មេរៀនទី ១២
ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនា
ការរៀបចំខ្លួនធ្វើជាអ្នកផ្សាយសាសនាពាក់ព័ន្ធនឹងការរៀបចំខ្លួនសម្រាប់តម្រូវការខាងរាងកាយ ខាងវិញ្ញាណ ខាងអារម្មណ៍ និងខាងផ្លូវចិត្តនៃកិច្ចការអ្នកផ្សព្វផ្សាយសាសនា ។ ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនា ( ឆ្នាំ២០១៣ ) អាចជួយអ្នកផ្សព្វផ្សាយសាសនា និងអ្នកដែលកំពុងរៀបចំខ្លួនសម្រាប់បេសកកម្មគ្រប់គ្រងតម្រូវការទាំងនេះបាន ។ វាផ្តល់នូវគោលការណ៍ណែនាំដែលអាចជួយយើងទទួលបានកម្លាំងរបស់ព្រះអម្ចាស់ និងស្វែងរកសេចក្តីអំណរក្នុងការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ។
ពិនិត្យមើល និង តាមដាន
អ្នកដឹកនាំការពិភាក្សា ៖ អញ្ជើញសិស្សឲ្យគិតអំពីកិច្ចខិតខំប្រឹងប្រែងថ្មីៗរបស់ពួកគេ ដើម្បីអនុវត្តអ្វីដែលពួកគេកំពុងរៀននៅក្នុងថ្នាក់នេះ ។ អ្នកអាចអញ្ជើញពួកគេឲ្យចែកចាយកិច្ចខិតខំប្រឹងប្រែងមួយចំនួនរបស់ពួកគេជាមួយដៃគូ ឬរួមគ្នាជាថ្នាក់ ។
ជម្រើសសកម្មភាពសិក្សា
អ្នកដឹកនាំការពិភាក្សា ៖ សូមជ្រើសរើសជម្រើស ការរៀនសូត្រ( នានា )ប្រកបដោយការអធិស្ឋាន ដែលនឹងមានអត្ថប្រយោជន៍បំផុតសម្រាប់ថ្នាក់របស់អ្នក ។ សូមប្រាកដថាទុកពេលវេលាឲ្យបានច្រើនសម្រាប់ការហាត់ និងការអនុវត្ត ។
ចំណាំ ៖ មានការអនុវត្តជំនាញជាច្រើនដែលទាក់ទងនឹងប្រធានបទនៅក្នុងមេរៀននេះ ។ សូមពិចារណាប្រើចំណុចមួយក្នុងចំណោមចំណុចទាំងឡាយខាងក្រោម ក្នុងអំឡុងពេលដូចគ្នាដែលអ្នកបង្រៀនសកម្មភាពរៀនសូត្រចេញពីមេរៀននេះ ៖ « និយាយនឹងមនុស្សគ្រប់គ្នា » « ឆ្លើយតបទៅនឹងអារម្មណ៍មិនល្អគ្រប់គ្រាន់ » « ការដកដង្ហើមវែងៗ » និង « បង្កើតទម្លាប់គិតវិជ្ជមាន » ។
ជម្រើស ក ៖ តើអ្វីខ្លះអាចជួយខ្ញុំឲ្យសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនាបាន ?
សិក្សា
អ្នកដឹកនាំការពិភាក្សា ៖ សូមអញ្ជើញសមាជិកក្នុងថ្នាក់គិតអំពីពេលវេលា ដែលពួកគេត្រូវការសម្របខ្លួនទៅនឹងស្ថានភាពថ្មីនៅក្នុងជីវិតរបស់ពួកគេ ។ ឧទាហរណ៍អាចរួមមានការផ្លាស់ប្តូរទៅផ្ទះថ្មី ការចូលរួមក្នុងសាសនាចក្រ ការផ្លាស់ប្តូរសាលារៀន ការជួបមនុស្សថ្មី ឬការចាប់ផ្តើមការងារថ្មី ។ សូមឲ្យពួកគេចែកចាយបទពិសោធន៍របស់ពួកគេមានលក្ខណៈយ៉ាងណា ។ សំណួរដូចខាងក្រោមអាចជួយក្នុងការពិភាក្សានេះ ៖
-
តើមានអ្វីខ្លះដែលមិនស្រួលអំពីការផ្លាស់ប្តូរនេះ ?
