មេរៀនទី ១
យើងអញ្ជើញមនុស្សដទៃមកកាន់ព្រះគ្រីស្ទ
កិច្ចការផ្សព្វផ្សាយសាសនាទាំងអស់ផ្តោតលើព្រះយេស៊ូវគ្រីស្ទ ។ ជាការពិតណាស់ គោលបំណងសំខាន់មួយរបស់អ្នកផ្សព្វផ្សាយសាសនា គឺដើម្បី « អញ្ជើញមនុស្សដទៃមកកាន់ព្រះគ្រីស្ទដោយការជួយពួកគេឲ្យទទួលយកដំណឹងល្អដែលបានស្តារឡើងវិញ » ( ប្រកាសដំណឹងល្អរបស់យើង [ ឆ្នាំ២០២៣ ] ទំព័រ ១ ) ។ ព្រះយេស៊ូវគ្រីស្ទអញ្ជើញអ្នកដើរតាមរបស់ទ្រង់ឲ្យចែកចាយសារលិខិតនៃដំណឹងល្អជាមួយមនុស្សគ្រប់គ្នា ។ « ពេលការយល់ដឹង និងទីបន្ទាល់ [ របស់យើង ] អំពីព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់រីកចម្រើន នោះបំណងប្រាថ្នា [ របស់យើង ] ដើម្បីចែកចាយដំណឹងល្អនឹងកើនឡើងផងដែរ »( ប្រកាសដំណឹងល្អរបស់យើង ទំព័រ ២ ) ។
សូមស្វាគមន៍ !
អ្នកដឹកនាំការពិភាក្សា ៖ សមាជិកក្នុងថ្នាក់មួយចំនួនអាចមានអារម្មណ៍មិនច្បាស់លាស់អំពីការចាប់ផ្តើមថ្នាក់ថ្មី និងជួបមនុស្សថ្មី ។ អ្នកអាចអានជាមួយគ្នានៅ យ៉ូហាន ១៣:៣៤–៣៥ ហើយអញ្ជើញសមាជិកក្នុងថ្នាក់ ចែកចាយឧទាហរណ៍អំពីរបៀបដែលព្រះអង្គសង្គ្រោះបានស្រឡាញ់មនុស្សដទៃ ។ សូមពិចារណាសួរសំណួរខាងក្រោមនេះ ៖
-
តើថ្នាក់របស់យើងអាចអនុវត្តតាមគំរូរបស់ព្រះអង្គសង្គ្រោះក្នុងការស្រឡាញ់មនុស្សដទៃដោយរបៀបណា ?
-
តើអ្នកគិតថា ព្រះអង្គសង្គ្រោះសព្វព្រះទ័យឲ្យអ្នកប្រព្រឹត្តិចំពោះមនុស្សដែលអ្នកមិនស្គាល់ ឬមនុស្សដែលមានលក្ខណៈខុសពីអ្នកដោយរបៀបណា ?
អ្នកដឹកនាំការពិភាក្សា ៖ សកម្មភាពខាងក្រោមអាចជួយសិស្សឲ្យស្គាល់គ្នាទៅវិញទៅមក និងបង្កើតអារម្មណ៍នៃភាពមានចំណែក ។ បង្ហាញការណែនាំ និងផ្តល់ពេលវេលាដល់សមាជិកក្នុងថ្នាក់ដើម្បីនិយាយជាមួយគ្នា ។ អ្នកក៏អាចប្រើឱកាសនេះដើម្បីពន្យល់ថា ការជួប និងការរាប់អានមនុស្សដោយរបៀបដ៏ « កក់ក្តៅ ពិតប្រាកដ និងរួសរាយ » គឺជាផ្នែកមួយដ៏សំខាន់នៃការចែកចាយដំណឹងល្អ ( ប្រកាសដំណឹងល្អរបស់យើង ទំព័រ ១៦៦ ) ។
សូមចំណាយពេលប៉ុន្មាននាទីបន្ទាប់ដើម្បីជួបមនុស្សថ្មីបីទៅបួននាក់នៅក្នុងថ្នាក់របស់យើង ។ នេះគឺជាគន្លឹះមួយចំនួនដើម្បីចាប់ផ្តើមការសន្ទនារបស់អ្នក ៖
-
រៀនស្គាល់ឈ្មោះគ្នាទៅវិញទៅមក ។
-
សួរអំពីចំណាប់អារម្មណ៍ ទេពកោសល្យ សាលារៀន ការងារ ឬចំណង់ចំណូលចិត្ត ។
-
សួរអំពីវិស្សមកាលថ្មីៗនេះ ដំណើរផ្សងព្រេង ឬបញ្ហាប្រឈមមុខ ឬអ្វីមួយដែលពួកគេកំពុងទន្ទឹងរង់ចាំ ។
យោបល់សម្រាប់សកម្មភាពរៀនសូត្រ
ហេតុអ្វីវាសំខាន់ដើម្បីជួយមនុស្សដទៃមកកាន់ព្រះយេស៊ូវគ្រីស្ទ ?
