មេរៀនទី ៩
ប្រើអានុភាពនៃព្រះគម្ពីរមរមន
ប្រកាសដំណឹងល្អរបស់យើង ជំពូកទី ៥
« ព្រះគម្ពីរមរមនត្រូវបានប្រមូលផ្ដុំជាមួយនឹងព្រះវិញ្ញាណ គឺជាប្រភពដ៏មានឥទ្ធិពលបំផុតរបស់អ្នកក្នុងការផ្លាស់សាសនា » ( ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសក៍ចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ [ ឆ្នាំ២០២៣ ] ទំព័រ ១១៣ ) ។ ព្រះគម្ពីរមរមនថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និងជាឧបករណ៍មួយដែលព្រះបានរៀបចំឡើង ដើម្បីប្រមូលផ្តុំអ៊ីស្រាអែលនៅថ្ងៃចុងក្រោយ ។ នៅពេលយើងសិក្សាព្រះគម្ពីរមរមន និងអនុវត្តតាមការបង្រៀនរបស់ព្រះគម្ពីរនេះ នោះយើងអាចខិតទៅកាន់តែជិតព្រះ ។
ពិនិត្យមើល និង តាមដាន
អ្នកដឹកនាំការពិភាក្សា ៖ អញ្ជើញសិស្សឲ្យគិតអំពីកិច្ចខិតខំប្រឹងប្រែងថ្មីៗរបស់ពួកគេ ដើម្បីអនុវត្តអ្វីដែលពួកគេកំពុងរៀននៅក្នុងថ្នាក់នេះ ។ អ្នកអាចអញ្ជើញពួកគេឲ្យចែកចាយកិច្ចខិតខំប្រឹងប្រែងមួយចំនួនរបស់ពួកគេជាមួយដៃគូ ឬរួមគ្នាជាថ្នាក់ ។
ជម្រើសសកម្មភាពសិក្សា
អ្នកដឹកនាំការពិភាក្សា ៖ សូមជ្រើសរើសជម្រើស ការរៀនសូត្រ( នានា )ប្រកបដោយការអធិស្ឋាន ដែលនឹងមានអត្ថប្រយោជន៍បំផុតសម្រាប់ថ្នាក់របស់អ្នក ។ សូមប្រាកដថាទុកពេលវេលាឲ្យបានច្រើនសម្រាប់ការហាត់ និងការអនុវត្ត ។
ជម្រើស ក ៖ ហេតុអ្វីបានជាព្រះគម្ពីរមរមនគឺជាឧបករណ៍ដ៏សំខាន់ក្នុងការចែកចាយដំណឹងល្អ ?
សិក្សា
អ្នកដឹកនាំការពិភាក្សា ៖ សូមសួរសិស្សឲ្យគិតអំពីឧបករណ៍មួយដែលពួកគេប្រើជាញឹកញាប់ ។ អ្នកក៏អាចពិភាក្សាសំណួរដូចខាងក្រោមនេះផងដែរ ៖
-
តើឧបករណ៍នេះធ្វើឲ្យជីវិតរបស់អ្នកកាន់តែងាយស្រួលដោយរបៀបណា ?
-
តើព្រះបានប្រទានឲ្យយើងនូវឧបករណ៍អ្វីខ្លះ ដើម្បីធ្វើការងាររបស់ទ្រង់ ?
