វគ្គសិក្សា​ដំណឹងល្អ
ការអនុវត្ត​ជំនាញ​ទី ៩ ៖ ប្រើប្រាស់​បច្ចេកវិទ្យា​ប្រកប​ដោយ​សេចក្តី​សុចរិត


ការអនុវត្ត​ជំនាញ​ទី ៩

ប្រើប្រាស់​បច្ចេកវិទ្យា​ប្រកប​ដោយ​សេចក្តី​សុចរិត

បុរស​ម្នាក់​កំពុង​មើល​ទូរសព្ទ​របស់​គាត់

ការប្រើប្រាស់​បច្ចេកវិទ្យា​អាច​ផ្ដល់​ឲ្យ​ទាំង​ឱកាស និង​បញ្ហា​ប្រឈម​នានា ។ តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ប្រកប​ដោយ​សេចក្តី​សុចរិត យើង​អាច​សម្រេច​គោលបំណង​របស់​ព្រះអម្ចាស់​បាន​កាន់​តែ​ប្រសើរ​ឡើង សម្រាប់​យើង​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា និង​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ។

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ព្យាយាម​និយាយ​ដោយ​សង្ខេប​នៅ​ក្នុង​ផ្នែក « កំណត់​និយមន័យ » និង « បង្ហាញ » ដើម្បី​សិស្ស​មាន​ពេល​ច្រើន​សម្រាប់​ការអនុវត្ត ។

កំណត់​និយមន័យ

អ្នកដឹកនាំ​ការពិភាក្សា ៖ ណែនាំ​ប្រធានបទ​សម្រាប់​ការអនុវត្ត​ជំនាញ​នេះ​ដោយ​ពន្យល់​ដូច​ខាង​ក្រោម ៖

ឧបករណ៍​អេឡិចត្រូនិច​ដូចជា ទូរសព្ទ និង​កុំព្យូទ័រ​អាច​ជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​ដើម្បី​បន្ត​កិច្ចការ​របស់​ព្រះអម្ចាស់ បង្កើន​ផលិតភាព​របស់​យើង និង​បង្កើត​ទំនាក់ទំនង​វិជ្ជមាន ។ វា​ក៏​មាន​ការល្បួង​ជា​ច្រើន​ដែល​ទាក់ទង​នឹង​ឧបករណ៍​ទាំងនេះ​ផង​ដែរ ។

សូម​អាន « តើ​អ្នក​គួរ​ធ្វើ​ដូចម្តេច ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​ទន់ខ្សោយ និង ងាយ​រង​ឥទ្ធិពល ? » នៅក្នុង​ជំពូកទី ២ នៃ ប្រកាស​ដំណឹងល្អ​របស់​យើង( [ ឆ្នាំ​២០២៣ ] ទំព័រ ២១–២២ ) ។ សូម​រក​មើល​គោលការណ៍​បី​ដែល​អាច​ជួយ​យើង​យក​ឈ្នះ​លើ​ការល្បួង ដែល​ទាក់ទង​នឹង​ការប្រើប្រាស់​បច្ចេកវិទ្យា ។

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ពិចារណា​សរសេរ​គោលការណ៍​ទាំងនេះ​នៅលើ​ក្ដារខៀន ៖

  • គោលការណ៍​ទី ១ ៖ សូម​ចាប់​អារម្មណ៍​ទៅលើ​គំនិត អារម្មណ៍ និង​ឥរិយាបថ​របស់​អ្នក ។

  • គោលការណ៍​ទី ២ ៖ ជ្រើសរើស​ធ្វើ​សកម្មភាព ។

  • គោលការណ៍​ទី ៣ ៖ រៀន ប្រែចិត្ត និង​កែលម្អ ។

ការបង្ហាញ

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ចែកចាយ​សាច់រឿង​ដូច​ខាង​ក្រោម ។ ពិភាក្សា​សំណួរ​ជាមួយ​គ្នា ដើម្បី​ជួយ​បង្ហាញ​ពី​របៀប​ដែល​គោលការណ៍​ទាំងបី​នេះ​អាច​ត្រូវ​បាន​ប្រើ​ក្នុង​ស្ថានភាព​ជីវិត​ពិតៗ ។

ជេមស៍​មាន​ហ្គេម​មួយ​ដែល​គាត់​ចូលចិត្ត​លេង​នៅ​លើ​ទូរសព្ទ​របស់​គាត់ ។ ជាធម្មតា គាត់​ដក​ទូរសព្ទ​របស់​គាត់​ចេញមក​ដើម្បី​លេង​ហ្គេម​ក្នុង​អំឡុង​ពេល​អាហារ​ពេលល្ងាច នៅ​ព្រះវិហារ ឬ​ពេល​នៅ​ក្នុង​ថ្នាក់រៀន​នៅឯ​សាលា ។

គោលការណ៍​ទី ១ ៖ សូម​ចាប់​អារម្មណ៍​ទៅលើ​គំនិត អារម្មណ៍ និង​ឥរិយាបថ​របស់​អ្នក ។

  • តើ​គំនិត ឬ​អារម្មណ៍​អ្វីខ្លះ​ដែល​អាច​បណ្តាល​ឲ្យ​ជេមស៍​ធ្វើ​បែប​នេះ ?

