2025
មាន​អារម្មណ៏​សោកសៅ
ខែ​មីនា ឆ្នាំ​២០២៥


« មាន​អារម្មណ៏​សោកសៅ »ប្រិយមិត្ត ខែ​មីនា ឆ្នាំ ២០២៥ ទំព័រ ៣៦–៣៧ ។

មាន​អារម្មណ៏​សោកសៅ

ហេតុអ្វី​បានជា​ខ្ញុំ​មិន​អាច​សប្បាយចិត្ត​ដូច​អ្នក​ដទៃ ?

ដំណើររឿង​ពិត​មកពី ស.រ.អា.

សាវ៉ាណា​បាន​ទាញភួយ​គ្រប​លើ​ក្បាល​របស់នាង ។ ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​លំបាក​មួយ ។

ក្នុងអំឡុង​ពេល​រៀន​ថ្ងៃនេះ សាវ៉ាណា​មិនអាច​ផ្តោត​អារម្មណ៍​លើ​ការសិក្សាទេ ។ នាង​មាន​អារម្មណ៍​អស់កម្លាំង តានតឹង និង​សោកសៅ ។ ដូចជា​មាន​ទម្ងន់​ដ៏​ធ្ងន់​នៅ​ក្នុង​ពោះ​របស់​នាង​ដែល​មិន​ទៅ​ណា ។ នៅចុង​បញ្ចប់​នៃ​ថ្ងៃនេះ អ្វី​ដែល​នាង​ចង់​ធ្វើ​គឺ​លូន​នៅ​ក្រោម​តុ​របស់​នាង ហើយ​ពួន ។

ថ្មីៗនេះ​សាវ៉ាណា​មាន​អារម្មណ៍​សោកសៅ​ស្ទើរ​តែ​គ្រប់​ពេលវេលា ។ មិត្តភក្តិ​របស់​នាង​បាន​ព្យាយាម​លើក​ទឹកចិត្ត​នាង​ប៉ុន្តែ​ពេលខ្លះ សាវ៉ាណា​មិនចង់​នៅ​ជាមួយ​ពួកគេ​ទេ ។ ពួកគេ​ហាក់​ដូចជា​សប្បាយ​ចិត្ត​ជានិច្ច ។ ពេលខ្លះ​នាង​គិតថា​ពួកគេ​នឹង​កាន់​តែ​រីករាយ​បើ​គ្មាន​រូបនាង ។

តើ​ខ្ញុំ​កើត​អ្វី ? សាវ៉ាណា​ងឿងឆ្ងល់ ។ ហេតុអ្វី​បានជា​ខ្ញុំ​មិន​អាច​សប្បាយចិត្ត​ដូច​អ្នក​ដទៃ ?

នាងមាន​អារម្មណ៍​កណ្ដោចកណ្ដែង និង​ឯកោ​ដូចជា​ពពកពណ៌​ប្រផេះ​នៅ​ខាង​ក្រៅ ។ ហើយ​ឥឡូវ​នេះ​នាង​គ្រាន់​តែចង់​គេង​ប៉ុណ្ណោះ ។

សាវ៉ាណា​បាន​ឮ​ទ្វារ​បន្ទប់​គេង​របស់​នាង​បើក ។

ម៉ាក់​បាន​អង្គុយ​នៅគែម​គ្រែ​របស់​នាង​ហើយ​និយាយថា « សាវ៉ាណា តើ​មាន​រឿងអ្វី​កូន ? »

ម្តាយ និង​ក្មេងស្រី​ទឹកមុខ​ក្រៀមក្រំ​អង្គុយ​នៅលើ​គ្រែ

សាវ៉ាណា​បាននិយាយថា « អត់មាន​រឿង​អី​ទេ​ម៉ាក់ » ។ « កូន​គ្រាន់តែ​ហត់ » ។

« តើ​កូន​ប្រាកដ​ហើយ​ឬ ? » ម៉ាក់​បានសួរ ។ « ម៉ាក់​ព្រួយបារម្ភ​ចំពោះ​កូន » ។

សាវ៉ាណា​បាន​និយាយថា « កូន​មិនអីទេ » ។

« ណ្ហើយ​ចុះ » ។ ម៉ាក់​បាន​ក្រោកឈរ ។ « កូន​ត្រូវតែ​ចាំថា​កូន​អាច​និយាយ​ជាមួយ​ម៉ាក់​ពី​រឿង​អ្វី​ក៏​បាន ។ ម៉ាក់​ស្រឡាញ់​កូន » ។

