វគ្គសិក្សា​ដំណឹងល្អ
ការអនុវត្ត​ជំនាញ​ទី ៤ ៖ សួរ​សំណួរ​ដែល​បំផុស​គំនិត


ការអនុវត្ត​ជំនាញ​ទី ៤

សួរ​សំណួរ​ដែល​បំផុស​គំនិត

ពួក​អែលឌើរ​កំពុង​បង្រៀន​នៅ​តាម​ផ្លូវ

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ញឹកញាប់​សួរ​សំណួរ​ទៅដល់​អ្នក​ដែល​ពួកគេ​កំពុង​បង្រៀន ។ ការសួរ​សំណួរ​ល្អ​អាច​ជួយ​អ្នក​ផ្សព្វផ្សាយ​សាសនា « យល់​ពី​ចំណាប់​អារម្មណ៍ កង្វល់ និង​សំណួរ​របស់​មនុស្ស ។ សំណួរ​ល្អៗ​អាច​យាង​អញ្ជើញ​ព្រះវិញ្ញាណ ហើយ​ជួយ​មនុស្ស​ឲ្យ​រៀន » ( ប្រកាស​ដំណឹងល្អ​របស់​យើង [ ឆ្នាំ​២០២៣ ] ទំព័រ ១៩០ ) ។

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ព្យាយាម​និយាយ​ដោយ​សង្ខេប​នៅ​ក្នុង​ផ្នែក « កំណត់​និយមន័យ » និង « បង្ហាញ » ដើម្បី​សិស្ស​មាន​ពេល​ច្រើន​សម្រាប់​ការអនុវត្ត ។

កំណត់​និយមន័យ

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ចែកចាយ​ការណែនាំ​ខាង​ក្រោម​ដើម្បី​ណែនាំ​ប្រធានបទ​នៃ​ការសួរ​សំណួរ ៖

សូម​អាន​កថាខណ្ឌ និង​តារាង​នៅ​ក្រោម​ចំណងជើង « សួរសំណួរ » នៅក្នុង​ជំពូក​ទី ១០ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ( ទំព័រ ១៩០–១៩១ ) ។ សូម​ស្វែងរក​តួនាទី​ដែល​សំណួរ​ល្អៗ​មាន​ក្នុង​ការចែកចាយ​ដំណឹងល្អ ។

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​សម្រាប់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ក្នុង​ការសួរ​សំណួរ ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការបង្រៀន​របស់​ពួកគេ ?

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ពន្យល់​ថា ប្រភេទ​សំណួរ​មួយ​ចំនួន​មាន​ប្រសិទ្ធភាព​ជាង​សំណួរ​ដទៃ​ទៀត ។ សូម​ចែកចាយ​ការណែនាំ​ខាងក្រោម​ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់ រៀន​គោលការណ៍​ណែនាំ​សម្រាប់​ការសួរ​សំណួរ​ប្រកប​ដោយ​ប្រសិទ្ធភាព ៖

សូម​អាន​ចំណុច​ទាំង​ប្រាំពីរ​ដំបូង​នៅ​ក្រោម « សូម​ចៀសវាង​សំណួរ​ដែល​មិន​មាន​ប្រសិទ្ធភាព ឬ​ហួសហេតុ » ( ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ១៩១ ) ។ សូម​ស្វែងរក​គោលការណ៍​ណែនាំ​ដែល​អាច​ជួយ​អ្នក ឲ្យ​រៀន​សួរ​សំណួរ​ប្រកប​ដោយ​ប្រសិទ្ធភាព ។

ការបង្ហាញ

អ្នកដឹកនាំ​ការពិភាក្សា ៖ បង្ហាញ​សិស្ស​នូវ​ឧទាហរណ៍​មួយ​ចំនួន​អំពី​របៀប​ផ្លាស់ប្តូរ​សំណួរ ដែល​មិន​សូវ​មាន​ប្រសិទ្ធភាព​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ។ សូម​ពិចារណា​ប្រើ​ឧទាហរណ៍​ក្នុង​តារាង​ខាងក្រោម ។ សម្រាប់​ឧទាហរណ៍​បន្ថែម​ទៀត សូមមើល​បញ្ជី​នៃ សំណួរ​ដែល​មិន​សូវ​មាន​ប្រសិទ្ធភាព នៅ​ទំព័រ ១៩២–១៩៣ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ។