-
តើវាមានអ្វីខ្លះគួរឲ្យរំភើប ?
-
តើអ្វីខ្លះដែលជួយអ្នកសម្របខ្លួនទៅនឹងស្ថានភាពថ្មីរបស់អ្នក ?
អ្នកដឹកនាំការពិភាក្សា ៖ សូមបង្ហាញរូបភាពមួយ ឬច្រើនអំពីពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ដូចជារូបភាពដូចខាងក្រោម ។ សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេនឹងមានអារម្មណ៍រំភើបអំពីការធ្វើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង និងអ្វីដែលអាចជាការលំបាកអំពីកិច្ចការនេះ ។
អ្នកដឹកនាំការពិភាក្សា ៖ សូមពន្យល់ថា នៅក្នុងសកម្មភាពរៀនសូត្រនេះ សមាជិកក្នុងថ្នាក់នឹងកាន់តែស្គាល់ធនធានមួយដែលមានចំណងជើងថា ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនា ( ឆ្នាំ២០១៣ ) ។ សូមជួយពួកគេស្វែងរក ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនា នៅក្នុងបណ្ណាល័យដំណឹងល្អ ( បណ្ណាល័យ > ក្បួនខ្នាត និងការហៅ > ការហៅក្នុងបេសកកម្ម > ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនា ) ។ សូមណែនាំធនធាននេះដោយការចែកចាយការណែនាំដូចខាងក្រោម ៖
សូមអាន « ភាពតានតឹងគឺជាផ្នែកធម្មតាមួយនៃជីវិត » នៅក្នុងផ្នែក « ការយល់ដឹងពីភាពតានតឹង » នៃ ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនា ( ទំព័រ ៣ ) ។ សូមស្វែងរកមើលពីគោលបំណងនៃកូនសៀវភៅនេះ ។
-
តើអ្នកគិតថា ធនធាននេះអាចជួយអ្នកបានដោយរបៀបណានៅពេលឥឡូវនេះ និងនៅពេលអនាគត ?
អនុវត្ត
អ្នកដឹកនាំការពិភាក្សា ៖ សកម្មភាពខាងក្រោមអាចជួយសមាជិកក្នុងថ្នាក់មានបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការស្គាល់ជាមួយនឹង ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនា ។ វាក៏អាចរៀបចំ និងបំផុសគំនិតពួកគេឲ្យសិក្សាបន្ថែមទៀតចេញពីធនធាននេះដោយខ្លួនឯងផងដែរ ។
សូមបង្ហាញការណែនាំទាំងនេះ និងផ្តល់ឲ្យសិស្សប្រហែល ១០-១៥ នាទី ដើម្បីបញ្ចប់សកម្មភាពនេះ ។
-
សូមអាន « កំណត់ត្រាការវាយតម្លៃខ្លួនឯង » នៅក្នុង ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនា ( ទំព័រ ១១ ) ។
-
សូមជ្រើសរើសប្រភេទមួយចេញពីការវាយតម្លៃខ្លួនឯង ( ទូទៅ, រាងកាយ; អារម្មណ៍; សង្គម; បញ្ញា; ខាងវិញ្ញាណ ) ដែលអ្នកចង់ស្វែងយល់បន្ថែម ។
-
សូមស្វែងរកផ្នែកនៃ ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនា ដែលទាក់ទងនឹងប្រភេទដែលអ្នកបានជ្រើសរើស ។ សិក្សាចំណែកនៃផ្នែកនោះដែលពាក់ព័ន្ធបំផុតចំពោះអ្នក ។ សូមរកមើល និងពិចារណាគូសសម្គាល់ការបង្រៀនដែលអាចជួយអ្នកក្នុងស្ថានភាពបច្ចុប្បន្នរបស់អ្នក ។
អ្នកដឹកនាំការពិភាក្សា ៖ បន្ទាប់ពីសមាជិកក្នុងថ្នាក់បានបញ្ចប់ការសិក្សារួចរាល់ហើយ សូមអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេបានរៀនជាមួយដៃគូ ឬក្រុមតូចមួយ ។ អ្នកអាចបង្ហាញសំណួរដូចខាងក្រោម និងអញ្ជើញដៃគូ ឬសមាជិកក្រុមឲ្យពិភាក្សាសំណួរនោះជាមួយគ្នា ៖
-
តើមានយោបល់មួយចំនួន ឬការបង្រៀនណាខ្លះដែលអ្នកបានរកឃើញថាមានប្រយោជន៍បំផុតនោះ ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីរបៀបដែលព្រះអម្ចាស់អាចជួយអ្នកសម្របខ្លួនទៅនឹងតម្រូវការនៃជីវិតនៅពេលនេះ និងនៅពេលក្រោយក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ?