អ្នកដឹកនាំការពិភាក្សា ៖ សូមអញ្ជើញសមាជិកក្នុងថ្នាក់រៀនម្នាក់អានឲ្យឮៗ នូវកថាខណ្ឌទីមួយនៅក្នុងជំពូកទី ៥ នៃ ប្រកាសដំណឹងល្អរបស់យើង ( ទំព័រ ១១៣ ) ។ សូមឲ្យសិស្សធ្វើតាម ហើយរកមើលឧបករណ៍មួយដែលព្រះទ្រង់ប្រើដើម្បីជួយមនុស្សឲ្យមករកទ្រង់ ។ អ្នកក៏អាចប្រើសេចក្តីថ្លែងការណ៍ខាងក្រោមធ្វើជាផ្នែកមួយនៃការពិភាក្សានេះផងដែរ ។
អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀនថា ៖
ព្រះគម្ពីរមរមនគឺជាសក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ហើយជាឧបករណ៍ដ៏អស្ចារ្យនៃការប្រែចិត្តជឿនៅថ្ងៃចុងក្រោយនេះ ។ ( « ដោយព្រះចេស្ដានៃព្រះដោយសិរីល្អដ៏អស្ចារ្យ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ២៨–៣០ )
អែលឌើរ អូលីសេស សូរ៉េសបានថ្លែងទីបន្ទាល់ថា ៖
ព្រះគម្ពីរមរមនគឺជាឧបករណ៍របស់ព្រះ ដើម្បីនាំមកនូវការប្រមូលផ្ដុំនៃអ៊ីស្រាអែលនៅក្នុងជំនាន់របស់យើង ហើយជួយមនុស្សឲ្យមកស្គាល់ព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ។ ( « The Coming Forth of the Book of Mormon » Liahona ខែឧសភា ឆ្នាំ២០២០ ទំព័រ ៣៣ )
អ្នកដឹកនាំការពិភាក្សា ៖ សូមពិចារណាសរសេរប្រយោគដែលមិនពេញលេញដូចខាងក្រោមនៅលើក្តារខៀន ៖ ព្រះគម្ពីរមរមនគឺជាឧបករណ៍ដ៏សំខាន់បំផុតមួយ សម្រាប់ការចែកចាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ពីព្រោះ …
អញ្ជើញសិស្សឲ្យបញ្ចប់ប្រយោគនេះ ។ សូមសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។ បន្ទាប់មក សូមចែកចាយសេចក្តីណែនាំដូចខាងក្រោម ៖
ជ្រើសរើសផ្នែកមួយមកពី ជំពូកទី ៥ នៃ ប្រកាសដំណឹងល្អរបស់យើង ( ទំព័រ ១១៣–១២២ ) ដើម្បីសិក្សា ។ នៅពេលដែលអ្នកអានជំពូកនេះ សូមរកមើលហេតុផលបន្ថែមទៀត ដែលព្រះគម្ពីរមរមន គឺជាឧបករណ៍ដ៏សំខាន់មួយ ឬជាគ្រឿងសម្រាប់ការចែកចាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ។
អ្នកដឹកនាំការពិភាក្សា ៖ បន្ទាប់ពីសិស្សបានបញ្ចប់ការសិក្សារួចរាល់ហើយ សូមអញ្ជើញពួកគេឲ្យចែកចាយរបៀបបន្ថែមដែលពួកគេអាចបំពេញប្រយោគនេះនៅលើក្តារខៀន ។ សិស្សក៏អាចពិភាក្សាអំពីសំណួរមួយ ឬទាំងពីរខាងក្រោមផងដែរ ។ ប្រសិនបើពួកគេលើកឡើងពីខគម្ពីរជាក់លាក់ណាមួយមកពីព្រះគម្ពីរមរមននៅក្នុងចម្លើយរបស់ពួកគេចំពោះសំណួរណាមួយ សូមពិចារណាអានខគម្ពីរទាំងនេះជាមួយគ្នាជាថ្នាក់ ។
-
តើអ្នកមានបទពិសោធន៍អ្វីខ្លះក្នុងការចែកចាយសេចក្តីពិតចេញពីព្រះគម្ពីរមរមនជាមួយមនុស្សដទៃ ?
