លីអាហូណា
គំនិត​ចំនួន​២០ សម្រាប់​រដូវកាល​បុណ្យ​អ៊ីស្ទើរ​របស់​បងប្អូន
លីអាហូណា ខែមីនា ឆ្នាំ២០២៦


« គំនិត​ចំនួន​២០ សម្រាប់​រដូវកាល​បុណ្យ​អ៊ីស្ទើរ​របស់​បងប្អូន » លីអាហូណា ខែមីនា ឆ្នាំ២០២៦ ។

គំនិត​ចំនួន ២០ សម្រាប់ រដូវកាល​បុណ្យ​អ៊ីស្ទើរ របស់​បងប្អូន

ចេញពី​អ្វី​ដែល​ធ្លាប់​ស្គាល់​មកកាន់​អ្វី​ដែល​ប្លែកថ្មី មាន​វិធី​ជាច្រើន​ដើម្បី​បង្កើត​ទំនៀមទម្លាប់​ដែល​ផ្តោតលើ​ព្រះគ្រីស្ទ ។

របស់របរ​ផ្សេងៗ​ទាក់ទង​ទៅនឹង​បុណ្យ​អ៊ីស្ទើរ

រចនា​រូបភាព​ដោយ គ្រីស្ទីណា មឹកម៉ាស្ទើរ

នៅក្នុង​អំឡុងពេល​ថ្លែង​សុន្ទរកថា​សន្និសីទ​ទូទៅ​នៅ ខែមេសា ឆ្នាំ២០២៣ អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​សួរថា « តើ​យើង​ធ្វើ​ជា​គំរូ​ពី​ការបង្រៀន និង​ការប្រារព្ធ​ពិធី​សម្រាប់​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជា​ដំណើររឿង​បុណ្យអ៊ីស្ទើរ​សម​ស្រប​នឹង​តុល្យភាព ភាពពេញលេញ និង​ប្រពៃណី​សាសនា​ដ៏​មាន​អត្ថន័យ​នៃ​ការប្រសូត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជា​ដំណើររឿង​នៃ​បុណ្យគ្រីស្ទម៉ាស់​ដោយ​របៀបណា ? »

សមាជិក​នៅ​ទូទាំង​ពិភពលោក​ឥឡូវនេះ​កំពុង​ផ្តោត​សំខាន់​លើ​រដូវកាល​បុណ្យ​អ៊ីស្ទើរ ។ នេះ​គឺជា​សកម្មភាព​សាមញ្ញៗ និង​ល្អ​មួយ​ចំនួន ដើម្បី​បង្កើន និង​ពង្រីក​បទពិសោធន៍​បុណ្យ​អ៊ីស្ទើរ—និង​ការថ្វាយបង្គំ​ព្រះអង្គសង្គ្រោះ—សម្រាប់​បុគ្គល​ម្នាក់ៗ សម្រាប់​ក្រុម និង​ក្រុមជំនុំ ។

គំនិត​សម្រាប់​បុគ្គល​ម្នាក់ៗ និង ក្រុមគ្រួសារ

  1. បង្កើត​ខ្សែ​ច្រវាក់​ក្រដាស​មួយ​ដោយ​មាន​បទគម្ពីរ ឬ​សម្រង់​សម្តី​ដែល​ផ្តោតលើ​ព្រះគ្រីស្ទ ហើយ​ជញ្ជឹងគិត​ពី​បទគម្ពីរ ឬ​សម្រង់​សម្ដី​មួយ​ជារៀង​រាល់ព្រឹក​ក្នុង​មួយ​ខែ រហូត​ទៅដល់​បុណ្យ​អ៊ីស្ទើរ ។

  2. វត្ថុ​ទាំងឡាយ​អាច​ជា​និមិត្តរូប​នៃ​ទិដ្ឋភាព​ផ្សេងៗគ្នា​នៃ​ព្រឹត្តិការណ៍​បុណ្យ​អ៊ីស្ទើរ​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ ។ ឧទាហរណ៍ មនុស្ស​មួយ​ចំនួន​បង្ហោះ​ខ្លែង​ចម្រុះពណ៌ ដើម្បី​ចងចាំ​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​ពី​ផ្នូរ​របស់​ព្រះគ្រីស្ទ ។ រកមើល​វត្ថុ​ដែល​រំឭក​បងប្អូន​អំពី​ព្រះអង្គសង្គ្រោះ​ក្នុង​អំឡុង​រដូវកាល​ឈប់សម្រាក​នេះ ។

