« ព្យាការីដឹកនាំយើងទៅកាន់ព្រះយេស៊ូវគ្រីស្ទ » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៤ ។
ព្យាការី ដឹកនាំយើងទៅកាន់ ព្រះយេស៊ូវគ្រីស្ទ
ព្យាការីស្គាល់ផ្លូវព្រោះលោកស្គាល់ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់ជា « ផ្លូវ ជាសេចក្តីពិត ហើយជាជីវិត » ( យ៉ូហាន ១៤:៦ ) ។
Seeking the One [ ទៅរកចៀមមួយ ] ដោយ លីស ឡេមិន ស្វីនដល មិនអាចចម្លងបានទេ
ថ្ងៃមួយខ្ញុំបានទទួលទានអាហារថ្ងៃត្រង់នៅក្នុងរោងអាហារក្នុងអគាររដ្ឋបាលសាសនាចក្រជាមួយមិត្តរួមការងាររបស់ខ្ញុំបីនាក់ក្នុងពួកចិតសិបនាក់ ។ ខណៈពេលដែលយើងកំពុងទទួលទានអាហារ ប្រធាន រ័សុល អិម ណិលសុន បានមកតុរបស់យើងជាមួយនឹងចានស៊ុបរបស់លោក ហើយបានសួរថា « តើខ្ញុំអាចចូលរួមជាមួយប្អូនៗបានទេ ? »
យើងទាំងអស់គ្នាបានតបថា « ពិតជាបានលោកប្រធាន ! » តើនរណាមិនចង់ទទួលទានអាហារថ្ងៃត្រង់ជាមួយព្យាការី ?
ពេលដែលយើងទទួលទាន ប្រធាន ណិលសុន បានចែកចាយបទពិសោធន៍មួយចំនួន ដែលលោកបានមាននៅក្នុងប្រទេសជាច្រើនដែលលោកបានទៅ និងនិយាយអំពីមនុស្សដែលបានបំផុសគំនិតលោក ។ លោកចិត្តល្អ ឆ្លាតវៃ និងសប្បុរស ។
ពេលយើងទទួលទានអាហារថ្ងៃត្រង់រួចហើយ ខ្ញុំបានបែរទៅរកប្រធាន ណិលសុន ហើយបាននិយាយថា « ប្រធាន ខ្ញុំមិនដឹងថាតើពេលណាខ្ញុំនឹងអង្គុយរួមតុជាមួយប្រធានទៀតនៅពេលឆាប់ៗនេះទេ ។ ប៉ុន្តែល្ងាចនេះ ខ្ញុំនឹងជួបភរិយា និងកូនៗរបស់ខ្ញុំ ហើយប្រាប់ពួកគេថា ខ្ញុំបានទទួលទានអាហារថ្ងៃត្រង់ជាមួយព្យាការី ។ ខ្ញុំដឹងថា ពួកគេនឹងសួរខ្ញុំថា ‹ តើលោកបានប្រាប់ប៉ាឲ្យប្រាប់យើងអ្វីខ្លះ ? › ប្រធាន តើលោកចង់ឲ្យខ្ញុំប្រាប់អ្វីដល់ប្រពន្ធ និងកូនៗរបស់ខ្ញុំ ? »
ប្រធាន ណិលសុន បានសម្លឹងមើលខ្ញុំមួយភ្លែត ។ ខ្ញុំពិតជាចង់ស្តាប់អ្វីដែលលោកនឹងមានប្រសាសន៍ខ្លាំងណាស់ ! លោកបានមានប្រសាសន៍ថា « ខ្ញុំមានតែពាក្យបីម៉ាត់សម្រាប់ប្អូន » ។ « ប្រាប់គ្រួសាររបស់ប្អូនថា ខ្ញុំនិយាយថា ‹ កាន់តាមបញ្ញត្តិ › » ។
យើងទាំងអស់គ្នាបានឮដំបូន្មាននេះមកពីប្រធាន ណិលសុន ពីមុនមក ប៉ុន្តែនៅគ្រានោះខ្ញុំទទួលសាក្សីផ្ទាល់ខ្លួន និងរឹងមាំថា ប្រធាន ណិលសុន គឺពិតជាព្យាការី ។ ខ្ញុំបានអរគុណលោក ហើយក្រោយមកនៅថ្ងៃនោះ ខ្ញុំបានប្រាប់គ្រួសារខ្ញុំនូវអ្វីដែលបានកើតឡើង ។ ក្រោយមក កូនៗរបស់យើងបានធ្វើស្លាក « កាន់តាមបញ្ញត្តិ » ហើយដាក់វានៅលើទូរទឹកកក និងកញ្ចក់របស់យើង ដើម្បីរំឭកយើងពីអ្វីដែលប្រធាន ណិលសុន បានមានប្រសាសន៍ ។
