« អត្តសញ្ញាណដ៏ទេវភាព ៖ សេចក្តីពិតនៃដំណឹងល្អដែលបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ » លីអាហូណា ខែមីនា ឆ្នាំ២០២៦ ។
មកពី យុវមជ្ឈិមវ័យ ប្រចាំសប្តាហ៍
អត្តសញ្ញាណដ៏ទេវភាព ៖ សេចក្តីពិតនៃដំណឹងល្អដែលបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ
ព្រះទ្រង់ជ្រាបដឹងពីបងប្អូនទាំងស្រុង និងជ្រាបដឹងថា អ្វីដែលល្អបំផុតសម្រាប់បងប្អូន ។
ខ្ញុំបានខំអធិស្ឋានយ៉ាងខ្លាំង ដើម្បីយល់ពីស្ថានភាពរបស់ខ្ញុំ ។ ការហៅទៅបម្រើបេសកកម្មរបស់ខ្ញុំបានមកបន្ទាប់ពីមានការពន្យារពេលមួយដ៏យូរ ហើយខ្ញុំបានភ្ញាក់ផ្អើល និងខ្មាសអៀន ខ្ញុំត្រូវហៅទៅបម្រើនៅ ៖ បេសកកម្មនិយាយភាសាអាល្លឺម៉ង់ អាល់ភែន ។
កន្លែងកំណើតរបស់ខ្ញុំ ។
ម៉េចក៏បែបហ្នឹង ?
ខ្ញុំមិនចង់បម្រើនៅកន្លែងកំណើតរបស់ខ្ញុំទេ ! ខ្ញុំបានរំពឹងថានឹងទៅកន្លែងផ្សេងទៀតដូចមិត្តភក្តិរបស់ខ្ញុំជាច្រើនដែរ ។ ដំណឹងនេះបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ព្រះវរបិតាសួគ៌មិនមើលឃើញខ្ញុំថា មានសមត្ថភាពក្នុងការបម្រើទ្រង់នោះទេ ។
ប៉ុន្តែនៅពេលដែលខ្ញុំបានពោលការអធិស្ឋានយ៉ាងអស់ពីចិត្ត ទូលសួរដល់ទ្រង់ថា តើទ្រង់ខ្វល់ខ្វាយអំពីខ្ញុំទេ ហើយថាបើការហៅទៅបម្រើបេសកកម្មនេះគឺជាកំហុសមែនដែរឬទេ នោះខ្ញុំមានអារម្មណ៍ថាទម្ងន់ត្រូវបានដកចេញពីស្មារបស់ខ្ញុំ ។ ខ្ញុំមានអារម្មណ៍ថា ព្រះវិញ្ញាណបានអះអាងប្រាប់ខ្ញុំថា ព្រះទ្រង់ជ្រាបដឹងពីខ្ញុំទាំងស្រុង និងជ្រាបដឹងថាអ្វីដែលល្អបំផុតសម្រាប់ខ្ញុំ ។
ក្នុងពេលនោះ ព្រះវិញ្ញាណបានបញ្ជាក់ប្រាប់ដល់ខ្ញុំថា ខ្ញុំគឺជាកូនរបស់ព្រះ ។
នោះគឺជាលើកដំបូងដែលខ្ញុំពិតជាទទួលអារម្មណ៍ពីអំណាចនៃអត្តសញ្ញាណដ៏ទេវភាពរបស់ខ្ញុំ ។
សេចក្តីពិតដ៏សំខាន់បំផុតមួយ
សេចក្តីពិតអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានផ្លាស់ប្ដូរជីវិតនោះគឺថា យើងគឺជាបុត្រាបុត្រីរបស់ព្រះវរបិតា និងព្រះវរមាតាសួគ៌ ។