ដាក់គោលដៅមួយ
អ្នកដឹកនាំការពិភាក្សា ៖ ផ្តល់ពេលវេលាឲ្យសមាជិកក្នុងថ្នាក់ជញ្ជឹងគិតពីអ្វីដែលពួកគេបានរៀន និងដាក់គោលដៅ ។ អ្នកអាចបង្ហាញសេចក្តីណែនាំខាងក្រោមនេះដើម្បីជួយពួកគេ ៖
ដាក់គោលដៅទាក់ទងនឹងអ្វីដែលអ្នកបានសិក្សារួចហើយ ។ សូមប្រើប្រាស់គំនិតខាងក្រោមនេះ ឬគិតអំពីគំនិតរបស់អ្នកផ្ទាល់ ។
-
សូមបន្តសិក្សាផ្នែកនៃ ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនា ដែលអ្នកបានចាប់ផ្តើមសិក្សានៅក្នុងសកម្មភាពរៀនសូត្រនេះ ។ ស្វែងរកយោបល់ដែលអ្នកអាចចាប់ផ្តើមប្រើប្រាស់នៅក្នុងជីវិតរបស់អ្នក ។
-
សូមបង្កើតផែនការសម្រាប់ការសិក្សាផ្នែកផ្សេងទៀតនៃ ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនា ។
គោលដៅរបស់ខ្ញុំ
-
ខ្ញុំនឹង … ( សកម្មភាពដែលអ្នកនឹងធ្វើ ) ។
-
ខ្ញុំនឹងសម្រេចគោលដៅរបស់ខ្ញុំដោយ … ( ផែនការសាមញ្ញមួយ ) ។
អ្នកដឹកនាំការពិភាក្សា ៖ ប្រសិនបើសិស្សមានក្រុមមិត្តភក្តិដើម្បីចែកចាយគោលដៅរបស់ពួកគេពេញមួយវគ្គសិក្សា សូមទុកពេលឲ្យពួកគេដើម្បីចែកចាយពីរបៀបដែលពួកគេនឹងគាំទ្រ ឬរំឭកគ្នាទៅវិញទៅមកពីមុនថ្នាក់បន្ទាប់ ។
ជម្រើស ខ ៖ តើការក្លាយជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងមានលក្ខណៈបែបណា ?
សិក្សា
អ្នកដឹកនាំការពិភាក្សា ៖ សូមពិចារណាសរសេរចម្លើយរបស់សមាជិកក្នុងថ្នាក់ ចំពោះសំណួរដូចខាងក្រោមដាក់លើក្ដារខៀន ។
-
តើអ្នកមានសំណួរអ្វីខ្លះអំពី ការក្លាយជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងមានលក្ខណៈបែបណា ?
