ជំពូកទី ៨
ស្វែងរក និងពឹងផ្អែកលើព្រះវិញ្ញាណ
ប្រកាសដំណឹងល្អរបស់យើង ជំពូកទី ៤
« អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ គឺជាអំណោយទានដ៏អស្ចារ្យបំផុតមួយ ដែលព្រះបានប្រទានដល់បុត្រាបុត្រីរបស់ទ្រង់ » ( ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសក៍ចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ [ ឆ្នាំ២០២៣ ] ទំព័រ ១០១ ) ។ ព្រះវិញ្ញាណធ្វើទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និងភាពពេញលេញនៃដំណឹងល្អ ។ មនុស្សបានប្រែចិត្តជឿទៅលើព្រះគ្រីស្ទតាមរយៈព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ។ ពេលពួកអ្នកផ្សព្វផ្សាយសាសនាស្វែងរក និងពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ នោះពួកគេអាចជួយនាំយកឥទ្ធិពលរបស់ទ្រង់ចូលទៅក្នុងជីវិតរបស់អ្នកដែលពួកគេបង្រៀន ។
ពិនិត្យមើល និង តាមដាន
អ្នកដឹកនាំការពិភាក្សា ៖ អញ្ជើញសិស្សឲ្យគិតអំពីកិច្ចខិតខំប្រឹងប្រែងថ្មីៗរបស់ពួកគេ ដើម្បីអនុវត្តអ្វីដែលពួកគេកំពុងរៀននៅក្នុងថ្នាក់នេះ ។ អ្នកអាចអញ្ជើញពួកគេឲ្យចែកចាយកិច្ចខិតខំប្រឹងប្រែងមួយចំនួនរបស់ពួកគេជាមួយដៃគូ ឬរួមគ្នាជាថ្នាក់ ។
ជម្រើសសកម្មភាពសិក្សា
អ្នកដឹកនាំការពិភាក្សា ៖ សូមជ្រើសរើសជម្រើស ការរៀនសូត្រ( នានា )ប្រកបដោយការអធិស្ឋាន ដែលនឹងមានអត្ថប្រយោជន៍បំផុតសម្រាប់ថ្នាក់របស់អ្នក ។ សូមប្រាកដថាទុកពេលវេលាឲ្យបានច្រើនសម្រាប់ការហាត់ និងការអនុវត្ត ។
ជម្រើស ក ៖តើព្រះវិញ្ញាណបរិសុទ្ធមានតួនាទីអ្វីខ្លះនៅក្នុងកិច្ចការអ្នកផ្សព្វផ្សាយសាសនា ?
សិក្សា
អ្នកដឹកនាំការពិភាក្សា ៖ សូមពិចារណាចាប់ផ្តើមសកម្មភាពការសិក្សានេះ ដោយពិភាក្សាអំពីសេចក្តីថ្លែងការណ៍ខាងក្រោមដោយព្យាការី យ៉ូសែប ស្ម៊ីធ ។
ទាំងអស់គ្នាត្រូវផ្សព្វផ្សាយដំណឹងល្អ ដោយព្រះចេស្តា និងឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ហើយគ្មាននរណាម្នាក់អាចផ្សាយដំណឹងល្អដោយគ្មានព្រះវិញ្ញាណបរិសុទ្ធបានឡើយ ។ ( Teachings of the Presidents of the Church: Joseph Smith [ ឆ្នាំ២០០៧ ] ទំព័រ ៣៣២ )
-
តើអ្នកគិតថា ហេតុអ្វីបានជាព្រះវិញ្ញាណបរិសុទ្ធដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ?