សិក្សា
អ្នកដឹកនាំការពិភាក្សា ៖ សូមដាក់បង្ហាញរូបភាពខាងក្រោម ហើយអញ្ជើញសមាជិកក្នុងថ្នាក់ចែកចាយអ្វីដែលពួកគេបានដឹងអំពីដំណើររឿងនៅក្នុងរូបភាពនេះ ។ បន្ទាប់មក សូមចែកចាយសេចក្តីណែនាំដូចខាងក្រោម ៖
សូមសិក្សា ម៉ាថាយ ២៨:១៨–២០ ដោយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនដល់ពួកសាវករបស់ទ្រង់ក្នុងឱកាសនេះ ។
-
តើអ្នកគិតថាហេតុអ្វីបានជាព្រះអង្គសង្គ្រោះអញ្ជើញអ្នកដើរតាមទ្រង់ឲ្យចែកចាយដំណឹងល្អជាមួយអ្នកដទៃ ?
អ្នកដឹកនាំការពិភាក្សា៖ សូមពន្យល់ថា ការណែនាំរបស់ព្រះយេស៊ូវគ្រីស្ទសម្រាប់សាវករបស់ទ្រង់ ដើម្បីចែកចាយដំណឹងល្អក៏ត្រូវបានអនុវត្តចំពោះអ្នកដើរតាមទ្រង់នៅក្នុងជំនាន់របស់យើងផងដែរ ។
បង្ហាញការណែនាំខាងក្រោម និងផ្តល់ពេលវេលាដល់សមាជិកក្នុងថ្នាក់ដើម្បីសិក្សាខគម្ពីរមួយចំនួនដោយខ្លួនឯង ។ លើសពីនេះទៅទៀត អ្នកអាចសិក្សាជាមួយគ្នានូវសារលិខិតរបស់ប្រធាន រ័សុល អិម ណិលសុន « ការផ្សាយដំណឹងល្អនៃភាពសុខសាន្ដ » ( លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៦–៧ ) ឬទស្សនា « A Prophetic Call: Experience the Joy of Missionary Service » ( នៅនាទី ២:១២ នៅលើបណ្ណាល័យដំណឹងល្អ ) ។
សិក្សាបទគម្ពីរមួយចំនួនខាងក្រោម ដោយស្វែងរកសេចក្តីពិតអំពីព្រះយេស៊ូវគ្រីស្ទ ដែលអាចជួយមនុស្សដទៃមកកាន់ទ្រង់ ។ អ្នកក៏អាចប្រើឧបករណ៍សិក្សានៅក្នុងបណ្ណាល័យដំណឹងល្អ ដើម្បីស្វែងរកខគម្ពីរ ឬសេចក្តីថ្លែងការណ៍ផ្សេងទៀតមកពីថ្នាក់ដឹកនាំសាសនាចក្រ ។
-
ម៉ាថាយ ១១:២៨–៣០
-
យ៉ូហាន ១៤:៦
អ្នកដឹកនាំការពិភាក្សា ៖ សូមបែងចែកថ្នាក់ជាក្រុមតូចៗ ហើយអញ្ជើញសមាជិកក្រុមនីមួយៗឲ្យចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោម ៖
-
តើសេចក្តីពិតអ្វីខ្លះដែលអ្នកបានរៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ?
-
តើសេចក្តីពិតទាំងនេះបានជះឥទ្ធិពលដល់អ្នកដោយរបៀបណា ?