-
តើពួកអ្នកផ្សព្វផ្សាយសាសនាត្រូវអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
-
តើអ្នកអាចធ្វើអ្វីខ្លះឥឡូវនេះ ដើម្បីរៀបចំខ្លួនសម្រាប់ជីវិតជាអ្នកផ្សព្វផ្សាយសាសនា ?
អ្នកដឹកនាំការពិភាក្សា ៖ ជាផ្នែកមួយនៃការពិភាក្សារបស់អ្នក អ្នកអាចពិភាក្សាអំពីសេចក្តីថ្លែងការណ៍នេះ ដោយអែលឌើរ ដេវីឌ អេ បែដណា ។
រឿងដ៏សំខាន់តែមួយគត់ដែលប្អូនៗអាចធ្វើដើម្បីរៀបចំខ្លួនសម្រាប់ការហៅបម្រើមួយនោះគឺ ការប្រែក្លាយ ជាអ្នកផ្សព្វផ្សាយសាសនាពីមុនអ្នកចេញទៅបេសកកម្ម ។ ( « Becoming a Missionary » Liahona ខែវិច្ឆិកា ឆ្នាំ២០០៥ ទំព័រ ៤៥ )
-
តើអ្នកគិតថា វាមានន័យយ៉ាងណាក្នុងការក្លាយជាអ្នកផ្សព្វផ្សាយសាសនាពីមុនអ្នកចេញទៅបេសកកម្ម ?
អ្នកដឹកនាំការពិភាក្សា ៖ សូមពន្យល់ថា សកម្មភាពរៀនសូត្រនេះនឹងជួយសមាជិកក្នុងថ្នាក់រៀន ស្វែងរកចម្លើយចំពោះសំណួរមួយចំនួនរបស់ពួកគេ ។ សូមប្រើគំនិតមួយ ឬច្រើនដូចខាងក្រោម ដើម្បីជួយពួកគេយល់កាន់តែច្បាស់ថាតើការក្លាយជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងមានលក្ខណៈបែបណា ។
-
សូមអញ្ជើញអ្នកផ្សព្វផ្សាយសាសនាដែលទើបត្រឡប់មកវិញពីរបីនាក់ឲ្យមកថ្នាក់ និងឆ្លើយសំណួររបស់អ្នកចូលរួម ( ពិចារណាអញ្ជើញទាំងពួកអ្នកផ្សព្វផ្សាយសាសនាខាងផ្នែកបង្រៀន និងផ្នែកសេវាកម្ម ) ។ ពួកគេក៏អាចរៀបរាប់អំពីថ្ងៃធម្មតាសម្រាប់អ្នកផ្សព្វផ្សាយសាសនាផងដែរ ។ សូមលើកទឹកចិត្តពួកអ្នកផ្សព្វផ្សាយសាសនាដែលបានត្រឡប់មកវិញឲ្យពិពណ៌នា អំពីរបៀបដែលពួកគេមានអារម្មណ៍ថាមានជំនួយរបស់ព្រះអម្ចាស់ ហើយកាន់តែខិតទៅជិតទ្រង់ក្នុងអំឡុងការបម្រើបេសកកម្មរបស់ពួកគេ ។
-
សូមបង្ហាញវីដេអូមួយក្នុងចំណោមវីដេអូទាំងនេះ ដែលបង្ហាញពីការនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកផ្សព្វផ្សាយសាសនាមានលក្ខណៈបែបណា ៖ « The England Missionary Training Centre [ មជ្ឈមណ្ឌល បណ្តុះបណ្តាលអ្នកផ្សព្វផ្សាយសាសនា នៅប្រទេសអង់គ្លេស ] » ( នៅនាទី ៣:០៦ នៅលើគេហទំព័រ ChurchofJesusChrist.org ) ឬ « Provo Missionary Training Center Tour [ ដំណើរទស្សនកិច្ចមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកផ្សព្វផ្សាយសាសនា ទីក្រុងប្រូវ៉ូ ] » ( នៅនាទី ៨:៤២ YouTube ) ។ អ្នកក៏អាចបង្ហាញផងដែរ « YoungChurch-Service Missionaries: Serving the Lord [ ពួកអ្នកផ្សព្វផ្សាយសាសនាវ័យក្មេង-ផ្នែកសេវាកម្ម ៖ ការបម្រើព្រះអម្ចាស់ ] » ( នៅនាទី ៣:៤០ នៅលើគេហទំព័រ ChurchofJesusChrist.org ) ដើម្បីជួយសមាជិកក្នុងថ្នាក់ រៀនអំពីឱកាសបម្រើជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ។