អ្នកដឹកនាំការពិភាក្សា ៖ អញ្ជើញសិស្សឲ្យស្វែងរក ជំពូកទី ៤ នៃ ប្រកាសដំណឹងល្អរបស់យើង ។ សូមពន្យល់ថា ជំពូកនេះពិពណ៌នាអំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធអាចជួយយើង ទាំងនៅក្នុងកិច្ចការអ្នកផ្សព្វផ្សាយសាសនា និងក្នុងជីវិតផ្ទាល់ខ្លួនរបស់យើងផងដែរ ។ ចែកចាយការណែនាំខាងក្រោមដើម្បីជួយសមាជិកក្នុងថ្នាក់ចាប់ផ្តើមសិក្សាជំពូកនេះ ។
-
សិក្សាកថាខណ្ឌនៅក្រោមចំណងជើង « សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ » និង « ព្រះចេស្តានៃព្រះវិញ្ញាណនៅក្នុងការប្រែចិត្តជឿ » ( ប្រកាសដំណឹងល្អរបស់យើង ទំព័រ ១០១; ១០៣–១០៤ ) ។
-
សូមសិក្សាយ៉ាងហោចណាស់វគ្គបទគម្ពីរពីរដែលបានរាយនៅក្នុងបញ្ជីប្រអប់ « ការសិក្សាព្រះគម្ពីរ » ក្រោមចំណងជើង « ព្រះចេស្តានៃព្រះវិញ្ញាណនៅក្នុងការប្រែចិត្តជឿ » ( ប្រកាសដំណឹងល្អរបស់យើង ទំព័រ១០៣ ) ។
-
ដោយផ្អែកលើអ្វីដែលអ្នករៀន សូមរៀបចំចែកចាយចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោម ៖
-
តើព្រះវិញ្ញាណបរិសុទ្ធអាចជួយខ្ញុំផ្សព្វផ្សាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះដោយរបៀបណា ?
-
តើព្រះវិញ្ញាណបរិសុទ្ធមានតួនាទីអ្វីខ្លះក្នុងការជួយមនុស្សឲ្យមករកព្រះគ្រីស្ទ ?
-
តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីអញ្ជើញព្រះវិញ្ញាណនៅពេលខ្ញុំចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ?
-
អ្នកដឹកនាំការពិភាក្សា ៖ ប្រសិនបើមានពេលវេលាគ្រប់គ្រាន់ អ្នកក៏អាចបង្ហាញវីដេអូ « The Role of the Holy Ghost in Conversion [ តួនាទីនៃព្រះវិញ្ញាណបរិសុទ្ធក្នុងការប្រែចិត្តជឿ ] » ផងដែរ នៅលើគេហទំព័រ ( ChurchofJesusChrist.org សូមមើលពីនាទី ០:០០ ដល់ ៤:០៥ ) ។ សមាជិកក្នុងថ្នាក់រៀនអាចរកមើលចម្លើយបន្ថែមចំពោះសំណួរទាំងបី ។
អនុវត្ត
អ្នកដឹកនាំការពិភាក្សា ៖ សូមទុកពេលឲ្យអ្នកចូលរួមបង្រៀនដៃគូ ឬក្រុមតូចអំពីអ្វីដែលពួកគេបានរៀនមកពីសកម្មភាពសិក្សាពីមុន ។ សូមពិចារណាបង្ហាញការណែនាំដូចខាងក្រោម ដើម្បីណែនាំពួកគេក្នុងការចែកចាយរបស់ពួកគេ ៖
-
សូមចែកចាយចម្លើយរបស់អ្នកចំពោះសំណួរទាំងបីចេញមកពីសកម្មភាពសិក្សាពីមុន ៖
-
តើព្រះវិញ្ញាណបរិសុទ្ធអាចជួយខ្ញុំផ្សព្វផ្សាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះដោយរបៀបណា ?
-
តើព្រះវិញ្ញាណបរិសុទ្ធមានតួនាទីអ្វីខ្លះក្នុងការជួយមនុស្សឲ្យមករកព្រះគ្រីស្ទ ?
-
តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីអញ្ជើញព្រះវិញ្ញាណនៅពេលខ្ញុំចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ?