ចាប់តាំងពីពេលនោះមក ខ្ញុំបានពិចារណាអំពីដំបូន្មានរបស់ប្រធាន ណិលសុន ។ ពេលយើងកាន់តាមបញ្ញត្តិ យើងបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះ ។ យើងខិតកាន់តែជិតទ្រង់ទាំងទ្វេ ហើយស្ថិតនៅក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់ទាំងទ្វេ ។ ( សូមមើល យ៉ូហាន ១៤:២៦; ១៥:១០ ) ។
បទពិសោធន៍ជាមួយព្យាការីនេះបានបញ្ជាក់ដល់ខ្ញុំនូវសេចក្ដីពិតខាងវិញ្ញាណដ៏សំខាន់ និងជ្រាលជ្រៅ ។ នៅក្នុងអង្គការបឋមសិក្សា យើងច្រៀងថា « ធ្វើតាមព្យាការី គាត់ស្គាល់ផ្លូវត្រូវ » ។ លោក ពិតជា ស្គាល់ផ្លូវ ! ព្យាការីស្គាល់ផ្លូវ ព្រោះលោកស្គាល់ព្រះអង្គសង្រ្គោះដែល ជា « ផ្លូវ ជាសេចក្តីពិត ហើយជាជីវិត » ( យ៉ូហាន ១៤:៦ ) ។ នៅពេលយើងធ្វើតាមព្យាការី នោះយើងកំពុងត្រូវបាននាំទៅកាន់ព្រះយេស៊ូវគ្រីស្ទហើយ ។
តួនាទីពិសិដ្ឋរបស់ព្យាការី
ព្រះអម្ចាស់បានប្រទាននូវតួនាទីដ៏សំខាន់ និងពិសិដ្ឋមួយដល់ព្យាការីពីបុរាណ និងក្នុងជំនាន់របស់យើង ។ យើងបានអាននៅក្នុងព្រះគម្ពីរថា « ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់នឹងមិនធ្វើអ្វីដូច្នោះឡើយ លើកតែ ទ្រង់សម្ដែងឲ្យពួកហោរា ជាអ្នកបម្រើទ្រង់ ឃើញគំនិតលាក់កំបាំងរបស់ទ្រង់ផង » ( ការបកប្រែរបស់ព្យាការី យ៉ូសែប ស្ម៊ីធ អេម៉ុស ៣:៧ ) ។
ក្នុងគម្ពីរអេសេគាល យើងរៀនបន្ថែមទៀតអំពីអ្វីដែលព្យាការីត្រូវមាន ។ ព្រះអម្ចាស់បានមានព្រះបន្ទូលទៅកាន់ព្យាការីអេសេគាលថា « កូនមនុស្សអើយ គឺយ៉ាងនោះឯងដែលយើងបានតាំងឯងឡើងឲ្យធ្វើ [ ជា ] អ្នកចាំយាម ដល់ពួកវង្សអ៊ីស្រាអែល ដូច្នេះ ចូរស្តាប់ពាក្យពីមាត់យើង ហើយប្រកាសប្រាប់គេឲ្យយើង » ( អេសេគាល ៣៣:៧ ) ។
ព្យាការី ដូចជាអ្នកចាំយាមនៅលើប៉ម ដែលមានបទបញ្ជាពិសេសដើម្បីធ្វើជាអ្នកនាំពាក្យរបស់ព្រះអម្ចាស់ ហើយប្រកាសពីអ្វីដែលទ្រង់បានបង្ហាញដល់ពួកលោក ។ ព្រះជាម្ចាស់តម្រូវឲ្យព្យាការីរបស់ទ្រង់ធ្វើជាមនុស្សដែលមានសេចក្ដីជំនឿ ជាមនុស្សដែលមានសេចក្ដីទៀងត្រង់ និងជាមនុស្សដែលគ្មានការភ័យខ្លាច ។
រូបភាពនៃសាំយូអែលជាសាសន៍លេមិន ដោយ ឌេន ប៊ឺរ
