« ពួកសិស្សនៅលើផ្លូវទៅភូមិអេម៉ោស ៖ ដំណើរនៃវិវរណៈ និងការទទួលស្គាល់ » លីអាហូណា ខែមីនា ឆ្នាំ២០២៦ ។
ពួកគេបានស្គាល់ព្រះអង្គសង្គ្រោះ
ពួកសិស្សនៅលើផ្លូវទៅភូមិអេម៉ោស ៖ ដំណើរនៃវិវរណៈ និងការទទួលស្គាល់
ស្រដៀងគ្នាទៅនឹងអ្វីដែលពួកសិស្សទាំងនេះបានដកពិសោធន៍ ក្នុងនាមជាសាក្សីនៃដង្វាយធួន និងការរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ ដួងចិត្ដរបស់យើងអាចឆេះខ្មួលខ្មាញ់នៅខាងក្នុងខ្លួនយើង ។
រចនារូបភាពដោយ ឡូរ៉ា សៀរ៉ា មិនអាចចម្លងបានទេ
នៅថ្ងៃអាទិត្យ ពេលរសៀលនៃការមានព្រះជន្មរស់ឡើងវិញ ពួកសិស្សពីរនាក់បានដើរចម្ងាយប្រាំបីម៉ាយល៍ ( ១៣ គីឡូម៉ែត្រ ) ពីទីក្រុង យេរូសាឡិមទៅកាន់ភូមិអេម៉ោស ។ វាជាថ្ងៃដែលមានអារម្មណ៍ក្តុកក្តួល—ប៉ុន្មានថ្ងៃដែលមានការរំជួលចិត្ត ។
ដួងចិត្ដរបស់ពួកគេពោរពេញដោយទុក្ខសោក ។ ចិត្តរបស់ពួកគេពោរពេញដោយភាពងឿងឆ្ងល់ និងទុក្ខព្រួយ ។ ពួកគេបាននិយាយអំពីព្រះយេស៊ូវនៃណាសារ៉ែត—ការសុគតរបស់ទ្រង់ ពាក្យចចាមអារ៉ាមនៃការរស់ឡើងវិញរបស់ទ្រង់ និងការព្រួយបារម្ភពីភាពមិនប្រាកដប្រជានៃអត្ថន័យនៃអ្វីៗទាំងអស់នោះ ។
នៅពេលដែលពួកគេដើរ មនុស្សចម្លែកម្នាក់បានចូលឆ្លើយឆ្លងនឹងការសន្ទនារបស់ពួកគេ ។ នោះគឺជាព្រះយេស៊ូវ តែពួកគេមិនបានស្គាល់ទ្រង់ឡើយ ។ ភ្នែករបស់ពួកគេត្រូវបានថ្ពឹន ហើយការយល់ដឹងរបស់ពួកគេត្រូវបានបាំង ។ ជនចម្លែកនោះបានសួរថា « តើរឿងអ្វី ដែលអ្នកនិយាយគ្នា កំពុងដែលដើរទៅ ដោយមានមុខស្រងូតដូច្នេះ ? » ( លូកា ២៤:១៧ ) ។
ឯសិស្សម្នាក់ ឈ្មោះក្លេវប៉ាស ឆ្លើយតបដោយមិនជឿថាមាននរណាម្នាក់ដែលអាចមិនដឹង ឬមិនឮអ្វីមួយសោះទាក់ទងនឹងព្រឹត្តិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលដែលបានធ្វើឲ្យកក្រើកទីក្រុងយេរូសាឡិម កាលពីចុងសប្តាហ៍នោះ ។ « តើអ្នកស្នាក់នៅក្នុងក្រុងយេរូសាឡិមតែម្នាក់ឯងទេឬអី បានជាមិនដឹងការដែលកើតមកនៅគ្រានេះ ? »
« តើការអ្វីហ្នឹង ? » ព្រះយេស៊ូវបានសួរ ។
