វគ្គសិក្សា​ដំណឹងល្អ
ការអនុវត្ត​ជំនាញ​ទី ៨ ៖ ការដក​ដង្ហើម​វែងៗ


ការអនុវត្ត​ជំនាញ​ទី ៨

ការដក​ដង្ហើម​វែងៗ

មនុស្ស​ម្នាក់​កំពុង​ដក​ដង្ហើម

ក្នុង​អំឡុង​ពេល​បម្រើ​បេសកកម្ម និង​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង វា​ជា​រឿង​ធម្មតា​សម្រាប់​ការមាន​ស្ថានភាព​តានតឹង​កើត​ឡើង ។ ការដក​ដង្ហើម​វែងៗ​គឺ​ជា​បច្ចេកទេស​មួយ​ដែល​យើង​អាច​ប្រើ ដើម្បី​កាត់បន្ថយ​ភាពតានតឹង និង​បង្កើត​អារម្មណ៍​នៃ​ភាពស្រស់ស្រាយ ។

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ព្យាយាម​និយាយ​ដោយ​សង្ខេប​នៅ​ក្នុង​ផ្នែក « កំណត់​និយមន័យ » និង « បង្ហាញ » ដើម្បី​សិស្ស​មាន​ពេល​ច្រើន​សម្រាប់​ការអនុវត្ត ។

កំណត់​និយមន័យ

អ្នកដឹកនាំ​ការពិភាក្សា ៖ ពិចារណា​សួរ​សិស្ស​ឲ្យ​និយាយ​អំពី​របៀប​ដែល​ភាពតានតឹង​អាច​ប៉ះពាល់​ដល់​យើង​ទាំង​វិជ្ជមាន និង​អវិជ្ជមាន ។ អ្នក​អាច​បង្ហាញ​ការពន្យល់​ដូច​ខាង​ក្រោម​តាម​តម្រូវការ ៖

ការជួប​ប្រទះ​ភាពតានតឹង​អាច​ផ្តល់​ឲ្យ​យើង​នូវ​ឱកាស​ដើម្បី​ធ្វើឲ្យ​រីក​លូតលាស់ រីកចម្រើន និង​ពឹងផ្អែក​លើ​ព្រះ​សម្រាប់​កម្លាំង ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភាពតានតឹង​ដ៏​ធ្ងន់ធ្ងរ​ក្នុង​ពេល​មួយ ឬ​ការមាន​អារម្មណ៍​តានតឹង​ជាប់លាប់​ក្នុង​រយៈពេល​យូរ អាច​នាំ​ឲ្យ​មាន​បញ្ហា​ប្រឈមមុខ​ចំពោះ​រាងកាយ និង​អារម្មណ៍​បាន ។

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​អាន និង​ពិភាក្សា​ជាមួយ​គ្នា​នូវ​ដំបូន្មាន​របស់​ព្រះអម្ចាស់​នៅ​ក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ១០១:១៦ ។ សូម​សួរ​អ្នកចូលរួម​ថា តើ​ពួកគេ​មាន​អារម្មណ៍​ថា ការណែនាំ​នេះ​ដោះស្រាយ​ចំពោះ​ស្ថានភាព​តានតឹង រួមទាំង​ស្ថានភាព​ដែល​ពួកគេ​អាច​ប្រឈមមុខ ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ដោយ​របៀបណា ។ អ្នក​អាច​ណែនាំ​ជំនាញ​នៃ​ការដក​ដង្ហើម​វែងៗ​ដោយ​បង្ហាញ​ដូច​ខាង​ក្រោម ៖

វិធី​ដ៏​ល្អ​មួយ​ដើម្បី​ទប់ទល់​នឹង​ទម្រង់​អវិជ្ជមាន​នៃ​ភាពតានតឹង​គឺ​តាមរយៈ​ការធ្វើលំហាត់​ដក​ដង្ហើម​វែងៗ ។ ការដក​ដង្ហើម​វែងៗ​អាច​ជួយ​ធ្វើ​ឲ្យ​រូបកាយ និង​ចិត្ត​របស់​យើង​ស្ងប់ស្ងាត់ ។ វា​ក៏​អាច​ជួយ​ឲ្យ​ការផ្តោត​របស់​យើង​មាន​ភាព​ប្រសើរ​ឡើង គ្រប់គ្រង​ផ្លូវ​អារម្មណ៍​របស់​យើង បង្កើន​ការចងចាំ និង​កាន់តែ​មាន​ភាពងាយស្រួល​ក្នុង​ការទទួល​បាន​ការបំផុស​គំនិត​មកពី​ព្រះវិញ្ញាណ ។

ការបង្ហាញ

អ្នកដឹកនាំ​ការពិភាក្សា ៖ ខាង​ក្រោម​នេះ​គឺ​ជា​លំហាត់​ដកដង្ហើម​វែងៗ​ពីរ​ប្រភេទ​ដែល​អ្នក​អាច​បង្ហាញ​បាន ៖

ជម្រើស​ទី ១ ៖ Box breathing ( វដ្ត​នៃ​ការដកដង្ហើម )