  3. ការធ្វើ​កាត​បុណ្យ​អ៊ីស្ទើរ​អាច​ជា​វិធី​ច្នៃប្រឌិត​មួយ​ដើម្បី​ចែកចាយ​ពន្លឺ​របស់​ព្រះយេស៊ូវ ។ ពិចារណា​ចែក​អ្វី​ដែល​បងប្អូន​បាន​ច្នៃប្រឌិត​ទៅកាន់​មិត្តភក្តិ ឬ​អ្នកជិតខាង​ដែល​បងប្អូន​ផ្ដល់​ការងារ​បម្រើ​ដល់ ។

  4. អ្នក​ដើរតាម​របស់​ព្រះគ្រីស្ទ​បាន​ប្រើ​គ្រឿងក្រអូប​ដើម្បី​គោរព​ដល់​ទ្រង់ ក្នុង​អំឡុងពេល​ពិធីបញ្ចុះ​ព្រះសព​របស់​ទ្រង់ ( សូមមើល យ៉ូហាន ១៩:៣៩–៤០ ) ។ ការប្រើប្រាស់​គ្រឿង​ទាំងនេះ​នៅក្នុង​មុខម្ហូប​នៃ​ពិធីបុណ្យ​អ៊ីស្ទើរ​របស់​បងប្អូន អាច​ដឹកនាំ​គំនិត​របស់​បងប្អូន​ទៅកាន់​ពេលវេលា​ដ៏ពិសិដ្ឋ​នោះ ។

  5. ព្រះគ្រីស្ទ​បាន​រស់នៅ​ដោយ​បម្រើ​អ្នកដទៃ ហើយ​យើង​អាច​នឹកចាំ​ដល់​ទ្រង់​នៅក្នុង​បុណ្យ​អ៊ីស្ទើរ​នេះ​តាមរយៈ​ការធ្វើ​ដូចគ្នា​នោះ​ផងដែរ ។ ឲ្យ​សមាជិក​ម្នាក់ៗ​នៅក្នុង​គ្រួសារ​ជ្រើសរើស​ឈ្មោះ​មួយ ហើយ​ចំណាយពេល​ក្នុង​សប្តាហ៍​ដ៏បរិសុទ្ធ​បម្រើ​បុគ្គល​នោះ​ដោយ​សម្ងាត់ ។

  6. មនុស្ស​មួយចំនួន​ប្រើ​មែក​អូលីវ និង​ប្រេងអូលីវ​ធ្វើ​ជា​ការរំឭក​អំពី​ភាពសុខសាន្ត និង​ការពលិកម្ម​ដ៏ធួន​របស់​ព្រះគ្រីស្ទ ។ សមាជិក​សាសនាចក្រ​អាច​ពិចារណា​បញ្ចូល​ធាតុ​ទាំងនេះ​នៅក្នុង​ការតុបតែង ឬ​ម្ហូបអាហារ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ភាពសុខសាន្ត​ដែល​ព្រះអង្គសង្គ្រោះ​ប្រទានឲ្យ ។

  7. ប្រធានបទ​មួយចំនួន​មកពី​បុណ្យ​អ៊ីស្ទើរ​គឺមាន​ភាពឱឡារិក​ជាងមុន ហើយ​ការចំណាយ​ពេល​ក្នុង​អំឡុង​សប្តាហ៍​ដ៏បរិសុទ្ធ​សម្រាប់​ការសិក្សា និង​ការគិតពិចារណា គឺជា​វិធី​មួយ​ដើម្បី​ចងចាំ​នូវ​ទិដ្ឋភាព​ទាំងនោះ ។

  8. បុណ្យ​អ៊ីស្ទើរ​គឺជា​ការប្រារព្ធពិធី​នៃ​ការដឹងគុណ​ចំពោះ​អ្វី​ទាំងអស់​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​សម្រាប់​យើង ។ ស្វែងរក​ពេលវេលា​ពេញ​មួយ​រដូវកាល​នេះ ដើម្បី​បំពេញ​ជញ្ជាំង ឬ​ផ្ទាំង​ប្រកាស​មួយ​ជាមួយនឹង​អ្វីៗ​ដែល​បងប្អូន​មាន​អំណរគុណ​ចំពោះ​ព្រះអង្គសង្គ្រោះ ។

