វគ្គសិក្សា​ដំណឹងល្អ
មេរៀនទី ១៣ ៖ ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្តីជំនឿ


មេរៀន​ទី ១៣

ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្តីជំនឿ

ពួក​អែលឌើរ​កំពុង​ញញឹម

គោលបំណង​មេរៀន​នេះគឺ​ដើម្បី​ជួយ​សិស្ស​ឲ្យវាយ​តម្លៃ​វឌ្ឍនភាព និង​ការរីកចម្រើន​របស់​ពួកគេ​ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ក្នុង​អំឡុង​ពេលចូលរួម​ក្នុង​វគ្គ​សិក្សា​ការរៀបចំ​ខ្លួន​ធ្វើ​ជា​អ្នក​ផ្សាយ​សាសនា​របស់​ពួកគេ ។

ពិនិត្យ​មើល និង តាមដាន

អ្នកដឹកនាំ​ការពិភាក្សា ៖ អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ថ្មីៗ​របស់​ពួកគេ ដើម្បី​អនុវត្ត​អ្វី​ដែល​ពួកគេ​កំពុង​រៀន​នៅ​ក្នុង​ថ្នាក់​នេះ ។ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ចំនួន​របស់​ពួកគេ​ជាមួយ​ដៃគូ ឬ​រួមគ្នា​ជា​ថ្នាក់ ។

យោបល់​សម្រាប់​សកម្មភាព​រៀនសូត្រ

ឆ្លុះបញ្ចាំង​ពី​ការរីកចម្រើន​ខាង​វិញ្ញាណ

អ្នកដឹកនាំ​ការពិភាក្សា ៖ អ្នក​អាច​បង្ហាញ​រូបភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើការ​អធិស្ឋាន និង យ៉ូសែប ស្ម៊ីធ កំពុងអាន​ព្រះគម្ពីរ​ប៊ីប ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​រូបភាព នៅពេល​ពួកគេ​អាន ម៉ាកុស ១:៣៥; លូកា ៦:១២ និង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១២–១៣ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ស្វែងរក​សារ​លិខិតទូទៅ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។

ដៃ​ផ្គុំ​អធិស្ឋាន
យ៉ូសែប ស្មីធ កំពុង​សិក្សា​ព្រះគម្ពីរ
  • តើ​បទគម្ពីរ​ប្រាប់​ថា ទាំង​ព្រះអង្គសង្គ្រោះ និង យ៉ូសែប ស្ម៊ីធ បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​រីកចម្រើន​ខាង​វិញ្ញាណ ?

  • តើ​ជីវិត​របស់ យ៉ូសែប ស្ម៊ីធ ត្រូវ​បាន​ផ្លាស់ប្តូរ​យ៉ាងដូចម្តេច តាមរយៈការ​ជញ្ជឹងគិត​ពីអ្វី​ដែល​លោក​បាន​អាន​នៅ​ក្នុង យ៉ាកុប ១:៥ ?

អ្នកដឹកនាំ​ការពិភាក្សា ៖ ពន្យល់​ថា ការចំណាយ​ពេល​ដើម្បី​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន និង​ជញ្ជឹងគិត​អំពី​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​យើង អាច​ជួយ​យើង​ទទួល​បាន​ការណែនាំ​ពី​ព្រះអម្ចាស់ ។

ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ធ្វើ​ដូចនេះ អ្នក​អាច​គូរ​រូប​មនុស្ស​បីនាក់​នៅ​លើ​ក្តារខៀន ហើយ​ដាក់​ស្លាក​ពួកគេ​ថា ថ្នាក់​ដំបូង, ថ្ងៃនេះ និង ប្រាំមួយ​ខែ​ចាប់ពីពេល​នេះ​ទៅ ។ បន្ទាប់មក​ចែកចាយ​សេចក្តីណែនាំ​ខាងក្រោម ៖

រូប​មនុស្ស​បីនាក់

ជញ្ជឹងគិត​លើ​ការរីកចម្រើន​ខាងវិញ្ញាណ​របស់​អ្នក ចាប់តាំង​ពីពេល​អ្នក​បាន​ចាប់ផ្តើម​ថ្នាក់​នេះ ។ សូម​ពិចារណា​ផងដែរ​ពី​ការរីកចម្រើន​ដែល​អ្នក​នៅ​តែ​ចង់​ធ្វើ ។ សូម​សរសេរ​ពី​គំនិត និង​ចំណាប់​អារម្មណ៍​ទាំងឡាយរបស់​អ្នក ។ សំណួរ​ដូច​នេះ​អាច​ជួយ​បាន ៖

សម្លឹង​មើល​ត្រឡប់​ទៅ​ក្រោយ

  • ធ្វើ​ការប្រៀបធៀប​ទៅ​នឹង​ការត្រៀម​ខ្លួន​របស់​អ្នក​ពី​មុន​ពេល​ចូល​រៀន​ថ្នាក់​នេះ តើ​របៀប​ណា​ខ្លះ ដែល​ឥឡូវនេះ​អ្នក​មាន​អារម្មណ៍​ថា អ្នក​បាន​ត្រៀមខ្លួន​កាន់តែ​ប្រសើរ​ជាង​មុន ដើម្បី​បម្រើ​បេសកកម្ម ឬ​ចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ដទៃ ?

