« ការស្តាប់ឮព្រះវិញ្ញាណបរិសុទ្ធ » ប្រិយមិត្ត ខែមីនា ២០២៥ ទំព័រ ៤០–៤១ ។
ការស្តាប់ឮព្រះវិញ្ញាណបរិសុទ្ធ
ជិមបាននិយាយថា ៖ « ទាយមើល តើកូនបានរៀនអ្វីនៅក្នុងអង្គការបឋមសិក្សា » ។
ដំណើររឿងពិតមកពីប្រទេសហ្វីលីពីន ។
ជិមបានបើកភ្នែកគាត់ទាំងងងុយ ។ ទីបំផុតថ្ងៃចុងសប្តាហ៍ហើយ !
ម៉ាក់បានហៅថា « ដល់ពេលក្រោកឡើងហើយ ឬបើមិនដូច្នេះយើងនឹងទៅយឺត » ។
ជិមចង់គេងបានយូរជាងនេះ ប៉ុន្តែថ្ងៃនេះគឺជាថ្ងៃត្រូវទៅផ្សារ ។ គាត់ត្រូវជួយម៉ាក់ទិញម្ហូបសម្រាប់សប្តាហ៍នេះ ។ ដូច្នេះគាត់បានក្រោកឡើង ហើយញ៉ាំអាហារពេលព្រឹកទាំងប្រញាប់ប្រញាល់ ។
ម៉ាក់បានធ្វើកិច្ចការច្រើនសម្រាប់ជិម និងបងប្រុសពីរនាក់របស់គាត់ ។ គាត់មមាញឹកនឹងការងារខ្លាំងណាស់ហើយគាត់មិនមានពេលវេលាច្រើនដើម្បីនៅផ្ទះទេ ។ ជិម និងបងប្រុសរបស់គាត់បានធ្វើការផ្ទះភាគច្រើនជាមួយគ្នា ។ ជិមក៏រីករាយនឹងជួយដែរ ។
នៅពេលជិម និងម៉ាក់ត្រឡប់មកពីផ្សារវិញ ម៉ាក់ត្រូវចេញទៅធ្វើការ ។ ខណៈពេលគាត់ទៅបាត់ ជិមនិងបងប្រុសរបស់គាត់បានត្រៀមខ្លួនសម្រាប់ថ្ងៃអាទិត្យ ។ ជិមបានរៀបស្បែកជើង ខោអាវ ដែលគាត់នឹងពាក់ទៅព្រះវិហារនៅថ្ងៃស្អែក ។ បងប្រុសរបស់គាត់ឈ្មោះរូប៊ិន បានជួយគាត់អ៊ុតអាវរបស់គាត់ ។ បន្ទាប់មកពួកគេបានធ្វើអាហារពេលល្ងាច ។
ជិមកំពុងសម្អាតផ្ទះបាយនៅពេលម៉ាក់ត្រឡប់មកផ្ទះវិញ ។ គាត់មើលទៅអស់កម្លាំងណាស់ ។
« ម៉ាក់ ពិសារទៅ » ។ ជិមបានហុចស៊ុបក្តៅមួយចានឲ្យគាត់ពិសារ ។
ម៉ាក់បានញញឹម ។ « អរគុណកូនដែលបានជួយថ្ងៃនេះ ។ ម្ហូបនេះមើលទៅឆ្ងាញ់ណាស់ ! »
នៅព្រឹកបន្ទាប់ជិមបានក្រោកពីព្រលឹម ហើយត្រៀមខ្លួនទៅព្រះវិហារ ។ គាត់រំភើបណាស់ដែលបានជួបមិត្តភក្តិរបស់គាត់នៅអង្គការបឋមសិក្សា និងរៀនអំពីព្រះយេស៊ូវគ្រីស្ទ ។
គាត់បានគោះទ្វាររបស់ម៉ាក់ ហើយហៅតិចៗថា « ម៉ាក់ » ។ « តើម៉ាក់ទៅព្រះវិហារជាមួយយើងទេថ្ងៃនេះ ? »
ម៉ាក់បានឆ្លើយថា « អត់ទេកូន » ។ « ម៉ាក់ត្រូវធ្វើការនៅរសៀលនេះ » ។
« បាទ » ។ ជិមមានអារម្មណ៍សោកសៅបន្តិច ។ ជិតមួយឆ្នាំហើយដែលម្តាយមិនបានទៅព្រះវិហារជាមួយពួកគេ ។ គាត់បានប្រាប់ម៉ាក់ថា « សូមបើកបរដោយសុវត្ថិភាព និងមានថ្ងៃល្អម៉ាក់ » ។
ប្អូនប្រុសរបស់គាត់ម៉ាធ្យូបានសួរថា « រួចរាល់ឬនៅ ? » ។
« បាទ ! » ជិមបានពាក់ស្បែកជើងរបស់គាត់ ហើយរត់ចេញពីទ្វារជាមួយប្អូនប្រុសរបស់គាត់ដើម្បីទៅឲ្យទាន់ឡានក្រុង ។
