មេរៀនទី ៦
អនុវត្តការបង្រៀន
ជំនួយសម្រាប់ការបង្រៀនមេរៀនមកពីជំពូកទី ៣ នៃ ប្រកាសដំណឹងល្អរបស់យើង
ការផ្តល់ឱកាសបង្រៀនម្តងហើយម្តងទៀតដល់សមាជិកក្នុងថ្នាក់ អាចបង្កើនទំនុកចិត្ត និងសមត្ថភាពរបស់ពួកគេក្នុងការចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ វាក៏អាចពង្រឹងទីបន្ទាល់របស់ពួកគេអំពីព្រះអង្គសង្គ្រោះ និងគោលលទ្ធិរបស់ទ្រង់ផងដែរ ។
របៀបប្រើមេរៀននេះ
អ្នកដឹកនាំការពិភាក្សា ៖ មេរៀននេះផ្តល់នូវយោបល់ដើម្បីជួយសិស្ស សិក្សា និងបង្រៀនសេចក្តីពិតចេញពី ជំពូកទី ៣ នៃ ប្រកាសដំណឹងល្អរបស់យើង ។ ពេលអ្នកកំណត់ពីរបៀប និងពេលណាដែលត្រូវប្រើគំនិតនៅក្នុងមេរៀននេះ សូមពិចារណានូវចំណុចដូចខាងក្រោម ៖
-
ភាពញឹកញាប់ ៖ សមាជិកក្នុងថ្នាក់នឹងទទួលបានអត្ថប្រយោជន៍មកពីឱកាសបង្រៀនម្តងហើយម្តងទៀតពេញមួយវគ្គសិក្សា ។
-
ឧទាហរណ៍ ៖ មុនពេលអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យបង្រៀន សូមបង្ហាញពួកគេនូវឧទាហរណ៍នៃអ្វីដែលពួកគេត្រូវបានស្នើសុំឲ្យធ្វើ ។ ឧទាហរណ៍ អ្នកអាច ( ១ ) បង្ហាញពីរបៀបបង្រៀនសេចក្តីពិត ឬ ( ២ ) ប្រើមេរៀនគំរូខ្លីៗមកពី « បង្រៀននៅពេលអ្នកស្វែងរក » ( ប្រកាសដំណឹងល្អរបស់យើង ទំព័រ ១៧៥–១៧៦ ) ។
-
បរិយាកាស ៖ សូមប្រាកដថា មនុស្សម្នាក់ៗមាននរណាម្នាក់ដើម្បីបង្រៀន ។ សូមប្រាកដថា ពួកគេនៅទល់មុខគ្នាជាមួយដៃគូ ឬក្រុមរបស់ពួកគេ ហើយមនុស្សគ្រប់គ្នាអាចស្តាប់ឭគ្នាទៅវិញទៅមក ។ លើកទឹកចិត្តសិស្សឲ្យគោរពមិត្តភក្តិដែលកំពុងបង្រៀនពួកគេ ។
-
ការធ្វើម្តងទៀត ៖ ព្យាយាមផ្តល់ឱកាសឲ្យសិស្សបង្រៀនសេចក្តីពិតដូចគ្នាជាច្រើនដងនៅម៉ោងរៀនក្នុងថ្នាក់ ។ ធ្វើបែបនេះនឹងជួយពួកគេកែតម្រូវ និងកែលម្អ ។ អ្នកអាចចាត់តាំងពួកគេឲ្យបង្រៀនមនុស្សផ្សេងៗគ្នាជារៀងរាល់ពេល ។
-
ការសម្របខ្លួន ៖ យូរៗទៅ អ្នកអាចជួយសិស្សផ្តោតលើជំនាញបង្រៀនកាន់តែច្បាស់ ដូចជាការបង្រៀនជាមួយដៃគូ ការអញ្ជើញប្រកបដោយប្រសិទ្ធភាព ឬសួរសំណួរល្អៗ ។ សម្រាប់យោបល់នៃជំនាញបន្ថែមដែលអ្នកអាចបញ្ចូលបាន សូមមើលការអនុវត្តជំនាញនៅចុងបញ្ចប់នៃសៀវភៅសិក្សានេះ ។
គំនិតដើម្បីជួយសមាជិកក្នុងថ្នាក់អនុវត្តការបង្រៀន
