2024
ព្រះ​មាន​អ្វី​ដែល​ប្រសើរ​ជាង​សម្រាប់​យើង
ខែ កញ្ញា ឆ្នាំ ២០២៤


« ព្រះ​មាន​អ្វី​ដែល​ប្រសើរ​ជាង​សម្រាប់​យើង » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៤ ។

សំឡេង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ព្រះ​មាន​អ្វី​ដែល​ប្រសើរ​ជាង​សម្រាប់​យើង

ពេល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​ខ្ញុំ​ថា ខ្ញុំ​ជា​បុត្រ​របស់​ព្រះ ខ្ញុំ​បាន​ដឹង​ថា​ទ្រង់​មាន​ពរជ័យ​បន្ថែម​ទៀត​សម្រាប់​គ្រួសារ​ខ្ញុំ និង​ខ្ញុំ ។

រូបថត​នៃ​អ្នកនិពន្ធ​កំពុង​ដឹកនាំ​ក្រុមចម្រៀង

រូបថត​មក​ពី​អ្នកនិពន្ធ

ខ្ញុំ​បាន​ធំ​ឡើង​នៅ​ភូមិ​តូច​មួយ នៅ​ជនបទ​ក្នុង​ប្រទេស​ហ្វីលីពីន ។ គ្រួសារ​ខ្ញុំ​ក្រីក្រ ។ នៅ​ប្រទេស​ហ្វីលីពីន ប្រសិន​បើ​បងប្អូន​គ្មាន​លុយ​ទេ បងប្អូន​មិន​អាច​ទៅ​សាលា​រៀន​បាន​ទេ ។ ទោះបី​ជា​មាន​ឧបសគ្គ​នោះ​ក៏​ដោយ ខ្ញុំ​គឺ​ជា​យុវជន​ដ៏​មាន​មហិច្ឆតា​ម្នាក់ ។

ខ្ញុំ​បាន​ប្រាប់​ឪពុក​ម្ដាយ​ខ្ញុំ​ថា ខ្ញុំ​ចង់​ក្លាយ​ជា​វេជ្ជបណ្ឌិត ឬ​គ្រូ​បង្រៀន ឬ​ជា​អ្នក​ជំនាញ​អ្វី​មួយ ប៉ុន្តែ​ពួកគាត់​តែងតែ​ប្រាប់​ខ្ញុំ​ឲ្យ​ឈប់​ស្រមៃ​ទៅ ។ យើង​ពុំមាន​លុយ​សម្រាប់​ខ្ញុំ​ដើម្បី​ទៅ​សាកលវិទ្យាល័យ​ទេ ។ ឪពុក​ម្ដាយ​ខ្ញុំ​ចង់​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត ហើយ​មិន​ខក​ចិត្ត​នឹង​ជីវិត​ខ្ញុំ ។

ពួកគាត់​បាន​និយាយ​ថា « ការធ្វើ​ជា​អ្នក​ជំនាញ​ម្នាក់​មិន​មែន​សម្រាប់​ពួកយើង​ទេ » ។ ពួកគាត់​មិន​ជឿ​ថា មាន​អ្វី​ដែល​ប្រសើរ​ជាង​នេះ​សម្រាប់​គ្រួសារ​របស់​យើង ជាង​អ្វី​ដែល​យើង​មាន​រួច​ទៅ​ហើយ​នោះ​ទេ ។

ប៉ុន្តែ កាលនោះ​គឺ​មុន​ពេល​ពួកយើង​បាន​ចូលរួម​នឹង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

យើង​បានរស់នៅ​ឆ្ងាយ​ពី​ទីក្រុង ប៉ុន្តែ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​រក​ឃើញ​យើង ហើយ​បន្ត​ត្រឡប់​មក​វិញ ។ ពួកគេ​បាន​លះបង់​ជា​ច្រើន ដើម្បី​មក​បង្រៀន​គ្រួសារ​ខ្ញុំ ប៉ុន្តែ​ពួកគេ​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​យើង​ជា​រៀង​រហូត ។