-
តើអ្នកបានមើលឃើញសេចក្តីពិតនៃព្រះគម្ពីរមរមនជួយអ្នក ឬមនុស្សដទៃឲ្យមកជិតព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
អ្នកដឹកនាំការពិភាក្សា ៖ សូមពិចារណាចែកចាយចម្លើយផ្ទាល់ខ្លួនរបស់អ្នកចំពោះសំណួរមុនៗ ។ អ្នកក៏អាចបង្ហាញវីដេអូ « Shaquille’s Story about the Book of Mormon ផងដែរ ( នៅនាទី ១:២៨ នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមពិភាក្សាអំពីរបៀបដែលព្រះគម្ពីរមរមនបានជួយឆ្លើយសំណួរ និងការប្រែចិត្តជឿរបស់គាត់ទៅលើព្រះយេស៊ូវគ្រីស្ទ ។
អនុវត្ត
អ្នកដឹកនាំការពិភាក្សា ៖ សូមពន្យល់ថា ហេតុផលមួយដែលព្រះគម្ពីរមរមនគឺជាធនធានដ៏សំខាន់មួយសម្រាប់ការចែកចាយដំណឹងល្អគឺថា វាមាននូវចម្លើយចំពោះសំណួរសំខាន់ៗដ៏អស់កល្បជានិច្ច ។ សកម្មភាពខាងក្រោមអាចជួយសិស្សអនុវត្តការប្រើប្រាស់ព្រះគម្ពីរមរមនដើម្បីស្វែងរក និងចែកចាយចម្លើយចំពោះសំណួរទាំងនេះ ។ សូមដាក់បង្ហាញសេចក្តីណែនាំដូចខាងក្រោម ៖
-
ស្វែងរកផ្នែកដែលមានចំណងជើងថា « ព្រះគម្ពីរមរមន ដោះស្រាយសំណួរនៃព្រលឹង » នៅក្នុងជំពូកទី ៥ នៃ ប្រកាសដំណឹងល្អរបស់យើង ( ទំព័រ ១១៧–១១៨ ) ។
-
ជ្រើសរើសសំណួរមួយមកពីផ្នែកដែលអ្នកចង់ផ្តោតលើ ។
-
អានបទគម្ពីរដែលពាក់ព័ន្ធ ហើយគិតអំពីរបៀបដែលបទគម្ពីរទាំងនោះអាចជួយឆ្លើយសំណួរដែលអ្នកបានជ្រើសរើស ។
-
សូមរៀបចំចែកចាយខគម្ពីរមួយដែលអ្នកបានសិក្សា និងពន្យល់ពីរបៀបដែលវាឆ្លើយសំណួរ ។
អ្នកដឹកនាំការពិភាក្សា ៖ សូមបែងចែកសិស្សក្នុងថ្នាក់ជាដៃគូ ។ អញ្ជើញសមាជិកក្នុងថ្នាក់រៀនម្នាក់ៗឲ្យចែកចាយអ្វីដែលពួកគេបានរៀបចំសម្រាប់ជំហានទី ៤ ជាមួយដៃគូរបស់ពួកគេ ។ បន្ទាប់ពីដៃគូបញ្ចប់ការបង្រៀនគ្នាទៅវិញទៅមកហើយ អ្នកអាចពិចារណាចាត់ចែងពួកគេជាមួយដៃគូផ្សេងទៀត ដូច្នេះពួកគេអាចអនុវត្តការបង្រៀនម្តងទៀត ។
សម្រាប់ការអនុវត្តបន្ថែម អ្នកអាចប្រើ ការអនុវត្តជំនាញទី ១ ៖ « ណែនាំព្រះគម្ពីរមរមនដល់មនុស្ស » ។
ដាក់គោលដៅមួយ
អ្នកដឹកនាំការពិភាក្សា ៖ សូមទុកពេលឲ្យសមាជិកក្នុងថ្នាក់រៀនដើម្បីជញ្ជឹងគិតពីអ្វី ដែលពួកគេបានរៀននៅថ្ងៃនេះ និងដាក់គោលដៅ ។ របៀបមួយដែលអ្នកអាចធ្វើបានគឺដោយចែកចាយសេចក្តីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ៉ូណល អេ រ៉ាសបាន និងការអញ្ជើញខាងក្រោមនោះ ៖