អែលឌើរ ផាទ្រីក ខៀររ៉ុនក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា « អំណោយមួយដែលគ្របដណ្ដប់គ្រប់ទាំងសេចក្តីពិតដ៏នៅអស់កល្បជានិច្ច ដែលគាំទ្រដល់សមត្ថភាពរបស់យើងក្នុងការទទួលបានអ្វីៗផ្សេងទៀត ដែលព្រះវរបិតាយើងចង់ប្រទានឲ្យយើង—គឺជាអំណោយដ៏សំខាន់នៃចំណេះដឹងដែលនៅពេលយល់ព្រមទទួល និងទទួលយកយ៉ាងជ្រៅពេញលេញទៅក្នុងព្រលឹងផ្ដល់ឲ្យនូវអំណរ និងសម្រាលការលំបាកនៃជីវិត ហើយឆ្លើយសំណួរដែលមិនមានចម្លើយរបស់យើង ៖ គឺថា យើងពិតជាបុត្រាបុត្រីរបស់ព្រះប្រាកដមែន » ។
ចាប់តាំងពីបទពិសោធន៍ដែលខ្ញុំមានជាមួយនឹងការហៅទៅបម្រើបេសកកម្មមក ខ្ញុំបានទទួលអារម្មណ៍នៃសេចក្តីពិតពីសម្តីទាំងនោះ ។ ខ្ញុំមិនដែលភ្លេចពីអារម្មណ៍នៃការអះអាង និងការទទួលបានអំណាចនៅពេលនោះទេ ជាពេលដែលខ្ញុំដឹងថា ព្រះទ្រង់ជ្រាបដឹងពីខ្ញុំ និងស្រឡាញ់ខ្ញុំ ។
ការផ្តោតលើអត្តសញ្ញាណរបស់ខ្ញុំ
ទោះបីជាដឹងនូវសេចក្ដីពិតនេះ ពិភពលោកជុំវិញខ្ញុំរំឭកខ្ញុំតិចតួចណាស់អំពីឫសគល់អត្តសញ្ញាណរបស់ខ្ញុំ ។ ខ្ញុំបានដឹងថា ខ្ញុំត្រូវតែមានឆន្ទៈដើម្បីក្រើនរំឭកខ្លួនឯងជានិច្ចឲ្យចងចាំពីអត្តសញ្ញាណដ៏ទេវភាពរបស់ខ្ញុំ និងព្រះចេស្តាដែលមកជាមួយនោះ ។
សម្រាប់ខ្ញុំ ការណ៍នេះរួមបញ្ចូលទាំងការជញ្ជឹងគិតអំពីអព្ភូតហេតុនៃរាងកាយរបស់ខ្ញុំ និងអ្វីដែលវាអនុញ្ញាតឲ្យខ្ញុំធ្វើ និងដកពិសោធន៍ជារៀងរាល់ថ្ងៃ ។
ខ្ញុំក៏មានអារម្មណ៍ថាបានភ្ជាប់ទំនាក់ទំនងទៅនឹងអង្គបង្កបង្កើតរបស់ខ្ញុំដែរ នៅពេលខ្ញុំស្ថិតនៅក្នុងភាពស្ងប់ស្ងាត់ជាមួយធម្មជាតិ ។ ការមើលឃើញភាពស្រស់ស្អាតនៃភ្នំ ឬថ្ងៃលិច រំឭកខ្ញុំថា ព្រះពុំចាំបាច់ធ្វើឲ្យផែនដីស្រស់ស្អាតជាងនេះនោះទេ ។ ប៉ុន្តែទ្រង់ និងព្រះយេស៊ូវគ្រីស្ទបានធ្វើដូច្នេះសម្រាប់យើង ព្រោះទ្រង់ទាំងទ្វេចង់ឲ្យយើងរីករាយជាមួយភាពអស្ចារ្យនៃពិភពលោកនេះ និងចងចាំអំពីសេចក្តីស្រឡាញ់របស់ទ្រង់ទាំងទ្វេ ( សូមមើល ម៉ូសេ ៦:៦៣ ) ។
ហើយការអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ជារៀងរាល់ថ្ងៃ—ដោយប្រាប់ទ្រង់ឲ្យជ្រាបដឹងពីអារម្មណ៍ដែលខ្ញុំមាន ហើយការដឹងថាទ្រង់សព្វព្រះទ័យស្តាប់ និងមានបន្ទូលជាមួយខ្ញុំ—ជួយខ្ញុំឲ្យមានទំនាក់ទំនងដ៏ទេវភាពកាន់តែជ្រាលជ្រៅថែមទៀតជាមួយនឹងទ្រង់ ។ ការអធិស្ឋានរំឭកខ្ញុំថា ខ្ញុំមិននៅម្នាក់ឯងទេ ហើយថាទ្រង់កំពុងដឹកនាំខ្ញុំ បើទោះបីជាអ្វីដែលខ្ញុំចង់បាននឹងមិនកើតឡើងនៅពេលឥឡូវនេះក៏ដោយ ។ ខ្ញុំទុកចិត្តថា ទ្រង់ដែលជាព្រះវរបិតាដ៏ជាទីស្រឡាញ់ ជ្រាបដឹងថាពេលណាដែលល្អបំផុត ដើម្បីឲ្យពរជ័យជាក់លាក់ណាមួយចូលមកក្នុងជីវិតរបស់ខ្ញុំ ។