សាវ៉ាណា​គេង​នៅ​លើគ្រែ​រហូត​ដល់​ពេល​អាហារ​ពេល​ល្ងាច ។ យប់​នោះ​នាង​គេង​មិនលក់​ទាល់​តែ​សោះ ។ ខួរក្បាល​របស់​នាង​មិន​អាច​ឈប់​គិត​ពីនេះ​ពីនោះ​ឡើយ ។

នៅថ្ងៃ​បន្ទាប់​នាង​នៅ​តែ​មាន​អារម្មណ៍​អស់​កម្លាំង ។ វា​ជា​ថ្ងៃ​ដ៏យូរ​មួយ​ទៀតហើយ ។ សាវ៉ាណា​បានត្រឡប់​មក​ពី​សាលារៀន ហើយ​អង្គុយ​នៅ​ឯ​តុ​ផ្ទះបាយ ។ នាង​ដកដង្ហើម​ធំ ហើយ​មើល​ទៅ​ក្រៅ​បង្អួច ។ វាបាន​ធ្លាក់​ព្រិល​ទៀត​ហើយ ។

« សាវ៉ាណា ? »

សាវ៉ាណា​ងាកមើល ហើយ​មានការ​ភ្ញាក់ផ្អើល​នៅពេល​ឃើញ​លោកយាយ​ចូល​មក​ក្នុង​បន្ទប់ ។

សាវ៉ាណា​បាន​និយាយថា « ជម្រាបសួរ​លោកយាយ » « តើ​លោកយាម​មក​ទីនេះ​មាន​ការ​អ្វី ? »

លោកយាយ​បាន​អង្គុយចុះ ។ លោកយាយ​បាន​និយាយ​ថា « ម៉ាក់​របស់​ចៅ​ចង់​ឲ្យ​យាយ​មក » ។ « គាត់​បារម្ភ​ពី​ចៅ » ។

សាវ៉ាណា​បាន​និយាយថា « ចៅ​គ្រាន់​តែ​អស់កម្លាំង​ប៉ុណ្ណោះ ។ ចៅ​មិនអីទេ » ។

លោកយាយ​ញញឹម​យ៉ាងទន់ភ្លន់ « តើ​យាយ​ធ្លាប់​ប្រាប់​ចៅ​អំពី​រដូវក្តៅ​ជាពេល​ដែល​លោកតា និង​យាយ​បាន​ផ្លាស់​ទីលំនៅ​ឬ​ទេ ? »

សាវ៉ាណា​បាន​និយាយថា « ដូចជា​មិន​ធ្លាប់​ប្រាប់​ទេ » ។

លោកយាយ​បាន​និយាយ​ថា « យាយ​សោកសៅ​គ្រប់ពេល » ។ « យាយ​ចង់​សប្បាយរីករាយ​ប៉ុន្តែ​យាយ​ដូចជា​មិនខ្វល់​ពីអ្វី​ទាំងអស់ ។ យាយ​មាន​អារម្មណ៍​ឯកោ​ណាស់ » ។

« ប៉ុន្តែ​លោកយាយ​មាន​លោកតា និង​ម៉ាក់​របស់​ខ្ញុំ » ។ សាវ៉ាណា​បាន​ឈ្ងោកមុខ​ចុះ​មើល​ទៅ​ស្បែកជើង​របស់​នាង ។ « ហេតុអ្វី​បានជា​លោកយាយ​មាន​អារម្មណ៍​ឯកោ ? »

លោកយាយ​បាន​និយាយថា « យាយ​គិត​មិន​ឃើញ​ថា​មាន​អ្វី​កើត​ឡើង​ទេ » ។ « យាយ​ពុំ​ធ្លាប់​មាន​អារម្មណ៍​បែបនេះ​ពីមុន​មកទេ ។ ទីបំផុត​យាយ​បានទៅ​ពេទ្យ » ។

« តើ​មាន​អ្វី​កើត​ឡើង ? »

លោកយាយ​បាន​ដាក់ដៃ​គៀក​ករ​នាង ។ « យាយ​បាន​ដឹងថា​យាយ​មាន​ជំងឺ​បាក់ទឹកចិត្ត » ។

« អូ​ដូច្នេះ​ហើយ​បានជា​លោក​យាយ​មាន​អារម្មណ៍​សោកសៅ​មែនទេ ? » សាវ៉ាណា​បានសួរ ។

លោកយាយ​ពន្យល់​ថា « ទេ​ជំងឺ​បាក់ទឹកចិត្ត​គឺ​លើស​ពី​គ្រាន់តែ​ជា​អារម្មណ៍​សោកសៅ » ។ « ភាព​សោកសៅ​របស់​យាយ​ហាក់ដូចជា​មិន​ទៅ​ណា​ឡើយ ។ យាយ​បាន​តស៊ូ​ដើម្បី​ធ្វើ​អ្វីៗ​ទាំងអស់​ជា​ធម្មតា ។ ហើយ​យាយ​មាន​ការពិបាក​ក្នុងការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដទៃ សូម្បី​តែ​ជាមួយ​គ្រួសារ​របស់​យាយ​ផ្ទាល់​ក៏ដោយ ។ យាយ​ពិតជា​ត្រូវការ​ជំនួយ​ណាស់ » ។