សំណួរ​ដែល​មិន​សូវ​មាន​ប្រសិទ្ធភាព

សំណួរ​ដែល​មាន​ប្រសិទ្ធភាព

តើ​នរណា​ជា​ព្យាការី​ដំបូង ? ( បុគ្គល​នោះ​ប្រហែល​ជា​មិន​ដឹង​ពី​ចម្លើយ​ទេ

តើ​វា​នឹង​មាន​ឥទ្ធិពល​ដល់​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្តេច ប្រសិនបើ​អ្នក​ដឹង​ថា ព្រះ​បាន​ហៅ​ព្យាការី​នៅ​សព្វថ្ងៃ​នេះ ? ( សួរ​ពី​គំនិត និង​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ម្នាក់​នោះ ) ។

តើ​ការរក្សា​រូបកាយ​យើង​ឲ្យ​បរិសុទ្ធ​ជួយ​យើង​ឲ្យ​មាន​ព្រះវិញ្ញាណ ហើយ​បង្ហាញ​ថា​យើង​មាន​ឆន្ទៈ​ធ្វើ​តាម​ព្យាការី​របស់​ព្រះ​ដោយ​របៀប​ណា ? ( មាន​គំនិត​ច្រើន​ជាង​មួយ ) ។

តើ​អ្នក​គិត​ថា ការរក្សា​រូបកាយ​របស់​យើង​ឲ្យ​បរិសុទ្ធ អាច​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះ​ដោយ​របៀបណា ? ( ផ្តោតលើ​គំនិត​មួយ ) ។

អនុវត្ត

អ្នកដឹកនាំ​ការពិភាក្សា ៖ សិស្ស​អាច​ធ្វើការ​ជាមួយ​ដៃគូ​ដើម្បី​បំពេញ​សកម្មភាព​ដូច​ខាង​ក្រោម ។

សូម​អាន​ឧទាហរណ៍​ផ្សេង​ទៀត​មកពី បញ្ជី​សំណួរ​ដែល​មិន​សូវ​មាន​ប្រសិទ្ធភាព​ នៅ​ក្នុង​ជំពូក​ទី ១០ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ( ទំព័រ ១៩២–១៩៣ ) ។ សូម​ជ្រើសរើស​សំណួរ​ពីរ ឬ​បី​ចេញពី​សំណួរ​ទាំង​នេះ ហើយ​ធ្វើការ​រួមគ្នា​ដើម្បី​បង្កើត​សំណួរ​ដែល​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត ។

អ្នកដឹកនាំ​ការពិភាក្សា ៖ បន្ទាប់​ពី​សមាជិក​ក្នុង​ថ្នាក់​បញ្ចប់ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែកចាយ​ឧទាហរណ៍​នៃ​សំណួរ​ដែល​មាន​ប្រសិទ្ធភាព​ជាង​មុន ដែល​ពួកគេ​បាន​បង្កើត ។

ប្រសិនបើ​មាន​ពេល​វេលា​គ្រប់គ្រាន់ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​អនុវត្ត​នេះ​ម្តង​ហើយ​ម្តង​ទៀត​ជាមួយ​នឹង​សំណួរ​ផ្សេង​ទៀត​ចេញមក​ពី បញ្ជី​នៃ​សំណួរ​ដែល​មិន​សូវ​មាន​ប្រសិទ្ធភាព នៅក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។

អនុវត្ត

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ពិចារណា​បង្ហាញ​ដូច​ខាង​ក្រោម ដើម្បី​ជួយ​សិស្ស​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​ជំនាញ​នេះ ៖

សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​អ្វី​ដែល​អ្នក​បាន​រៀន អំពី​ការសួរ​សំណួរ​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​អំឡុង​សប្តាហ៍​ក្រោយ ឬ​ពីរ​សប្តាហ៍​ទៀត ។ ឧទាហរណ៍ អ្នក​អាច ៖

  • សូម​ស្វែងរក​សំណួរ​ដែល​មាន​ប្រសិទ្ធភាព​មួយ​ចំនួន​នៅ​ក្នុង​មេរៀន​មួយ​ចំនួន​មកពី ចូរ​មក​តាម​ខ្ញុំ ។

  • ប្រសិន​បើ​អ្នក​នឹង​បង្រៀន​មេរៀន​ក្នុង​ពេល​ឆាប់ៗ​នេះ សូម​រៀបចំ​សំណួរ​ប្រកប​ដោយ​ប្រសិទ្ធភាព​មួយ​ចំនួន​ដែល​អ្នក​អាច​សួរ​នៅ​ពេល​អ្នក​បង្រៀន ។