ឧទាហរណ៍ សាំយូអែលជាសាសន៍លេមិនបានបង្ហាញការតាំងចិត្តទាំងស្រុងរបស់លោកចំពោះព្រះយេស៊ូវគ្រីស្ទ នៅពេលដែលលោកឈរនៅលើកំផែង ហើយបានប្រកាសដល់ពួកសាសន៍នីហ្វៃនូវអ្វីដែលព្រះអម្ចាស់បានដាក់ក្នុងចិត្តលោក ( សូមមើល ហេលេមិន ១៣:៤ ) ។
សាំយូអែលបាននិយាយថា « ហើយមើលចុះ ទេវតាមួយនៃព្រះអម្ចាស់បានប្រកាសរឿងនេះដល់ខ្ញុំ ហើយលោកបាននាំដំណឹងដ៏រីករាយមកដល់ព្រលឹងខ្ញុំ ។ ហើយមើលចុះ ខ្ញុំត្រូវបានចាត់ឲ្យមកជួបអ្នក ដើម្បីប្រកាសប្រាប់រឿងនេះដល់អ្នកផង ដើម្បីឲ្យអ្នករាល់គ្នាអាចមានដំណឹងដ៏រីករាយទាំងនេះ ប៉ុន្តែមើលចុះ អ្នករាល់គ្នាពុំព្រមទទួលខ្ញុំសោះ » ( ហេលេមិន ១៣:៧ ) ។
វាអស្ចារ្យណាស់ចំពោះខ្ញុំ ដែលសាំយូអែលបានថ្លែងទីបន្ទាល់យ៉ាងក្លាហានអំពីសេចក្ដីពិត—សូម្បីតែនៅពេលដែលពួកសាសន៍នីហ្វៃ « បានចោលដុំថ្មទៅលើលោក … ហើយ … បានបាញ់ព្រួញទៅលើលោក នៅពេលលោកឈរលើកំផែង » ( ហេលេមិន ១៦:២ ) ។ យើងឃើញភាពក្លាហាននេះនៅក្នុងព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈនៅសព្វថ្ងៃនេះ ។
ការធ្វើឲ្យពិភពលោកក្លាយជាកន្លែងដ៏ប្រសើរមួយ
មិនយូរប៉ុន្មាន ខ្ញុំបានជួបគូស្វាមីភរិយាមួយគូអំឡុងពេលសន្និសីទស្តេកមួយ នៅទីក្រុងណាសវីល រដ្ឋធេននីស៊ី សហរដ្ឋអាមេរិក ។ ភរិយាជាសមាជិកនៃសាសនាចក្រពេញមួយជីវិតរបស់នាង ។ ស្វាមីមិនមែនជាសមាជិកទេ ។
ពួកគេបានមកជួបខ្ញុំ ហើយស្វាមីបាននិយាយថា « ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីទទួលបុណ្យជ្រមុជទឹក » ។
ខ្ញុំសប្បាយចិត្តពេលឮដូច្នេះ ! ខ្ញុំបានសួរគាត់ថា « តើមានអ្វីប្រែប្រួល ? »
គាត់បានប្រាប់ខ្ញុំថា « នៅពេលខ្ញុំបានឮសារលិខិតរបស់ប្រធាន ណិលសុន នៅក្នុងសន្និសីទទូទៅ វាប៉ះចិត្តខ្ញុំខ្លាំងណាស់ ។ ខ្ញុំបានដឹងនៅពេលនោះថា លោកគឺជាព្យាការី ។ ខ្ញុំបានទទួលទីបន្ទាល់មួយ ហើយឥឡូវនេះខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីទទួលបុណ្យជ្រមុជទឹក » ។
ខ្ញុំក៏ស្គាល់ស្ត្រីម្នាក់នៅខេបខូស ប្រទេសហ្គាណា ដែលបានតាមដានសន្និសីទទូទៅ ។ នាងមិនដែលឮអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយទេ ប៉ុន្តែនាងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្វីដែលនាងបានឃើញ និងបានឮពីព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ។ ក្រោយមក នាងបានស្វែងរកសាសនាចក្រ ។ នាងបានរកឃើញសាលជំនុំមួយ ហើយបានជួបពួកអ្នកផ្សព្វផ្សាយសាសនា ។ នៅទីបំផុតនាងបានទទួលបុណ្យជ្រមុជទឹក ។ ថ្មីៗនេះ នាងបានផ្ញើរូបភាពរបស់នាងមកខ្ញុំ ដែលនាងនៅព្រះវិហារបរិសុទ្ធដើម្បីទទួលអំណោយទានពិសិដ្ឋរបស់នាង ។