ជិមមានអារម្មណ៍សប្បាយរីករាយនៅពេលដែលគាត់ដើរចូលទៅក្នុងអគារព្រះវិហារ ។ គាត់បានព្យាយាមគិតអំពីព្រះយេស៊ូវគ្រីស្ទក្នុងអំឡុងពេលប្រជុំសាក្រាម៉ង់ ។ ហើយនៅក្នុងអង្គការបឋមសិក្សាគាត់បានព្យាយាមកាន់តែខ្លាំងដើម្បីស្តាប់មេរៀនរបស់ស៊ីស្ទើរ អ័រតេហ្គា ។
ស៊ីស្ទើរ អ័រតេហ្គា បាននិយាយ « ថ្ងៃនេះយើងនឹងរៀនអំពីព្រះវិញ្ញាណបរិសុទ្ធ » ។ « ព្រះវិញ្ញាណបរិសុទ្ធនាំយកសារលិខិតពីព្រះវរបិតាសួគ៌មកកាន់យើង ។ ដូចជាវិទ្យុ ។
ជិមបានសម្លឹងមើលរូបភាពវិទ្យុដែលស៊ីស្ទើរ អ័រតេហ្គាកំពុងកាន់ ។
« វិទ្យុដំណើរការតាមរយៈការទទួលសញ្ញា ហើយប្ដូរវាទៅជារលកសំឡេងដែលយើងអាចស្តាប់បាន » ។ « ប្អូនត្រូវតែកំណត់វាទៅប៉ុស្តិ៍ត្រឹមត្រូវដើម្បីស្តាប់វា ។ ដើម្បីស្តាប់ព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវដាក់ចិត្តនិងគំនិតរបស់យើងទៅកាន់ប៉ុស្តិ៍ត្រឹមត្រូវផងដែរ ។ តើយើងធ្វើកិច្ចការនេះដោយរបៀបណា ? »
មនុស្សគ្រប់គ្នាកំពុងគិត ។ បន្ទាប់មកជិមបាននិយាយថា « ដោយការធ្វើតាមព្រះយេស៊ូវគ្រីស្ទ និងរក្សាបទបញ្ញត្តិ » ។
ស៊ីស្ទើរ អ័រតេហ្គា បានញញឹម ។ « ត្រឹមត្រូវហើយ ! »
បន្ទាប់ពីមកពីព្រះវិហារ ជិមបានជួយចម្អិនអាហារពេលល្ងាចម្តងទៀត ។ គាត់មានអារម្មណ៍កក់ក្តៅក្នុងចិត្តកាលដែលគាត់បានជួយធុរៈ ។ គាត់ដឹងថាដោយការបម្រើគ្រួសាររបស់គាត់ គឺគាត់បានបើកបេះដូងរបស់គាត់ទៅកាន់ប៉ុស្ដិ៍ត្រឹមត្រូវដើម្បីមានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ។
នៅពេលម៉ាក់ទៅដល់ផ្ទះ ជិមបានឱបគាត់យ៉ាងខ្លាំង ។ បន្ទាប់មកពួកគេបានអធិស្ឋានសម្រាប់អាហារ ហើយចាប់ផ្តើមបរិភោគ ។
ជិមបាននិយាយថា « ទាយមើល តើកូនបានរៀនអ្វីនៅព្រះវិហារថ្ងៃនេះ » ។ គាត់ចូលចិត្តប្រាប់ម៉ាក់អំពីអង្គការបឋមសិក្សា ។
« អ្វីទៅ ? » ម៉ាក់បានសួរ ។
ជិមបាននិយាយថា « យើងបានរៀនអំពីព្រះវិញ្ញាណបរិសុទ្ធ » ។ « វាដូចជាវិទ្យុមួយអញ្ចឹង ! » ។ នៅពេលយើងរក្សាបទបញ្ញត្តិ យើងអាចបើកដួងចិត្តរបស់យើងទៅប៉ុស្តិ៍ត្រឹមត្រូវដើម្បីស្តាប់ទ្រង់ » ។
ម៉ាក់បានងក់ក្បាល ។ « ល្អណាស់ ។ ដូច្នេះតើអ្វីជាឧទាហរណ៍នៃការរក្សាបទបញ្ញត្តិ ? »
ជិមបានញញឹម ។ « ជួយម៉ាក់របស់ប្អូន ! » គាត់បានសើច ។ « កូនស្រឡាញ់ម៉ាក់ » ។
រចនារូបភាពដោយ យូរ៉ាន ឌូអូ