-
សូមអញ្ជើញអ្នកចូលរួមឲ្យអាន « សកម្មភាពប្រចាំថ្ងៃជាធម្មតា » ( ២.៤.១ ) និង « គំរូកាលវិភាគប្រចាំថ្ងៃ » ( ២.៤.២ ) នៅក្នុង បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាសម្រាប់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេអាចស្វែងរកធនធាននេះនៅក្នុងបណ្ណាល័យដំណឹងល្អ ( បណ្ណាល័យ > ក្បួនខ្នាត និងការហៅ > ការហៅក្នុងបេសកកម្ម > បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាសម្រាប់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ) ។
បន្ទាប់ពីពួកគេបានបញ្ចប់សកម្មភាព ឬសកម្មភាពទាំងឡាយដែលអ្នកបានជ្រើសរើសហើយ សូមផ្តល់ឱកាសដល់សមាជិកក្នុងថ្នាក់ពិភាក្សាអំពីអ្វីដែលពួកគេបានរៀន ។ អ្នកអាចសួរសំណួរដូចខាងក្រោមនេះ ៖
-
តើព្រះអម្ចាស់ប្រទានពរដល់អ្នកដោយរបៀបណា នៅពេលអ្នកខិតខំដើម្បីក្លាយជាអ្នកផ្សព្វផ្សាយសាសនា ?
អនុវត្ត
អ្នកដឹកនាំការពិភាក្សា ៖ របៀបមួយដែលអ្នកអាចជួយសិស្សឲ្យ « ក្លាយជាអ្នកផ្សព្វផ្សាយសាសនា »មុនពេលពួកគេបម្រើបេសកកម្ម គឺការផ្តល់ឱកាសឲ្យពួកគេអនុវត្តការបង្រៀនមនុស្សដទៃ ។ សូមពិចារណាស្នើសុំសមាជិកក្នុងថ្នាក់ឲ្យស្វែងរកមេរៀនទី ១; ២ ឬ ៣ ក្នុងជំពូកទី ៣ នៃ ប្រកាសដំណឹងល្អរបស់យើង ។ សូមអញ្ជើញពួកគេសិក្សាអំពី និងរៀបចំបង្រៀនប្រធានបទមួយពីផ្នែក « គោលលទ្ធិគ្រឹះ » នៃមេរៀននេះ ។ ( សូមមើល មេរៀនទី ៦ ៖ « អនុវត្តការបង្រៀន » នៅក្នុងសម្ភារវគ្គសិក្សាទាំងនេះសម្រាប់គំនិតអំពីរបៀបដែលអ្នកអាចរៀបចំបទពិសោធន៍នេះ ) ។
បន្ទាប់ពីសិស្សមានពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំ សូមអញ្ជើញពួកគេអនុវត្តការបង្រៀននរណាម្នាក់ផ្សេងទៀតនៅក្នុងថ្នាក់ ។
ដាក់គោលដៅមួយ
អ្នកដឹកនាំការពិភាក្សា ៖ ផ្តល់ពេលវេលាឲ្យសមាជិកក្នុងថ្នាក់ជញ្ជឹងគិតពីអ្វីដែលពួកគេបានរៀន និងដាក់គោលដៅ ។ អ្នកអាចបង្ហាញសេចក្តីណែនាំខាងក្រោមនេះដើម្បីជួយពួកគេ ៖
ដាក់គោលដៅទាក់ទងនឹងអ្វីដែលអ្នកបានសិក្សារួចហើយ ។ សូមប្រើប្រាស់គំនិតខាងក្រោមនេះ ឬគិតអំពីគំនិតរបស់អ្នកផ្ទាល់ ។
-
