វគ្គសិក្សា​ដំណឹងល្អ
មេរៀនទី ១០ ៖ ស្វែងរក​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ


មេរៀន​ទី ១០

ស្វែងរក​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ

ប្រកាស​ដំណឹងល្អ​របស់​យើង ជំពូក​ទី ៦

អ្នក​នេសាទ​មនុស្ស

« មធ្យោបាយ​ដ៏​សំខាន់​មួយ​ដើម្បី​ស្វែងរក​ព្រះយេស៊ូវ គឺ​ការខិតខំ​ប្រឹងប្រែង​ដោយ​ឧស្សាហ៍​ព្យាយាម​ដើម្បី​រៀន​អំពី​ទ្រង់ ហើយ​ប្រែក្លាយ​ដូចជា​ទ្រង់ » ( ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសក៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ [ ឆ្នាំ​២០២៣ ] ទំព័រ ១២៤ ) ។ ការស្វែងរក​ការអភិវឌ្ឍ​គុណលក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ អាច​ជួយ​យើង​ចែកចាយ​ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ​កាន់​តែ​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​មុន ។ ដោយ​មាន​ជំនួយ​របស់​ព្រះអង្គសង្គ្រោះ យើង​អាច​អភិវឌ្ឍ​គុណលក្ខណៈ​ទាំងនេះបន្តិចម្តងៗ​ដែល​ជួយ​យើង​ឲ្យ​កាន់តែ​ប្រែក្លាយ​ដូចជា​ទ្រង់ ។

ពិនិត្យ​មើល និង តាមដាន

អ្នកដឹកនាំ​ការពិភាក្សា ៖ អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ថ្មីៗ​របស់​ពួកគេ ដើម្បី​អនុវត្ត​អ្វី​ដែល​ពួកគេ​កំពុង​រៀន​នៅ​ក្នុង​ថ្នាក់​នេះ ។ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ចំនួន​របស់​ពួកគេ​ជាមួយ​ដៃគូ ឬ​រួមគ្នា​ជា​ថ្នាក់ ។

យោបល់​សម្រាប់​សកម្មភាព​រៀនសូត្រ

តើ​ខ្ញុំ​អាច​ប្រែ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន​ដោយ​របៀប​ណា ?

សិក្សា

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​បង្ហាញ​រូបភាព​របស់​ព្រះអង្គ​សង្គ្រោះ ដូចជា​រូបភាព​ខាង​ក្រោម ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ដែល​ពួកគេ​រកឃើញ​នៅ​ក្នុង​រូបភាព​ទាំងនេះ ។ អ្នក​ក៏​អាច​មើល « Christlike Attributes [ គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ] ផងដែរ ( នៅ​នាទី ២:៥៣ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​មើលឃើញ​នូវ​គំរូ​ផ្សេងទៀត​នៃ​គុណលក្ខណៈ​របស់​ព្រះអង្គសង្គ្រោះ ។

ការងារ​បម្រើ​របស់​ព្រះអង្គ​សង្គ្រោះ
ការងារ​បម្រើ​របស់​ព្រះអង្គ​សង្គ្រោះ ២
ការងារ​បម្រើ​របស់​ព្រះអង្គ​សង្គ្រោះ ៣
  • តើ​គុណលក្ខណៈ​អ្វីខ្លះ​របស់​ព្រះអង្គសង្គ្រោះ​ដែល​អ្នក​កោតសរសើរ​បំផុត ? ហេតុអ្វី ?