ខ្ញុំសូមអញ្ជើញបងប្អូននៅថ្ងៃនេះ ឲ្យជូនព្រះគម្ពីរមរមនទៅមិត្តភក្ដិ និងគ្រួសារ មិត្តភក្តិធ្វើការជាមួយគ្នា គ្រូបង្វឹកបាល់ទាត់ ឬអ្នកលក់ដូរនៅផ្សាររបស់បងប្អូន ។ ពួកគាត់ត្រូវការព្រះបន្ទូលនៃព្រះអម្ចាស់ដែលមាននៅក្នុងព្រះគម្ពីរនេះ ។ ពួកគាត់ត្រូវការចម្លើយចំពោះសំណួរជីវិតប្រចាំថ្ងៃ និងជីវិតដ៏អស់កល្បជានិច្ចនាពេលខាងមុខ ។ ពួកគាត់ត្រូវតែស្គាល់ផ្លូវនៃសេចក្ដីសញ្ញាដែលលាតសន្ធឹងនៅចំពោះមុខពួកគាត់ និងសេចក្ដីស្រឡាញ់ដ៏ឋិតថេររបស់ព្រះអម្ចាស់ចំពោះពួកគាត់ ។ វាមានទាំងអស់នៅក្នុងព្រះគម្ពីរមរមន ។
នៅពេលបងប្អូនជូនព្រះគម្ពីរមរមនទៅពួកគាត់ បងប្អូនកំពុងបើកគំនិត និងដួងចិត្តរបស់ពួកគាត់ឲ្យទទួលយកព្រះបន្ទូលរបស់ព្រះហើយ ។ បងប្អូនមិនចាំបាច់យកព្រះគម្ពីរដែលបានបោះពុម្ពតាមខ្លួនបងប្អូននោះទេ ។ បងប្អូនគ្រាន់តែចែកចាយវាចេញពីទូរសព្ទដៃរបស់បងប្អូន ពីផ្នែកព្រះគម្ពីរក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អប៉ុណ្ណោះ ។ ( « ថ្ងៃនេះ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ ២៧ )
សូមពិចារណាដោយការអធិស្ឋានគិតអំពីនរណាម្នាក់ដែលអ្នកអាចចែកចាយព្រះគម្ពីរមរមនជាមួយ ។ សូមកំណត់ពីអ្វីដែលអ្នកអាចបង្រៀនពួកគេអំពីព្រះគម្ពីរមរមន និងពីអ្វីផ្សេងទៀតដែលអ្នកអាចនិយាយ ។ សូមកត់ត្រាផែនការរបស់អ្នក ។
គោលដៅរបស់ខ្ញុំ
-
ខ្ញុំនឹង … ( សកម្មភាពដែលអ្នកនឹងធ្វើ ) ។
-
ខ្ញុំនឹងសម្រេចគោលដៅរបស់ខ្ញុំដោយ … ( ផែនការសាមញ្ញមួយ ) ។
អ្នកដឹកនាំការពិភាក្សា ៖ ប្រសិនបើសិស្សមានក្រុមមិត្តភក្តិដើម្បីចែកចាយគោលដៅរបស់ពួកគេពេញមួយវគ្គសិក្សា សូមទុកពេលឲ្យពួកគេដើម្បីចែកចាយពីរបៀបដែលពួកគេនឹងគាំទ្រ ឬរំឭកគ្នាទៅវិញទៅមកពីមុនថ្នាក់បន្ទាប់ ។
ជម្រើស ខ ៖ តើព្រះគម្ពីរមរមនអាចជួយខ្ញុំ និងមនុស្សដទៃទៀតឲ្យខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
សិក្សា
អ្នកដឹកនាំការពិភាក្សា ៖ សូមអញ្ជើញសមាជិកម្នាក់ក្នុងថ្នាក់រៀនអានឲ្យឮៗនូវសេចក្តីថ្លែងការណ៍ខាងក្រោមដោយប្រធាន រ័សុល អិម ណិលសុន ។ បន្ទាប់មកសូមទុកពេលឲ្យសិស្សដើម្បីពិចារណាពីរបៀបដែលពួកគេនឹងឆ្លើយសំណួររបស់ប្រធាន ណិលសុន ដោយផ្ទាល់ ។
បងប្អូនប្រុសស្រីរបស់ខ្ញុំអើយ តើព្រះគម្ពីរមរមន មាន តម្លៃប៉ុនណាចំពោះបងប្អូន ? បើគេឲ្យពេជ្រ ឬត្បូងទទឹមដល់បងប្អូន ឬ ព្រះគម្ពីរមរមនដល់បងប្អូន តើបងប្អូននឹងរើសយកមួយណា ? និយាយដោយស្មោះ តើមួយណា មាន តម្លៃច្រើនជាងចំពោះបងប្អូន ? ( « The Book of Mormon: What Would Your Life Be Like without It? » Liahona ខែវិច្ឆិកា ឆ្នាំ២០១៧ ទំព័រ ៦១ )
-
តើអ្វីទៅដែលធ្វើឲ្យព្រះគម្ពីរមរមនមានតម្លៃជាងរបស់ដែលមានតម្លៃ ដូចជា ពេជ្រ ឬត្បូងទទឹមនោះ ?