សូមសរសេរអ្វីដែលអ្នកនឹងធ្វើដើម្បី « ក្លាយជាអ្នកផ្សព្វផ្សាយសាសនា » ឲ្យបានពេញលេញពីមុនពេលអ្នកបម្រើបេសកកម្ម ។
-
មើលថា តើមានឱកាសសម្រាប់អ្នកដើម្បីចូលរួមក្នុងការណាត់ជួបបង្រៀន ឬសកម្មភាពផ្សព្វផ្សាយផ្សេងទៀតជាមួយអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងក្នុងតំបន់ ឬអត់ ។
-
សូមនិយាយជាមួយមនុស្សដែលអ្នកស្គាល់ដែលធ្លាប់បានបម្រើបេសកកម្ម ។ សូមសួរពួកគេនូវសំណួរអំពីការបម្រើបេសកកម្ម ។
គោលដៅរបស់ខ្ញុំ
-
ខ្ញុំនឹង … ( សកម្មភាពដែលអ្នកនឹងធ្វើ ) ។
-
ខ្ញុំនឹងសម្រេចគោលដៅរបស់ខ្ញុំដោយ … ( ផែនការសាមញ្ញមួយ ) ។
អ្នកដឹកនាំការពិភាក្សា ៖ ប្រសិនបើសិស្សមានក្រុមមិត្តភក្តិដើម្បីចែកចាយគោលដៅរបស់ពួកគេពេញមួយវគ្គសិក្សា សូមទុកពេលឲ្យពួកគេដើម្បីចែកចាយពីរបៀបដែលពួកគេនឹងគាំទ្រ ឬរំឭកគ្នាទៅវិញទៅមកពីមុនថ្នាក់បន្ទាប់ ។
ជម្រើស គ ៖ តើឥឡូវនេះខ្ញុំអាចរៀបចំខ្លួនឯងខាងវិញ្ញាណសម្រាប់ការបម្រើជាអ្នកផ្សព្វផ្សាយសាសនាដោយរបៀបណា ?
សិក្សា
អ្នកដឹកនាំការពិភាក្សា ៖ សូមអាន និងពិភាក្សាអំពីសេចក្តីថ្លែងការណ៍ខាងក្រោមដោយប្រធាន អិម រ័សុល បាឡឺដ ។ អ្នកក៏អាចមើលវីដេអូ « Stay within the Lines »( នៅនាទី ៥:១០ នៅលើគេហទំព័រ ChurchofJesusChrist.org ) ដែលជាផ្នែកមួយនៃការពិភាក្សានេះផងដែរ ។
អ្វីដែលយើងត្រូវការនៅក្នុងពេលនេះ គឺជំនាន់អ្នកផ្សព្វផ្សាយសាសនាដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្រ្តនៃសាសនាចក្រ ។ យើងត្រូវការអ្នកផ្សព្វផ្សាយសាសនាដែលសក្ដិសម មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចាស់ទុំខាងវិញ្ញាណ ។ … យើងមិនត្រូវការអ្នកដើម្បីគ្រាន់តែបំពេញមុខតំណែងមួយនោះទេ តែយើងត្រូវការការប្ដេជ្ញាចិត្តដ៏មុតមាំរបស់អ្នក ។ យើងត្រូវការអ្នកផ្សព្វផ្សាយសាសនាដែលក្លៀវក្លា ចេះគិតគូរ មានក្ដីមេត្តាករុណា ជាអ្នកដែលចេះពីរបៀបស្ដាប់ និងឆ្លើយតបចំពោះការខ្សឹបប្រាប់នៃព្រះវិញ្ញាណបរិសុទ្ធ ។ … ក្នុងនាមជាសាវកម្នាក់របស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំសូមអំពាវនាវឲ្យអ្នកចាប់ផ្ដើមនាពេលឥឡូវនេះ … ដើម្បីមានភាពសក្ដិសមពេញលេញ និងទាំងស្រុង ។ ( « The Greatest Generation of Missionaries » Ensign ខែវិច្ឆិកា ឆ្នាំ២០០២ ទំព័រ ៤៧ )
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះអំពីសេចក្តីថ្លែងការណ៍នេះ ?