  • តើ​អ្វីខ្លះ​ដែល​សំខាន់​សម្រាប់​គាត់​ក្នុង​ការយល់​អំពី​ការប្រើប្រាស់​បច្ចេកវិទ្យា​របស់​គាត់​ក្នុង​ស្ថានភាព​ទាំងនេះ ?

គោលការណ៍​ទី ២ ៖ ជ្រើសរើស​ធ្វើ​សកម្មភាព ។

  • តើ​ជេមស៍​អាច​ធ្វើ​សកម្មភាព​ជាក់លាក់​អ្វីខ្លះ​ដើម្បី​ជួយ​គាត់ ចូលរួម​កាន់​តែ​ច្រើន​នៅ​ក្នុង​មជ្ឈដ្ឋាន​សង្គម​ទាំងនេះ ?

គោលការណ៍​ទី ៣ ៖ រៀន ប្រែចិត្ត និង​កែលម្អ ។

  • តើ​ជេមស៍​អាច​រៀន​អ្វីខ្លះ​ចេញមកពី​បទពិសោធន៍​របស់​គាត់ ពេល​គាត់​ខិតខំ​ប្រឹងប្រែង​ដើម្បី​កែលម្អ ?

អនុវត្ត

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ទុក​ពេល​ឲ្យ​សិស្ស​អនុវត្ត​គោលការណ៍​ទាំង​បី​ទៅ​នឹង​សាច់រឿង​ផ្សេង​ៗទៀត ។ អ្នក​អាច​បង្ហាញ​សាច់រឿង​ដូច​ខាង​ក្រោម ហើយ​បែងចែក​ថ្នាក់​ទៅ​ជា​ក្រុម​តូចៗ ។ សុំ​ឲ្យ​ក្រុម​នីមួយៗ​ជ្រើសរើស​សាច់រឿង​ពីរ ឬ​បី ហើយ​ពិភាក្សា​អំពី​អ្វី​ដែល​មើល​ទៅ​អាច​យក​ទៅ​អនុវត្ត​ក្នុង​គោលការណ៍​ទាំងបី​នៅ​ក្នុង​សាច់រឿង​ដែល​ពួកគេ​បាន​ជ្រើសរើស ។

  • សូហ្វៀ​បាន​ឃើញ​ការពិភាក្សា​មួយនៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​ធ្វើ​ឲ្យ​នាង​ខឹង ហើយ​នាង​ចង់​តប​ត ។

  • នៅ​ពេល​ដែល​គីឌាន​ធុញទ្រាន់ ជាញឹកញាប់​គាត់​មើល​ទូរសព្ទ​របស់​គាត់ ។ ថ្មីៗនេះ គាត់​ត្រូវ​បាន​ទាក់ទាញ​ឲ្យ​មើល​ការណ៍​អាសគ្រាម ។

  • ជាញឹកញាប់ ម៉ារៀ​ប្រៀបធៀប​ចំនួន​នៃ​ការចូលចិត្ត និង​អ្នក​តាមដាន​ដែល​នាង​មាន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទៅ​នឹង​ចំនួន​នៃ​ការចូលចិត្ត និង​អ្នក​តាម​ដាន​ដែល​មិត្តភក្តិ​របស់​នាង​មាន ។

  • នៅពេល​ដែល​ឡូខាស​ដើរ​ទៅ​វិញ​ទៅ​មក គាត់​តែងតែ​ដាក់​កាស​ស្ដាប់​តន្រ្តី​ស្ទើរ​តែ​គ្រប់​ពេល ។

  • ជាញឹកញាប់ អាំម៉ារី​លេង​វីដេអូ​ហ្គេម​ដល់​យប់​ជ្រៅ ។

អ្នកដឹកនាំ​ការពិភាក្សា ៖ ប្រសិន​បើ​មាន​ពេល​គ្រប់គ្រាន់ សូម​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ ចែកចាយ​សាច់រឿង​ដែល​ពួកគេ​បាន​ពិភាក្សា​នៅ​ក្នុង​ក្រុម​របស់​ពួកគេ និង​របៀប​ដែល​ពួកគេ​បាន​អនុវត្ត​គោលការណ៍​ទាំងបី​នៅ​ក្នុង​សាច់រឿង​នោះ ។

អនុវត្ត

អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ទុក​ពេល​ឲ្យ​អ្នក​ចូលរួម​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​គោលការណ៍​ទាំង​បី​នេះ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ដាក់​គោលដៅ​សម្រាប់​ការប្រើប្រាស់​បច្ចេកវិទ្យា​ប្រកប​ដោយ​សេចក្តី​សុចរិត និង​ប្រឹងប្រែង​ដើម្បី​សម្រេច​បាន​គោលដៅ​នោះ ។