មេរៀនទី ៥
សិក្សា និងបង្រៀនអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
ប្រកាសដំណឹងល្អរបស់យើង ជំពូកទី ៣
មេរៀនដែលពួកអ្នកផ្សព្វផ្សាយសាសនាប្រើដើម្បីបង្រៀនដំណឹងល្អរបស់ព្រះអង្គសង្គ្រោះមាននៅក្នុង ជំពូកទី ៣ នៃ ប្រកាសដំណឹងល្អរបស់យើង ។ « មេរៀននៅក្នុងជំពូកនេះមាននូវគោលលទ្ធិ គោលការណ៍ និងបទបញ្ញត្តិដ៏ចាំបាច់នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ » ( ប្រកាសដំណឹងល្អរបស់យើង [ ឆ្នាំ២០២៣ ] ទំព័រ ២៥ ) ។ នៅពេលសិស្សសិក្សា និងអនុវត្តការបង្រៀនចេញពីមេរៀនទាំងនេះ ពួកគេនឹងត្រូវបានរៀបចំកាន់តែប្រសើរឡើង ដើម្បីចែកចាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះជាមួយមនុស្សដទៃ ។
ពិនិត្យមើល និង តាមដាន
អ្នកដឹកនាំការពិភាក្សា ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីកិច្ចខិតខំប្រឹងប្រែងថ្មីៗរបស់ពួកគេ ដើម្បីអនុវត្តអ្វីដែលពួកគេកំពុងរៀននៅក្នុងថ្នាក់នេះ ។ អ្នកអាចអញ្ជើញពួកគេឲ្យចែកចាយកិច្ចខិតខំប្រឹងប្រែងមួយចំនួនរបស់ពួកគេជាមួយដៃគូ ឬរួមគ្នាជាថ្នាក់ ។
ជម្រើសសកម្មភាពសិក្សា
អ្នកដឹកនាំការពិភាក្សា ៖ ដោយការអធិស្ឋាន សូមជ្រើសរើសជម្រើសសិក្សា ឬជម្រើសដែលនឹងផ្តល់អត្ថប្រយោជន៍ច្រើនបំផុតដល់ថ្នាក់របស់អ្នក ។ សូមប្រាកដថាទុកពេលវេលាឲ្យបានច្រើនសម្រាប់ការហាត់ និងការអនុវត្ត ។
ជម្រើស ក ៖ តើពួកអ្នកផ្សព្វផ្សាយសាសនារបស់ព្រះអម្ចាស់បង្រៀនអ្វីខ្លះ ?
សិក្សា
អ្នកដឹកនាំការពិភាក្សា ៖ សូមរំឭកដល់សមាជិកក្នុងថ្នាក់អំពី « គោលបំណងរបស់អ្នក » ( ប្រកាសដំណឹងល្អរបស់យើង ទំព័រ ១ ) ។ សូមសូត្រគោលបំណងនេះរួមគ្នាក្នុងថ្នាក់ ។ សូមពន្យល់ថា របៀបដ៏សំខាន់មួយសម្រាប់ពួកអ្នកផ្សព្វផ្សាយសាសនាដើម្បីសម្រេចបានគោលបំណងនេះ គឺដោយការបង្រៀនដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដល់មនុស្សដែលពួកគេជួប ។
សូមចង្អុលបង្ហាញថា មេរៀនដែលពួកអ្នកផ្សព្វផ្សាយសាសនាបង្រៀនមាននៅក្នុង ជំពូកទី ៣ នៃ ប្រកាសដំណឹងល្អរបស់យើង ។ សូមចែកចាយសេចក្តីណែនាំខាងក្រោម ៖
សូមអាន កថាខណ្ឌពីរដំបូង នៅក្នុងជំពូកទី ៣ នៃ ប្រកាសដំណឹងល្អរបស់យើង រួមទាំងចំណងជើងមេរៀនដិត ដោយរកមើលអ្វីដែលពួកអ្នកផ្សព្វផ្សាយសាសនាត្រូវបានណែនាំឲ្យបង្រៀន ។