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ពន្យល់​ថា នៅ​ក្នុង​មេរៀន​នេះ សមាជិក​ក្នុង​ថ្នាក់​នឹង​មាន​ឱកាស​រៀនសូត្រ​អំពី​សារៈសំខាន់​នៃ​ការស្វែងរក​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ នៅ​ក្នុង​កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ការណែនាំ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ដឹង​ថា​តើ​គុណលក្ខណៈ​ណា​ដែល​ព្រះអម្ចាស់​នឹង​ឲ្យ​ពួកគេ​ខិតខំ​អភិវឌ្ឍ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់ ។ សូម​ចែកចាយ​សេចក្តីណែនាំ​ខាងក្រោម ៖

សូម​អាន « សេចក្ដីណែនាំ » និង « ស្វែងរក​ព្រះយេស៊ូវ​គ្រីស្ទ » នៅក្នុង​ជំពូក​ទី ៦ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ( ទំព័រ ១២៣–១២៤ ) ។ សូម​រំលេច​នូវ​ពរជ័យ​ដែល​ទាក់ទង​នឹង​ការអភិវឌ្ឍ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ។

អ្នកដឹកនាំ​ការពិភាក្សា ៖ អ្នក​ក៏​អាច​ពិចារណា​សិក្សា គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤ រួម​គ្នា ដូច​ដែល​បានរៀបរាប់​នៅ​ក្នុង​ប្រអប់ « ការសិក្សា​ផ្ទាល់ខ្លួន » ( ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ១២៣ ) ។

សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ពិភាក្សា​ពី​អ្វី​ដែល​លេចធ្លោ​ចំពោះ​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​បាន​សិក្សា ។ សំណួរ​ខាងក្រោម​នេះ​អាច​ប្រើ​ក្នុង​ការពិភាក្សា​នេះបាន ៖

  • តើ​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ជួយ​អ្នក​ឲ្យ​ក្លាយជា​អ្នក​ផ្សព្វផ្សាយ​សាសនា​កាន់​តែ​ប្រសើរឡើង​ដោយ​របៀប​ណា ?

  • តើ​ព្រះអង្គសង្រ្គោះ​ដើរ​តួ​យ៉ាងណា​នៅក្នុង​ការជួយ​អ្នក​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ទ្រង់ ?

អ្នកដឹកនាំ​ការពិភាក្សា ៖ នៅពេល​អ្នក​ពិភាក្សា​អំពី​សំណួរ​មុនៗ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​អាន​ផ្នែក « អំណោយទាន​មកពី​ព្រះ » និង « ដំណើរការ​សន្សឹមៗ » ( ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ១២៤ ) ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ពាក្យ ឬ​ឃ្លា​មកពី​ផ្នែក​ទាំងនេះ ដែល​អាច​ជួយ​ពួកគេ​យល់​កាន់តែ​ច្បាស់​អំពី​តម្រូវការ​របស់​ពួកគេ​ក្នុង​ការពឹងផ្អែក​លើ​ព្រះអង្គសង្គ្រោះ ក្នុង​ការអភិវឌ្ឍ​គុណលក្ខណៈ​ដូច​ជាព្រះគ្រីស្ទ ។

  • តើ​អ្វីខ្លះ​បាន​ជួយ​អ្នក​ឲ្យ​រីកចម្រើន ដើម្បី​ប្រែ​ក្លាយ​ឲ្យ​កាន់តែ​ដូចជា​ព្រះអង្គសង្រ្គោះ ?

អនុវត្ត

អ្នកដឹកនាំ​ការពិភាក្សា ៖ ផ្នែក​នៃ​មេរៀន​នេះ​មាន​គោលបំណង ដើម្បី​ជួយ​សិស្ស​កំណត់​ថា តើ​គុណលក្ខណៈ​មួយណា​របស់​ព្រះអង្គសង្គ្រោះ​ដែល​ពួកគេ​ចង់​អភិវឌ្ឍ ។ សូម​ដាក់បង្ហាញ​សេចក្តី​ណែនាំ​ដូចខាងក្រោម ។

  1. បំពេញ « សកម្មភាព​អំពី​គុណលក្ខណៈ » នៅ​ចុងបញ្ចប់​នៃ​ជំពូក​ទី ៦ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ( ទំព័រ ១៣៦–១៣៨ ) ។

  2. ដោយ​ផ្អែកលើ​ការឆ្លើយតប​រប​ស់​អ្នក សូម​ជ្រើសរើស​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ដែល​អ្នក​ចង់​យល់​កាន់​តែ​ច្បាស់ និង​ចង់​អភិវឌ្ឍ ។