  9. នៅក្នុង​ផ្នែក​ខ្លះ​នៃ​ពិភពលោក បុណ្យ​អ៊ីស្ទើរ​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​គ្រា​ដែល​រុក្ខជាតិ​បាន​ដុះ​ឡើង ឬ​នៅគ្រា​ដែល​មាន​កូន​សត្វ​បាន​កើត ដើម្បី​ឲ្យ​រដូវកាល​នោះ​បម្រើជា​ការរំឭក​ដែល​មើលឃើញ​ពី​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះគ្រីស្ទ ។ រកមើល​កន្លែង​ដើម្បី​ដើរ​ក្នុង​ធម្មជាតិ និង​ថ្លែងអំណរគុណ​ចំពោះ​និមិត្តសញ្ញា​នេះ ។

  10. ចៀម​គឺជា​មុខម្ហូប​ប្រពៃណី​សម្រាប់​បុណ្យ​អ៊ីស្ទើរ ដែល​តំណាងឲ្យ​ព្រះយេស៊ូវគ្រីស្ទ​ដែលជា​កូនចៀម​នៃ​ព្រះ តាមលំនាំ​ពិធី​បុណ្យ​រំលង​នៃ​ការរំដោះ​តាមរយៈ​ការធ្វើ​យញ្ញបូជា ( សូមមើល និក្ខមនំ ១២; យ៉ូហាន ១:២៩ ) ។ ការប្រើ​សាច់ចៀម​គឺជា​វិធី​មួយ​ដែល​ក្រុម​គ្រួសារ​ទាំងឡាយ អាច​ចងចាំ​ពី​តួនាទី​របស់​ព្រះអង្គសង្គ្រោះ​ក្នុង​ការរំដោះ​យើង​ចេញពី​អំពើបាប​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ។

កាមេរ៉ា ណោត​តន្ត្រី និង​របស់​ផ្សេងៗទៀត

គំនិត​ទាំងឡាយ​សម្រាប់​វួដ និង ស្តេក

  1. ការតមអាហារ និង​ការអធិស្ឋាន​គឺជា​មធ្យោបាយ​ដ៏មាន​ឥទ្ធិពល​ក្នុង​ការភ្ជាប់​ជាមួយនឹង​ព្រះគ្រីស្ទ ។ ពិចារណា​ដាក់​កាលវិភាគ​ការតមអាហារ​ប្រចាំ​វួដ ក្នុង​អំឡុង​សប្តាហ៍​ដ៏បរិសុទ្ធ​សម្រាប់​បុព្វហេតុ​ដែលមាន​សារៈសំខាន់​ចំពោះ​សហគមន៍​ក្នុង​មូលដ្ឋាន ។

  2. ក្នុង​អំឡុងពេល​បុណ្យ​គ្រីស្ទម៉ាស់ មនុស្ស​រីករាយ​នឹង​ការសម្តែង​ឈុតឆាក​នៃ​ការប្រសូត​របស់​ព្រះយេស៊ូវ ។ ដើម្បី​ជាការគោរព នោះ​យើង​មិន​ធ្វើ​ត្រាប់​ពី​ព្រឹត្តិការណ៍​នៃ​បុណ្យ​អ៊ីស្ទើរ​ទេ ប៉ុន្តែ​វួដ​អាច​រៀបចំ​ឲ្យ​មាន​ការថ្វាយបង្គំ​ដែល​គូសសម្គាល់​ពី​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​ចេញ​មកពី​សប្តាហ៍​ដ៏​បរិសុទ្ធ ហើយ​ពិភាក្សា​អំពី​អត្ថន័យ​នៃ​ឈុតឆាក​ទាំងនោះ ។

  3. ដោយសារ​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះគ្រីស្ទ នោះ​បុណ្យ​អ៊ីស្ទើរ​គឺជា​ពេលវេលា​នៃ​ការរំឭក​ឡើងវិញ ។ ការរៀបចំ​ក្រុម​មួយ​ដើម្បី​សម្អាត​ផ្ទះ ឬ​ទីធ្លា​របស់​នរណាម្នាក់ អាច​ជា​ការរំឭក​ដ៏មាន​ប្រយោជន៍​ពី​បាវចនា​នោះ ។

