« មគ្គុទ្ទេសក៍នៃព្រះគម្ពីរសញ្ញាចាស់ដើម្បីឱបក្រសោបយកអត្តសញ្ញាណដ៏ទេវភាព » លីអាហូណា ខែមីនា ឆ្នាំ២០២៦ ។
មកពី យុវមជ្ឈិមវ័យ ប្រចាំសប្តាហ៍
មគ្គុទ្ទេសក៍នៃព្រះគម្ពីរសញ្ញាចាស់ដើម្បី ឱបក្រសោបយកអត្តសញ្ញាណដ៏ទេវភាព
មនុស្សនៅក្នុងសម័យព្រះគម្ពីរសញ្ញាចាស់ប្រហែលជាមានសំណួរមួយចំនួនដូចគ្នានឹងបងប្អូន ហើយនិងខ្ញុំអាចមានក្នុងពេលបច្ចុប្បន្ននេះផងដែរ ។
In the Beginning Was the Word [ កាលដើមដំបូងមានព្រះបន្ទូល ] ដោយ អ៊ីវ៉ា ធីម៉ូធី អាចត្រូវបានចម្លងសម្រាប់ការប្រើប្រាស់ក្នុងសាសនាចក្រតែប៉ុណ្ណោះ ។
ខ្ញុំពិតជានិយាយកុហក ប្រសិនបើខ្ញុំប្រាប់បងប្អូនថា ខ្ញុំមិនដែលសួរពីតួនាទីរបស់ខ្ញុំនៅក្នុងផែនការរបស់ព្រះទេនោះ ។
តើខ្ញុំ—ជាអ្នកដែលមិនល្អឥតខ្ចោះ—អាចស័ក្ដិសមនឹងផែនការដ៏ល្អឥតខ្ចោះរបស់ទ្រង់ដោយរបៀបណា ? តើខ្ញុំអាចមានភាពស័ក្តិសមនឹងទទួលឱកាសជាលើកទីពីរ ដែលព្រះវរបិតាសួគ៌ប្រទានឲ្យខ្ញុំម្តងហើយម្តងទៀតបានដោយរបៀបណា ? តើខ្ញុំអាចត្រូវបានគេជឿទុកចិត្តដើម្បីឲ្យចែកចាយសេចក្តីស្រឡាញ់របស់ទ្រង់ជាមួយអ្នកដទៃដោយរបៀបណាទៅ ទាំងដែលនៅពេលខ្លះខ្ញុំពិបាកដើម្បីមានអារម្មណ៍នៃសេចក្តីស្រឡាញ់នោះដោយខ្លួនឯង ?
ប្រសិនបើបងប្អូនមានវដ្តនៃគំនិតអវិជ្ជមាននេះ នោះបងប្អូនមិននៅម្នាក់ឯងនោះទេ ។
យុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រដ៏អស្ចារ្យបំផុតរបស់មារសត្រូវគឺ ការវាយប្រហារលើការយល់ដឹងអំពីអត្តសញ្ញាណដ៏ទេវភាពរបស់យើង ។ អែលឌើរ ប្រ៊ាយអិន ខេ ថៃលើរនៃពួកចិតសិបនាក់បានបង្រៀន « សង្គ្រាមដ៏ធំស្តីពីអត្តសញ្ញាណនៃភាពជាព្រះនេះ បន្តការជជែកវែកញែក ខណៈដែលសាតាំងបន្តបង្កើនយុទ្ធសាស្ត្រដើម្បីបំផ្លិចបំផ្លាញជំនឿ និងចំណេះដឹងរបស់យើងអំពីទំនាក់ទំនងយើងជាមួយនឹងព្រះ » ។
ជាសំណាងល្អ ព្រះវរបិតាសួគ៌បានបង្រៀន—និងបន្តបង្រៀន—បុត្រាបុត្រីរបស់ទ្រង់អំពីតម្លៃរបស់ពួកគេ ។ ចាប់តាំងពីដើមឡើយមនុស្សនៅក្នុងសម័យព្រះគម្ពីរសញ្ញាចាស់ប្រហែលជាមានសំណួរមួយចំនួនដូចគ្នានឹងបងប្អូន ហើយនិងខ្ញុំអាចមានក្នុងពេលបច្ចុប្បន្ននេះដែរ ។
នៅពេលបងប្អូនសិក្សាព្រះគម្ពីរសញ្ញាចាស់ឆ្នាំនេះ បងប្អូនអាចរៀនអំពីអត្តសញ្ញាណដ៏ទេវភាពរបស់បងប្អូនផ្ទាល់ ដោយអនុវត្តតាមបទពិសោធន៍របស់មនុស្សដែលមាននៅក្នុងព្រះគម្ពីរទៅនឹងជីវិតរបស់បងប្អូនផ្ទាល់ ។ ហើយប្រហែលជាបងប្អូននឹងរកឃើញចម្លើយចំពោះសំណួរដ៏សំខាន់មួយនៅពេលបងប្អូនសិក្សា ៖
តើខ្ញុំជានរណា ?