ការឆ្លើយតបរបស់ពួកគេគឺដោយអស់ពីចិត្ត និងភ្លាមៗ ៖ « គឺពីដំណើរលោកយេស៊ូវ ពីស្រុកណាសារ៉ែត ជាហោរា ដែលការលោកធ្វើ និងពាក្យសំដីរបស់លោក សុទ្ធតែមានឫទ្ធិ នៅចំពោះព្រះ និងបណ្តាជនទាំងឡាយផង » ( លូកា ២៤:១៨–១៩ ) ។ ពួកគេបាននិយាយថា ពួកគេបានជឿទុកចិត្តថា ព្រះយេស៊ូវនឹងប្រោសលោះអ៊ីស្រាអែល ប៉ុន្តែវាជាថ្ងៃទីបីហើយតាំងពីការសុគតរបស់ទ្រង់ ។ ហើយទោះបីជាមានស្ត្រីមួយចំនួនបានរាយការណ៍ ពីការយាងមកជួបរបស់ពួកទេវតាដែលប្រកាសថាទ្រង់មានព្រះជន្មរស់ក៏ដោយ ក៏ពួកសាវកដែលបានទៅស៊ើបអង្កេតមិនបានឃើញទ្រង់ឡើយ ។
បន្ទាប់មកព្រះយេស៊ូវបានមានបន្ទូល—មិនមែនក្នុងនាមជាមនុស្សចម្លែកទៀតទេ ប៉ុន្តែក្នុងនាមជាគ្រូបង្រៀនវិញ ។ « ឱមនុស្សឥតពិចារណា ហើយក្រនឹងជឿអស់ទាំងសេចក្តី ដែលពួកហោរាបានទាយទុកមកអើយ » ( លូកា ២៤:២៥ ) ។ ទ្រង់បានពន្យល់បទគម្ពីរដល់ពួកគេ ចេញពីម៉ូសេរហូតដល់ព្យាការីទាំងអស់ ដោយលាតត្រដាងរឿងទាំងឡាយដែលទាក់ទងទៅនឹងអង្គទ្រង់ ។ សូមស្រមៃមើលពីការដើរជាច្រើនម៉ោងជាមួយព្រះរាជបុត្រារបស់ព្រះ ព្រះអម្ចាស់នៃជីវិត ដោយស្តាប់ទ្រង់បកស្រាយការព្យាករអំពីព្រះមែស៊ី ។ ទុក្ខព្រួយរបស់ពួកគេបានចាប់ផ្តើមធូរស្រាល ដោយបានជំនួសវិញដោយការភ្ញាក់ផ្អើល និងអារម្មណ៍ជ្រួលច្របល់នៅខាងក្នុង ។
សូមនៅជាមួយនឹងយើងខ្ញុំសិន
នោះក៏ជិតដល់ភូមិអេម៉ោស ព្រះយេស៊ូវធ្វើដូចជាទ្រង់ចង់យាងបង្ហួស ។ តែគេឃាត់ទ្រង់ ដោយពាក្យថា « សូមនៅជាមួយនឹងយើងខ្ញុំសិន ពីព្រោះល្ងាច ថ្ងៃទាបណាស់ហើយ » ( លូកា ២៤:២៩ ) ។ ទ្រង់បានស្នាក់នៅជាមួយពួកគេ គង់ចុះ រួចកាច់នំបុ័ង ។
ទាក់ទងទៅនឹងអ្វីដែលបានកើតឡើងបន្ទាប់ អែលឌើរ ជែមស៍ អ៊ី ថាល់មិច ( ឆ្នាំ១៨៦២–១៩៣៣ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានសរសេរថា « ប្រហែលជាមានអ្វីមួយនៅក្នុងការប្រសិទ្ធពរដ៏ក្លៀវក្លានោះ ឬនៅក្នុងរបៀបនៃការកាច់ និងចែកនំបុ័ង ដែលបានធ្វើឲ្យនឹកចាំដល់ការចងចាំនៃថ្ងៃកាលពីអតីត ឬអាចថាពួកគេបានមើលឃើញដៃដែលមានស្នាមរបួស ប៉ុន្តែមិនថាអ្វីដែលជាហេតុបណ្ដាលនោះទេ ពួកគេបានសម្លឹងមើលទៅភ្ញៀវរបស់ពួកគេយ៉ាងយកចិត្តទុកដាក់ ‹ នោះភ្នែកគេបានបើកភ្លឺឡើង ហើយគេបានស្គាល់ទ្រង់ តែទ្រង់បាត់ពីមុខគេទៅភ្លាម › [ លូកា ២៤:៣១]»។