ពេល​យើង​ចូលរួម​ក្នុង​សាសនាចក្រ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ជា​បុត្រ​របស់​ព្រះ​ដែល​មាន​សក្តានុពល​ដើម្បី​លូតលាស់ និង​រៀនសូត្រ ហើយ​ប្រែក្លាយ ( សូមមើល ម៉ូសេ ១:៣៩; « ក្រុមគ្រួសារ ៖ សេចក្តី​ប្រកាស​ដល់​ពិភពលោក » ក្នុង​បណ្ណាល័យ​ដំណឹងល្អ ) ។ ដោយ​មាន​ចំណេះដឹង​អំពី​ដំណឹងល្អ ខ្ញុំ​បាន​ដឹង​ថា វា​ដល់​ពេល​ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ច​សង្គម​គ្រួសារ​របស់​ខ្ញុំ​ហើយ ។ យើង​លែង​ជា​មនុស្ស​ក្រីក្រ​មក​ពី​ភូមិ​តូច​មួយ​ទៀត​ហើយ—យើង​ជា​បុត្រា​បុត្រី​ដ៏​ស័ក្ដិសម​របស់​ព្រះ​ដែល​សម​នឹង​ទទួល​ពរជ័យ​ដែល​ទ្រង់​បាន​សន្យា​ដល់​អ្នក​ដើរ​តាម​ដ៏​ស្មោះត្រង់​របស់​ទ្រង់ ។

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​នាំ​ដំណឹងល្អ​ចូល​មក​ក្នុង​ជីវិត​របស់​ខ្ញុំ ដំណឹងល្អ​បាន​នាំ​មក​នូវ​តន្ត្រី​មកក្នុង​ជីវិត​ខ្ញុំ ហើយ​តន្ត្រី​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​បាន​អាហារូបករណ៍​ដើម្បី​ចូល​រៀន​នៅ​សាកលវិទ្យាល័យ ។ ខ្ញុំ​បាន​ទទួល​សញ្ញាប័ត្រ​ផ្នែក​អប់រំ​កម្រិត​អនុវិទ្យាល័យ ហើយ​បន្ទាប់​មក​មាន​សញ្ញាប័ត្រ​ផ្នែក​តន្ត្រី ដែល​សិក្សា​ចម្បង​ក្នុង​ការដឹកនាំ​ក្រុម​ចម្រៀង ។ ឥឡូវ​នេះ​ខ្ញុំ​បង្រៀន​តន្ត្រី​នៅ​សាកល​វិទ្យាល័យ លីសេអូ ឌើ កាកាយ៉ាន និង​ដឹកនាំ​ក្លឹប​ក្រុម​ចម្រៀង​ដែល​ច្រៀង​ខ្លីៗ​ជាក្រុម​នៅ​វិទ្យាល័យ​លីសេអូ យូ ។ ខ្ញុំ​ក៏​ដឹកនាំ​ក្រុម​ចម្រៀង​សមាជិក​សាសនាចក្រ​ផង​ដែរ ។ បេសកកម្ម​របស់​យើង​គឺ​ដើម្បី​ចែកចាយ​សេចក្ដីពិត​របស់​ព្រះ​តាម​រយៈ​តន្ត្រី ។

ការបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ជីវិត​ថ្មី​មួយ ។ ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​នឹង​នៅ​ទី​ណា​ទេ​ថ្ងៃ​នេះ បើ​គ្មាន​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

មនុស្ស​គ្រប់​គ្នា​សម​នឹង​ទទួល​បាន​ឱកាស​រៀន​ដឹង​ដូច​ខ្ញុំ​ដែរ​ថា ពួកគេ​មាន​ព្រះវរបិតាសួគ៌ ហើយ​ទ្រង់​ប្រទាន​ពរ​ដល់​ពួកគេ​ឲ្យមាន​សក្តានុពល​ដើម្បី​លូតលាស់ និង​រៀនសូត្រ ហើយ​ប្រែក្លាយ ។