  3. សូម​ស្វែងរក និង​សិក្សា​ផ្នែក​ស្តី​ពី​គុណលក្ខណៈ ដែល​អ្នក​បានជ្រើសរើស​នៅ​ក្នុង ជំពូក​ទី ៦ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ។

អ្នកដឹកនាំ​ការពិភាក្សា ៖ បន្ទាប់​ពី​ទុក​ពេលវេលា​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ជាមួយ​ដៃគូ​ថា តើ​គុណលក្ខណៈ​មួយ​ណា​ដែល​ពួកគេ​បានជ្រើសរើស​ដើម្បីសិក្សា ដោយ​រួម​ជាមួយ​នឹង​សេចក្តីសង្ខេប​ខ្លីៗ​អំពី​អ្វី​ដែល​ពួកគេ​បានរៀន ។

ដាក់​គោលដៅ​មួយ

អ្នកដឹកនាំ​ការពិភាក្សា ៖ ផ្តល់​ពេលវេលា​ឲ្យសមាជិក​ក្នុង​ថ្នាក់​ជញ្ជឹងគិតពី​អ្វី​ដែល​ពួកគេ​បាន​រៀន និង​ដាក់​គោលដៅ ។ អ្នក​អាច​បង្ហាញ​សេចក្តីណែនាំ​ខាងក្រោម​នេះ​ដើម្បី​ជួយ​ពួកគេ ៖

សូម​បង្កើត​ផែនការ​មួយ​ពី​របៀប​ដែល​អ្នក​នឹង​ស្វែងរក​ការអភិវឌ្ឍ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ដែល​អ្នក​បានសិក្សា ។ អ្នក​អាច​ប្រើ​ការផ្ដល់​យោបល់​នៅ​ក្រោម​ចំណង​ជើង « គំរូ​សម្រាប់​ការប្រែក្លាយ​កាន់តែ​ដូចជា​ព្រះគ្រីស្ទ » ( ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ១៣៤ ) ដើម្បី​ជួយ​អ្នក ។ សូមកុំ​បារម្ភឡើយ ប្រសិនបើ​អ្នក​មិន​ល្អ​ឥតខ្ចោះ​នៅ​ក្នុង​គុណលក្ខណៈ​នេះ ។ សូម​បន្ត​ព្យាយាម ហើយ​ព្រះអង្គសង្រ្គោះ​នឹង​ជួយ​អ្នក ។

គោលដៅ​របស់​ខ្ញុំ
  • ខ្ញុំ​នឹង … ( សកម្មភាព​ដែល​អ្នក​នឹង​ធ្វើ ) ។

  • ខ្ញុំ​នឹង​សម្រេច​គោលដៅ​របស់​ខ្ញុំ​ដោយ … ( ផែនការ​សាមញ្ញ​មួយ ) ។

អ្នកដឹកនាំ​ការពិភាក្សា ៖ ប្រសិន​បើ​សិស្ស​មាន​ក្រុម​មិត្តភក្តិ​ដើម្បី​ចែកចាយ​គោលដៅ​របស់​ពួកគេ​ជាមួយ​ពេញ​មួយ​វគ្គសិក្សា សូម​ទុក​ពេល​ឲ្យ​ពួកគេ​ដើម្បី​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​នឹង​គាំទ្រ ឬ​រំឭក​គ្នា​ទៅ​វិញ​ទៅ​មក​ពីមុន​ថ្នាក់​បន្ទាប់ ។

ពេលក្រោយ

អ្នកដឹកនាំ​ការពិភាក្សា ៖ ប្រសិនបើ​អ្នក​ត្រៀម​ខ្លួន​រួចរាល់ដើម្បី​បង្រៀន មេរៀន​ទី ១១ នៅ​ក្នុង​ថ្នាក់​បន្ទាប់ សូម​ពិចារណា​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​សិក្សា ជំពូក​ទី ១១ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ក្នុង​ការរៀបចំ ។ អ្នក​ក៏​អាច​ផ្ញើ​ការរំឭក​ឲ្យ​ពួកគេ​ផងដែរ ។