ករណីទាំងពីរនេះបង្ហាញថា សាររបស់ព្យាការីមានឥទ្ធិពលខ្លាំងប៉ុណ្ណាចំពោះពិភពលោកនេះ ! ប្រសិនបើមនុស្សទាំងអស់នឹងស្ដាប់តាមសារលិខិតរបស់លោក នោះពិភពលោកនឹងមានសន្តិភាពខ្លាំងណាស់ ។ យើងទាំងអស់គ្នានឹងផ្តោតលើអ្វីដែលសំខាន់បំផុត រួមមានការអភិវឌ្ឍទំនាក់ទំនងជាមួយព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ និងការកសាងគ្រួសារដ៏រឹងមាំអស់កល្បជានិច្ច ។ យើងក៏នឹងក្លាយជាមនុស្សល្អបំផុតផងដែរ ព្រោះយើងនឹងកាន់តាមបញ្ញត្តិដ៏អស្ចារ្យទាំងពីរនេះ ៖ ស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់យើង ( សូមមើល ម៉ាថាយ ២២:៣៧–៣៩ ) ។ យើងនឹងនាំក្រុងស៊ីយ៉ូនចេញមក ជាសង្គមមួយដែលពេញទៅដោយសេចក្ដីស្រឡាញ់ សេចក្ដីសុចរិត និងភាពសុខដុមដោយឆ្លុះបញ្ចាំងពីវិញ្ញាណនៃភាពជាសិស្ស ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨២:១៤ ) ។
នៅពេលយើងធ្វើតាមព្យាការី នោះយើងអាចមានទំនុកចិត្តថា យើងកំពុងធ្វើអ្វីដែលព្រះនឹងឲ្យយើងធ្វើ ព្រោះព្យាការីធ្វើតាម—ហើយជួយយើងឲ្យធ្វើតាម—ព្រះយេស៊ូវគ្រីស្ទ ។ ដោយសារព្រះយេស៊ូវគ្រីស្ទ អ្វីៗគ្រប់យ៉ាងក្នុងជីវិតមានអត្ថន័យ ។ « យើងអាចមានអំណរ មិនថាមានអ្វីកំពុងកើតឡើង—ឬ មិនកើតឡើង—នៅក្នុងជីវិតយើងនោះទេ » ។ ដោយការធ្វើតាមព្យាការី យើងពិតជាអាចធ្វើឲ្យពិភពលោកក្លាយជាកន្លែងដ៏ល្អប្រសើរមួយ ។
ស្វែងរកពរជ័យដែលបានសន្យា
នៅពេលពួកបរិសុទ្ធត្រូវបានបណ្តេញចេញពីទីក្រុងខឺតឡង់ រដ្ឋអូហៃអូ គណៈប្រធានទីមួយបានផ្ទុកផ្ដាក់ អូលីវើរ គ្រែនជើរ ឲ្យលក់ទ្រព្យសម្បត្តិរបស់ពួកបរិសុទ្ធ និងដោះស្រាយបំណុលរបស់សាសនាចក្រ ។ អូលីវើរ ដែលជាបុរសធម្មតាម្នាក់ ស្ទើរតែខ្វាក់ទាំងស្រុងដោយសារតែប៉ះពាល់នឹងភាពត្រជាក់ បានទទួលយកភារកិច្ចដ៏លំបាកនេះ ដោយសារព្យាការី យ៉ូសែប ស្ម៊ីធ និងថ្នាក់ដឹកនាំផ្សេងទៀតបានស្នើសុំគាត់ ។ អូលីវើរបានតស៊ូឆ្លងកាត់ការលំបាកជាច្រើន ហើយព្រះអម្ចាស់បានឲ្យតម្លៃចំពោះការលះបង់ និងការខិតខំរបស់លោក ។
ព្រះអម្ចាស់បានមានបន្ទូលថា « យើងនឹកចាំដល់ អូលីវើរ គ្រែនជើរ ជាអ្នកបម្រើរបស់យើង » ។ « មើលចុះ យើងប្រាប់គាត់ជាប្រាកដថា ឈ្មោះគាត់នឹងត្រូវបានរំឭកថាពិសិដ្ឋពីតំណមួយទៅតំណមួយទៀត ជារៀងដរាបរហូតតទៅ ។ …