អ្នកដឹកនាំការពិភាក្សា ៖ សម្រាប់សកម្មភាពសិក្សាខាងក្រោម អ្នកអាចអញ្ជើញសិស្សពាក់កណ្តាលថ្នាក់ឲ្យសិក្សាផ្នែក« ព្រះគម្ពីរមរមនថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ » និងពាក់កណ្តាលទៀតសិក្សាផ្នែក« ព្រះគម្ពីរមរមនជួយយើងឲ្យខិតទៅជិតព្រះ » ។
សូមអានផ្នែកដែលមានចំណងជើងថា « ព្រះគម្ពីរមរមនថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ » និង« ព្រះគម្ពីរមរមនជួយយើងឲ្យខិតទៅជិតព្រះ » នៅក្នុងជំពូកទី ៥ នៃ ប្រកាសដំណឹងល្អរបស់យើង ( ទំព័រ ១១៥ ១១៧ ) ។ សូមរកមើល និងគូសបញ្ជាក់យ៉ាងហោចណាស់បីប្រយោគ ដែលពិពណ៌នាអំពីមូលហេតុដែលព្រះគម្ពីរមរមនមានតម្លៃ ។
អ្នកដឹកនាំការពិភាក្សា ៖ សូមបែងចែកសិស្សក្នុងថ្នាក់ជាដៃគូ ។ ត្រូវប្រាកដថា សមាជិកក្នុងថ្នាក់ម្នាក់ៗបានសិក្សាផ្នែកផ្សេងពីដៃគូរបស់ពួកគេបានសិក្សា ។ សូមអញ្ជើញសិស្សឲ្យចែកចាយជាមួយដៃគូរបស់ពួកគេប្រយោគបីដែលពួកគេបានគូសបន្ទាត់ពីក្រោម និងពន្យល់ពីមូលហេតុដែលពួកគេមានអារម្មណ៍ថាប្រយោគទាំងនោះមានសារៈសំខាន់ ។
បន្ទាប់ពីដៃគូបានបញ្ចប់ការបង្រៀនគ្នាទៅវិញទៅមកហើយ អ្នកអាចអានខគម្ពីរមួយចំនួនចេញពីប្រអប់ « ការសិក្សាព្រះគម្ពីរ » នៅ ទំព័រ ១១៦ ( ក្រោមចំណងជើងថា « ព្រះគម្ពីរមរមនថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ » ) ។ អ្នកក៏អាចពិភាក្សាផងដែរនូវសំណួរដូចខាងក្រោម ៖
-
តើការសិក្សាព្រះគម្ពីរមរមន និងការអនុវត្តតាមការបង្រៀនរបស់ព្រះគម្ពីរនេះ បានជួយអ្នកឲ្យកាន់តែខិតជិតព្រះដោយរបៀបណា ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទចេញមកពីការសិក្សាព្រះគម្ពីរមរមនរបស់អ្នក ?
-
តើការអានព្រះគម្ពីរមរមនបានមានឥទ្ធិពលទៅលើទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
អនុវត្ត
អ្នកដឹកនាំការពិភាក្សា ៖ សូមទុកពេលឲ្យសិស្សដើម្បីអនុវត្តការស្វែងរក និងចែកចាយវគ្គបទគម្ពីរមកពីព្រះគម្ពីរមរមន ដែលថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចណែនាំសកម្មភាពអនុវត្តនេះដោយការបង្ហាញវីដេអូ « Book of Mormon Experiment Honolulu » ( នៅនាទី ២:៣៥ នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមពិចារណាបង្ហាញការណែនាំខាងក្រោម ៖
ស្វែងរកខគម្ពីរនៅក្នុងព្រះគម្ពីរមរមនដែលថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចរកឃើញខទាំងឡាយចេញពីជំពូកដែលបានរាយបញ្ជីនៅក្នុងប្រអប់ « ការសិក្សាផ្ទាល់ខ្លួន ឬជាដៃគូ » នៅក្នុងជំពូកទី ៥ នៃ ប្រកាសដំណឹងល្អរបស់យើង ( ទំព័រ ១១៦–១១៧ នៅក្រោមចំណងជើង « ព្រះគម្ពីរមរមនថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ » ) ។ ឬអ្នកអាចស្វែងរកខគម្ពីរផ្សេងទៀតដោយខ្លួនឯង ។
សម្រាប់វគ្គបទគម្ពីរនីមួយៗដែលអ្នករកឃើញ សូមកត់ត្រាចម្លើយរបស់អ្នកចំពោះសំណួរទាំងនេះ ៖
-
តើវគ្គបទគម្ពីរនេះបង្រៀនខ្ញុំអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?