-
តើអ្នកគិតថាហេតុអ្វីបានជាការរៀបចំខ្លួនខាងវិញ្ញាណ និងភាពសក្តិសមមានសារៈសំខាន់ក្នុងការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ?
អ្នកដឹកនាំការពិភាក្សា ៖ ជាផ្នែកមួយនៃការពិភាក្សារបស់អ្នក អ្នកអាចសិក្សាជាមួយគ្នានៅ គោលលទ្ធិ និងសេចក្ដីសញ្ញា ១១:២១ និង អាលម៉ា ១៧:២–៣ ។ អ្នកចូលរួមក៏អាចស្វែងរកគំរូអំពីរបៀបដែលព្រះអង្គសង្គ្រោះបានរៀបចំព្រះកាយរបស់ទ្រង់ខាងវិញ្ញាណសម្រាប់ការងារបម្រើរបស់ទ្រង់ផងដែរ ( ឧទាហរណ៍ សូមមើល ម៉ាថាយ ៤:២; ម៉ាកុស ១:៣៥ និង យ៉ូហាន ៨:២៨ ) ។
-
តើរបៀបជាក់លាក់អ្វីខ្លះដែលអ្នកអាចរៀបចំខ្លួនខាងវិញ្ញាណឥឡូវនេះសម្រាប់ការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ?
អ្នកដឹកនាំការពិភាក្សា ៖ សូមអញ្ជើញសិស្សឲ្យបង្កើតបញ្ជីចម្លើយផ្ទាល់ខ្លួនមួយចំពោះសំណួរមុនៗ ។ ពួកគេអាចចែកចាយចំណុចមួយ ឬពីរ នៅក្នុងបញ្ជីរបស់ពួកគេជាមួយដៃគូ ។ សូមពន្យល់ថា ពួកគេមិនគួរចែកចាយពីបទពិសោធន៍ដែលផ្ទាល់ខ្លួនខ្លាំងពេកនោះទេ ។
អនុវត្ត
អ្នកដឹកនាំការពិភាក្សា ៖ សូមពន្យល់ថា មុនការបម្រើជាអ្នកផ្សព្វផ្សាយសាសនារបស់ពួកគេ ពួកអ្នកត្រៀមខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនាត្រូវបានសម្ភាសន៍ដោយប៊ីស្សព និងប្រធានស្តេករបស់ពួកគេ ដើម្បីកំណត់ភាពសក្តិសម និងការត្រៀមខ្លួនរបស់ពួកគេក្នុងការបម្រើ ។
អញ្ជើញសមាជិកក្នុងថ្នាក់ស្វែងរកសំណួរសម្ភាសន៍សម្រាប់ការបម្រើជាអ្នកផ្សព្វផ្សាយសាសនា នៅក្នុងអត្ថបទ « Interview Questions » ( Liahona ខែសីហា ឆ្នាំ២០១៨ ទំព័រ ៥៣–៥៤ ) ។ អ្នកក៏អាចរៀបចំសំណួរទាំងនេះជាសំណៅចែកផងដែរ ។ សូមពិចារណាបង្ហាញការណែនាំខាងក្រោម ៖
ចំណាយពេលដើម្បីអានដោយស្ងៀមស្ងាត់ នូវ interview questions [ សំណួរសម្ភាសន៍ ] នីមួយៗសម្រាប់ការបម្រើបេសកកម្ម ។ បន្ទាប់ពីអ្នកអានសំណួររួចហើយ សូមកំណត់នូវអ្វីដែលអ្នកមានអារម្មណ៍ថា អ្នកកំពុងធ្វើបានល្អ រួមជាមួយនឹងការកែលម្អដែលអ្នកចង់ធ្វើ ។
អ្នកដឹកនាំការពិភាក្សា ៖ បន្ទាប់ពីសិស្សមានពេលអានសំណួរសម្ភាសន៍រួចហើយ សូមពិភាក្សាអំពីសំណួរខាងក្រោម ៖
-
តើការអានឡើងវិញ និងការជញ្ជឹងគិតលើសំណួរសម្ភាសន៍ទាំងនេះ អាចជួយរៀបចំអ្នកសម្រាប់ការបម្រើបេសកកម្មយ៉ាងដូចម្តេច ?