  4. នៅក្នុង​តំបន់​មួយចំនួន​នៃ​ពិភពលោក គប់​ភ្លើង​ត្រូវបាន​គេ​ដុត​ក្នុង​អំឡុងពេល​បុណ្យ​អ៊ីស្ទើរ ដើម្បី​ជា​និមិត្តរូប​នៃ​ពន្លឺ​ដែល​ឈ្នះ​លើ​ភាពងងឹត ។ ការអុជភ្លើង ឬទៀន​អាច​តំណាងឲ្យ​ព្រះអង្គសង្គ្រោះ ដែលជា​ពន្លឺ​នៃ​ពិភពលោក​ដែល​បាន​យក​ឈ្នះ​លើ​ការស្លាប់ និង​អំពើបាប ។

  5. ដើម្បី​ជា​ផ្នែក​មួយ​នៃ​មេរៀន សូម​ចែកចាយ​ទំនុក​ច្រៀង​នៃ​ទំនុកតម្កើង​បុណ្យ​អ៊ីស្ទើរ ។ ពិភាក្សា​អំពី​គោលលទ្ធិ និង​ទីបន្ទាល់​នៅក្នុង​វគ្គ​នីមួយៗ ។

  6. អញ្ជើញ​សមាជិក​ឲ្យ​ដាក់​បង្ហាញ​ស្នាដៃ​សិល្បៈ ឬ​រូបថត​ដែល​ឆ្លុះបញ្ចាំង​ពី​បាវចនា​នៃ​បុណ្យ​អ៊ីស្ទើរ ។

  7. ព្រះយេស៊ូវ​មាន​ព្រះនាម និង​ព្រះបរមងារ​ជាច្រើន ហើយ​ព្រះនាម និង​ព្រះបរមងារ​នីមួយៗ​បង្ហាញ​ពីអ្វី​ដែល​ខុសៗគ្នា​ពី​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់ ។ ការមក​ជួបជុំគ្នា​ជា​វួដ​មួយ​ដើម្បី​ធ្វើ​ការបង្កើត​ស្នាដៃ​សិល្បៈ​អំពី​ព្រះនាម និង​ព្រះបរមងារ​ទាំងនោះ អាច​ជាវិធី​ដ៏ល្អ​មួយ​ដើម្បី​ផ្តោតលើ​ទិដ្ឋភាព​ផ្សេងៗគ្នា​របស់​ព្រះគ្រីស្ទ​សម្រាប់​បុណ្យ​អ៊ីស្ទើរ ។

  8. ពិចារណា​បង្កើត​ប្រពៃណី​នៃ​ការថ្វាយបង្គំ​តាមរយៈ​តន្ត្រី ដោយ​ប្រើ​បទគម្ពីរ និង​ចម្រៀង​ដើម្បី​ជញ្ជឹងគិត​ពី​ការពលិកម្ម និង​សេចក្តីស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ ។ វួដ ឬ​ស្តេក​មួយ​អាច​ប្រមូលផ្តុំគ្នា​ដើម្បី​រៀន និង​ច្រៀង​ទំនុកតម្កើង​បុណ្យ​អ៊ីស្ទើរ និង​ចែកចាយ​បទគម្ពីរ​ដែល​ទាក់ទងទៅនឹង​បុណ្យ​អ៊ីស្ទើរ ។

  9. តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ក្រុម​គ្រួសារ​អាច​នៅ​ជាមួយ​គ្នា​ដល់​អស់កល្ប​ជានិច្ច ។ ការរៀបចំ​ផែនការ​សកម្មភាព​ពង្សប្រវត្តិ ឬ​ដំណើរ​កម្សាន្ត​ទៅ​ព្រះវិហារ​បរិសុទ្ធ​អាច​រំឭក​សមាជិក​អំពី​គោលការណ៍​នេះ​ក្នុង​អំឡុងពេល​បុណ្យ​អ៊ីស្ទើរ ។

  10. ការគូរ​ដោយ​ប្រើ​ដី-ស​គឺជា​សកម្មភាព​សប្បាយ​រីករាយ​មួយ​សម្រាប់​មនុស្ស​គ្រប់វ័យ ហើយ​ព្រឹត្តិការណ៍​សិល្បៈ​អន្ដរ​សាសនា​អំពី​បុណ្យ​អ៊ីស្ទើរ​ដែល​ប្រើ​ដី-ស អាចជា​វិធី​ច្នៃប្រឌិត​មួយ​ដើម្បី​ចែកចាយ និង​ទទួល​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ ។