វគ្គសិក្សា​ដំណឹងល្អ
ការអនុវត្ត​ជំនាញ​ទី ១០ ៖ បង្កើត​ទម្លាប់​គិត​វិជ្ជមាន


ការអនុវត្ត​ជំនាញ​ទី ១០

បង្កើត​ទម្លាប់​គិត​វិជ្ជមាន

ក្មេងស្រី​កំពុង​ញញឹម

គំនិត​របស់​យើង​អាច​មាន​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​មកលើ​យើង​ទាំងល្អ ឬ​អាក្រក់ ។ ការបង្កើត​ទម្លាប់​គិត​វិជ្ជមាន​អាច​ធ្វើ​ឲ្យ​ការគិត​របស់​យើង​អំពី​ជីវិត និង​សមត្ថភាព​របស់​យើង​ក្នុង​ការធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់​កាន់​តែ​ប្រសើរ​ឡើង ។

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ព្យាយាម​និយាយ​ដោយ​សង្ខេប​នៅ​ក្នុង​ផ្នែក « កំណត់​និយមន័យ » និង « បង្ហាញ » ដើម្បី​សិស្ស​មាន​ពេល​ច្រើន​សម្រាប់​ការអនុវត្ត ។

កំណត់​និយមន័យ

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ណែនាំ​ប្រធានបទ​សម្រាប់​ការអនុវត្ត​ជំនាញ​នេះ តាមរយៈ​ការចែកចាយ​ដូច​ខាង​ក្រោម ។ អ្នក​ក៏​អាច​ពិចារណា​សិក្សា គោលលទ្ធិ និង​សេចក្តីសញ្ញា ៦:៣៦ ជាមួយ​គ្នា​ផងដែរ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាញ​ពី​របៀប​ដែល​ការធ្វើ​តាម​ការទូន្មាន​របស់​ព្រះអម្ចាស់ នៅ​ក្នុង​ខគម្ពីរ​នេះ​អាច​មាន​ឥទ្ធិពល​ដល់​ជីវិត​របស់​ពួកគេ ។

គំនិត​របស់​យើង​មាន​ឥទ្ធិពល​លើ​របៀប​ដែល​យើង​មាន​អារម្មណ៍ និង​ធ្វើ​សកម្មភាព ( សូមមើល សុភាសិត ២៣:៧ ) ។ គំនិត​អវិជ្ជមាន​អាច​នាំ​ឲ្យ​មាន​ការបាក់​ទឹកចិត្ត ការសង្ស័យ​ខ្លួន​ឯង ការភ័យខ្លាច កំហឹង និង​អារម្មណ៍​អស់​សង្ឃឹម ។ គំនិត​វិជ្ជមាន​អាច​នាំ​ឲ្យ​មាន​សុទិដ្ឋិនិយម ទំនុកចិត្ត និង​សេចក្តី​សង្ឃឹម ។

វិធី​មួយ​ដែល​យើង​អាច​ស្ថាបនា​ការបង្កើត​ទម្លាប់​គិត​វិជ្ជមាន​នេះ​បាន គឺ​ត្រូវ​កត់ត្រា​គំនិត​អវិជ្ជមាន​របស់​យើង ហើយ​សរសេរ​គំនិត​ទាំងនោះ​ឡើងវិញ​ដើម្បី​ឲ្យ​គំនិត​ទាំងនោះ ៖

  • មាន​សេចក្តី​សង្ឃឹម​កាន់​តែ​ច្រើន ។

  • មាន​ការពិត​កាន់​តែ​ច្រើន ។

  • បង្ហាញ​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ពិចារណា​សរសេរ​គោលការណ៍​ណែនាំ​ទាំងបី​នេះ​នៅ​លើ​ក្តារខៀន ។