-
-
ចែកចាយបទគម្ពីរដែលអ្នកបានរកឃើញ ។ ពន្យល់ពីរបៀបដែលបទគម្ពីរនោះមានទំនាក់ទំនងទៅនឹងសំណួរមួយក្នុងចំណោមសំណួរទាំងបីដែលបានពិភាក្សាពីមុន ។
-
ចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន ឬទីបន្ទាល់របស់អ្នក អំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធអាចជួយយើង ។
ដាក់គោលដៅមួយ
អ្នកដឹកនាំការពិភាក្សា ៖ ផ្តល់ពេលវេលាឲ្យសមាជិកក្នុងថ្នាក់ជញ្ជឹងគិតពីអ្វីដែលពួកគេបានរៀន និងដាក់គោលដៅ ។ អ្នកអាចបង្ហាញសេចក្តីណែនាំខាងក្រោមនេះដើម្បីជួយពួកគេ ៖
ដាក់គោលដៅទាក់ទងនឹងអ្វីដែលអ្នកបានសិក្សារួចហើយ ។ សូមប្រើប្រាស់គំនិតខាងក្រោមនេះ ឬគិតអំពីគំនិតរបស់អ្នកផ្ទាល់ ។
-
ការប្រើឧបករណ៍សិក្សាដូចជា សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ Topical Guide សិក្សាបន្ថែមអំពីតួនាទីផ្សេងៗគ្នានៃព្រះវិញ្ញាណបរិសុទ្ធ ។ សូមពិចារណាពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធអាចជួយអ្នកទាំងពេលនេះ និងពេលធ្វើជាអ្នកផ្សព្វផ្សាយសាសនា ។
-
សូមកំណត់ថា តើការកែតម្រូវអ្វីខ្លះដែលអ្នកអាចធ្វើ ដែលនឹងយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធចូលទៅក្នុងជីវិតរបស់អ្នកកាន់តែទៀងទាត់ ។
គោលដៅរបស់ខ្ញុំ
-
ខ្ញុំនឹង … ( សកម្មភាពដែលអ្នកនឹងធ្វើ ) ។
-
ខ្ញុំនឹងសម្រេចគោលដៅរបស់ខ្ញុំដោយ … ( ផែនការសាមញ្ញមួយ ) ។
អ្នកដឹកនាំការពិភាក្សា ៖ ប្រសិនបើសិស្សមានក្រុមមិត្តភក្តិដើម្បីចែកចាយគោលដៅរបស់ពួកគេពេញមួយវគ្គសិក្សា សូមទុកពេលឲ្យពួកគេដើម្បីចែកចាយពីរបៀបដែលពួកគេនឹងគាំទ្រ ឬរំឭកគ្នាទៅវិញទៅមកពីមុនថ្នាក់បន្ទាប់ ។
ជម្រើស ខ ៖ តើខ្ញុំអាចស្គាល់ការបំផុសគំនិតមកពីព្រះវិញ្ញាណដោយរបៀបណា ?
សិក្សា
អ្នកដឹកនាំការពិភាក្សា ៖ សូមអញ្ជើញអ្នកចូលរួមឲ្យពិភាក្សាអំពីសាច់រឿងខាងក្រោមជាមួយដៃគូ ។
សូមស្រមៃថា មាននរណាម្នាក់បានសួរអ្នក ឲ្យប្រាប់ពីភាពខុសគ្នារវាងការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ និងគំនិត និងអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក ។
-
តើអ្នកនឹងឆ្លើយតបយ៉ាងដូចម្ដេច ?
អ្នកដឹកនាំការពិភាក្សា ៖ សូមពន្យល់ថា វាជារឿងធម្មតាសម្រាប់មនុស្សដែលមានសំណួរអំពី តើអារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធមានលក្ខណៈបែបណានោះ ។ អ្នកអាចអញ្ជើញសិស្សឲ្យគិតអំពីសំណួរផ្ទាល់ខ្លួនមួយចំនួនរបស់ពួកគេ ។ សូមលើកទឹកចិត្តពួកគេនៅពេលពួកគេសិក្សាដើម្បីស្វែងរកការពិត ដែលអាចជួយពួកគេស្គាល់ពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធអាចទំនាក់ទំនងជាមួយពួកគេ ។