-
តើសេចក្តីពិតទាំងនេះជួយអ្នកបង្រៀនអ្នកដទៃអំពីព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
អ្នកដឹកនាំការពិភាក្សា ៖ បន្ទាប់ពីក្រុមបញ្ចប់ការពិភាក្សារបស់ពួកគេហើយ សូមអញ្ជើញសិស្សឲ្យចែកចាយសេចក្តីពិតដែលពួកគេបានរកឃើញជាមួយសមាជិកដទៃទៀតក្នុងថ្នាក់ ។ ដោយប្រើពាក្យផ្ទាល់ខ្លួន សិស្សអាចរកឃើញនូវសេចក្តីពិតដូចខាងក្រោមនេះ ៖
-
នៅពេលដែលយើងមករកព្រះគ្រីស្ទ ទ្រង់អាចធ្វើឲ្យបន្ទុករបស់យើងបានស្រាល ( សូមមើល ម៉ាថាយ ១១:២៨–៣០ ) ។
-
ព្រះយេស៊ូវគ្រីស្ទគឺជាផ្លូវរបស់យើងដើម្បីត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌វិញ ( សូមមើល យ៉ូហាន ១៤:៦ ) ។
-
យើងត្រូវបានសង្គ្រោះតាមរយៈបុណ្យគុណ និងសេចក្ដីមេត្តាករុណា និងព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល នីហ្វៃទី ២ ២:៦–៨ ) ។
-
នៅពេលយើងធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ និងប្រកាន់ខ្ជាប់រហូតដល់ទីបញ្ចប់ យើងនឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចជាមួយនឹងព្រះវរបិតាសួគ៌របស់យើង ( សូមមើល នីហ្វៃ ទី២ ៣១:១៧–២១ ) ។
-
ប្រសិនបើយើងប្រែចិត្ត ហើយមកកាន់ព្រះយេស៊ូវគ្រីស្ទ និងទទួលបុណ្យជ្រមុជទឹក នោះយើងអាចបានញែកចេញជាបរិសុទ្ធតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ហើយឈរដោយគ្មានទោសនៅចំពោះព្រះគ្រីស្ទនៅថ្ងៃចុងក្រោយ ( សូមមើល នីហ្វៃទី ៣ ២៧:២០–២២ ) ។
-
ដោយសារតែតម្លៃនៃព្រលឹងទាំងឡាយ គឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ ទ្រង់មានអំណរនៅពេលដែលយើងប្រែចិត្ត ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១០–១៦ ) ។
អនុវត្ត
អ្នកដឹកនាំការពិភាក្សា ៖ ផ្តល់ឱកាសដល់សិស្សដើម្បីអនុវត្តការបង្រៀនអំពីសារៈសំខាន់នៃព្រះយេស៊ូវគ្រីស្ទ ។ របៀបមួយដែលអ្នកអាចធ្វើបានគឺតាមរយៈការបង្ហាញនូវសាច់រឿងនិងការណែនាំខាងក្រោមនេះ ។ ផ្តល់ឲ្យសមាជិកក្នុងថ្នាក់នូវពេលវេលាគ្រប់គ្រាន់ដើម្បីបង្កើតការឆ្លើយតប ។ ប្រសិនបើពួកគេត្រូវការជំនួយបន្ថែម សូមណែនាំពួកគេទៅចំណុចនៅក្រោមចំណងជើងថា « ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ » ( ប្រកាសដំណឹងល្អរបស់យើង ទំព័រ ៤៨ ) ។
សូមស្រមៃថា អ្នកមានមិត្តម្នាក់ដែលមិនមែនជាសមាជិកនៃសាសនាចក្រទេ ប៉ុន្តែងឿងឆ្ងល់អំពីជំនឿរបស់អ្នក ។ ក្នុងពេលនៃការសន្ទនាមួយ មិត្តរបស់អ្នកនិយាយថា « ខ្ញុំបានកត់សម្គាល់ឃើញថា ព្រះយេស៊ូវហាក់ដូចជាមានសារៈសំខាន់ណាស់ចំពោះអ្នក ។ ហេតុអ្វីបានជាអញ្ចឹង ? »