ខ្ញុំគឺជា …
ត្រូវបានប្រគល់ឲ្យមាននូវទំនួលខុសត្រូវដ៏ពិសិដ្ឋ
លោកអ័ដាម និងនាងអេវ៉ា ជាមនុស្សដំបូងដែលចាប់ផ្ដើមនូវសេចក្ដីត្រូវការរបស់មនុស្សជាតិ ស្ដីពីការយល់ដឹងចំពោះអត្តសញ្ញាណដ៏ទេវភាពរបស់ខ្លួន ។ ព្រះវរបិតាសួគ៌បានបង្កើតពួកគេតាមរូបរបស់ទ្រង់ផ្ទាល់ បានប្រទានឲ្យពួកគេនូវការកាន់កាប់ត្រួតត្រាលើផែនដីទាំងមូល និងសត្វទាំងអស់នៅលើផែនដី និងបានបញ្ជាឲ្យពួកគេបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដី ( សូមមើល ម៉ូសេ ២:២៦–២៨ ) ។
ក្នុងនាមជាកូនចៅរបស់លោកអ័ដាម និងនាងអេវ៉ា បងប្អូនអាចអនុវត្តគោលការណ៍អំពីអត្តសញ្ញាណដូចគ្នាទាំងនេះចំពោះខ្លួនឯងបានផងដែរ ។ បងប្អូនពិតជាបុត្រខាងវិញ្ញាណរបស់ព្រះ ដែលមានទំនួលខុសត្រូវដ៏ទេវភាពដើម្បីដើរតួជាអ្នកកាន់កាប់ត្រួតត្រាដ៏ឈ្លាសវៃ និងស្ថាបនាគ្រួសារដ៏អស់កល្បជានិច្ចមួយ ។
នៅពេលដែលលោកអ័ដាម និងនាងអេវ៉ាបានបរិភោគផ្លែឈើដឹងខុសត្រូវ នោះពួកគេត្រូវបានបណ្តេញចេញពីសួនច្បារអេដែន ។ ទោះបីជាពួកគេត្រូវបានកាត់ផ្តាច់ចេញពីវត្តមានរបស់ព្រះវរបិតាសួគ៌ ទាំងខាងសាច់ឈាម និងខាងវិញ្ញាណក៏ដោយ ក៏ទ្រង់បានប្រទាននូវព្រះអង្គសង្រ្គោះដើម្បីជួយពួកគេឲ្យយកឈ្នះទាំងការស្លាប់ខាងរូបកាយ និងខាងវិញ្ញាណ តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
ដូចលោកអ័ដាម និងនាងអេវ៉ា តម្លៃរបស់បងប្អូនគឺ « មហិមាណាស់ចំពោះព្រះនេត្រនៃព្រះ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១០ ) ។
ខ្ញុំគឺជា …
បុត្រនៃសេចក្តីសញ្ញារបស់អ័ប្រាហាំ
ដំណើររឿងរបស់អ័ប្រាហាំ គឺទាក់ទងដោយផ្ទាល់ទៅនឹងអត្តសញ្ញាណដ៏ទេវភាព ។ ព្រះអម្ចាស់បានធ្វើការសន្យាអំពីលទ្ធផលដ៏អស់កល្បជានិច្ចដល់អ័ប្រាហាំ ៖
« យើងនឹងបង្កើតនគរ១យ៉ាងធំពីឯង យើងនឹងឲ្យពរដល់ឯង ទាំងលើកឈ្មោះឯងធំផង ឯងនឹងបានធ្វើជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ ៖
« យើងនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរដល់ឯង ហើយនឹងដាក់បណ្តាសាដល់អស់អ្នកណាដែលផ្តាសាឯង គ្រប់ទាំងគ្រួនៅផែនដីនឹងបានពរដោយសារឯង » ( លោកុប្បត្តិ ១២:២–៣ ) ។
