2024
រ័សុល អិម ណិលសុន ៖ ព្យាការី​នៅ​ជំនាន់​របស់​យើង
ខែ កញ្ញា ឆ្នាំ ២០២៤


« រ័សុល អិម ណិលសុន ៖ ព្យាការី​នៅ​ជំនាន់​របស់​យើង » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៤ ។

រ័សុល អិម ណិលសុន ៖ ព្យាការី​នៅ​ជំនាន់​របស់​យើង

ដោយ​មាន​ព្យាការី​ម្នាក់​ដើម្បី​ណែនាំ​យើង​នៅ​គ្រា​ចុង​ក្រោយ​នេះ យើង​ពិត​ជា​មនុស្ស​ដែល​មាន​ពរ ។

ប្រធាន រ័សុល អិម ណិលសុន កំពុង​ស្វាគមន៍​មនុស្សម្នា

ប្រធាន រ័សុល អិម ណិលសុន ស្វាគមន៍​មនុស្សម្នា​បន្ទាប់​ពី​ការប្រជុំ​ធម្មនិដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃ​ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ។

នៅ​ពេល​ដែល​អ្នកសម្ភាស​ម្នាក់​បាន​រិះគន់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ថា​ជា « ព្រះវិហារ​មួយ​ដែល​គ្រប់គ្រង​ដោយ​ពួកបុរស​ចំណាស់ៗ » ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) បាន​ឆ្លើយតប​ថា « តើ​វា​មិន​ប្រពៃ​ទេ​ឬ ដែល​មាន​មនុស្ស​មាន​ភាពចាស់ទុំ​នៅ​ក្បាល​ទូក ជា​បុរស​ដែល​មាន​ការវិនិច្ឆ័យ ដែល​មិន​ត្រូវ​បាន​បក់​ផាត់​ចុះ​ឡើង​ដោយ​គ្រប់​ខ្យល់​នៃ​សេចក្ដី​បង្រៀន​បោក​នោះ ? »

ប្រធាន រ័សុល អិម ណិលសុន ជា​ព្យាការី​នៅរស់​ដែល​មាន​វ័យ​ចំណាស់​បំផុត​ដែល​បម្រើ​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នេះ គឺ​ជា​បុរស​បែប​នេះ ។ លោក​បញ្ចប់​ឆ្នាំ​ទី ១០០ របស់​លោក​នៅ​ថ្ងៃ​ទី ៩ ខែ កញ្ញា ឆ្នាំ ២០២៤ ។ លោក​ជា​អ្នកដឹកនាំ​ដែល​មាន​សេចក្តី​អាណិត​អាសូរ និង​ភាពសប្បុរស​ដ៏​អស្ចារ្យ ចក្ខុវិស័យ និង​ភាពក្លៀវក្លា ភាពកក់ក្ដៅ និង​ប្រាជ្ញា​ដ៏​មិន​ធម្មតា ។

ខ្ញុំ​ស្រឡាញ់​ប្រធាន ណិលសុន ។ យើង​បាន​ក្លាយ​ជា​មិត្ត​នឹង​គ្នា​អស់​រយៈ​ពេល ៦០ ឆ្នាំ និង​ជា​សាវក​ជាមួយ​គ្នា​អស់​រយៈ​ពេល ៤០ ឆ្នាំ​មក​ហើយ ។ ចាប់​តាំង​ពី​ខែ មករា ឆ្នាំ ២០១៨ មក ខ្ញុំ​បាន​ទទួល​ពរជ័យ​ឲ្យ​បម្រើ​ក្រោម​ការដឹកនាំ​របស់​លោក​នៅ​ក្នុង​គណៈ​ប្រធាន​ទីមួយ​នៃ​សាសនាចក្រ ។

ដោយ​បាន​ហៅ​ឲ្យ​ដឹកនាំ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ធ្វើ​ជា​គ្រូបង្រៀន​ដ៏​លេចធ្លោ​របស់​សាសនាចក្រ នោះ​ប្រធាន ណិលសុន ស្គាល់​ព្រះអង្គ​សង្រ្គោះ ដែល​លោក​ជា​ព្យាការី​របស់​ទ្រង់ ។ ឆ្លងកាត់​ការរស់នៅ និង​ការរៀនសូត្រ​អស់​មួយ​សតវត្សរ៍ លោក​មាន​ភាពប៉ិន​ប្រសព​ក្នុង​វិជ្ជាជីវៈ និង​ការបម្រើ​ក្នុង​កងយោធា​ដ៏​លេចធ្លោ ។ ជាមួយ​នឹង​គ្រួសារ​ដ៏​ធំ​របស់​លោក លោក​បានក្លាយ​ជា​អ្នកដឹកនាំ​គ្រួសារ​ដែល​ពោរពេញ​ដោយ​ក្ដី​ស្រលាញ់ និង​មាន​ប្រសិទ្ធភាព​។ តាមរយៈ​ការបម្រើ​ទាំងឡាយ​នៅក្នុង​សាសនាចក្រ រួម​ទាំង ៦ ឆ្នាំ​កន្លង​មក​នេះ​ក្នុង​នាម​ជា​ព្យាការី​របស់​ព្រះអម្ចាស់ លោក​បាន​ក្លាយ​ជា​អ្នកដឹកនាំ​ដ៏​គំរូ​នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះអម្ចាស់ ។