ការបង្ហាញ

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​បង្ហាញ​ជំនាញ​នេះ​ដោយ​ការបង្ហាញ និង​ការពិភាក្សា​អំពី​ឧទាហរណ៍​មួយ​ចំនួន​ដូច​ខាង​ក្រោម ដែល​បាន​កែសម្រួល​មកពី « សូម​តតាំង​នឹង​ការគិត​អវិជ្ជមាន » នៅក្នុង ការសម្រប​ខ្លួន​ទៅ​នឹង​ជីវិត​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ( [ ឆ្នាំ​២០១៣ ] ទំព័រ ២១ ) ។ អ្នក​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ផ្សេងៗ​គ្នា​អាន​ឧទាហរណ៍​នីមួយៗ​ឲ្យ​ឮៗ​ទៅដល់​សិស្ស​នៅក្នុង​ថ្នាក់ ។

គំនិត​អវិជ្ជមាន​របស់​ខ្ញុំ

ការសរសេរ​ឡើងវិញ​របស់​ខ្ញុំ​ដើម្បី​ស្ថាបនា​ការគិត​ដែល​មាន​សុទិដ្ឋិនិយម

ខ្ញុំ​ស្អប់​ការក្រោក​ពី​ដំណេក​នៅ​ពេលព្រឹក​ព្រលឹម​ពេក ។

ខ្ញុំ​ពុំ​ចាំបាច់​ត្រូវ​ចូលចិត្ត​វា​នោះ​ទេ ។ ខ្ញុំ​គិត​ថា ខ្ញុំ​អាច​ធ្វើ​កិច្ចការ​នេះ​បាន ។ នៅពេល​ខ្ញុំ​ក្រោក​ពីដំណេក ហើយ​ចាប់ផ្ដើម​ធ្វើ​ចលនា នោះ​ខ្ញុំ​ប្រហែល​ជា​នឹង​មាន​អារម្មណ៍​ប្រសើរ​ជាង ។ ខ្ញុំ​អាច​អធិស្ឋាន​ទូលសុំ​ជំនួយ​ពី​ព្រះ ។

ខ្ញុំ​នឹង​មិន​អាច​ធ្វើ​វា​បាន​ទេ​នៅ​ថ្ងៃ​នេះ ។

ខ្ញុំ​ធ្លាប់​ធ្វើ​វា​បាន​ជា​រៀងរាល់ថ្ងៃ​រួចមក​ហើយ ខ្ញុំ​នឹង​ធ្វើ​វា​ឲ្យ​បាន​នៅ​ថ្ងៃ​នេះ ។ អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នៅ​ពេល​ឥឡូវ​នេះ​គឺជា​អ្វី​ដែល​នៅ​ចំពោះ​មុខ​ខ្ញុំ ខ្ញុំ​នឹង​ដោះស្រាយ​វា​ម្តងមួយៗ ។ ពេល​ខ្ញុំ​សម្លឹង​ទៅ​ព្រះអង្គ​សង្រ្គោះ ទ្រង់​នឹង​ជួយ​ខ្ញុំ​ឲ្យ​ឆ្លង​ផុត​ថ្ងៃ​នេះ ។

មេរៀន​នោះ​ពិបាក​ខ្លាំង​ណាស់ ។

មេរៀន​ខ្លះ​ដំណើរការ​ល្អ​ប្រសើរ​ជាង​មេរៀន​ផ្សេងៗទៀត ។ វា​ជា​ការល្អ​ដែល​ខ្ញុំ​ចង់​ធ្វើ​ការកែលម្អ ។ ខ្ញុំ​ដឹង​ថា ព្រះ​នឹង​ទទួល​យក​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​អស់​ពី​ចិត្ត​របស់​ខ្ញុំ ។ ប្រហែលជា​ដៃ​គូ​ខ្ញុំ​អាច​ជួយ​ខ្ញុំ​កែ​លម្អ​បាន ។

អ្នកដឹកនាំ​ការពិភាក្សា ៖ អញ្ជើញ​សិស្ស​ឲ្យ​ចែកចាញ​ពី​របៀប​ដែល​ពួកគេ​បាន​ឃើញ គោលការណ៍​ណែនាំ​ទាំង​បី​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ឧទាហរណ៍​ទាំងនេះ ។ អ្នក​ក៏​អាច​ពិភាក្សា​ផងដែរ​នូវ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វីខ្លះ​ចេញមកពី​ឧទាហរណ៍​ទាំងនេះ ?

