« នំប៊ីសឃីតដ៏អព្ភូតហេតុ »ប្រិយមិត្ត ខែមីនា ឆ្នាំ២០២៥ ទំព័រ ៣០–៣១ ។
ពួកអ្នកត្រួសត្រាយនៅគ្រប់ដែនដី
នំប៊ីសឃីតដ៏អព្ភូតហេតុ
« ព្រះបិតាដែលគង់នៅស្ថានសួគ៌ យើងមិនមានអាហារសម្រាប់ពេលល្ងាចទេ ។ សូមជួយយើងផង » ។
ដំណើររឿងពិតមកពី ស.រ.អា.
ខ្យល់ដ៏ត្រជាក់បានបក់បោក និងមានព្រិលហោះកួចជុំវិញរទេះរុញ ។ ជេនបានទាញភួយដ៏ស្តើងរបស់នាងរុំជុំវិញស្មារបស់នាងយ៉ាងណែន ។ ជើងរបស់នាងមានអារម្មណ៍ថាស្ពឹក ប៉ុន្តែនាងនៅតែបន្តដើរ ។ ពួកគេនៅតាមផ្លូវទៅកាន់ទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ ។
ជេន និងគ្រួសាររបស់នាងបានរៀនអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅប្រទេសអង់គ្លេស ។ នៅពេលដែលព្យាការីបានស្នើសុំសមាជិកសាសនាចក្រឲ្យមករដ្ឋយូថាហ៍ គ្រួសាររបស់នាងបានសន្សំប្រាក់គ្រប់សេនដែលពួកគេអាចធ្វើបានដើម្បីធ្វើដំណើរ ។ ពួកគេបានជិះទូកឆ្លងកាត់មហាសមុទ្រ ។ ឥឡូវនេះពួកគេបានធ្វើដំណើរដោយរទេះឆ្លងកាត់វាលទំនាប ។ ពួកគេបានដើរអស់រយៈពេលជាច្រើនខែ ហើយពួកគេកំពុងខ្វះខាតអាហារ ។
ទឹកភ្នែកបានស្រក់ចុះលើថ្ពាល់របស់ជេន ។ នាងបានប្រាប់បងប្រុសរបស់នាងឈ្មោះថូម៉ាសថា « ខ្ញុំឃ្លានណាស់ » ។ « ខ្ញុំមិនគិតថាខ្ញុំអាចដើរមួយជំហានទៀតបានទេ ! »
ថូម៉ាសបានកាត់បំណែកនៃបន្ទះស្បែកឆៅរលុងមួយចេញពីកង់រទេះ ។ គាត់និយាយថា « ណេះទំពារវាទៅ » ។ « វានឹងមិនអីទេ » ។
ជេននិយាយខ្សឹបៗខណៈដែលនាងខាំទំពារបំណែកបន្ទះស្បែកឆៅថា « អរគុណបងប្រុស » ។
មិនយូរប៉ុន្មានវាដល់ពេលបោះជំរុំសម្រាប់ពេលយប់ ។ បុរសមួយចំនួនបានចាកចេញទៅបរបាញ់ក្របី ។ ជេនសង្ឃឹមថាពួកគេនឹងរកបានខ្លះ ។ ក្រពះរបស់នាងមានអារម្មណ៍ថាទទេ ។ ខណៈពេលដែលពួកគេរង់ចាំ ជេននិងគ្រួសាររបស់នាងបានប្រមូលផ្តុំគ្នាជុំវិញភ្នក់ភ្លើងតូចមួយ ទាំងអស់កម្លាំង ឃ្លាន និងរងារ ។
ជេនបាននិយាយថា « ចូលយើងពោលពាក្យអធិស្ឋានមួយ » ។
គ្រួសារបានលុតជង្គង់ជាមួយគ្នា ហើយម្តាយពោលពាក្យអធិស្ឋាន ។ « ព្រះបិតាដែលគង់នៅស្ថានសួគ៌ យើងមិនមានអាហារសម្រាប់ពេលល្ងាចទេ ។ សូមជួយយើងផង » ។
ជេន និងបងប្អូនប្រុសស្រីរបស់នាងអង្គុយស្ងៀមស្ងាត់មួយភ្លែត ។ បន្ទាប់មកម្តាយងើបអង្គុយត្រង់ខ្លួន ។
« មានរឿងអ្វីម៉ាក់ ? » ថូម៉ាសបានសួរ ។
« ម៉ាក់ទើបតែនឹកឃើញរឿងមួយ » ។ អ្នកម្តាយប្រញាប់ប្រញាល់ទៅរករទេះរុញ ហើយបើកហិបរបស់គ្រួសារ ។ បន្ទាប់មកគាត់បានទាញប្រអប់ដែកតូចមួយចេញមក ហើយបើកវា ។ នៅខាងក្នុងមាននំប៊ីសឃីតពីររឹងខ្លាំងណាស់ ។ វាបានសល់តាំងពីការធ្វើដំណើរតាមមហាសមុទ្ររបស់ពួកគេប៉ុន្មានខែមុន ។
ជេនមានអារម្មណ៍រំភើបក្តុកក្អួលនៅក្នុងខ្លួននាង ។ ពួកគេ មាន អាហារ ! នាងបាននិយាយថា.« យើងអាចបំបែកវាទៅជាបំណែកតូចៗដើម្បីចែកគ្នា » ។
ប៉ុន្តែនៅពេលពួកគេព្យាយាមកាច់នំប៊ីសឃីតនោះ វារឹងពេក សូម្បីតែកាច់ពាក់កណ្តាលក៏ពិបាកដែរ ។
អ្នកម្តាយបាននិយាយថា « តោះសាកល្បងធ្វើដូចនេះវិញ » ។ គាត់បានដាក់នំប៊ីសឃីត នៅក្នុងឆ្នាំងដែក ហើយចាក់ទឹកបន្តិចនៅលើនំ ។ បន្ទាប់មកគាត់បានដាក់គម្របគ្របហើយដាក់ឆ្នាំងដ៏ធ្ងន់ពីលើធ្យូង ។
ជេន និងគ្រួសាររបស់នាងបានអធិស្ឋានម្តងទៀត ។ នាងបានគិតអំពីដំណើររឿងរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះគម្ពីរ នៅពេលដែលទ្រង់បានឲ្យអាហារដល់មនុស្សប្រាំពាន់នាក់ជាមួយនឹងនំបុ័ង និងត្រីតែពីរបីប៉ុណ្ណោះ ។ នាងដឹងថាព្រះវរបិតាសួគ៌ក៏អាចជួយពួកគេបានផងដែរ ។
មិនយូរប៉ុន្មានអ្នកម្តាយបានបើកគម្របឆ្នាំងយឺតៗ ។ វាបានពោរពេញទៅដោយអាហារ ! មានអាហារយ៉ាងបរិបូរដើម្បីឲ្យគ្រួសាររបស់ពួកគេទាំងមូលបរិភោគ ។
ជេនឱបម្តាយរបស់នាងយ៉ាងណែន ។ « វាគឺជាអព្ភូតហេតុ » ។
រចនារូបភាពដោយ ស៊ីមីនី ប្លកឃើរ