« សកម្មភាពចូរមកតាមខ្ញុំ » ប្រិយមិត្តខែមីនា ឆ្នាំ២០២៥ ទំព័រ ២២–២៣ ។
សកម្មភាព ចូរមកតាមខ្ញុំ
ថ្ងៃទី២៤ ខែកុម្ភៈ–ថ្ងៃទី២ ខែមីនា ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨
ការថតរូបខ្លួនឯង
« ចូរចាំចុះថា តម្លៃនៃព្រលឹងទាំងឡាយគឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១០ ) ។ នោះមានន័យថាមនុស្សគ្រប់រូបមានសារៈសំខាន់ចំពោះព្រះវរបិតាសួគ៌រួមទាំងប្អូនផងដែរ ! សូមគូររូបភាពរបស់ប្អូន ។ ព្យាយាមតុបតែងវាជាមួយនឹងសម្ភារសិល្បៈផ្សេងៗគ្នា ! នៅខាងលើ សូមសរសេរ « ព្រះស្រឡាញ់ខ្ញុំ » ។
ថ្ងៃទី៣–៩ ខែ មីនា ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩
ស្តាប់ដោយយកចិត្តទុកដាក់
ព្រះយេស៊ូវគ្រីស្ទសុំឲ្យយើងស្តាប់ទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:២៣ ) ។ អ្នកស្តាប់ដែលពូកែគឺចងចាំអ្វីដែលពួកគេបានឮ ។ អង្គុយជារង្វង់ មនុស្សម្នាក់ខ្សឹបប្រាប់ពាក្យដំណឹងល្អមួយ ។ មនុស្សបន្ទាប់ថាតាម ហើយបន្ថែមពាក្យថ្មីមួយទៀត ។ ទៅជុំវិញរង្វង់រហូតដល់មនុស្សគ្រប់គ្នាបានបន្ថែមពាក្យមួយទៅក្នុងការទន្ទេញនោះ ។
ថ្ងៃទី១០–១៦ ខែមីនា ៖គោលលទ្ធិ និងសេចក្ដីសញ្ញា ២០–២២
ការសង់ប៉មឡើងវិញ
ព្រះយេស៊ូវគ្រីស្ទបានស្តារសាសនាចក្ររបស់ទ្រង់នាសព្វថ្ងៃនេះ ដែលមានលក្ខណៈដូចកាលទ្រង់នៅលើផែនដី ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២០ ) ។ បិតស្លាកពែងប្លាស្ទិកជាមួយនឹងពរជ័យដែលយើងមាន ដែលជាផ្នែកមួយនៃសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ ដូចជាបព្វជិតភាព ពិធីបុណ្យជ្រមុជទឹក និងព្យាការី ។ បន្ទាប់មកតម្រៀបពែងរបស់អ្នកជាប៉មខ្ពស់មួយ !
ថ្ងៃទី១៧–២៣ ខែមីនា ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ២៣–២៦
បទចម្រៀងពីចិត្ត
ព្រះវរបិតាសួគ៌សព្វព្រះទ័យពេលយើងច្រៀងចេញពីចិត្ត ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២៥:១២ ) ។ ជ្រើសចម្រៀងកុមារមួយបទដើម្បីច្រៀងជាមួយគ្នា ។ ធ្វើកាយវិការស្របជាមួយនឹងទំនុកចម្រៀង ។
ថ្ងៃទី២៤–៣០ ខែមីនា ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧–២៨
ព្យាការីមានប្រសាសន៍
ព្យាការីបានទទួលវិវរណៈពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទសម្រាប់សាសនាចក្រ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២៨:៧ ) ។ បោះពុម្ព ឬគូររូបភាពព្យាការី ។ នៅខាងលើ សរសេរថា « ព្យាការីមានប្រសាសន៍ …» សរសេរ ឬគូរអ្វីដែលព្យាការីរបស់យើងបានបង្រៀនដល់យើង ។
រូបថតដោយ គ្រីស្ទីណា ស្ម៊ីធ