៅ​ដើម្បី​បង្កើន​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្យាការី​ដែល​នៅរស់ ៖

  1. មុន​សន្និសីទ​ទូទៅ សូម​ពិចារណា​ដោយ​អធិស្ឋាន​អំពី​មូលហេតុ​ដែល​ការមាន​ព្យាការី​គឺ​សំខាន់​ចំពោះ​បងប្អូន ។ សូម​ពិចារណា​អធិស្ឋាន​ដើម្បី​ទទួល​បាន​ការបញ្ជាក់​ពី​ព្រះវិញ្ញាណ​ថា ប្រធាន​សាសនាចក្រ​បច្ចុប្បន្ន​គឺ​ជា​ព្យាការី​របស់​ព្រះ អ្នកមើល​ឆុត និង​ជា​អ្នកទទួល​វិវរណៈ​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ ។ « ការដឹង​ដោយ​វិវរណៈ​ថា មាន​ព្យាការី​ដែល​នៅរស់​ម្នាក់​លើ​ផែនដី​នេះ​ផ្លាស់ប្ដូរ​អ្វីៗ​ទាំងអស់ » ។

  2. ស្រាវជ្រាវ​អំពី​អត្ថន័យ​នៃ​ការគាំទ្រ​ព្យាការី និង​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ ។ សូម​ចូលរួម​ក្នុង​ការគាំទ្រ​ពួកលោក​នៅ​ក្នុង​ការហៅ​បម្រើ​របស់​ពួកលោក​ក្នុង​អំឡុង​សម័យ​ប្រជុំ​រសៀល​ថ្ងៃ​សៅរ៍ ។

    បុរស​នៅ​មជ្ឈមណ្ឌល​សន្និសីទ​លើក​ដៃ​ស្តាំ​សម្រាប់​ការគាំទ្រ
  3. « ហើយ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់​សេចក្ដី​ពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ » ( មរ៉ូណៃ ១០:៥ ) ។ នៅ​ពេល​ដែល​បងប្អូន​ស្តាប់​សារលិខិត​ពី​ថ្នាក់ដឹកនាំ​សាសនាចក្រ សូម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ព្រះវិញ្ញាណ​ដែល​ថ្លែង​ទីបន្ទាល់​ថា ពាក្យ​សម្តី​របស់​ពួកលោក​គឺ​ពិត ។

  4. តួនាទី​សំខាន់​មួយ​របស់​ព្យាការី​គឺ​ដើម្បី​ធ្វើ​ជា​សាក្សី​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បង្រៀន​យើង​ឲ្យ « សម្លឹង​មើល​ទៅ​ព្រះរាជបុត្រា​នៃ​ព្រះ​ដោយ​នូវ​សេចក្ដី​ជំនឿ » ( សូមមើល ហេលេមិន ៨:១៣–១៦ ) ។ បងប្អូន​ប្រហែល​ជា​ចង់​កត់ចំណាំ​ពី​អ្វី​ដែល​ព្យាការី និង​អ្នកឡើង​និយាយ​ផ្សេងទៀត​បង្រៀន​អំពី​ព្រះអង្គ​សង្រ្គោះ ។

  5. « តាមរយៈ [ ប្រធាន រ័សុល អិម ណិលសុន ] យើង​បាន​ទទួល​ការអញ្ជើញ​រាប់​មិន​អស់​ហើយ​បាន​ទទួល​ការសន្យា​ថា​នឹង​ទទួល​បាន​ពរជ័យ​ដ៏​រុងរឿង​បើ​យើង​នឹង​ផ្តោត​ជីវិត​របស់​យើង​ទៅលើ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​គឺ​ព្រះយេស៊ូវ​គ្រីស្ទ » ។ សូម​ពិចារណា​ធ្វើ​បញ្ជី​នៃ​ការអញ្ជើញ​ដែល​ព្យាការី និង​អ្នកឡើង​និយាយ​ផ្សេងទៀត​ក្នុង​អំឡុង​ពេល​សន្និសីទ​បាន​អញ្ជើញ ។ សូម​យោង​ទៅ​កាន់​បញ្ជី​នោះ​វិញ ដើម្បី​ជួយ​បងប្អូន​ឲ្យ​ខិតខំ​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូច​ជា​ព្រះគ្រីស្ទ ។

  6. សូម​ចងចាំ​ពី​ការអញ្ជើញ​របស់​ប្រធាន ណិលសុន ៖ « ខ្ញុំ​សូម​ដាស់​តឿន​ដល់​បងប្អូន​ឲ្យ​សិក្សា​សារលិខិត​សន្និសីទ​នេះ​ឲ្យ​បាន​ញឹកញាប់—ម្ដងហើយ​ម្ដងទៀត—អំឡុង​ប្រាំមួយ​ខែ​ក្រោយ » ។ ពេល​បងប្អូន​ស្ដាប់ ឬ​អាន​សារលិខិត​ទាំងនោះ​ម្ដង​ទៀត សូម​គូស​ចំណាំ​នូវ​អ្វី​ដែល​លេច​ធ្លោ​ចំពោះ​បងប្អូន ។

  7. ប្រធាន ណិលសុន អញ្ជើញ​យើង​ឲ្យ « ស្វែងរក និង​រំពឹង​ថា​មាន​អព្ភូតហេតុ » ។ ពេល​បងប្អូន​គោរព​តាម​ដំបូន្មាន​របស់​ព្យាការី ហើយ​ធ្វើ​ការផ្លាស់ប្ដូរ​ក្នុង​ជីវិត​របស់​បងប្អូន សូម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ពរជ័យ​ដែល​បងប្អូន​ទទួល និង​អព្ភូតហេតុ​ដែល​បងប្អូន​ឃើញ ( សូមមើល ហេលេមិន ១៦:៤–៥ ) ។

នៅ​ពេល​ដែល​បងប្អូន​ធ្វើ​តាម​ជំហាន​ទាំងនេះ ដើម្បី​អភិវឌ្ឍ​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្យាការី អ្នកមើល​ឆុត និង​អ្នកទទួល​វិវរណៈ សូម​ដាក់​សេចក្ដី​ជំនឿ​របស់​បងប្អូន​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវរបិតាសួគ៌​ដែល​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់ ។ ដោយ​ក្ដី​ស្រឡាញ់ ព្រះ​បាន​ប្រទាន​ដល់​យើង​នូវ​ព្យាការី​ទាំងឡាយ ដើម្បី​ដឹកនាំ​យើង​ឲ្យ​ត្រឡប់​ទៅ​កាន់​ទ្រង់​វិញ—ព្យាការី​ដែល​ជា​អ្នកនាំពាក្យ​របស់​ទ្រង់ បង្ហាញ​ពី​ព្រះរាជ​បំណង​ប្រាថ្នា​របស់​ទ្រង់​ទៅកាន់​ពិភពលោក ។ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១:៣៨; ២១:៥–៦ ) ។ ប្រសិន​បើ​យើង​ជ្រើសរើស​ធ្វើ​តាម​ដំបូន្មាន​របស់​អ្នក​បម្រើ​របស់​ទ្រង់ នោះ​យើង​ជ្រើសរើស​ធ្វើ​តាម​ទ្រង់​ហើយ ។