បន្ទាប់ពីការរង់ចាំអស់ជាច្រើនឆ្នាំនៅក្នុងសេចក្តីជំនឿ អ័ប្រាហាំ និងសារ៉ា ត្រូវបានប្រទានពរជាមួយនឹងកំណើតរបស់កូនប្រុសរបស់ពួកគេ គឺអ៊ីសាក ។ ទ្រង់បានបញ្ជាអ័ប្រាហាំឲ្យបូជាអ៊ីសាកធ្វើជា « និមិត្តរូបអំពីព្រះ និងព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ » ( យ៉ាកុប ៤:៥ ) ។ នៅពេលដែលអ័ប្រាហាំ បានបង្ហាញថាគាត់មានឆន្ទៈក្នុងការលះបង់បែបនេះ គាត់ត្រូវបានបញ្ឈប់ដោយទេវតារបស់ព្រះអម្ចាស់ ។
យើងអានថា ៖
« ទ្រង់មានព្រះបន្ទូលថា យើងបានស្បថដោយនាមរបស់យើង ព្រោះឯងបានធ្វើដូច្នេះ គឺដែលមិនបានសំចៃទុកនូវកូនឯងតែ១នេះ ៖
« នោះយើងនឹងឲ្យពរដល់ឯង ហើយនឹងចម្រើនពូជឯងឲ្យមានគ្នាសន្ធឹកដូចផ្កាយនៅលើមេឃ ហើយដូចខ្សាច់នៅមាត់សមុទ្រ ពូជ ឯងនឹងបានគ្រប់គ្រងលើទ្វារក្រុងនៃពួកខ្មាំងសត្រូវ
« គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារពូជឯង ពីព្រោះឯងបានស្តាប់តាមពាក្យយើង » ( លោកុប្បត្តិ ២២:១៦–១៨ ) ។
ដំណើររឿងដ៏មានឥទ្ធិពលនេះបង្រៀនថា អ្នកទាំងអស់ណាដែលចុះ និងរក្សាសេចក្តីសញ្ញាជាមួយនឹងព្រះវរបិតាសួគ៌ អាចទទួលបានពរជ័យដូចដែលបានសន្យាដល់កូនចៅរបស់អ័ប្រាហាំ ។ ក្នុងនាមជាបុត្រនៃសេចក្តីសញ្ញា បងប្អូនអាចទទួលពរជ័យដែលបានសន្យានៃសេចក្តីសញ្ញារបស់អ័ប្រាហាំ តាមរយៈការតោងជាប់ទៅនឹងសេចក្ដីសន្យាដែលបងប្អូនធ្វើជាមួយនឹងព្រះអម្ចាស់ តាមរយៈពិធីបុណ្យជ្រមុជទឹក ឬសេចក្តីសញ្ញាក្នុងព្រះវិហារបរិសុទ្ធ ។
ខ្ញុំគឺជា …
សិស្សរបស់ព្រះអម្ចាស់ដែលអត់ធន់
ហាការ—អ្នកបម្រើរបស់ សារ៉ា និងជាម្តាយរបស់ អ៊ីសម៉ាអែល—បង្រៀនអំពីសមត្ថភាពអត់ធន់ដ៏អស្ចារ្យរបស់យើង ។ បន្ទាប់ពីកំណើតរបស់អ៊ីសាក ដែលជាកូនប្រុសរបស់អ័ប្រាហាំ និងសារ៉ា ។ ហាការ និងអ៊ីសម៉ាអែល ត្រូវបាននិរទេសខ្លួនទៅទីរហោស្ថាន ( សូមមើល លោកុប្បត្តិ ២១:៩–១៤ ) ។
ដោយមើលឃើញពីទុក្ខវេទនារបស់នាង និងការអង្វរយ៉ាងស្មោះសរសម្រាប់ជីវិតរបស់អ៊ីសម៉ាអែល ព្រះអម្ចាស់បានបញ្ជូនទេវតាមួយអង្គឲ្យលួងលោមនាង ៖ « កុំឲ្យខ្លាចឡើយ ដ្បិតព្រះទ្រង់បានឮសំឡេងរបស់កូនជំទង់ពីកន្លែងវាហើយ ។ ចូរក្រោកឡើងទៅលើកកូនមក ដ្បិតអញនឹងធ្វើឲ្យវាត្រឡប់ជាសាសន៍១យ៉ាងធំ » ( លោកុប្បត្តិ ២១:១៧–១៨ ) ។