អង្គុយ​នៅ​លើ​កៅអី​ដែល​មាន​ផាសុកភាព ។ ត្រូវ​ប្រាកដ​ថា ខ្នង​របស់​អ្នក​មាន​បង្អែក ហើយ​ជើង​របស់​អ្នក​ដាក់​លើ​កម្រាល​ឥដ្ឋ ។ អ្នក​អាច​បើក ឬ​បិទ​ភ្នែក​របស់​អ្នក ។

  • ជំហាន​ទី ១ ៖ ដកដង្ហើម​ចូល​តាម​ច្រមុះ​របស់​អ្នក ហើយ​រាប់​យឺតៗ​ដល់​ប្រាំ ស្រូប​ខ្យល់​ចូល​ពេញ​សួត​របស់​អ្នក ។

  • ជំហាន​ទី ២ ៖ ទប់​ដង្ហើម​របស់​អ្នក​រយៈពេល​ប្រាំ​វិនាទី ។ ព្យាយាម​ចៀសវាង​កុំ​ដក​ដង្ហើម​ចេញ​ក្នុង​អំឡុង​ប្រាំ​វិនាទី​នោះ ។

  • ជំហានទី ៣ ៖ ដកដង្ហើម​ចេញ​យឺតៗ​តាម​មាត់​របស់​អ្នក​រយៈពេល​ប្រាំ​វិនាទី ។

  • ជំហាន​ទី ៤ ៖ ទប់​ដង្ហើម​រយៈពេល​ប្រាំ​វិនាទី ។

  • ជំហាន​ទី ៥ ៖ ធ្វើ​ត្រាប់​ពី​ជំហាន​ទី ១ ដល់​ទី ៤ រហូត​ដល់​អ្នក​មាន​អារម្មណ៍​ថា​បាន​ធូរ​ស្បើយ ។

អ្នកដឹកនាំ​ការពិភាក្សា ៖ អ្នក​អាច​បង្ហាញ​ក្រាហ្វិក​ខាង​ក្រោម ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​លំហាត់​ដកដង្ហើម​នេះ ៖

ដកដង្ហើម​ចូល

ជម្រើសទី ២ ៖ លំហាត់​ដកដង្ហើម​នៅក្នុង ការសម្រប​ខ្លួន​ទៅ​នឹង​ជីវិត​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា

អ្នកដឹកនាំ​ការពិភាក្សា ៖ ជួយ​សិស្ស​ស្វែងរក ការសម្រប​ខ្លួន​ទៅ​នឹង​ជីវិត​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា នៅ​ក្នុង​បណ្ណាល័យ​ដំណឹងល្អ ( បណ្ណាល័យ > ក្បួនខ្នាត និង​ការហៅ > ការហៅ​ក្នុង​បេសកកម្ម > ការសម្រប​ខ្លួន​ទៅ​នឹង​ជីវិត​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ) ។

ស្វែងរក​សកម្មភាព « លំហាត់​ដកដង្ហើម » នៅ​ក្នុង​ផ្នែក « គោលការណ៍​ទូទៅ​សម្រាប់​ការគ្រប់គ្រង​ភាពតានតឹង » នៃ ការសម្រប​ខ្លួន​ទៅ​នឹង​ជីវិត​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ( [ ឆ្នាំ​២០១៣ ] ទំព័រ ១៨ ) ។ សូម​អនុវត្តតាម​ជំហាន​ទាំងបី​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​សកម្មភាព​នេះ ។

អនុវត្ត

អ្នកដឹកនាំ​ការពិភាក្សា ៖ បន្ទាប់​ពី​បង្ហាញ​លំហាត់​ដកដង្ហើម​មួយ ឬ​ទាំង​ពីរ​រួចហើយ សូម​ទុក​ពេល​ឲ្យ​អ្នក​ចូលរួម​ដើម្បី​អនុវត្ត​វា ។ អ្នក​អាច​អញ្ជើញ​អ្នក​ចូលរួម​ឲ្យ​វាយ​តម្លៃ​អារម្មណ៍​តានតឹង ឬ​ថប់​បារម្ភ​របស់​ពួកគេ​នៅ​លើ​មាត្រដ្ឋានពី ១ ទៅ ៥ ពីមុន និង​ក្រោយ​លំហាត់​ដកដង្ហើម ដើម្បី​មើល​ថា តើ​ពួកគេ​ឃើញ​ភាពខុស​ប្លែក​គ្នា​ដែរឬ​ទេ ។

អនុវត្ត

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ចែកចាយ​ការអញ្ជើញ​ដូច​ខាង​ក្រោម​ដើម្បី​ជួយ​អ្នកចូលរួម​អនុវត្ត​ជំនាញ​នេះ ៖

សូម​អនុវត្ត​ការដក​ដង្ហើម​វែងៗ​ឲ្យ​បាន​ពីរបី​នាទី​ជា​រៀងរាល់ថ្ងៃ ក៏​ដូច​ជា​ពេលណា​ដែល​អ្នក​ជួប​ប្រទះ​ភាពតានតឹង ។ សូម​យក​ចិត្ត​ទុក​ដាក់​លើ​អារម្មណ៍​ដែល​អ្នក​មាន​ពេល​អ្នក​អនុវត្ត ។ សូម​អធិស្ឋាន​ទូលសុំ​ជំនួយ​ពី​ព្រះវរបិតាសួគ៌​ក្នុង​ការដោះស្រាយ​ស្ថានភាព​តានតឹង​ក្នុង​ជីវិត​របស់​អ្នក ។