លីអាហូណា
ធ្វើ​កិច្ចការ​របស់​ទ្រង់
លីអាហូណា ខែមីនា ឆ្នាំ២០២៦


« ធ្វើ​កិច្ចការ​របស់​ទ្រង់ » លីអាហូណា ខែមីនា ឆ្នាំ២០២៦ ។

សំឡេង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ធ្វើ​កិច្ចការ​របស់​ទ្រង់

ខ្ញុំ​មិន​ដឹងថា​គួរ​ប្រាប់​គ្រួសារ​មួយ​នោះ​ដោយ​របៀបណា​នោះទេ ថា​កូនស្រី​របស់​ពួកគេ​បាន​ទទួល​មរណភាព​ហើយ រហូត​ដល់​ព្រះវិញ្ញាណ​បាន​ជួយ​ខ្ញុំ ។​រហូតដល់​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ខ្ញុំ ។

រូបភាព​របស់​មន្ត្រី​ប៉ូលីស​ម្នាក់​កំពុង​ឈរ​នៅ​មាត់ទ្វារ​ផ្ទះ​របស់​បុរស​ម្នាក់

រចនា​រូបភាព​ដោយ ប្រ៊ីអាណា ក្រែន

ប្រសិនបើ​បទពិសោធន៍​ដ៏​សែនឈឺចាប់​របស់​មនុស្ស​គឺ​ការស៊ូទ្រាំ​នឹង​សោកនាដកម្ម ការបាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ដែល​មិន​នឹក​ស្មានដល់ ខ្ញុំ​គិត​ថា​បទពិសោធន៍​ដ៏​លំបាក​បំផុត​ទីពីរ​អាច​កើតឡើង​នៅពេល​អ្នកសង្រ្គោះ​បន្ទាន់​សម្លឹង​មើល​ទៅ​កែវភ្នែក​របស់​ម្តាយ​ឳពុក ហើយ​ប្រាប់​ពួកគាត់​ថា​កូន​របស់​ពួកគាត់​បាន​ស្លាប់​ហើយ ។

ព្រឹក​មួយ​ខ្ញុំ​ត្រូវបាន​គេ​បញ្ជូន​ឲ្យ​ទៅ​ជូនដំណឹង​ដល់​គ្រួសារ​មួយ ថា​កូនស្រីពៅ​របស់​ពួកគេ​បាន​ស្លាប់​ខណៈពេល​កំពុង​បើកបរ​ត្រឡប់​មក​ផ្ទះ​ពី​មហាវិទ្យាល័យ​វិញ ។ នាង​បាន​គេងលក់ពេល​កំពុង​បើកបរ ហើយ​ស្លាប់​ភ្លាមៗ​នៅពេល​ដែល​រថយន្ត​របស់នាង​រអិល​ចេញពី​ផ្លូវ ហើយ​ក្រឡាប់​យ៉ាង​ពេញ​ទំហឹង ។ វា​គឺជា​ថ្ងៃអាទិត្យ​បុណ្យ​អ៊ីស្ទើរ ។

ខ្ញុំ​ខ្លាច​ថា​នៅពេល​ខ្ញុំ​ជូនដំណឹង​នេះ វា​នឹង​បណ្តាល​ឲ្យ​គ្រួសារ​នេះ​មាន​ការឈឺចាប់ ។ ដោយ​ប្រការ​ណា​មួយ វា​ស្ទើរតែ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការធ្វើ​ឲ្យ​គ្រួសារ​នេះ​ខូចចិត្ត ។

ខ្ញុំ​បាន​ចុច​កណ្តឹងទ្វារ ហើយ​បុរស​ម្នាក់​បាន​បើក​ទ្វារ​ចេញ​មក ។ កែវភ្នែក​របស់​យើង​បាន​សម្លឹង​ចំ​គ្នា​តាម​ប្រលោះ​ទ្វារ ។ គាត់​ឈរ​គាំង ដោយ​មាន​ភាពតានតឹង​នៅលើ​ទឹកមុខ​របស់គាត់ ។ គាត់​ដឹង​ថា​វត្តមាន​របស់ខ្ញុំ​ពន្យល់​ពី​អវត្តមាន​របស់​កូនស្រី​គាត់ ។ ភ្លាមៗនោះ ខ្ញុំ​បាន​ទទួល​ការបំផុស​គំនិត​ខាងវិញ្ញាណ​មួយ ៖