គ្រាបន្ទាប់ពីនោះ ពួកគេបាននិយាយទៅគ្នាទៅវិញទៅមកថា « តើយើងមិនមានសេចក្តីខ្មួលខ្មាញ់នៅក្នុងចិត្ត ក្នុងពេលដែលទ្រង់កំពុងតែមានព្រះបន្ទូលនឹងយើង ហើយសម្តែងពីគម្ពីរ តាមផ្លូវនោះទេឬអី ? » ( លូកា ២៤:៣២ ) ។ ការខ្មួលខ្មាញ់នោះមិនមែនជាភាពច្របូកច្របល់ ឬការភ័យខ្លាចទេ—វាគឺជាការទទួលស្គាល់ ។ « អារម្មណ៍ដែលបានពិពណ៌នាដូច្នេះ គឺជាសាក្សីដ៏ជាក់ច្បាស់នៃភាពជាព្រះរាជបុត្រាដ៏ទេវភាព » បានបង្រៀនដោយ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ឆ្នាំ១៩១៥–១៩៨៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។
ផ្លូវផ្ទាល់ខ្លួនរបស់យើងទៅកាន់ភូមិអេម៉ោស
អែលឌើរ ផាតទ្រីស៊ីអូ អិម ហ្គាយហ្វ្រា នៃពួកចិតសិបនាក់ បានសួរថា« តើទ្រង់នឹងមានព្រះបន្ទូលអ្វីខ្លះមកកាន់អ្នក ប្រសិនបើអ្នកអាចដើរ និងទូលទៅកាន់ទ្រង់ ? » ។
លោកបានមានប្រសាសន៍ថា ដូចពួកសិស្សនេះដែរ យើងប្រហែលជាមិនអាចស្គាល់ព្រះអង្គសង្រ្គោះដើរជាមួយនឹងយើងទេ ។ « យើងប្រហែលជាមើលមិនឃើញពីរបៀបដែលទ្រង់គង់នៅជាមួយយើង ធ្វើការជាមួយយើង ហើយព្រះកន្សែងជាមួយយើងទេ » ។ ការរំខានទាំងឡាយនៃជីវិតនេះ—មិនថាជាការសាកល្បង ឬជ័យជម្នះ—អាចបិទបាំងវត្តមានរបស់ទ្រង់ ។
យើងម្នាក់ៗដើរតាមផ្លូវផ្ទាល់ខ្លួនរបស់យើងទៅកាន់ភូមិអេម៉ោស ។ នៅតាមផ្លូវនោះ យើងប្រឈមមុខនឹងជំងឺ ភាពទន់ខ្សោយ ភាពតានតឹងខាងផ្នែកហិរញ្ញវត្ថុ ឬសូម្បីតែភាពឆ្មើងឆ្មៃដែលអាចមកជាមួយនឹងភាពជោគជ័យបានផងដែរ ។ អែលឌើរ ជីហ្វហ្វ្រា បានមានប្រសាសន៍ថា ប៉ុន្តែយើងមិនចាំបាច់ដើរតែម្នាក់ឯងទេ ។ « យើងអាចទូលសុំព្រះអង្គសង្គ្រោះឲ្យគង់នៅជាមួយនឹងយើង » ។
នៅពេលដែលយើងរៀនពីព្រះគ្រីស្ទ គោរពតាមព្រះបញ្ញតិ្តរបស់ទ្រង់ អធិស្ឋាន សិក្សាបទគម្ពីរ ធ្វើតាមព្យាការីដែលនៅរស់ និងយាងអញ្ជើញទ្រង់ឲ្យគង់នៅជាមួយនឹងយើងសិន នោះយើងនឹងចាប់ផ្តើមស្គាល់ឥទ្ធិពលរបស់ទ្រង់ ។ អែលឌើរ ជីហ្វហ្វ្រា បានមានប្រសាសន៍ថា ការអំពាវនាវរបស់ពួកសិស្ស—« សូមនៅជាមួយនឹងយើងខ្ញុំសិន »—គួរតែជាការអំពាវនាវរបស់យើងផ្ទាល់ខ្លួន ។ ហើយនៅពេលដែលវាកើតឡើង នោះដួងចិត្តរបស់យើងក៏នឹងឆេះខ្មួលខ្មាញ់នៅក្នុងខ្លួនយើងផងដែរ ។