អ្នកដឹកនាំការពិភាក្សា ៖ អ្នកក៏អាចសិក្សាជាមួយគ្នានូវខគម្ពីរមួយចំនួនដូចខាងក្រោមនេះ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:៣១ ៣៣:១០–១១; ៣៤:៤–៦; ៤២:១២ ។ សិស្សអាចពិភាក្សាអំពីការយល់ដឹងបន្ថែមដែលពួកគេទទួលបានអំពីអ្វីដែលព្រះអម្ចាស់ចង់ឲ្យពួកអ្នកផ្សព្វផ្សាយសាសនារបស់ទ្រង់បង្រៀន ។
សូមពន្យល់ថា នៅក្នុងសកម្មភាពខាងក្រោម អ្នកចូលរួមនឹងរៀនអំពីទម្រង់ និងរចនាសម្ព័ន្ធនៃមេរៀននៅក្នុង ជំពូកទី ៣ នៃ ប្រកាសដំណឹងល្អរបស់យើង ។ ដើម្បីចាប់ផ្តើម សូមពិចារណាផ្តល់ឲ្យសិស្សនូវទិដ្ឋភាពទូទៅត្រួសៗនៃមេរៀនមួយ ។ អ្នកអាចបង្ហាញមេរៀននៅលើអេក្រង់ នៅពេលអ្នកពិនិត្យមើលវាជាមួយគ្នា ។ ការណែនាំខាងក្រោមអាចជួយអ្នកផ្តល់នូវទិដ្ឋភាពទូទៅត្រួសៗ ៖
សូមស្វែងរក « មេរៀនទី ១ ៖ សារលិខិតនៃការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ » ( ទំព័រ ៣០–៤៥ ) ។ មើលដោយសង្ខេបទៅលើផ្នែកខាងក្រោម នៅក្នុងមេរៀននេះ ។ គិតអំពីរបៀបដែលផ្នែកផ្សេងៗគ្នានៃមេរៀនអាចជួយអ្នកបង្រៀនដំណឹងល្អរបស់ព្រះអង្គសង្គ្រោះបានយ៉ាងមានប្រសិទ្ធភាព ។
-
មនុស្សអាចងឿងឆ្ងល់
-
យោបល់សម្រាប់ការបង្រៀន
-
អ្វីដែលអ្នកអាចបង្រៀនអ្នករៀនក្នុងរយៈពេល ១៥–២៥ នាទី
-
សំណួរដែលអ្នកអាចសួរទៅអ្នករៀន
-
ការអញ្ជើញដែលអ្នកអាចធ្វើ
-
មូលដ្ឋានគ្រឹះនៃគោលលទ្ធិ
-
ការបង្រៀនអំពីការយល់ដឹង ( មាននៅពេញមួយមេរៀន )
-
គម្រោងមេរៀនពីខ្លីទៅមធ្យម
អ្នកដឹកនាំការពិភាក្សា ៖ សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរកឃើញថាមានប្រយោជន៍ចេញពីមេរៀនដែលអ្នកបានពិនិត្យមើលជាមួយគ្នា ។ ប្រសិនបើមានពេល អ្នកអាចពន្យល់ថា « មេរៀនទី ៤ ៖ ការក្លាយជាសិស្សពេញមួយជីវិតរបស់ព្រះយេស៊ូវគ្រីស្ទ » ត្រូវបានបង្កើតឡើងមានលក្ខណៈខុសពីមេរៀនបីដំបូង ។ អ្នកក៏អាចពិនិត្យមើលមេរៀននេះជាមួយគ្នាដោយសង្ខេបផងដែរ ។
អនុវត្ត
អ្នកដឹកនាំការពិភាក្សា ៖ សូមទុកពេលឲ្យសមាជិកក្នុងថ្នាក់សិក្សាមេរៀនមួយមកពី ជំពូកទី ៣ នៃ ប្រកាសដំណឹងល្អរបស់យើង ឲ្យកាន់តែស៊ីជម្រៅ ។ បង្ហាញការណែនាំខាងក្រោម និងទុកពេលឲ្យសិស្សប្រហែល ១០នាទីដើម្បីពួកគេបំពេញដោយខ្លួនឯង ៖
ជ្រើសយកមេរៀនមួយមកពី ជំពូកទី ៣ នៃ ប្រកាសដំណឹងល្អរបស់យើង ដែលអ្នកចង់សិក្សាបន្ថែម ។ នេះគឺជាយោបល់មួយចំនួនអំពីអ្វីដែលអ្នកអាចធ្វើ ៖