ប្រធាន រ័សុល អិម ណិលសុន

ឆ្លងកាត់​ការរស់នៅ​អស់​មួយ​សតវត្សរ៍ ប្រធាន ណិលសុន បានរៀន និង​អនុវត្ត​នូវ​គន្លឹះ​នៃ​សុភមង្គល​ក្នុង​ជីវិត​នេះ និង​ក្នុង​ជីវិត​ដែល​នឹង​មកដល់—ជា​អ្វី​ដែល​លោក​បាន​ហៅ​ថា « មេរៀន​ដ៏​សំខាន់​បំផុត​មួយ » នៃ​ជីវិត ។

លោក​បាន​បង្រៀន​យើង​ថា យើង​គប្បី « ចាប់ផ្តើម​ជាមួយ​នឹង​ទស្សនៈវិស័យ​ដ៏​ច្បាស់លាស់ » ។

លោក​ស្រឡាញ់​ដំណាក់​របស់​ព្រះអម្ចាស់ ។ អំឡុងពេល​លោក​ជា​ប្រធាន​សាសនាចក្រ លោក​បាន​ប្រកាស​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ចំនួន ១៥៣—ដែល​ប្រហែល​នឹង​ពាក់កណ្តាល​នៃ​ព្រះវិហារ​បរិសុទ្ធ​សរុប​ចំនួន ៣៣៥ ដែល​បាន​សាងសង់ កំពុង​សាងសង់ ឬ​ត្រូវបាន​ប្រកាស​នៅក្នុង​គ្រាកាន់កាប់​ត្រួតត្រា​នេះ ។

លោក​បាន​បង្រៀន​យើង​ថា អគារ​ព្រះវិហារ​បរិសុទ្ធ​របស់​យើង​ទាំងអស់​កំពុង​នាំ​ព្រះវិហារ​បរិសុទ្ធ និង​ពរជ័យ​នៃ​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​ទៅ​កាន់​តែ​ជិត​បុត្រា​បុត្រី​របស់​ព្រះ​បាន​កាន់​តែ​ច្រើន​ឡើង ។ នោះ​គឺ​ជា​ផែនការ​របស់​ព្រះ ។

ប្រធាន ណិលសុន បាន​បង្រៀន​ថា « ខ្ញុំ​បាន​រៀន​ថា ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​យើង​គឺ អស្ចារ្យ ថា​អ្វី​ដែល​យើង​ធ្វើ​ក្នុង​ជីវិត​នេះ​ពិត​ជា​សំខាន់ ហើយ​ថា​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​គឺជា​អ្វី​ដែល​ធ្វើ​ឲ្យ​ផែនការ​របស់​ព្រះវរបិតា​យើង​សម្រេច​ទៅ​បាន » ។ លោក​បាន​មាន​ប្រសាសន៍​ថា ការយល់ដឹង​អំពី​ផែនការ​នោះ « ដក​អាថ៌កំបាំង​ចេញ​ពី​ជីវិត និង​ភាពមិន​ច្បាស់លាស់​ចេញ​ពី​អនាគត​របស់​យើង ។ វា​អនុញ្ញាត​ឲ្យ យើង ម្នាក់ៗ​ជ្រើសរើស របៀប ដែល​យើង​នឹង​រស់នៅ​លើ​ផែនដី​នេះ និង កន្លែង យើង​នឹង​រស់នៅ​ជា​រៀងរហូត » ។

ក្នុង​នាម​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យើង​ពិត​ជា​មនុស្ស​មាន​ពរ​ដែល​ត្រូវបាន​ដឹកនាំ​ដោយ​អ្នកបម្រើ​ដ៏​រាបសា​របស់​ព្រះអម្ចាស់ គឺ​ប្រធាន ណិលសុន ដែល​បាន​ឧទ្ទិស​ដល់​ការរៀបចំ​ពិភពលោក​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្រ្គោះ និង​ព្រះប្រោសលោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ឲ្យ​យើង​ទាំងអស់​គ្នា​បន្ត​អធិស្ឋាន ថ្លែង​ទីបន្ទាល់ គាំទ្រ និង​អរព្រះគុណ​ព្រះ​ចំពោះ​ព្យាការី​របស់​យើង—ប្រធាន រ័សុល អិម ណិលសុន ។