សូមបង្ហាញការណែនាំខាងក្រោម ដើម្បីជួយណែនាំសិស្សនៅពេលពួកគេសិក្សា ។ អ្នកអាចចាត់សិស្សពាក់កណ្តាលថ្នាក់ឲ្យសិក្សាជម្រើសទី ១ និងពាក់កណ្តាលថ្នាក់ទៀតឲ្យសិក្សាជម្រើសទី ២ ។
សូមជ្រើសរើសជម្រើសសិក្សាមួយក្នុងចំណោមជម្រើសសិក្សាខាងក្រោមមកពី ជំពូកទី៤ នៃ ប្រកាសដំណឹងល្អរបស់យើង ដើម្បីឲ្យការយល់ដឹងរបស់អ្នកអំពីការស្គាល់ព្រះវិញ្ញាណបរិសុទ្ធកាន់តែស៊ីជម្រៅ ៖
-
សូមសិក្សា « រៀនស្គាល់ការបំផុសគំនិតនៃព្រះវិញ្ញាណ » ( ប្រកាសដំណឹងល្អរបស់យើង ទំព័រ ១០៦–១០៧ ) ។
-
សូមអានការពិពណ៌នាអំពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងប្រអប់ « ការសិក្សាផ្ទាល់ខ្លួន » ( ប្រកាសដំណឹងល្អរបស់យើង ទំព័រ ១០៧–១០៨ ) ។ សិក្សាបទគម្ពីរមួយចំនួនដែលបានរាយបញ្ជី ដែលមើលទៅគួរឲ្យចាប់អារម្មណ៍ជាពិសេសសម្រាប់អ្នក ។
អ្នកដឹកនាំការពិភាក្សា ៖ បន្ទាប់ពីសមាជិកក្នុងថ្នាក់មានពេលសិក្សា សូមអញ្ជើញពួកគេឲ្យពិភាក្សាសំណួរខាងក្រោមជាមួយដៃគូម្នាក់ ។ ( ប្រសិនបើសិស្សត្រូវបានចាត់តាំងឲ្យសិក្សាជម្រើសមួយ ត្រូវប្រាកដថា ពួកគេត្រូវបានចាប់គូជាមួយនរណាម្នាក់ដែលបានសិក្សាជម្រើសមួយផ្សេងទៀត ) ។
-
តើអ្នកទទួលបានការយល់ដឹងអ្វីខ្លះអំពីរបៀបដែលព្រះទំនាក់ទំនងជាមួយយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ?
-
តើឧទាហរណ៍មួយណាដែលអ្នកមានអារម្មណ៍ថា ពិពណ៌នាអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកជាមួយព្រះវិញ្ញាណបរិសុទ្ធ ?
អ្នកដឹកនាំការពិភាក្សា ៖ ប្រសិនបើមានពេលវេលាគ្រាប់គ្រាន់ អ្នកក៏អាចបង្ហាញវីដេអូ « Elder and Sister Bednar—Recognizing the Spirit [ អែលឌើរ និងស៊ីស្ទើរ បែដណា—ការស្គាល់ព្រះវិញ្ញាណ ] » ( នៅលើគេហទំព័រ ChurchofJesusChrist.org សូមមើលចាប់ពីនាទី ០:៣៨ ដល់ ៣:១១ ) ។ សូមអញ្ជើញអ្នកចូលរួមឲ្យពិភាក្សាអំពីការយល់ដឹងបន្ថែមដែលពួកគេទទួលបាន ។
អនុវត្ត
អ្នកដឹកនាំការពិភាក្សា ៖ សូមពន្យល់ថា មានរឿងមួយចំនួនដែលត្រូវប្រុងប្រយ័ត្ន នៅពេលរៀនពីរបៀបដែលត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ។ អញ្ជើញសិស្សឲ្យស្វែងរកផ្នែក « ពាក្យដាស់តឿនមួយចំនួន » ( ប្រកាសដំណឹងល្អរបស់យើង ទំព័រ ១០៩–១១០ ) ។
សូមបង្ហាញសាច់រឿងខាងក្រោម ឬបោះពុម្ពវាសម្រាប់សមាជិកក្នុងថ្នាក់ ។ សម្រាប់សាច់រឿងនីមួយៗ សូមអញ្ជើញសិស្សឲ្យចែកចាយពាក្យដាស់តឿន ដែលចេញមកពី ប្រកាសដំណឹងល្អរបស់យើង ដែលពួកគេមានអារម្មណ៍ថានឹងមានប្រយោជន៍ក្នុងការពិចារណា ។ ការណ៍នេះអាចត្រូវបានធ្វើរួមគ្នាជាថ្នាក់រៀន ឬជាក្រុមតូចៗ ។
