« លែងឯកាទៀតហើយ ៖ វិធី ៧ យ៉ាងដើម្បីភ្ជាប់ទំនាក់ទំនង » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៤ ។
ចម្រើនវ័យដោយស្មោះត្រង់
លែងឯកាទៀតហើយ ៖ វិធី ៧ យ៉ាងដើម្បីភ្ជាប់ទំនាក់ទំនង
ភាពឯកោគឺជាឧបសគ្គមួយដែលអាចយកឈ្នះបានដោយការខិតខំមួយចំនួន ថាមពលផ្លូវចិត្ត និងជំនួយពីព្រះអង្គសង្គ្រោះ ។
យើងទាំងអស់គ្នាទំនងជានឹងដកពិសោធន៍នូវភាពឯកោនៅពេលខ្លះ ។ អារម្មណ៍ឯកោពីមួយពេលទៅមួយពេល ពិតជាអាចមានសុខភាពល្អ និងមានផលប្រយោជន៍ ជាសញ្ញាជីវសាស្ត្រដែលប្រាប់ថា យើងត្រូវស្ថាបនាទំនាក់ទំនងដែលកាន់តែរឹងមាំ ។ ប៉ុន្តែភាពឯកោដែលមានជាបន្តបន្ទាប់ ជាញឹកញាប់គឺជាឧបសគ្គដ៏ធំមួយដល់សុភមង្គល ។
ផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌រួមមានការប្រមូលផ្តុំយើងនៅក្នុងក្រុមគ្រួសារ និងនៅក្នុងក្រុមជំនុំ ។ ការប្រមូលផ្ដុំនេះជួយយើងមិនត្រឹមតែក្នុងការរីកចម្រើនដ៏អស់កល្បជានិច្ចរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងតម្រូវការរបស់យើងជាមនុស្សផងដែរ ដែលត្រូវស្ថិតក្នុងចំណោមអ្នកដទៃទៀត ដើម្បីមានអារម្មណ៍ថាយើងមានចំណែក ដើម្បីផ្តល់ និងទទួលបានការគាំទ្រផ្នែកផ្លូវចិត្ត ។ វិទ្យាសាស្ត្រកំពុងចាប់ផ្តើមទទួលស្គាល់ទំនាក់ទំនងសង្គមថាជាតម្រូវការជីវសាស្ត្រដែលទាក់ទងទៅនឹងសុខភាព និងការរស់រានមានជីវិតរបស់យើង ។
វាក៏ជាតម្រូវការខាងវិញ្ញាណផងដែរ ។ យើងត្រូវការគ្នាទៅវិញទៅមកសម្រាប់សុខុមាលភាពខាងវិញ្ញាណ និងការរីកចម្រើនរបស់យើង ។ ហើយស្ថានសួគ៌ដែលពោរពេញទៅដោយទំនាក់ទំនងដ៏អស់កល្បជានិច្ចនោះគឺជាគំនិតដ៏រីករាយមួយ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣០:២ ) ។
សូមពិចារណាអំពីគំនិតខាងក្រោមនេះដើម្បីប្រយុទ្ធនឹងភាពឯកោក្នុងជីវិតរបស់បងប្អូន ៖
-
ពឹងផ្អែកលើព្រះអង្គសង្គ្រោះ ព្រះវរបិតាសួគ៌របស់បងប្អូន និងព្រះយេស៊ូវគ្រីស្ទត្រាស់់ដឹងពីភាពឯកោរបស់បងប្អូន ហើយមានព្រះទ័យចង់ជួយ ។ ការដឹងថាព្រះអង្គសង្រ្គោះបានដឹងពីការឈឺចាប់នៃភាពឯកោ អាចជួយបងប្អូនឲ្យដឹងថាទ្រង់យល់ពីអារម្មណ៍របស់បងប្អូន ។ ការខិតជិតព្រះវរបិតាសួគ៌ និងព្រះអង្គសង្រ្គោះតាមរយៈការអធិស្ឋាន ការសិក្សាព្រះគម្ពីរ និងការថ្វាយបង្គំនៅថ្ងៃឈប់សម្រាក ហើយនៅក្នុងព្រះវិហារបរិសុទ្ធនឹងជួយបងប្អូនឲ្យដឹងថា បងប្អូនមិនដែលនៅម្នាក់ឯងទេ ។ ដូចប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « ពេលជីវិតរបស់យើងផ្តោតលើ … ព្រះយេស៊ូវគ្រីស្ទ ព្រមទាំងដំណឹងល្អរបស់ទ្រង់ នោះយើងអាចមានអំណរមិនថាមានអ្វីកំពុងកើតឡើង—ឬមិនកើតឡើង—នៅក្នុងជីវិតយើងនោះទេ » ។
-