-
អានផ្នែកចំណងជើងរបស់មេរៀន ។ បន្ទាប់មកចំណាយពេលដើម្បីសិក្សាស៊ីជម្រៅផ្នែកមួយ ឬច្រើនដែលអ្នកចាប់អារម្មណ៍បំផុត ។
-
អានប្រអប់ « មនុស្សអាចងឿងឆ្ងល់ » នៅដើមមេរៀន ( តែមេរៀនទី ១-៣ ប៉ុណ្ណោះ ) ។ គូសចំណាំសំណួរដែលអ្នកចង់ឆ្លើយបំផុត ។ ស្វែងរកចម្លើយនៅក្នុងផ្នែក « មូលដ្ឋានគ្រឹះនៃគោលលទ្ធិ » ។
-
សិក្សាសេចក្តីសង្ខេបមួយចំនួននៅក្នុងផ្នែក « មូលដ្ឋានគ្រឹះនៃគោលលទ្ធិ » ។ អ្នកក៏អាចសិក្សាខគម្ពីរមួយចំនួននៅក្នុងប្រអប់ « ការសិក្សាព្រះគម្ពីរ » ផងដែរ ។ យកចិត្តទុកដាក់ចំពោះអ្វីដែលធនធានទាំងនេះបង្រៀនអ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។
អ្នកដឹកនាំការពិភាក្សា ៖ នៅពេលសមាជិកក្នុងថ្នាក់បានបញ្ចប់ការសិក្សារួចរាល់ហើយ សូមបែងចែកពួកគេទៅជាដៃគូ ឬក្រុមតូចៗ ។ អញ្ជើញមនុស្សម្នាក់ៗឲ្យចែកចាយអ្វីដែលពួកគេផ្តោតលើ នៅក្នុងសកម្មភាពសិក្សា និងអ្វីដែលពួកគេបានរៀនមកពីបទពិសោធន៍របស់ពួកគេ ។
ដាក់គោលដៅមួយ
អ្នកដឹកនាំការពិភាក្សា ៖ សូមទុកពេលឲ្យសមាជិកក្នុងថ្នាក់ជញ្ជឹងគិតពីអ្វីដែលពួកគេបានរៀននៅថ្ងៃនេះ និងដាក់គោលដៅ ។ អ្នកអាចបង្ហាញសេចក្តីណែនាំខាងក្រោមនេះដើម្បីជួយពួកគេ ៖
ដាក់គោលដៅទាក់ទងនឹងអ្វីដែលអ្នកបានសិក្សារួចហើយ ។ សូមប្រើប្រាស់គំនិតខាងក្រោមនេះ ឬគិតអំពីគំនិតរបស់អ្នកផ្ទាល់ ។
-
បង្កើតផែនការសម្រាប់របៀបដែលអ្នកនឹងសិក្សាគោលលទ្ធិចេញពីមេរៀនក្នុង ជំពូកទី ៣ ក្នុងការសិក្សាផ្ទាល់ខ្លួនរបស់អ្នក ។
-
ជ្រើសយកសេចក្តីសង្ខេបមកពីផ្នែកមួយក្នុងចំណោមផ្នែក « មូលដ្ឋានគ្រឹះនៃគោលលទ្ធិ » ដែលអ្នកចង់សិក្សា ។ សិក្សាប្រធានបទ និងបង្កើតគម្រោងសង្ខេបអំពីអ្វីដែលអ្នកបានរៀន ។ ប្រើគម្រោងរបស់អ្នកដើម្បីបង្រៀននរណាម្នាក់ដែលអ្នកស្គាល់ ។
គោលដៅរបស់ខ្ញុំ
-
ខ្ញុំនឹង … ( សកម្មភាពដែលអ្នកនឹងធ្វើ ) ។
-
ខ្ញុំនឹងសម្រេចគោលដៅរបស់ខ្ញុំដោយ … ( ផែនការសាមញ្ញមួយ ) ។
អ្នកដឹកនាំការពិភាក្សា ៖ ប្រសិនបើសិស្សមានក្រុមដើម្បីចែកចាយគោលដៅរបស់ពួកគេ សូមទុកពេលវេលាឲ្យពួកគេចែកចាយពីរបៀបដែលពួកគេនឹងគាំទ្រ ឬរំឭកគ្នាទៅវិញទៅមកពីមុនថ្នាក់បន្ទាប់ ។
ជម្រើស ខ ៖ តើពួកអ្នកផ្សព្វផ្សាយសាសនារបស់ព្រះអម្ចាស់អាចបង្រៀនដំណឹងល្អរបស់ទ្រង់ប្រកបដោយប្រសិទ្ធភាពយ៉ាងដូចម្តេច ?