សាវ៉ាណា​បាន​ងើប​មុខ​ឡើង ។ « តើ​លោកយាយ​ត្រូវការ​ជំនួយ​បែបណា ? »

លោកយាយ​បាននិយាយ​ថា « គ្រូពេទ្យ​បានពន្យល់​ពី​អ្វី​ដែល​ខុសប្រក្រតី ហើយ​យើង​បានរៀបចំ​ផែនការ​ជាមួយគ្នា​ដើម្បី​ជួយ​យាយ​ឲ្យ​មាន​អារម្មណ៍​ល្អ​ប្រសើរ » ។ « ប៉ុន្តែ​ពេលខ្លះ​យាយ​នៅតែ​មាន​អារម្មណ៍​សោកសៅ ។ យាយ​បានចំណាយ​ពេល​អធិស្ឋាន​ច្រើន​ដង ។ នៅពេល​យាយ​ឯកោ យាយ​ស្រមៃថា​ព្រះអង្គសង្គ្រោះ​គង់​នៅ​ក្បែរ​យាយ ។ យាយ​មាន​អារម្មណ៍​ល្អ​ក្នុងការ​គិត​អំពី​ទ្រង់ » ។

សាវ៉ាណា​សម្លឹង​មើល​ព្រិល​នៅ​ខាង​ក្រៅ ហើយ​រងារ​ញាក់ ។ « ចៅ​មានអារម្មណ៍​សោកសៅ​ច្រើន​ផងដែរ ។ ចៅ​ព្យាយាម​មានអារម្មណ៍​សប្បាយ​រីករាយ ប៉ុន្តែ​ពេលខ្លះ​ចៅ​មិនអាច​ធ្វើបាន ហើយ​បន្ទាប់មក​ចៅ​ខឹង​ខ្លួនឯង​ចំពោះ​អារម្មណ៍​បែបនេះ » ។

« យាយ​ដឹង​ចៅសម្លាញ់ » ។ លោកយាយ​បានឱប​សាវ៉ាណា ។ « ពេលខ្លះ​យាយ​មាន​អារម្មណ៍​ដូច្នេះ​ដែរ ។ តែ​ចៅ​មិន​នៅ​ឯកោ​នោះទេ ។ យាយ​ស្រឡាញ់​ចៅ ឪពុក​ម្តាយ​របស់​ចៅ​ស្រឡាញ់​ចៅ ហើយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ស្រឡាញ់​ចៅ ។ ទ្រង់ទាំងទ្វេរ​យល់​ពី​ការឈឺចាប់​របស់​ចៅ ហើយ​នឹង​មិន​ចាកចេញ​ពីចៅ​ឡើយ » ។

សាវ៉ាណា​បានគិតថាប្រហែល​លោកយាយ​និយាយ​ត្រូវ ។ ខ្ញុំ​មិន​នៅ​ឯកោ​ទេ ។ ទម្ងន់​នៅក្នុងពោះ​របស់​សាវ៉ាណា​ហាក់​ដូចជា​មិនសូវ​ធ្ងន់​ទៀតទេ ។

សាវ៉ាណា​បាន​និយាយថា « ចៅ​គិតថា​ចៅ​គួរតែ​និយាយ​ជាមួយម៉ាក់ » ។ « គាត់​ក៏ចង់​ជួយ​ចៅ​ផងដែរ » ។

« នោះ​ជា​គំនិត​ល្អ​ណាស់ » ។ លោកយាយ​បានចាប់​ដៃ​សាវ៉ាណា ។

សាវ៉ាណា​ញញឹម ហើយ​ផ្អែក​លើស្មា​របស់​លោកយាយ ។ នាង​មិនមាន​អារម្មណ៍​កណ្ដោចកណ្ដែង និង​ឯកោ​ទៀតទេ ។

ចៅស្រី និង​លោកយាយ​ឱបគ្នា
ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ ម៉ារីណា ប៉េសារ៉ូដូណា