អ្នកដឹកនាំការពិភាក្សា ៖ ការណែនាំដល់ការបង្រៀនខាងក្រោមត្រូវបានរចនាឡើង ដើម្បីជួយសិស្សចាប់ផ្តើមជំហានដំបូងក្នុងការក្លាយជាគ្រូបង្រៀនប្រកបដោយប្រសិទ្ធភាព ។
សេចក្តីសង្ខេបខ្លីៗ
អ្នកដឹកនាំការពិភាក្សា ៖ នេះគឺជាជម្រើសដ៏លឿន និងសាមញ្ញបំផុត ។ សិស្សអាចរៀបចំ និងបង្រៀនសេចក្តីសង្ខេបខ្លីៗនៃប្រធានបទដំណឹងល្អក្នុងរយៈពេលត្រឹមតែពីរបីនាទីប៉ុណ្ណោះ ។ ពួកគេអាចធ្វើដូច្នេះម្តងម្កាលនៅមុនចាប់ផ្តើមថ្នាក់ មុនពេលអ្នកចាប់ផ្តើមមេរៀនដែលបានកំណត់កាលវិភាគរបស់អ្នក ។
ដើម្បីជួយសមាជិកក្នុងថ្នាក់រៀបចំសេចក្តីសង្ខេបខ្លីៗ សូមបង្ហាញការណែនាំដូចខាងក្រោម ៖
-
ស្វែងរកផ្នែកដែលមានចំណងជើងថា « មូលដ្ឋានគ្រឹះនៃគោលលទ្ធិ » នៅក្នុងមេរៀនទី ១, ២ ឬ ៣ មកពីជំពូកទី ៣ នៃ ប្រកាសដំណឹងល្អរបស់យើង ( ទំព័រ ៣៣–៤៤, ៥០–៦០, ៦៤–៧៤ ) ។
-
ជ្រើសរើសប្រធានបទមួយនៅក្នុងផ្នែកនេះដែលអ្នកចង់សិក្សា ។ ចំណាយពេលពីរបីនាទីដើម្បីសិក្សា និងយល់ពីប្រធានបទនេះ ។
-
ចែកចាយសេចក្តីសង្ខេបពីមួយទៅពីរនាទីអំពីប្រធានបទរបស់អ្នកជាមួយដៃគូ ឬក្រុមតូចមួយ ។
គម្រោងមេរៀនសាមញ្ញ
អ្នកដឹកនាំការពិភាក្សា ៖ ជម្រើសនេះផ្តល់ឲ្យសិស្សនូវឱកាស ដើម្បីបញ្ចូលសមាសធាតុបន្ថែមទៅក្នុងការបង្រៀនរបស់ពួកគេ ។ សមាសធាតុទាំងនេះរួមមានការចែកចាយបទគម្ពីរដែលទាក់ទង ការផ្តល់ការអញ្ជើញ និងការចែកចាយទីបន្ទាល់របស់ពួកគេ ។
-
ស្វែងរកផ្នែកដែលមានចំណងជើងថា « មូលដ្ឋានគ្រឹះនៃគោលលទ្ធិ » នៅក្នុងមេរៀនទី ១, ២ ឬ ៣ មកពីជំពូកទី ៣ នៃ ប្រកាសដំណឹងល្អរបស់យើង ( ទំព័រ ៣៣–៤៤, ៥០–៦០, ៦៤–៧៤ ) ។
-
ជ្រើសរើសប្រធានបទមួយនៅក្នុងផ្នែកនេះដែលអ្នកចង់សិក្សា ។ បង្កើនការយល់ដឹងរបស់អ្នកអំពីប្រធានបទនេះដោយ ( ១ ) អានផ្នែករង និងគូសបញ្ជាក់ពីអ្វីដែលអ្នករកឃើញថាសំខាន់បំផុត និង ( ២ ) ការសិក្សាបទគម្ពីរមួយចំនួននៅក្នុងប្រអប់ « ការសិក្សាព្រះគម្ពីរ » ។
-
បង្កើតគម្រោងសាមញ្ញមួយដែលមាន ៖
-
សេចក្តីសង្ខេបខ្លីៗពីអ្វីដែលអ្នកបានរៀន ។
-
ព្រះគម្ពីរដែលជាប់ពាក់ព័ន្ធដើម្បីចែកចាយ ។
-
ការអញ្ជើញដែលអ្នកអាចធ្វើ ។
-
ទីបន្ទាល់របស់អ្នក ។
-
ប្រើប្រាស់គម្រោងរបស់អ្នកដើម្បីបង្រៀនដៃគូអំពីប្រធានបទដែលអ្នកបានសិក្សា ។
-
បង្រៀនសេចក្តីពិតពីរ ឬច្រើន
