ការអនុវត្តជំនាញទី ៦
និយាយជាមួយមនុស្សគ្រប់គ្នា
នៅពេលដែលមនុស្សវ័យក្មេងនិយាយជាមួយមនុស្សដែលពួកគេមិនស្គាល់ វាជារឿងធម្មតាទេ សម្រាប់ពួកគេដែលមានអារម្មណ៍មិនស្រួល ឬភ័យខ្លាច ។ សកម្មភាពនេះអាចជួយសមាជិកក្នុងថ្នាក់អនុវត្តការសន្ទនាជាមួយមនុស្សដែលពួកគេទើបតែបានជួប ។
អ្នកដឹកនាំការពិភាក្សា ៖ សូមព្យាយាមនិយាយដោយសង្ខេបនៅក្នុងផ្នែក « កំណត់និយមន័យ » និង « បង្ហាញ » ដើម្បីសិស្សមានពេលច្រើនសម្រាប់ការអនុវត្ត ។
កំណត់និយមន័យ
អ្នកដឹកនាំការពិភាក្សា ៖ សូមពន្យល់ថា ផ្នែកមួយនៃកិច្ចការរបស់អ្នកផ្សព្វផ្សាយសាសនា គឺពាក់ព័ន្ធនឹងការនិយាយជាមួយមនុស្សដែលអ្នកមិនស្គាល់ជារៀងរាល់ថ្ងៃ ។
-
តើបទពិសោធន៍ថ្មីៗអ្វីខ្លះ ដែលអ្នកមាននៅពេលអ្នកនិយាយជាមួយនរណាម្នាក់ជាលើកដំបូង ? តើការជួបនោះមានលក្ខណៈយ៉ាងដូចម្តេចដែរ ?
អ្នកដឹកនាំការពិភាក្សា ៖ មុនពេលណែនាំគោលការណ៍ណែនាំជាក់លាក់ដែលនឹងក្លាយជាការផ្តោតចំពោះការអនុវត្តជំនាញនេះ សូមពិចារណាអានជាមួយគ្នា « និយាយជាមួយមនុស្សគ្រប់គ្នា » ( ប្រកាសដំណឹងល្អរបស់យើង [ ឆ្នាំ២០២៣ ] ទំព័រ ១៦៦–១៦៧ ) ។ អ្នកអាចអញ្ជើញសិស្សឲ្យពិភាក្សាអំពីការណែនាំដែលពួកគេបានរកឃើញថាមានប្រយោជន៍បំផុត ។
សូមពន្យល់ថា ការអនុវត្តជំនាញនេះនឹងផ្តោតលើគោលការណ៍ណែនាំចំនួនបីដែលសង្ខេបមកពី ប្រកាសដំណឹងល្អរបស់យើង ( សូមមើល ទំព័រ ១៦៦–១៦៧ ) និង ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនា ( សូមមើល ទំព័រ ៣៥–៣៦ ) ។ សូមបង្ហាញគោលការណ៍ណែនាំទាំងនេះ និងអញ្ជើញសមាជិកក្នុងថ្នាក់ពីរបីនាក់ប្តូរវេនគ្នាអានគោលការណ៍ណែនាំទាំងនេះឮៗ
-
ស្វែងរកវិធីសាមញ្ញមួយដើម្បីចាប់ផ្តើមការសន្ទនា ។ ចូរមានចិត្តល្អ ស្មោះត្រង់ និងរួសរាយ ។ ព្យាយាមនិយាយជំរាបសួរ ផ្តល់ការសរសើរ សុំជួយជាមួយអ្វីមួយ ឬសួរសំណួរមួយ ( សូមមើលចំណុចបន្ទាប់សម្រាប់ឧទាហរណ៍ទាំងឡាយ ) ។
-
សួរសំណួរ ។ សូមពិចារណាសួរមនុស្សអំពីអ្វីដែលគួរឲ្យចាប់អារម្មណ៍ ឬសំខាន់សម្រាប់ពួកគេ ។ សំណួរនេះអាចរួមបញ្ចូលទាំងការងារ ចំណង់ចំណូលចិត្ត ចំណាប់អារម្មណ៍ គ្រួសាររបស់ពួកគេ ឬទីតាំងព្រះវិហារ ឬសាលារៀនដែលពួកគេចូលរួម ។ ចូរមានឆន្ទៈក្នុងការឆ្លើយសំណួររបស់ពួកគេអំពីខ្លួនរបស់អ្នកផងដែរ ។