សូម្បីតែនៅពេលដែលហាការ មានអារម្មណ៍ឯកោខ្លាំងនៅក្នុងវាលខ្សាច់ ព្រះវរបិតាសួគ៌មិនបានបោះបង់នាងចោលឡើយ ។ នាងត្រូវបានការពារ និងប្រទានរង្វាន់ដល់សេចក្តីជំនឿ និងការខិតខំប្រឹងប្រែងរបស់នាង ។
ដូច ហាការដែរ បងប្អូនអាចមានអារម្មណ៍ថា បងប្អូនកំពុងវង្វេងនៅក្នុងទីរហោស្ថានតែម្នាក់ឯង ។ ប៉ុន្តែបងប្អូនមានតម្លៃខ្លាំងណាស់ចំពោះព្រះវរបិតាសួគ៌ ។ បងប្អូនប្រហែលជាដើរវង្វេងនៅទីរហោស្ថានមួយរយៈ ប៉ុន្តែទ្រង់មិនបានភ្លេចបងប្អូនទេ ។ ទ្រង់កំពុងរៀបចំបងប្អូនឲ្យធ្វើរឿងដ៏អស្ចារ្យ ដើម្បីស្ថាបនានគររបស់ទ្រង់ ។
ខ្ញុំគឺជា …
ព្រះហស្តរបស់ព្រះនៅលើផែនដី
ម៉ូសេត្រូវបានហៅដោយព្រះវរបិតាសួគ៌ ដើម្បីរំដោះសាសន៍អ៊ីស្រាអែលចេញពីទាសភាពនៅក្នុងប្រទេសអេស៊ីព្ទ ។ លោកបានសម្តែងអព្ភូតហេតុដ៏អស្ចារ្យជាបន្តបន្ទាប់ ដែលនាំឲ្យពួកគេនៅទីបំផុតអាចរត់គេចខ្លួនបាន ( សូមមើល និក្ខមនំ ៧; ១៤ ) ។
ទោះបីជាទទួលបានជោគជ័យក្នុងការហៅរបស់លោកក្តី ក៏ម៉ូសេមិនតែងតែមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួនឯងដើម្បីធ្វើដូចដែលព្រះវរបិតាសួគ៌បានស្នើឲ្យគាត់ធ្វើនោះទេ ។ នៅពេលដែលម៉ូសេ បង្ហាញអារម្មណ៍មិនល្អគ្រប់គ្រាន់ នោះទ្រង់បានមានព្រះបន្ទូលតបថា « យើងនឹងនៅជាមួយនឹងឯងជាប្រាកដ កាលណាឯងបាននាំគេចេញពីស្រុកអេស៊ីព្ទមក នោះឯងរាល់គ្នានឹងមកថ្វាយបង្គំព្រះនៅលើភ្នំនេះ នេះហើយនឹងបានជាទីសំគាល់ឲ្យឯងដឹងថា យើងនេះបានចាត់ឯងទៅ » ( និក្ខមនំ ៣:១២ ) ។
ម៉ូសេបានទទួលយកអត្តសញ្ញាណរបស់លោក ជាកូនរបស់ព្រះ និងបានប្រើអំណាចរបស់ព្រះវរបិតាសួគ៌ដើម្បីសម្តែងអព្ភូតហេតុរបស់ទ្រង់ ។ ដូចម៉ូសេដែរ បងប្អូនអាចប្រើអំណាចដើម្បីធ្វើកិច្ចការរបស់ព្រះ នៅពេលបងប្អូនឱបក្រសោបទំនាក់ទំនងដ៏អស់កល្បជានិច្ចរបស់បងប្អូនជាមួយនឹងព្រះវរបិតាសួគ៌ ។
ខ្ញុំគឺជា …
ដូច្នេះ តើបងប្អូនគឺជានរណា ?
ឥឡូវនេះដល់ពេលដែលបងប្អូនស្វែងរកចម្លើយដោយខ្លួនឯងហើយ ។
ស្រាវជ្រាវព្រះគម្ពីរសម្រាប់ចម្លើយចំពោះសំណួររបស់បងប្អូន ហើយបងប្អូននឹងរកឃើញចម្លើយនោះ ។ ព្រះវរបិតាសួគ៌សព្វព្រះទ័យចង់ឲ្យបងប្អូនយល់ច្បាស់ថា បងប្អូនគឺជានរណា ដើម្បីបងប្អូនអាចស្រឡាញ់ខ្លួនឯងដូចដែលទ្រង់ស្រឡាញ់បងប្អូនដែរ ។
ចំណេះដឹងអំពីអត្តសញ្ញាណដ៏ទេវភាពដ៏អស់កល្បរបស់បងប្អូនគឺនៅក្បែរៗនេះ—ដូច្នោះតើបងប្អូនកំពុងរង់ចាំអ្វី ?