  • តើ​ការគិត​បែប​នេះ​អាច​ជះ​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក​ដោយ​របៀប​ណា ?

អនុវត្ត

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ផ្តល់​ឱកាស​ឲ្យ​សិស្ស​អនុវត្ត​ជំនាញ​នេះ​ជាមួយ​ដៃគូ ។ សូម​ពិចារណា​បង្ហាញ​ការណែនាំ​ខាងក្រោម ៖

សូម​សរសេរ​ឡើងវិញ​នូវ​គំនិត​អវិជ្ជមាន​ដូច​ខាង​ក្រោម​ឲ្យទៅ​ជា​សេចក្តី​ថ្លែងការណ៍​ដែល​ប្រកប​ដោយ​សេចក្តី​សង្ឃឹម និង​សេចក្តី​ពិត ហើយ​ដែល​បង្ហាញ​ពី​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ៖

  • « មនុស្ស​គ្រប់គ្នា​ពូកែ​លើ​កិច្ចការ​នេះ​ជាង​ខ្ញុំ ។ ខ្ញុំ​ដូច​ជា​មិន​ចូលចំណោម​នឹង​គេ​ទេ​នៅ​ទី​នេះ » ។

  • « ខ្ញុំ​មិន​អាច​និយាយ​ជាមួយ​មនុស្ស​ចម្លែក​បាន​ទេ ។ វា​គួរ​ឲ្យ​ខ្លាច​ណាស់ ! »

  • « ខ្ញុំ​តែងតែ​ជា​មនុស្ស​គ្មាន​របៀប​រៀបរយ​នោះ​ទេ » ។

អ្នកដឹកនាំ​ការពិភាក្សា ៖ អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ដែល​មាន​ឆន្ទៈ​ពីរបី​នាក់​ឲ្យ​ចែកចាយពី​របៀប​ដែល​ពួកគេ​បាន​សរសេរ​ឡើងវិញ​នូវ​គំនិត​អវិជ្ជមាន​មួយ ។ សម្រាប់​ការអនុវត្ត​បន្ថែម សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​គំនិត​អវិជ្ជមាន​មួយ​ចំនួន​ដែល​ពួកគេ​ធ្លាប់​មាន​ពី​មុន ។ សូម​ទុក​ពេល​ឲ្យ​ពួកគេ​ដើម្បី​អនុវត្ត​ការសរសេរ​ឡើងវិញ​អំពី​គំនិត​ទាំងនេះ ដើម្បី​ឲ្យ​កាន់តែ​មាន​សេចក្តី​សង្ឃឹម សេចក្តីពិត និង​ពោរពេញ​ដោយ​សេចក្តី​ជំនឿ ។

អនុវត្ត

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ចែកចាយ​ដូច​មាន​ខាង​ក្រោម ដើម្បី​ជួយ​សិស្ស​អនុវត្ត​ជំនាញ​នេះ ៖

សម្រាប់​រយៈពេល​ប្រាំពីរ​ថ្ងៃ​បន្ទាប់ សូម​ចំណាយ​ពេល​សរសេរ​គំនិត​អវិជ្ជមាន​មួយ​ចំនួន​ដែល​អ្នក​មាន ។ បន្ទាប់មក​សរសេរ​គំនិត​ទាំង​នោះ​ឡើង​វិញ​ដើម្បី​ឲ្យ​មាន​សេចក្តី​សង្ឃឹម សេចក្តីពិត និង​ដើម្បី​បង្ហាញ​សេចក្តី​ជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​របៀប​ដែល​ការអនុវត្ត​នេះ​មាន​ឥទ្ធិពល​មកលើ​អ្នក ។