អ្នកដឹកនាំការពិភាក្សា ៖ ជម្រើសនេះអនុញ្ញាតឲ្យសិស្សបង្រៀនសេចក្តីពិតពីរ ឬច្រើននៅក្នុងមេរៀនខ្លីមួយ ។ ដើម្បីជួយពួកគេបំពេញជម្រើសនេះ សូមចែកចាយសំណៅចែកដែលមានចំណងជើងថា « សេចក្តីណែនាំសម្រាប់ការរៀបចំ និងការបង្រៀនមេរៀនខ្លីមួយ » ។
សេចក្តីណែនាំសម្រាប់ការរៀបចំ និងការបង្រៀនមេរៀនខ្លីមួយ
តើមេរៀនមួយណាខាងក្រោមនេះមកពីជំពូកទី ៣ នៃប្រកាសដំណឹងល្អរបស់យើង ដែលអ្នកនឹងបង្រៀន ? ( ជ្រើសរើសយកមួយ ) ។
-
____ មេរៀនទី ១ ៖ សារលិខិតនៃការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
-
____ មេរៀនទី ២ ៖ ផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌
-
____ មេរៀនទី ៣ ៖ ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
ចូលទៅកាន់ផ្នែក « មូលដ្ឋានគ្រឹះនៃគោលលទ្ធិ » នៃមេរៀនដែលអ្នកបានជ្រើសរើស ។ មើលចំណងជើងដែលមានអក្សរដិត ។ ជ្រើសរើសយ៉ាងហោចណាស់ប្រធានបទពីរដែលអ្នកចង់អនុវត្តការបង្រៀននោះ ។ តើអ្នកជ្រើសរើសយកចំណងជើងមួយណា ?
ដើម្បីជួយអ្នករៀបចំ សូមពិចារណាពីនរណាម្នាក់ដែលអ្នកស្គាល់ ដែលអាចទទួលបានពរជ័យដោយសារសេចក្តីពិតដែលអ្នកចង់បង្រៀន ។ សូមសរសេរសំណួរ កង្វល់ ឬតម្រូវការដែលបុគ្គលនេះមានដែលមេរៀនរបស់អ្នកអាចដោះស្រាយបាន ។
រៀបចំ និងសង្ខេបអ្វីដែលអ្នកនឹងបង្រៀន ។ រៀបចំមេរៀនមួយដែលអ្នកអាចបង្រៀនក្នុងរយៈពេលប្រាំទៅប្រាំពីរនាទី ។ សូមពិចារណាធ្វើដូចខាងក្រោម ៖ ( ១ ) ស្វែងរកខគម្ពីរយ៉ាងហោចណាស់មួយដែលអ្នកនឹងចែកចាយ ។ ( ២ ) កត់ត្រាសំណួរយ៉ាងហោចណាស់មួយដែលអ្នកនឹងសួរ ។ ( ៣ ) គិតពីបទពិសោធន៍ ឬឧទាហរណ៍ដែលអ្នកអាចចែកចាយ ។ ( ៤ ) ពិចារណាពីពេលដែលអ្នកអាចថ្លែងទីបន្ទាល់របស់អ្នក ។ ( ៥ ) កត់ត្រាការអញ្ជើញដែលអ្នកអាចធ្វើ ។
រៀបចំសរសេរគម្រោងរបស់អ្នកនៅលើចន្លោះខាងក្រោម និងខាងក្រោយនៃទំព័រនេះ ។ នៅពេលអ្នកបង្រៀន សូមកុំបារម្ភអំពីការបញ្ចប់អ្វីៗគ្រប់យ៉ាង ។ បង្រៀនចេញពីដួងចិត្តរបស់អ្នក ដោយប្រើពាក្យផ្ទាល់ខ្លួនរបស់អ្នក ។
គិតពិចារណា
អ្នកដឹកនាំការពិភាក្សា ៖ បន្ទាប់ពីសមាជិកក្នុងថ្នាក់បានអនុវត្តការបង្រៀន សូមពិចារណាពិភាក្សាអំពីបទពិសោធន៍របស់ពួកគេ ។ អ្នកអាចនឹងសួរសំណួរដូចខាងក្រោម ៖
-
តើអ្នកបានរៀនអ្វីខ្លះចេញពីដំណើរការនៃការរៀបចំ និងការបង្រៀននេះ ?