មានភាពរាក់ទាក់ ។ ពេលខ្លះភាពឯកោអាចធ្វើឲ្យយើងសង្ស័យថា ការខិតខំនឹងជួយកាត់បន្ថយការឈឺចាប់របស់យើងឬទេ ។ សូមធ្វើការពិនិត្យខ្លួនឯង ដើម្បីមើលថាតើបងប្អូនកំពុងមានភាពទុទិដ្ឋិនិយមឬអត់ ។ ខណៈកំពុងស្វែងរកមិត្តភាព សូមចងចាំថាជាញឹកញាប់យើងត្រូវមានភាពរាក់ទាក់ ។ ការគ្រាន់តែនិយាយជំរាបសួរទៅកាន់អ្នកជិតខាងអាចធ្វើឲ្យមានការផ្លាស់ប្ដូរបាន ។ ហើយការស្វែងរកឱកាសដើម្បីផ្ដល់ពរដល់ជីវិតរបស់អ្នកដទៃដែលកំពុងជួបការលំបាកជាមួយនឹងភាពឯកោក៏អាចជាការធ្វើអន្តរាគមន៍ដ៏មានឥទ្ធិពលបំផុតផងដែរ ។
-
ចាប់ផ្តើមឡើងពីចំណាប់អារម្មណ៍ដូចគ្នា ។ ស្វែងរកមនុស្ស និងក្រុមដែលមានចំណាប់អារម្មណ៍ ទស្សនៈ និងបទដ្ឋានស្រដៀងគ្នានឹងបងប្អូនដែរ ។ បងប្អូនអាចស្វែងរក ( ឬសូម្បីតែពិចារណាចាប់ផ្តើម ! ) ក្លឹបសៀវភៅ ក្លឹបការបម្រើ ក្លឹបដើរ ក្រុមចម្រៀង ក្រុមរាត្រីជួបជុំក្រុមគ្រួសារ ឬក្រុមមនុស្សដែលកូនៗធំចេញពីផ្ទះ ។
-
សូមពង្រឹងទំនាក់ទំនងដែលមានស្រាប់ ។ មនុស្សភាគច្រើនមានទំនាក់ទំនងជាមួយគ្រួសារ មិត្តភក្តិ អ្នកជិតខាង និងសមាជិកវួដរួចទៅហើយ ។ ការចិញ្ចឹមបីបាច់ទំនាក់ទំនងដែលមានស្រាប់ទាំងនេះគឺជាទីតាំងដ៏អស្ចារ្យមួយដើម្បីចាប់ផ្តើម នៅពេលប្រយុទ្ធនឹងភាពឯកោ ។ ជាធម្មតា មិត្តភាពត្រូវការពេលវេលាក្នុងការកសាង ដូច្នេះសូមអត់ធ្មត់ពេលបងប្អូនចិញ្ចឹមបីបាច់ទំនាក់ទំនងទាំងឡាយ ។ សូមចងចាំថា គុណភាពនៃទំនាក់ទំនងរបស់បងប្អូន គឺសំខាន់ជាងចំនួនទំនាក់ទំនងដែលបងប្អូនមាន ។
-
សូមស្វែងរកឱកាសបម្រើ និងចែកចាយទេពកោសល្យ និងអំណោយទានខាងវិញ្ញាណរបស់បងប្អូន ។ ឱកាសដើម្បីផ្ដល់ការងារបម្រើ និងបម្រើនៅក្នុងសាសនាចក្រ គ្រួសារ និងសហគមន៍របស់យើងគឺស្ទើរតែគ្មានដែនកំណត់ទេ ។ ពេលយើងមានអារម្មណ៍ថា ការខិតខំរបស់យើងកំពុងមានឥទ្ធិពលវិជ្ជមានទៅលើអ្នកដទៃ វាអាចនាំមកនូវអត្ថន័យ និងគោលបំណងដល់ជីវិតរបស់យើង ។ ការមានអារម្មណ៍ថាជីវិតរបស់យើងមានអត្ថន័យចំពោះអ្នកដទៃគឺជាការរារាំងភាពឯកោដ៏ខ្លាំងមួយ ។
-
ដាក់ផែនការសម្រាប់គ្រាលំបាកនានា ។ ថ្ងៃឈប់សម្រាក និងថ្ងៃសំខាន់ៗដូចជាខួបនៃការស្លាប់របស់មនុស្សជាទីស្រឡាញ់អាចជាការលំបាក ។ សូមព្យាយាមដាក់ផែនការធ្វើសកម្មភាពជាមួយមិត្តភក្តិ ឬគ្រួសារនៅថ្ងៃបែបនេះ ដើម្បីកុំឲ្យបងប្អូនរេរានៅក្នុងការគិតពីការភ្ជាប់ទំនាក់ទំនងដែលបងប្អូនប្រាថ្នាចង់បាន ។
-
សូមចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ នេះគឺជាវិធីដ៏មានឥទ្ធិពលមួយដើម្បីទទួលអារម្មណ៍លួងលោម និងអារម្មណ៍នៃការមានចំណែក ។ អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានសន្យានូវពរជ័យជាច្រើនដែលយើងអាចទទួលបាន រួមមាន « សេចក្ដីស្រឡាញ់ និងអំណរគុណចំពោះជីដូនជីតា និងសាច់ញាតិដែលនៅរស់បានកើនឡើង ដូច្នេះយើងនឹងគ្មានអារម្មណ៍ឯកោទៀតឡើយ » ។
សម្រាប់មនុស្សភាគច្រើន ភាពឯកោគឺជាឧបសគ្គមួយដែលអាចយកឈ្នះបានដោយការខិតខំមួយចំនួន ថាមពលផ្លូវចិត្ត និងជំនួយពីព្រះអង្គសង្គ្រោះ ។