-
តើការដឹងដំណើររឿងនេះអំពីព្រះយេស៊ូវគ្រីស្ទអាចមានឥទ្ធិពលលើខ្ញុំ និងមនុស្សដទៃទៀតដោយរបៀបណា ?
អ្នកដឹកនាំការពិភាក្សា ៖ បែងចែកសិស្សជាក្រុមតូចៗ ។ អញ្ជើញសមាជិកក្រុមនីមួយៗឲ្យចែកចាយវគ្គបទគម្ពីរមួយ ឬ ពីរ ដែលពួកគេបានរកឃើញ ជាមួយសមាជិកផ្សេងទៀតក្នុងក្រុមរបស់ពួកគេ ។ សូមអញ្ជើញពួកគេឲ្យចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរទាំងពីរខាងលើផងដែរ ។
ដាក់គោលដៅមួយ
អ្នកដឹកនាំការពិភាក្សា ៖ ផ្តល់ពេលវេលាឲ្យសមាជិកក្នុងថ្នាក់ជញ្ជឹងគិតពីអ្វីដែលពួកគេបានរៀន និងដាក់គោលដៅ ។ អ្នកអាចបង្ហាញសេចក្តីណែនាំខាងក្រោមនេះដើម្បីជួយពួកគេ ៖
ដាក់គោលដៅទាក់ទងនឹងអ្វីដែលអ្នកបានសិក្សារួចហើយ ។ សូមប្រើប្រាស់គំនិតខាងក្រោមនេះ ឬគិតអំពីគំនិតរបស់អ្នកផ្ទាល់ ។
-
សិក្សាព្រះគម្ពីរមរមនជារៀងរាល់ថ្ងៃ ។ យកចិត្តទុកដាក់យ៉ាងពិសេសចំពោះអ្វីដែលអ្នករៀនអំពីព្រះយេស៊ូវគ្រីស្ទ ។
-
សូមចែកចាយខគម្ពីរចេញពីព្រះគម្ពីរមរមនដែលមានអត្ថន័យយ៉ាងពិសេសចំពោះអ្នក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬជាមួយនរណាម្នាក់ដែលអ្នកស្គាល់ ។ សូមពន្យល់ពីមូលហេតុដែលអ្នកជ្រើសរើសដើម្បីចែកចាយខនេះ ។
-
សូមស្វែងយល់ពីលក្ខណៈពិសេសនៅក្នុងកម្មវិធី ព្រះគម្ពីរមរមន ( ឧទាហរណ៍ សំឡេង ភាសា ការទាក់ទងជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ) ។ សូមចែកចាយកម្មវិធីព្រះគម្ពីរមរមនជាមួយនរណាម្នាក់ ។
គោលដៅរបស់ខ្ញុំ
-
ខ្ញុំនឹង … ( សកម្មភាពដែលអ្នកនឹងធ្វើ ) ។
-
ខ្ញុំនឹងសម្រេចគោលដៅរបស់ខ្ញុំដោយ … ( ផែនការសាមញ្ញមួយ ) ។
អ្នកដឹកនាំការពិភាក្សា ៖ ប្រសិនបើសិស្សមានក្រុមមិត្តភក្តិដើម្បីចែកចាយគោលដៅរបស់ពួកគេពេញមួយវគ្គសិក្សា សូមទុកពេលឲ្យពួកគេដើម្បីចែកចាយពីរបៀបដែលពួកគេនឹងគាំទ្រ ឬរំឭកគ្នាទៅវិញទៅមកពីមុនថ្នាក់បន្ទាប់ ។
ជម្រើស គ ៖ តើព្រះគម្ពីរមរមន និងព្រះគម្ពីរប៊ីបគាំទ្រគ្នាទៅវិញទៅមកដោយរបៀបណា ?