-
តើអ្នកបានសិក្សា និងបង្រៀនអំពីអ្វីដែលមានអត្ថន័យបំផុតសម្រាប់អ្នក ? ហេតុអ្វី ?
-
តើអ្នកចង់កែលម្អយ៉ាងដូចម្តេចក្នុងនាមជាគ្រូបង្រៀន ?
ដាក់គោលដៅមួយ
អ្នកដឹកនាំការពិភាក្សា ៖ សូមទុកពេលឲ្យសមាជិកក្នុងថ្នាក់ជញ្ជឹងគិតពីអ្វីដែលពួកគេបានរៀននៅថ្ងៃនេះ និងដាក់គោលដៅ ។ អ្នកអាចបង្ហាញសេចក្តីណែនាំខាងក្រោមនេះដើម្បីជួយពួកគេ ៖
ដាក់គោលដៅទាក់ទងនឹងអ្វីដែលអ្នកបានសិក្សារួចហើយ ។ សូមប្រើប្រាស់គំនិតខាងក្រោមនេះ ឬគិតអំពីគំនិតរបស់អ្នកផ្ទាល់ ។
-
បង្រៀនសេចក្តីពិតដែលអ្នកបានរៀបចំ និងបានបង្រៀនថ្ងៃនេះទៅកាន់នរណាម្នាក់នៅខាងក្រៅថ្នាក់ ។
-
ជ្រើសរើសយកមេរៀនមួយ ឬច្រើននៅក្នុងជំពូកទី ៣ នៃ ប្រកាសដំណឹងល្អរបស់យើង ដើម្បីសិក្សាបន្ថែម ។
គោលដៅរបស់ខ្ញុំ
-
ខ្ញុំនឹង … ( សកម្មភាពដែលអ្នកនឹងធ្វើ ) ។
-
ខ្ញុំនឹងសម្រេចគោលដៅរបស់ខ្ញុំដោយ … ( ផែនការសាមញ្ញមួយ ) ។
អ្នកដឹកនាំការពិភាក្សា ៖ ប្រសិនបើសិស្សមានក្រុមដើម្បីចែកចាយគោលដៅរបស់ពួកគេ សូមទុកពេលវេលាឲ្យពួកគេចែកចាយពីរបៀបដែលពួកគេនឹងគាំទ្រ ឬរំឭកគ្នាទៅវិញទៅមកពីមុនថ្នាក់បន្ទាប់ ។
ពេលក្រោយ
អ្នកដឹកនាំការពិភាក្សា ៖ ប្រសិនបើអ្នកត្រៀមខ្លួនរួចរាល់ដើម្បីសិក្សា មេរៀនទី ៧ នៅពេលក្រោយ សូមពិចារណាអញ្ជើញសិស្សឲ្យសិក្សា « ការអញ្ជើញឲ្យទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ » ពីជំពូកទី ៣ នៃ ប្រកាសដំណឹងល្អរបស់យើង ( ទំព័រ ២៨–២៩ ) ក្នុងការរៀបចំ ។ អ្នកក៏អាចផ្ញើការរំឭកឲ្យពួកគេផងដែរ ។