អំណោយនៃជីវិតរមែងស្លាប់
បេសកកម្មរបស់ខ្ញុំមិនដូចជាអ្វីដែលខ្ញុំបានរំពឹងទុកនោះទេ ។ ប៉ុន្តែខ្ញុំមានបទពិសោធន៍ជាច្រើនដែលជួយខ្ញុំឲ្យមើលឃើញថា ហេតុអ្វីបានជាព្រះវរបិតាសួគ៌សព្វព្រះទ័យចង់ឲ្យខ្ញុំស្ថិតនៅក្នុងតំបន់កំណើតរបស់ខ្ញុំ ។ ការចែកចាយសេចក្តីពិតនៃអត្តសញ្ញាណដ៏ទេវភាពជាមួយអស់អ្នកដែលមិនធ្លាប់ដឹងពីមុន បានធ្វើឲ្យខ្ញុំមានសេចក្តីអំណរ ។
ខ្ញុំមិនអាចស្រមៃបានទេថាជីវិតខ្ញុំនឹងទៅជាយ៉ាងណាបើខ្ញុំមិនបានដឹងថាខ្ញុំជានរណាឲ្យពិតប្រាកដនោះ—ខ្ញុំនឹងមានអារម្មណ៍ថាទទេស្អាត ហើយតែលតោល ។
នៅពេលខ្ញុំពិចារណាអំពីគោលបំណងនៃជីវិតរបស់ខ្ញុំ វាផ្តល់ឲ្យខ្ញុំនូវសេចក្តីសង្ឃឹមយ៉ាងខ្លាំងឲ្យដឹងថា ជីវិតរមែងស្លាប់គឺគ្រាន់តែជាផ្នែកតូចមួយនៃផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់ខ្ញុំប៉ុណ្ណោះ ។ ខ្ញុំអាចធ្វើ អាចរៀន ហើយអាចក្លាយជាបុគ្គលម្នាក់ដែលល្អជាងខ្ញុំនៅពេលនេះ ដោយសារតែពរជ័យដ៏ទេវភាពនៃជីវិតដែលទ្រង់បានប្រទានឲ្យខ្ញុំក្នុងនាមជាបុត្ររបស់ទ្រង់ ។ ខ្ញុំមានអំណរគុណយ៉ាងខ្លាំង ដែលទ្រង់បានប្រទានព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់ឲ្យមកធ្វើជាព្រះអង្គសង្រ្គោះរបស់ខ្ញុំ ហើយថាទ្រង់បានអនុញ្ញាតឲ្យខ្ញុំជ្រើសរើសចូលទៅក្នុងជីវិតរមែងស្លាប់ដើម្បីក្លាយដូចជាទ្រង់ ហើយត្រឡប់ទៅផ្ទះជួបទ្រង់វិញ ។
មិនថាយើងប្រឈមមុខនឹងអ្វីនៅក្នុងពិភពលោកនេះទេ ខ្ញុំសង្ឃឹមថា បងប្អូននឹងចងចាំជានិច្ចថា បងប្អូនជានរណាឲ្យពិតប្រាកដ ។ សេចក្តីពិតនោះនឹងផ្តល់ឲ្យបងប្អូននូវអំណាចដើម្បីប្រឈមមុខនឹងអ្វីដែលកើតឡើងចំពោះបងប្អូន ។
ដូចជាព្រះបានសណ្ដាប់ឮខ្ញុំក្នុងគ្រានៃការអស់សង្ឃឹមរបស់ខ្ញុំ ខ្ញុំដឹងថាទ្រង់តែងតែស្តាប់ឮ ហើយស្រឡាញ់បងប្អូនផងដែរ ។
អ្នកនិពន្ធរស់នៅលីអេស្ទល់ ប្រទេសស្វីស ។