សិក្សា
អ្នកដឹកនាំការពិភាក្សា ៖ សូមពិចារណាចាប់ផ្តើមសកម្មភាពរៀនសូត្រនេះ ដោយការចែកចាយសាច់រឿងដូចខាងក្រោម ៖
សូមនឹកស្រមៃថា អ្នកកំពុងតែមានការសន្ទនាអំពីជំនឿសាសនារបស់អ្នកជាមួយមិត្តភក្តិម្នាក់របស់អ្នកដែលមិនមែនជាសមាជិកសាសនាចក្រ ។ បន្ទាប់ពីបានដឹងថា អ្នកជឿលើព្រះគម្ពីរមរមន មិត្តភក្តិរបស់អ្នកសួរថា « តើហេតុអ្វីបានជាយើងត្រូវការមានព្រះគម្ពីរមរមន នៅពេលដែលយើងមានព្រះគម្ពីរប៊ីបរួចទៅហើយនោះ ? »
អ្នកដឹកនាំការពិភាក្សា ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលពួកគេអាចឆ្លើយតបទៅនឹងមិត្តភក្តិរបស់ពួកគេ ។ អ្នកក៏អាចស្នើសុំឲ្យពួកគេគិតថា តើពួកគេធ្លាប់ជួបប្រទះស្ថានភាពស្រដៀងគ្នានេះដែរឬទេ ។ បន្ទាប់មក សូមចែកចាយសេចក្តីណែនាំដូចខាងក្រោម ៖
សូមអានផ្នែកមួយនៅក្នុងជំពូកទី ៥ នៃ ប្រកាសដំណឹងល្អរបស់យើង ដែលមានចំណងជើងថា « ព្រះគម្ពីរមរមន និងព្រះគម្ពីរប៊ីបគាំទ្រគ្នាទៅវិញទៅមក » ( ទំព័រ ១១៨–១១៩ ) ។ សូមរកមើលការបង្រៀនដែលអាចជួយបុគ្គលដែលបានសួរសំណួរនៅក្នុងសាច់រឿងនេះ ។
អ្នកដឹកនាំការពិភាក្សា ៖ សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរកឃើញ ដែលអាចជួយមិត្តភក្តិរបស់ពួកគេចេញមកពីសាច់រឿងនេះ ។ ជាផ្នែកមួយនៃការពិភាក្សានេះ សិស្សអាចសិក្សាខគម្ពីរមួយចំនួនដែលបានរាយបញ្ជីនៅក្នុងផ្នែកដែលពួកគេបានសិក្សា ដូចជា អេសេគាល ៣៧:១៦–១៧ និង នីហ្វៃទី១ ១៣:៤០ ។ អ្នកក៏អាចសួរសំណួរដូចខាងក្រោមផងដែរ ៖
-
ហេតុអ្វីវាមានប្រយោជន៍ដើម្បីមានសាក្សីជាច្រើនអំពីព្រះយេស៊ូវគ្រីស្ទ ?
-
តើការសិក្សាព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនរួមគ្នាបានពង្រឹងសេចក្តីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
អនុវត្ត
អ្នកដឹកនាំការពិភាក្សា ៖ សូមផ្តល់ឱកាសដល់សិស្សដើម្បីអនុវត្តការស្វែងរកបទគម្ពីរចេញមកពីព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនដែលគាំទ្រគ្នាទៅវិញទៅមក ។ សូមពិចារណាបង្ហាញការណែនាំខាងក្រោម ៖
សូមស្វែងរកឧទាហរណ៍នៅក្នុងព្រះគម្ពីរដែលបង្ហាញពីរបៀបដែលព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនគាំទ្រគ្នាទៅវិញទៅមក ។ សូមជ្រើសរើសជម្រើសមួយ ឬច្រើនខាងក្រោម ដើម្បីជួយអ្នកធ្វើដូចនេះ ៖
-
សូមសិក្សាឧទាហរណ៍ដែលបានរាយបញ្ជីនៅក្នុងប្រអប់ « ការសិក្សាផ្ទាល់ខ្លួន ឬជាដៃគូ » នៅចុងបញ្ចប់នៃ « ព្រះគម្ពីរមរមន និងព្រះគម្ពីរប៊ីបគាំទ្រគ្នាទៅវិញទៅមក » នៅក្នុងជំពូកទី ៥ នៃ ប្រកាសដំណឹងល្អរបស់យើង ( ទំព័រ ១១៩ ) ។
-