-
មនុស្សម្នាក់កំពុងស្វែងរកការណែនាំ និងការដឹកនាំសម្រាប់អ្វីដែលសំខាន់សម្រាប់ពួកគេ ។ ពួកគេអធិស្ឋាន និងទូលសុំព្រះវរបិតាសួគ៌ដើម្បីប្រទានចម្លើយនៅចុងសប្តាហ៍ ។
-
អ្នកកត់សម្គាល់ឃើញថា នៅពេលដែលពួកគេមានអារម្មណ៍ពីព្រះវិញ្ញាណ មនុស្សដទៃទៀតកាន់តែមានអារម្មណ៍រំជួលជាងអ្នកទៅទៀត ។ អ្នកឆ្ងល់ថា តើមានអ្វីខុសជាមួយអ្នកមែនទេ ។
-
បុគ្គលម្នាក់មានអារម្មណ៍ថា ពួកគេបានទទួលការណែនាំមកពីព្រះវិញ្ញាណ ដើម្បីធ្វើអ្វីមួយដែលផ្ទុយពីការបង្រៀនរបស់ព្យាការី និង ពួកសាវក ។
-
យុវជនម្នាក់ និងយុវនារីម្នាក់បានដើរលេងជាគូជាមួយគ្នាយ៉ាងស្និតស្នាល ។ ថ្ងៃមួយគាត់និយាយទៅកាន់នាងថា « បងបានទទួលការបំផុសគំនិតថា អូនគួរតែរៀបការជាមួយបង » ។
-
បុគ្គលម្នាក់ត្រូវបានសាកលវិទ្យាល័យពីរផ្សេងគ្នាទទួលឲ្យចូលរៀន ។ បើទោះបីជាមានការតមអាហារ និងការអធិស្ឋានយ៉ាងណាក៏ដោយ ក៏ពួកគេមិនបានទទួលអារម្មណ៍ថា ព្រះអម្ចាស់ប្រាប់ពួកគេថា តើសាលាមួយណាដែលពួកគេត្រូវចូលរៀននោះឡើយ ។
ដាក់គោលដៅមួយ
អ្នកដឹកនាំការពិភាក្សា ៖ ផ្តល់ពេលវេលាឲ្យសមាជិកក្នុងថ្នាក់ជញ្ជឹងគិតពីអ្វីដែលពួកគេបានរៀន និងដាក់គោលដៅ ។ អ្នកអាចបង្ហាញសេចក្តីណែនាំខាងក្រោមនេះដើម្បីជួយពួកគេ ៖
ដាក់គោលដៅទាក់ទងនឹងអ្វីដែលអ្នកបានសិក្សារួចហើយ ។ សូមប្រើប្រាស់គំនិតខាងក្រោមនេះ ឬគិតអំពីគំនិតរបស់អ្នកផ្ទាល់ ។
-
សម្រាប់រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ទៀត សូមយកចិត្តទុកដាក់យ៉ាងខ្លាំងពីរបៀបផ្សេងៗគ្នាដែលអ្នកមានអារម្មណ៍ថាព្រះវិញ្ញាណបរិសុទ្ធដឹកនាំអ្នក ឬរបៀបដែលអ្នកទទួលបានបទពិសោធន៍ផលផ្លែនៃព្រះវិញ្ញាណ ( សូមមើល កាឡាទី ៥:២២–២៣ ) ។ សូមកត់ត្រាបទពិសោធន៍របស់អ្នក ។
-
សូមសិក្សាបទគម្ពីរនីមួយៗដែលបានរាយបញ្ជីនៅក្នុងប្រអប់ « ការសិក្សាផ្ទាល់ខ្លួន » នៅទំព័រ ១០៧ នៃ ប្រកាសដំណឹងល្អរបស់យើង ។ កត់ត្រាការយល់ដឹងដែលអ្នកទទួលបានអំពីរបៀបទទួលបានអារម្មណ៍ និងស្គាល់ព្រះវិញ្ញាណ ។
គោលដៅរបស់ខ្ញុំ
-
ខ្ញុំនឹង … ( សកម្មភាពដែលអ្នកនឹងធ្វើ ) ។
-
ខ្ញុំនឹងសម្រេចគោលដៅរបស់ខ្ញុំដោយ … ( ផែនការសាមញ្ញមួយ ) ។
អ្នកដឹកនាំការពិភាក្សា ៖ ប្រសិនបើសិស្សមានក្រុមមិត្តភក្តិដើម្បីចែកចាយគោលដៅរបស់ពួកគេពេញមួយវគ្គសិក្សា សូមទុកពេលឲ្យពួកគេដើម្បីចែកចាយពីរបៀបដែលពួកគេនឹងគាំទ្រ ឬរំឭកគ្នាទៅវិញទៅមកពីមុនថ្នាក់បន្ទាប់ ។
ជម្រើស គ ៖ តើខ្ញុំអាចពឹងផ្អែកលើព្រះវិញ្ញាណកាន់តែច្រើនដោយរបៀបណា ?