-
ហេតុអ្វីបានជាវាសំខាន់ក្នុងការស្មោះត្រង់ទាំងស្រុងជាមួយខ្លួនឯង និងជាមួយថ្នាក់ដឹកនាំបព្វជិតភាពរបស់អ្នកនៅពេលឆ្លើយសំណួរទាំងនេះ
ដាក់គោលដៅមួយ
អ្នកដឹកនាំការពិភាក្សា ៖ ផ្តល់ពេលវេលាឲ្យសមាជិកក្នុងថ្នាក់ជញ្ជឹងគិតពីអ្វីដែលពួកគេបានរៀន និងដាក់គោលដៅ ។ អ្នកអាចបង្ហាញសេចក្តីណែនាំខាងក្រោមនេះដើម្បីជួយពួកគេ ៖
ដាក់គោលដៅទាក់ទងនឹងអ្វីដែលអ្នកបានសិក្សារួចហើយ ។ សូមប្រើប្រាស់គំនិតខាងក្រោមនេះ ឬគិតអំពីគំនិតរបស់អ្នកផ្ទាល់ ។
-
សូមកំណត់អ្វីដែលអ្នកនឹងធ្វើ ដើម្បីរៀបចំខ្លួនខាងវិញ្ញាណឲ្យបានកាន់តែច្រើនដើម្បីបម្រើបេសកកម្ម ។
-
ប្រសិនបើអ្នកមិនទាន់ទទួលបានពររបស់លោកអយ្យកោរបស់អ្នកទេ សូមពិចារណាប្រកបដោយការអធិស្ឋានថា តើពេលណាជាពេលត្រឹមត្រូវសម្រាប់អ្នកដើម្បីទទួលបានពរនោះ ។
-
សូមចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិឲ្យបានច្រើន ។
គោលដៅរបស់ខ្ញុំ
-
ខ្ញុំនឹង … ( សកម្មភាពដែលអ្នកនឹងធ្វើ ) ។
-
ខ្ញុំនឹងសម្រេចគោលដៅរបស់ខ្ញុំដោយ … ( ផែនការសាមញ្ញមួយ ) ។
អ្នកដឹកនាំការពិភាក្សា ៖ ប្រសិនបើសិស្សមានក្រុមមិត្តភក្តិដើម្បីចែកចាយគោលដៅរបស់ពួកគេពេញមួយវគ្គសិក្សា សូមទុកពេលឲ្យពួកគេដើម្បីចែកចាយពីរបៀបដែលពួកគេនឹងគាំទ្រ ឬរំឭកគ្នាទៅវិញទៅមកពីមុនថ្នាក់បន្ទាប់ ។
ពេលក្រោយ
អ្នកដឹកនាំការពិភាក្សា ៖ ប្រសិនបើអ្នកត្រៀមខ្លួនរួចរាល់ដើម្បីបង្រៀន មេរៀនទី ១៣ នៅពេលក្រោយហើយ នោះសូមពិចារណាអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យគិតអំពីការរីកចម្រើនដែលពួកគេបានធ្វើចាប់តាំងពីការចាប់ផ្តើមវគ្គសិក្សាក្នុងការរៀបចំខ្លួនរបស់ពួកគេដើម្បីបម្រើបេសកកម្ម ។ អ្នកក៏អាចផ្ញើការរំឭកឲ្យពួកគេផងដែរ ។