ប្រើ Topical Guide ឬ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ដើម្បីស្វែងរកប្រធានបទដែលអ្នកចាប់អារម្មណ៍ ។ ស្វែងរកខគម្ពីរទាំងនៅក្នុងព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន ដែលត្រូវបានរាយបញ្ជីសម្រាប់ប្រធានបទនោះ ។
-
សូមស្វែងរកខគម្ពីរដែលអ្នកពេញចិត្តចេញមកពីព្រះគម្ពីរមរមន ។ សូមពិនិត្យមើលលេខយោងដើម្បីមើលថា តើមានខគម្ពីរមកពីព្រះគម្ពីរប៊ីបដែលបានរាយបញ្ជី អាចបង្កើនការយល់ដឹងរបស់អ្នកអំពីខគម្ពីរទាំងនេះឬទេ ។
អ្នកដឹកនាំការពិភាក្សា ៖ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យចែកចាយឧទាហរណ៍មួយចំនួនដែលពួកគេបានរកឃើញជាមួយដៃគូ ឬក្រុមតូចមួយ ។ អ្នកក៏អាចអញ្ជើញសិស្សពីរបីនាក់ដែលស្ម័គ្រចិត្ត ឲ្យចែកចាយអ្វីដែលពួកគេបានរកឃើញជាមួយសិស្សក្នុងថ្នាក់ផងដែរ ។
ដាក់គោលដៅមួយ
អ្នកដឹកនាំការពិភាក្សា ៖ ផ្តល់ពេលវេលាឲ្យសមាជិកក្នុងថ្នាក់ជញ្ជឹងគិតពីអ្វីដែលពួកគេបានរៀន និងដាក់គោលដៅ ។ អ្នកអាចបង្ហាញសេចក្តីណែនាំខាងក្រោមនេះដើម្បីជួយពួកគេ ៖
ដាក់គោលដៅទាក់ទងនឹងអ្វីដែលអ្នកបានសិក្សារួចហើយ ។ សូមប្រើប្រាស់គំនិតខាងក្រោមនេះ ឬគិតអំពីគំនិតរបស់អ្នកផ្ទាល់ ។
-
នៅពេលអ្នកសិក្សាព្រះគម្ពីរមរមន សូមមើលតាមលេខយោង និងស្វែងរកការយោងទៅបទគម្ពីរក្នុងព្រះគម្ពីរប៊ីបដែលមានទំនាក់ទំនងទៅនឹងអ្វីដែលអ្នកកំពុងរៀន ។
-
សូមសិក្សាដំណឹងល្អមួយក្នុងចំណោមដំណឹងល្អទាំងបួននៅក្នុង ព្រះគម្ពីរសញ្ញាថ្មី ( ម៉ាថាយ ម៉ាកុស លូកា ឬ យ៉ូហាន ) ។ នៅពេលអ្នកអាន សូមយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នករៀន និងទទួលបានអារម្មណ៍អំពីព្រះយេស៊ូវគ្រីស្ទ ។ សូមមើលតាមលេខយោង និងស្វែងរកការយោងទៅកាន់បទគម្ពីរក្នុងព្រះគម្ពីរមរមន ដែលទាក់ទងនឹងអ្វីដែលអ្នកកំពុងរៀន ។
គោលដៅរបស់ខ្ញុំ
-
ខ្ញុំនឹង … ( សកម្មភាពដែលអ្នកនឹងធ្វើ ) ។
-
ខ្ញុំនឹងសម្រេចគោលដៅរបស់ខ្ញុំដោយ … ( ផែនការសាមញ្ញមួយ ) ។
អ្នកដឹកនាំការពិភាក្សា ៖ ប្រសិនបើសិស្សមានក្រុមមិត្តភក្តិដើម្បីចែកចាយគោលដៅរបស់ពួកគេពេញមួយវគ្គសិក្សា សូមទុកពេលឲ្យពួកគេដើម្បីចែកចាយពីរបៀបដែលពួកគេនឹងគាំទ្រ ឬរំឭកគ្នាទៅវិញទៅមកពីមុនថ្នាក់បន្ទាប់ ។
ពេលក្រោយ
អ្នកដឹកនាំការពិភាក្សា ៖ ប្រសិនបើអ្នកត្រៀមខ្លួនរួចរាល់ដើម្បីបង្រៀន មេរៀនទី ១០ នៅក្នុងថ្នាក់បន្ទាប់ សូមពិចារណាអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យសិក្សា ជំពូកទី ៦ នៃ ប្រកាសដំណឹងល្អរបស់យើង ក្នុងការរៀបចំ ។ អ្នកក៏អាចផ្ញើការរំឭកឲ្យពួកគេផងដែរ ។