-
សូមស្តាប់ដោយចិត្តស្មោះ ។ ផ្តោតលើអ្វីដែលនរណាម្នាក់ផ្សេងទៀតកំពុងនិយាយឲ្យបានច្រើនជាងអ្វីដែលអ្នកនឹងនិយាយបន្ទាប់ ។ ចូរមើលមុខគ្នាជានិច្ចពេលនិយាយ ។ សូមបង្ហាញថា អ្នកចាប់អារម្មណ៍លើមនុស្សដែលអ្នកកំពុងនិយាយជាមួយ និងអ្វីដែលពួកគេកំពុងនិយាយ ។ អ្នកអាចសួរពួកគេនូវសំណួរបន្ថែមដើម្បីស្វែងយល់បន្ថែម ។
ការបង្ហាញ
អ្នកដឹកនាំការពិភាក្សា ៖ ធ្វើគំរូជំនាញទាំងនេះសម្រាប់ថ្នាក់ ដោយការអញ្ជើញអ្នកចូលរួមដែលស័្មគ្រចិត្តមកខាងមុខក្តារខៀន ។ ធ្វើការសន្ទនាដោយធ្វើតាមគោលការណ៍ណែនាំដែលបានរាយនៅក្នុងផ្នែកមុន ។ នៅពេលអ្នកបានបញ្ចប់ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យចែកចាយពីរបៀបដែលពួកគេសង្កេតឃើញគោលការណ៍ណែនាំទាំងឡាយត្រូវបានអនុវត្តតាម ។
វិធីមួយទៀតដែលអ្នកអាចបង្ហាញពីជំនាញនេះ គឺតាមរយៈការបង្ហាញវីដេអូ « Talking with Everyone » ( នៅលើគេហទំព័រ ChurchofJesusChrist.org; មើលចាប់ពីនាទី ៤:០០ ដល់នាទីទី ៦:០៨ ) ។
អនុវត្ត
អ្នកដឹកនាំការពិភាក្សា ៖ ចាត់តាំងដៃគូឲ្យអ្នកចូលរួមម្នាក់ៗ ។ បន្ទាប់មក សូមចែកចាយសេចក្តីណែនាំដូចខាងក្រោមនេះ ។ ប្រសិនបើមានពេលគ្រប់គ្រាន់ សូមផ្តល់ឱកាសឲ្យសិស្សធ្វើការអនុវត្តនេះម្តងទៀតជាមួយអ្នកផ្សេងទៀតនៅក្នុងថ្នាក់ ។
ជាមួយដៃគូរបស់អ្នក ឆ្លាស់វេនគ្នាចាប់ផ្ដើមការសន្ទនាដោយការប្រើគោលការណ៍ណែនាំទាំងបីដែលយើងបានពិភាក្សា ៖
-
ស្វែងរកវិធីសាមញ្ញមួយដើម្បីចាប់ផ្តើមការសន្ទនា ។
-
សួរសំណួរ ។
-
សូមស្តាប់ដោយចិត្តស្មោះ ។
អនុវត្ត
អ្នកដឹកនាំការពិភាក្សា ៖ ចែកចាយការអញ្ជើញខាងក្រោម ។ អ្នកអាចពិចារណាតាមដានលើការអញ្ជើញនេះ នៅក្នុងថ្នាក់នាពេលអនាគត ។
សូមស្វែងរកឱកាសនៅក្នុងសប្តាហ៍ក្រោយ ដើម្បីចាប់ផ្តើមការសន្ទនាជាមួយនរណាម្នាក់ដែលអ្នកមិនធ្លាប់ជួប ឬមិនស្គាល់ច្បាស់ ។ សូមអនុវត្តប្រើជំនាញដែលអ្នកបានរៀននៅថ្ងៃនេះ ក្នុងអំឡុងពេលសន្ទនារបស់អ្នក ។