សិក្សា
អ្នកដឹកនាំការពិភាក្សា ៖ ពិភាក្សាអំពីសេចក្តីថ្លែងការណ៍ខាងក្រោមដោយប្រធាន រ័សុល អិម ណិលសុន និងសំណួរដែលភ្ជាប់មកជាមួយ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមអង្វរបងប្អូនឲ្យបង្កើនសមត្ថភាពខាងវិញ្ញាណរបស់បងប្អូនដើម្បីទទួលបានវិវរណៈ ។ … សូមជ្រើសធ្វើកិច្ចការខាងវិញ្ញាណដែលបានតម្រូវឲ្យធ្វើ ដើម្បីរីករាយនឹងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ហើយស្ដាប់ឮព្រះសូរសៀងនៃព្រះវិញ្ញាណឲ្យបានញឹកញាប់ ហើយកាន់តែច្បាស់ ។ ( Revelation for the Church, Revelation for Our Lives » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៩៦ )
-
តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ក្នុងការទទួលបានការណែនាំ និងវិវរណៈជាញឹកញាប់មកពីព្រះវិញ្ញាណបរិសុទ្ធ ?
អ្នកដឹកនាំការពិភាក្សា ៖ សូមអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យគិតអំពី ថាតើពួកគេទទួលបានអារម្មណ៍នៃការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធញឹកញាប់ប៉ុនណា ។ នៅពេលដែលពួកគេសិក្សា សូមលើកទឹកចិត្តពួកគេឲ្យស្វែងរកការបង្រៀនដែលអាចជួយពួកគេទទួលបានការណែនាំរបស់ព្រះអម្ចាស់តាមរយៈព្រះវិញ្ញាណកាន់តែញឹកញាប់ ។
អញ្ជើញសិស្សឲ្យស្វែងរក ជំពូកទី ៤ នៃ ប្រកាសដំណឹងល្អរបស់យើង ។ បន្ទាប់មក សូមចែកចាយសេចក្តីណែនាំដូចខាងក្រោម ៖
សូមអានផ្នែកដែលមានចំណងជើងថា « ពឹងផ្អែកលើព្រះវិញ្ញាណ » នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ( ទំព័រ ១០៨ ) ។ សូមរកមើលហេតុផលដែលវាជារឿងសំខាន់ក្នុងការមានភាពជាដៃគូនៃព្រះវិញ្ញាណ នៅពេលអ្នកធ្វើកិច្ចការរបស់ព្រះអម្ចាស់ ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីមូលហេតុដែលវាសំខាន់ក្នុងការពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ ?
-
តើអ្វីខ្លះអាចជាការរារាំងក្នុងការពឹងផ្អែកយ៉ាងពេញលេញទៅលើព្រះវិញ្ញាណ ?
-
តើអ្វីខ្លះបានជួយអ្នកឲ្យមានអារម្មណ៍ពីឥទ្ធិពលនៃព្រះវិញ្ញាណកាន់តែខ្លាំងក្នុងជីវិតរបស់អ្នក ?