សិក្សា
អ្នកដឹកនាំការពិភាក្សា ៖ អញ្ជើញសមាជិកក្នុងថ្នាក់ឲ្យគិតអំពីឱកាសកន្លងមក ដែលពួកគេមានដើម្បីបង្រៀនដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទទៅដល់មនុស្សដទៃ ( ឧទាហរណ៍ ជាមួយគ្រួសារ ឬមិត្តភក្តិរបស់ពួកគេ នៅព្រះវិហារ ឬនៅក្នុងថ្នាក់សិក្ខាសាលា ឬថ្នាក់វិទ្យាស្ថាន ) ។ អ្នកអាចស្នើសុំឲ្យសិស្សម្នាក់ ឬពីរនាក់ចែកចាយបទពិសោធន៍របស់ពួកគេ រួមទាំងអ្វីដែលបានដំណើរការល្អ និងអ្វីដែលពួកគេមានអារម្មណ៍ថា អាចធ្វើបានល្អប្រសើរជាង ។
សូមពន្យល់ថា សកម្មភាពសិក្សាខាងក្រោមអាចជួយសមាជិកក្នុងថ្នាក់រៀនពីរបៀបបង្រៀនដំណឹងល្អរបស់ព្រះអង្គសង្គ្រោះឲ្យកាន់តែមានប្រសិទ្ធភាព ។ សិស្សអាចបំពេញជំហានទាំងបួនជាលក្ខណៈបុគ្គល ឬអ្នកអាចបែងចែកពួកគេទៅជាក្រុមដែលមានគ្នាចំនួនបួននាក់ ហើយចាត់តាំងសមាជិកក្រុមម្នាក់ៗឲ្យសិក្សាចំណុចមួយ ។
សិក្សាផ្នែកខាងក្រោមមកពីសេចក្តីផ្តើមនៃ ជំពូកទី ៣ នៃ ប្រកាសដំណឹងល្អរបស់យើង ។ រកមើលសេចក្តីពិត និងគោលការណ៍ណែនាំ ដែលជួយអ្នកឲ្យយល់ពីរបៀបដែលពួកអ្នកផ្សព្វផ្សាយសាសនាអាចបង្រៀនដំណឹងល្អរបស់ព្រះអង្គសង្គ្រោះបានយ៉ាងមានប្រសិទ្ធភាព ។ ពិចារណាកត់សម្គាល់គំនិតដែលអ្នកមានអារម្មណ៍ថា សំខាន់បំផុត ។
-
« សូមបង្រៀនចេញពីដួងចិត្តរបស់អ្នកស្របតាមការដឹកនាំពីព្រះវិញ្ញាណ » ( ទំព័រ ២៦ )
-
« បង្រៀន ហើយអញ្ជើញស្របតាមសេចក្ដីត្រូវការបុគ្គលម្នាក់ៗ » ( ទំព័រ ២៧ )
-
វគ្គបទគម្ពីរទាំងឡាយនៅក្រោមចំណងជើង « តើអ្នកត្រូវបានដឹកនាំឲ្យបង្រៀនអ្វីខ្លះ ? » ( នៅក្នុងប្រអប់ « ការសិក្សាព្រះគម្ពីរ » នៅទំព័រ ២៧ )
-
វគ្គបទគម្ពីរទាំងឡាយនៅក្រោមចំណងជើង « ហេតុអ្វីការសិក្សាគោលលទ្ធិនៅក្នុងមេរៀនទាំងឡាយមានសារៈសំខាន់ ? » ( នៅក្នុងប្រអប់ « ការសិក្សាព្រះគម្ពីរ » នៅទំព័រ ២៧ )
អ្នកដឹកនាំការពិភាក្សា ៖ អញ្ជើញសមាជិកក្នុងថ្នាក់ឲ្យចែកចាយអ្វីដែលពួកគេបានរកឃើញនៅក្នុងក្រុមតូចៗ ឬទាំងអស់គ្នា ។
អនុវត្ត