  • តើ​ការសិក្សា ប្រកាស​ដំណឹងល្អ​របស់​យើង បាន​មាន​ឥទ្ធិពល​លើ​អ្នក​ដោយ​របៀប​ណា ?

  • តើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ផ្លាស់ប្តូរ​យ៉ាង​ដូចម្តេច ?

  • តើ​បទពិសោធន៍​អ្វីខ្លះ​ក្នុង​អំឡុង​ពេល​ថ្នាក់រៀន ឬ​ក្រៅ​ថ្នាក់រៀន​ដែល​បានធ្វើ​ឲ្យ​មានការផ្លាស់ប្តូរ​សម្រាប់​អ្នក ?

ដើរ​ឆ្ពោះ​ទៅ​មុខ

  • តើ​មាន​អ្វីខ្លះ​ដែល​អ្នក​នៅ​តែ​ចង់​ធ្វើ ដើម្បី​បន្ត​រៀបចំខ្លួន​សម្រាប់​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ? តើ​អ្នក​មាន​អារម្មណ៍​ថា​ជំហាន​បន្ទាប់​របស់​អ្នក​គួរតែ​ជា​អ្វី​ដើម្បី​សម្រេច​បាន​គោលដៅ​ទាំងនេះ ?

  • តើ​អ្នក​ចង់​ជួយ​នរណា​ឲ្យ​ចូល​មក​កាន់​តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ? តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ដល់​ពួកគេ ?

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​អំពី​ចម្លើយ ដែល​ពួកគេ​ចង់​ចែកចាយ​ជាមួយ​ដៃគូ ឬ​ក្រុម​តូច​មួយ ។ នេះ​ក៏​អាច​ជា​ពេលវេលា​ដ៏​ល្អ​មួយ ដើម្បី​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ដែល​មាន​ឆន្ទៈ​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

សូម​ពិចារណា​បញ្ចូល​នូវ​ការចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដេវីឌ អេ បែដណា ៖

អែលឌើរ ដេវីឌ អេ បែដណា

« អ្នក​អាច​បង្កើន​បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​បម្រើ​ព្រះ ហើយ​អ្នក​អាច​ចាប់ផ្ដើម​គិត​ដូច​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​គិត អាន​នូវ​អ្វី​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​អាន អធិស្ឋាន​ដូច​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​អធិស្ឋាន ហើយ​ទទួល​អារម្មណ៍​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​មាន ។ អ្នក​អាច​ចៀសវាង​ពី​ឥទ្ធិពល​ខាង​លោកិយ​ដែល​បណ្ដាល​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ចាកចេញ ហើយ​អ្នក​អាច​បង្កើន​ការជឿជាក់​លើ​ការស្គាល់ និង​ការ​ឆ្លើយតប​ទៅនឹង​ការបំផុស​គំនិត​ខាងវិញ្ញាណ ។ មួយ​បន្ទាត់​ម្ដងៗ និង​មួយ​សិក្ខាបទ​ម្ដងៗ ឯ​ណេះ​បន្តិច ឯ​ណោះ​បន្តិច នោះ​យូរៗ​ទៅ​អ្នក​អាច​ក្លាយជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​អ្នក​សង្ឃឹម​ចង់​ប្រែ​ក្លាយ និង​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ព្រះអង្គ​សង្គ្រោះ​រំពឹង​ចង់​បាន ។ ( « Becoming a Missionary » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០០៥ ទំព័រ ៤៦ )

អ្នកដឹកនាំ​ការពិភាក្សា ៖ បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​អ្នក​ចំពោះ​អ្នក​ចូលរួម ទីបន្ទាល់​របស់​អ្នក​ចំពោះ​ព្រះអង្គសង្គ្រោះ និង​អារម្មណ៍​របស់​អ្នក​អំពី​សារៈសំខាន់​នៃ​ការផ្សព្វផ្សាយ​ដំណឹងល្អ​របស់​ទ្រង់ ។ លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ដើរឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្តីជំនឿ​ក្នុង​ការរៀបចំខ្លួន​របស់​ពួកគេ ដូច្នេះ​ពួកគេ​អាច​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា និង​សិស្ស​ដែល​ព្រះអម្ចាស់​នឹង​ឲ្យ​ពួកគេ​ប្រែក្លាយ ។