អនុវត្ត
អ្នកដឹកនាំការពិភាក្សា ៖ ដើម្បីជួយសិស្សមើលឃើញនូវគំរូអំពីរបៀបដែលព្រះអម្ចាស់អាចដឹកនាំពួកគេតាមរយៈព្រះវិញ្ញាណ នៅពេលដែលពួកគេចែកចាយដំណឹងល្អរបស់ទ្រង់ សូមអញ្ជើញពួកគេឲ្យស្វែងរកក្នុងប្រអប់ « ការសិក្សាព្រះគម្ពីរ » នៅចុងបញ្ចប់នៃផ្នែក « ពឹងផ្អែកលើព្រះវិញ្ញាណ » ( ប្រកាសដំណឹងល្អរបស់យើង ទំព័រ ១០៨ ) ។ ពិភាក្សាអំពីសារៈសំខាន់នៃសំណួរទាំងបួននៅក្នុងប្រអប់ដោយសង្ខេប ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យធ្វើដូចខាងក្រោមនេះ ៖
សូមស្រមៃថា អ្នកជាអ្នកផ្សព្វផ្សាយសាសនាថ្មី ហើយត្រូវបានស្នើសុំឲ្យឡើងនិយាយ នៅក្នុងការប្រជុំមណ្ឌលបន្ទាប់អំពីប្រធានបទ « តើយើងអាចពឹងផ្អែកបន្ថែមលើព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ? » ដោយប្រើប្រអប់ « ការសិក្សាព្រះគម្ពីរ » នៅចុងបញ្ចប់នៃផ្នែក « ពឹងផ្អែកលើព្រះវិញ្ញាណ » ( ប្រកាសដំណឹងល្អរបស់យើង ទំព័រ ១០៨ ) រៀបចំការនិយាយរយៈពេលពីរទៅបីនាទីដែលដោះស្រាយសំណួរនេះ ។ កត់ត្រាគោលការណ៍ និងការយល់ដឹងដែលអ្នកចង់ចែកចាយនៅក្នុងការនិយាយរបស់អ្នក ។
អ្នកដឹកនាំការពិភាក្សា ៖ បន្ទាប់ពីសិស្សបានបញ្ចប់ការសិក្សា សូមទុកពេលឲ្យពួកគេចែកចាយការនិយាយរបស់ពួកគេជាមួយដៃគូ ។
ដាក់គោលដៅមួយ
អ្នកដឹកនាំការពិភាក្សា ៖ ផ្តល់ពេលវេលាឲ្យសមាជិកក្នុងថ្នាក់ជញ្ជឹងគិតពីអ្វីដែលពួកគេបានរៀន និងដាក់គោលដៅ ។ អ្នកអាចបង្ហាញសេចក្តីណែនាំខាងក្រោមនេះដើម្បីជួយពួកគេ ៖
ដាក់គោលដៅទាក់ទងនឹងអ្វីដែលអ្នកបានសិក្សារួចហើយ ។ សូមប្រើប្រាស់គំនិតខាងក្រោមនេះ ឬគិតអំពីគំនិតរបស់អ្នកផ្ទាល់ ។
-
ទន្ទេញខគម្ពីរមួយអំពីព្រះវិញ្ញាណបរិសុទ្ធ ដូចជាខមួយក្នុងចំណោមខទាំងនេះ ៖ នីហ្វៃទី១ ៤:៦; នីហ្វៃទី២ ៣២:៥; មរ៉ូណៃ ១០:៥ ឬ គោលលទ្ធិ និងសេចក្ដីសញ្ញា ៨:២ ។
-
សូមកំណត់អ្វីដែលអ្នកអាចចាប់ផ្តើមធ្វើ និងអ្វីដែលអ្នកអាចឈប់ធ្វើ ដើម្បីជួយអ្នកឲ្យមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយអ្នកកាន់តែញឹកញាប់ ។
គោលដៅរបស់ខ្ញុំ
-
ខ្ញុំនឹង … ( សកម្មភាពដែលអ្នកនឹងធ្វើ ) ។
-
ខ្ញុំនឹងសម្រេចគោលដៅរបស់ខ្ញុំដោយ … ( ផែនការសាមញ្ញមួយ ) ។
អ្នកដឹកនាំការពិភាក្សា ៖ ប្រសិនបើសិស្សមានក្រុមមិត្តភក្តិដើម្បីចែកចាយគោលដៅរបស់ពួកគេពេញមួយវគ្គសិក្សា សូមទុកពេលឲ្យពួកគេដើម្បីចែកចាយពីរបៀបដែលពួកគេនឹងគាំទ្រ ឬរំឭកគ្នាទៅវិញទៅមកពីមុនថ្នាក់បន្ទាប់ ។
ពេលក្រោយ
អ្នកដឹកនាំការពិភាក្សា ៖ ប្រសិនបើអ្នកមានគម្រោងបង្រៀន មេរៀនទី ៩ នៅថ្នាក់បន្ទាប់ សូមពិចារណាអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យសិក្សា ជំពូកទី ៥ នៃ ប្រកាសដំណឹងល្អរបស់យើង ក្នុងការរៀបចំ ។ អ្នកក៏អាចផ្ញើការរំឭកឲ្យពួកគេផងដែរ ។