រៀបចំការឆ្លើយតបសម្រាប់មិត្តភក្តិរបស់អ្នកដែលរួមមានដូចខាងក្រោម ៖
-
ការពន្យល់សង្ខេបអំពីតម្រូវការរបស់យើងសម្រាប់ព្រះយេស៊ូវគ្រីស្ទ
-
ខគម្ពីរដែលជាប់ពាក់ព័ន្ធ
-
ទីបន្ទាល់របស់អ្នក
អ្នកដឹកនាំការពិភាក្សា ៖ បែងចែកថ្នាក់ទៅជាដៃគូ ហើយអញ្ជើញមនុស្សម្នាក់ៗឲ្យចែកចាយការឆ្លើយតបរបស់ពួកគេជាមួយដៃគូរបស់ពួកគេ ។ បន្ទាប់ពីពួកគេបញ្ចប់ អ្នកអាចអញ្ជើញសិស្សឲ្យវាយតម្លៃការឆ្លើយតបរបស់ពួកគេជាលក្ខណៈបុគ្គល និងកំណត់ថាតើការកែតម្រូវអ្វីខ្លះដែលពួកគេចង់ធ្វើ ។ បន្ទាប់មកចាត់ចែងសិស្សជាមួយដៃគូផ្សេង ហើយអញ្ជើញពួកគេឲ្យចែកចាយការឆ្លើយតបរបស់ពួកគេម្តងទៀត រួមទាំងការកែតម្រូវណាមួយ ។
ដាក់គោលដៅមួយ
អ្នកដឹកនាំការពិភាក្សា ៖ ផ្តល់ពេលវេលាដល់សមាជិកក្នុងថ្នាក់ដើម្បីឆ្លុះបញ្ចាំងពីអ្វីដែលពួកគេបានរៀន និងកំណត់គោលដៅ ។ អ្នកអាចបង្ហាញសេចក្តីណែនាំខាងក្រោមនេះដើម្បីជួយពួកគេ ៖
ដាក់គោលដៅដែលទាក់ទងនឹងអ្វីដែលអ្នកបានសិក្សានៅថ្ងៃនេះ ។ សូមប្រើប្រាស់គំនិតមួយចំនួនដូចខាងក្រោម ឬគិតអំពីគំនិតផ្ទាល់ខ្លួនរបស់អ្នក ។
-
អំឡុងពេលការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នក សូមគូសចំណាំ ឬផាត់ពណ៌លើវគ្គបទគម្ពីរទាំងឡាយ ដែលជួយអ្នកយល់កាន់តែច្បាស់អំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។
-
ចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ជាមួយនរណាម្នាក់—ដោយផ្ទាល់ តាមរយៈសារជាអក្សរ ឬតាមអ៊ីនធឺណិត ។
-
អញ្ជើញមិត្តម្នាក់ដែលមិននៅទីនេះថ្ងៃនេះ ដើម្បីចាប់ផ្តើមចូលរួមថ្នាក់នេះជាមួយអ្នក ។
គោលដៅរបស់ខ្ញុំ
-
ខ្ញុំនឹង … ( សកម្មភាពដែលអ្នកនឹងធ្វើ ) ។
-
ខ្ញុំនឹងសម្រេចគោលដៅរបស់ខ្ញុំដោយ … ( ផែនការសាមញ្ញមួយ ) ។
អ្នកដឹកនាំការពិភាក្សា ៖ ពិចារណាផ្តល់ពេលវេលាឲ្យសិស្សជ្រើសរើសមិត្តរួមថ្នាក់ ឬក្រុមមិត្តភក្តិដែលពួកគេអាចចែកចាយគោលដៅរបស់ពួកគេជាមួយនៅពេញមួយវគ្គសិក្សានោះ ។ អ្នកអាចណែនាំក្រុមឲ្យគិតពីវិធីដើម្បីរំឭកគ្នាទៅវិញទៅមកអំពីគោលដៅរបស់ពួកគេពីមុនថ្នាក់រៀនបន្ទាប់ ។ អ្នកក៏អាចផ្ញើសារមួយជាការរំឭកដល់សិស្សពីមុនថា្នក់រៀនបន្ទាប់ ។
ពេលក្រោយ
អ្នកដឹកនាំការពិភាក្សា ៖ ប្រសិនបើអ្នកត្រៀមខ្លួនរួចរាល់ដើម្បីបង្រៀន មេរៀនទី ២ នៅពេលក្រោយ សូមពិចារណាអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យចំណាយពេលខ្លះដើម្បីស្គាល់ ប្រកាសដំណឹងល្អរបស់យើង ក្នុងការរៀបចំសម្រាប់ថ្នាក់ ។ អ្នកក៏អាចផ្ញើការរំឭកឲ្យពួកគេផងដែរ ។