អ្នកដឹកនាំការពិភាក្សា ៖ សូមផ្តល់ឱកាសដល់អ្នកចូលរួមដើម្បីរៀបចំ និងអនុវត្តការបង្រៀនសេចក្តីសង្ខេបសាមញ្ញៗចេញពីមេរៀនមួយនៅក្នុង ជំពូកទី ៣ នៃ ប្រកាសដំណឹងល្អរបស់យើង ។ អ្នកអាចប្រើគោលការណ៍ណែនាំដែលបានរកឃើញនៅក្នុង មេរៀនទី ៦ ៖ « អនុវត្តការបង្រៀន » ដើម្បីជួយពួកគេរៀបចំធ្វើដូច្នេះ ។ លើកទឹកចិត្តសមាជិកក្នុងថ្នាក់ឲ្យរួមបញ្ចូលគោលការណ៍ដែលពួកគេបានរៀន អំពីការបង្រៀនប្រកបដោយប្រសិទ្ធភាព ពេលដែលពួកគេបង្កើត និងចែកចាយសេចក្តីសង្ខេបរបស់ពួកគេ ។ ប្រសិនបើមានពេលគ្រប់គ្រាន់ អ្នកអាចផ្តល់ឱកាសឲ្យសិស្សជាច្រើននាក់ ដើម្បីបង្រៀនសេចក្តីសង្ខេបដែលពួកគេបានរៀបចំ ។
ដាក់គោលដៅមួយ
អ្នកដឹកនាំការពិភាក្សា ៖ សូមទុកពេលឲ្យសមាជិកក្នុងថ្នាក់ជញ្ជឹងគិតពីអ្វីដែលពួកគេបានរៀននៅថ្ងៃនេះ និងដាក់គោលដៅ ។ អ្នកអាចបង្ហាញសេចក្តីណែនាំខាងក្រោមនេះដើម្បីជួយពួកគេ ៖
ដាក់គោលដៅទាក់ទងនឹងអ្វីដែលអ្នកបានសិក្សារួចហើយ ។ សូមប្រើប្រាស់គំនិតខាងក្រោមនេះ ឬគិតអំពីគំនិតរបស់អ្នកផ្ទាល់ ។
-
អនុវត្តការបង្រៀនសេចក្តីសង្ខេបរបស់អ្នកទៅកាន់សមាជិកគ្រួសារ ឬមិត្តភក្ដិម្នាក់ ។
-
ចែកចាយសេចក្តីសង្ខេបរបស់អ្នក រួមជាមួយនឹងទីបន្ទាល់របស់អ្នកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។
-
សិក្សាខ្លឹមសារបន្ថែមមកពីមេរៀនក្នុង ជំពូកទី ៣ ។
គោលដៅរបស់ខ្ញុំ
-
ខ្ញុំនឹង … ( សកម្មភាពដែលអ្នកនឹងធ្វើ ) ។
-
ខ្ញុំនឹងសម្រេចគោលដៅរបស់ខ្ញុំដោយ … ( ផែនការសាមញ្ញមួយ ) ។
អ្នកដឹកនាំការពិភាក្សា ៖ ប្រសិនបើសិស្សមានក្រុមដើម្បីចែកចាយគោលដៅរបស់ពួកគេ សូមទុកពេលវេលាឲ្យពួកគេចែកចាយពីរបៀបដែលពួកគេនឹងគាំទ្រ ឬរំឭកគ្នាទៅវិញទៅមកពីមុនថ្នាក់បន្ទាប់ ។
ពេលក្រោយ
អ្នកដឹកនាំការពិភាក្សា ៖ ប្រសិនបើអ្នកមានគម្រោងប្រើប្រាស់ មេរៀនទី ៦ ដើម្បីអនុវត្តការបង្រៀនក្នុងអំឡុងពេលថ្នាក់បន្ទាប់ អ្នកអាចអញ្ជើញសិស្សឲ្យសិក្សាមេរៀនមួយចេញពី ជំពូកទី ៣ នៃ ប្រកាសដំណឹងល្អរបស់យើង ក្នុងការរៀបចំ ។ ប្រសិនបើអ្នកត្រៀមខ្លួនរួចរាល់ដើម្បីសិក្សា មេរៀនទី ៧ នៅពេលក្រោយ សូមពិចារណាអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យសិក្សា « ការអញ្ជើញឲ្យទទួលពិធីបុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់ » មកពីជំពូកទី ៣ នៃ ប្រកាសដំណឹងល្អរបស់យើង ( ទំព័រ ២៨–២៩ ) ក្នុងការរៀបចំ ។ អ្នកក៏អាចផ្ញើការរំឭកឲ្យពួកគេផងដែរ ។