« … ហើយកាលណាគាត់ដួល នោះគាត់នឹងក្រោកឡើងវិញ ដ្បិតការបូជារបស់គាត់នឹងបានរាប់ថាពិសិដ្ឋដល់យើង ជាងការដំឡើងរបស់គាត់ទៅទៀត » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១១៧:១២–១៣ ) ។
អូលីវើរ និងភរិយារបស់លោក លីឌៀ បានគាំទ្រព្យាការី ហើយព្រះអម្ចាស់បានទទួលស្គាល់ថាអូលីវើរបានធ្វើអស់ពីសមត្ថភាពរបស់លោក ទោះបីជាលោកមិនតែងតែទទួលបានជោគជ័យក៏ដោយ ។ ព្រះអម្ចាស់បានគូសបញ្ជាក់ពីតម្លៃនៃការខិតខំរបស់លោក ជាជាងសមិទ្ធផលរបស់លោក ។
ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ និងសូម្បីតែឥឡូវនេះ ខ្ញុំមិននឹកឃើញថាបានឮច្រើនអំពី អូលីវើរ គ្រែនជើរ ទេ ប៉ុន្តែឈ្មោះរបស់លោកត្រូវបានលើកឡើងនៅក្នុងព្រះគម្ពីរ ពីព្រោះលោកបានគោរពតាមការណែនាំរបស់ព្យាការី ហើយបានទទួលពរជ័យដែលបានសន្យា—ឈ្មោះរបស់លោក មាន នៅក្នុងការចងចាំដ៏ពិសិដ្ឋ ។ យើងរៀនពី អូលីវើរ គ្រែនជើរ ថា ទោះបីជាការណែនាំចេញមកពីប្រភពដ៏ទេវភាព ( តាមរយៈព្យាការី ) ក៏ដោយ ក៏វាមិនធានាថាផ្លូវរលូន គ្មានឧបសគ្គនោះទេ ប៉ុន្តែការសន្យាគឺពិតប្រាកដ ( សូមមើល អាលម៉ា ៣៧:១៧ ) ។
តើជីវិតរបស់យើងនឹងក្លាយជាបែបណា បើគ្មានព្យាការីនោះ ? ព្យាការី និងប្រធានសាសនាចក្រដែលនៅរស់ តំណាងឲ្យគន្លងនៃការប្រាស្រ័យទាក់ទងផ្ទាល់ពីព្រះទៅកាន់ប្រជារាស្ត្ររបស់ទ្រង់ ហើយលោកជាមនុស្សតែម្នាក់គត់នៅលើផែនដីដែលទទួលវិវរណៈដើម្បីណែនាំសាសនាចក្រទាំងមូល ។ លោកក៏ផ្ដល់នូវវិវរណៈជាបន្តបន្ទាប់ពីព្រះ ដើម្បីជួយយើងឲ្យឆ្លងកាត់ឧបសគ្គនានាក្នុងជំនាន់របស់យើង ។ ដោយការស្ដាប់តាមដំបូន្មានរបស់ព្យាការី យើងអាចរកឃើញសេចក្ដីសុខសាន្ត អំណរ និងទិសដៅក្នុងជីវិតរបស់យើង នៅពេលយើងខិតខំក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២១:៤–៦ ) ។
ចូរយើងឱបក្រសោបការបង្រៀន និងគំរូរបស់ព្យាការីសម័យទំនើប ដោយដឹងថា ពួកលោកជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ព្រះ ហើយដឹកនាំយើងឆ្ពោះទៅរកពរជ័យដ៏អស់កល្បជានិច្ច ។ ខ្ញុំស្រឡាញ់ពួកលោក ហើយអធិស្ឋានសម្រាប់ពួកលោក ។ ខ្ញុំមានអំណរគុណដែលបានដឹងថា ពួកលោកទទួលការបំផុសគំនិត ហើយជួយដឹកនាំយើង និងក្រុមគ្រួសារយើងទៅកាន់ព្រះអង្គសង្គ្រោះរបស់យើងគឺព្រះយេស៊ូវគ្រីស្ទ ។