« ដំណឹងដ៏រីករាយ » លីអាហូណា ខែមីនា ឆ្នាំ២០២៦ ។
សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ដំណឹងដ៏រីករាយ
ពីព្រោះតែដង្វាយធួនដ៏អស់កល្បជានិច្ចរបស់ព្រះអង្គសង្រ្គោះ ខ្ញុំដឹងថាខ្ញុំនឹងបានជួបមិត្តរបស់ខ្ញុំវិញម្តងទៀត ។
រចនារូបភាពដោយ ប្រ៊ីអាណា ក្រែន
ក្នុងនាមជាអ្នកជិតខាង ម៉ារីតហ្សា និងខ្ញុំបានស្គាល់គ្នាកាលយើងនៅពីក្មេង ។ ទោះបីជានាងមានអាយុច្រើនជាងខ្ញុំពីរបីឆ្នាំក៏ដោយ ក៏យើងបានក្លាយជាមិត្តល្អនឹងគ្នា ហើយជិតស្និទ្ធគ្នាខ្លាំងណាស់ ។
នៅពេលដែលខ្ញុំមានអាយុ១៩ឆ្នាំ ហើយជាពេលដែលត្រូវការការណែនាំបំផុត នាងបានណែនាំខ្ញុំឲ្យស្គាល់ដំណឹងល្អ ដែលបានស្តារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ តាមរយៈអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។ ខ្ញុំបានដឹងខ្លះៗរួចហើយអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តាមរយៈពូ និងជីដូនរបស់ខ្ញុំ ។ ពួកគាត់គឺជាសមាជិកនៃសាសនាចក្រមុនខ្ញុំ នៅក្នុងគ្រួសាររបស់ខ្ញុំ ។
ម៉ារីតហ្សា នៅជាមួយខ្ញុំពេញមួយការប្រែចិត្តជឿរបស់ខ្ញុំ នាងជួយខ្ញុំឲ្យអភិវឌ្ឍទីបន្ទាល់របស់ខ្ញុំអំពីព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ ហើយបានជួយខ្ញុំរាល់ពេលដែលខ្ញុំត្រូវការនាង ។
ខ្ញុំបានរៀនអំពីសេចក្តីអំណរនៃការរស់នៅតាមដំណឹងល្អដោយភាពសាមញ្ញ និងការប្តេជ្ញាចិត្តពីនាង ។ ខ្ញុំកោតសរសើរចំពោះភាពរួសរាយរបស់នាង របៀបដែលនាងបង្រួបបង្រួមគ្រួសារ និងមិត្តភក្តិ និងការតស៊ូរបស់នាងក្នុងការសម្រេចបាននូវគោលដៅទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ។ ខ្ញុំបានរៀនពីនាងថា នៅពេលដែលយើងជួបនឹងសេចក្តីពិត យើងត្រូវតែអនុវត្តអ្វីដែលយើងបានរៀន ដោយរក្សាបទបញ្ញត្តិ និងអនុវត្តតាមការបង្រៀនដែលមាននៅក្នុងដំណឹងល្អទៅក្នុងជីវិតរបស់យើង និងគ្រួសាររបស់យើង ។ ដើម្បីរក្សាភាពស្មោះត្រង់ យើងត្រូវតែមានភាពក្លាហាននៅក្នុងទីបន្ទាល់របស់យើង និងខិតខំប្រកាន់ខ្ជាប់នូវសេចក្តីជំនឿរបស់យើង ទោះបីជាមានទុក្ខលំបាកក៏ដោយ ។
នៅក្នុង ឆ្នាំ២០១០ ម៉ារីតហ្សា បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រថយន្ដ ។ វាជាពេលដ៏សោកសៅមួយសម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំដឹងថាតាមរយៈផែនការនៃសេចក្ដីសង្រ្គោះ និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំនឹងបានជួបនាងម្តងទៀត ។ ខ្ញុំដឹងថានៅទីនោះនាងបន្តមានអាកប្បកិរិយារីករាយដូចគ្នាដែលនាងធ្លាប់មាននៅលើផែនដីនេះ ។
ខ្ញុំដឹងថាជីវិតនេះជា « ស្ថានភាពពិសោធន៍ » ( អាលម៉ា ១២:២៤ ) ប៉ុន្ដែវាមិនមែនមានតែប៉ុណ្ណឹងនោះទេ ។ ខ្ញុំដឹងថាយើងនឹងជួបគ្រួសារ និងមិត្តភក្តិរបស់យើងម្តងទៀតនៅផ្នែកម្ខាងទៀតនៃវាំងនន ។ យើងនឹងជួបពួកគេ ស្វាគមន៍ពួកគេ និងនៅជាមួយគ្នាម្តងទៀត ។ យើងនឹងមានអារម្មណ៍នៃសេចក្តីស្រឡាញ់ដូចគ្នានឹងកាលពីពេលដែលយើងនៅលើផែនដីនេះ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣០:២ ) ។ សមាជិកគ្រួសាររបស់ខ្ញុំកំពុងនៅទីនោះរង់ចាំខ្ញុំ ។ ខ្ញុំដឹងថា ម៉ារីតហ្សា ក៏នៅទីនោះផងដែរ ។
ម៉ារីតហ្សា បានចែកចាយដំណឹងល្អជាមួយមនុស្សគ្រប់គ្នាដោយភាពរីករាយ ពេលដែលនាងនៅលើផែនដីនេះ ។ ខ្ញុំប្រាកដថានាងក៏កំពុងធ្វើរឿងដូចគ្នានេះនៅក្នុងពិភពវិញ្ញាណផងដែរ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨:៥៧ ). នាងកំពុងបង្រៀនអំពីដង្វាយធួនដ៏អស់កល្បជានិច្ចរបស់ព្រះអង្គសង្រ្គោះ និងដំណឹងដ៏រីករាយថា ដោយសារតែទ្រង់ និងតាមរយៈពិធីបរិសុទ្ធទាំងឡាយក្នុងព្រះវិហារបរិសុទ្ធ នោះយើងអាចត្រឡប់ទៅទីវត្តមានរបស់ទ្រង់ និងព្រះវរបិតាវិញ ដើម្បីរស់នៅជាគ្រួសារដ៏អស់កល្បជានិច្ច ។