« ចេសុន ឈប់​គិត​ពី​ខ្លួនឯង ។ អ្នក​កំពុង​ធ្វើ​កិច្ចការ​របស់​យើង ហើយ​មាន​សិទ្ធិ​ទទួល​បាន​ព្រះចេស្តា​របស់យើង ។ ចូរ​ប្រើ​វា​ទៅ ។ សូម​ទុក​ចិត្ត​លើវា​ចុះ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ណែនាំ​អ្នក ដើម្បី​នាំ​មក​នូវ​ការយល់ដឹង និង​ដំណោះស្រាយ​ទៅដល់​អ្នក​ដែល​មាន​ជម្លោះ ឬ​ច្របូកច្របល់ » ។

បុរស​នោះ​បាន​បើក​ទ្វារ​ដោយ​ញ័រដៃ ។ ទំនុកចិត្ត​ខាង​វិញ្ញាណ​ជំនួស​ភាពស្ទាក់ស្ទើរ​របស់ខ្ញុំ​នៅពេល​ដែល​ខ្ញុំ​ណែនាំ​ខ្លួនឯង និង​សុំ​ចូល​ទៅ​ខាងក្នុង ។ ទោះបីជា​ត្រូវបាន​ពង្រឹង​ដោយ​ព្រះវិញ្ញាណ​ក្ដី ដួងចិត្ត​របស់​ខ្ញុំ​ឈឺចាប់​យ៉ាងខ្លាំង​ជំនួស​គាត់ ។ ខ្ញុំ​ចង់​ចែករំលែក​ទុក្ខព្រួយ​ជាមួយនឹង​គាត់ និង​ទួញយំ​ជាមួយនឹង​គាត់ ( សូមមើល ម៉ូសាយ ១៨:៨–៩ ) ដោយ​មាន​អារម្មណ៍​ថា​ការធ្វើ​ដូច្នេះ​អាច​កាត់បន្ថយ​ការឈឺចាប់​របស់គាត់ ។

យើង​បាន​ដើរ​ចុះ​តាម​ផ្លូវដើរ​មួយ​ចូល​ទៅក្នុង​បន្ទប់ ដែល​ភរិយា និង​កូនៗ​របស់គាត់​បាន​ប្រមូលផ្តុំគ្នា ។ ដោយ​បាន​គាំទ្រ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ខ្ញុំ​មាន​អារម្មណ៍​ជឿជាក់ និង​ភាពច្បាស់លាស់​ក្នុង​ចិត្ត ។ ខ្ញុំ​បាន​ឆ្លើយ​សំណួរ​របស់​ពួកគេ ហើយ​បន្ទាប់មក​បាន​ថ្លែងទីបន្ទាល់​របស់ខ្ញុំ​ថា ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ការពលិកម្ម និង​ការរស់​ឡើងវិញ​របស់ទ្រង់ នោះ​ពួកគេ​នឹង​ជួប​កូនស្រី​របស់​ពួកគេ​ម្តងទៀត ។

តាមរយៈ​បទពិសោធន៍​នេះ សេចក្តីជំនឿ​របស់​ខ្ញុំ​លើ​ព្រះអម្ចាស់​បាន​វិវត្តន៍​ទៅជា​ការទុកចិត្ត ។ ខ្ញុំ​សង្ឃឹម​ថា​សេចក្តីជំនឿ​របស់​ពួកគេ​ក៏​បាន​វិវត្តន៍​ផងដែរ ។

អែលឌើរ ប៉ូល ប៊ី ផែបភើរ នៃ​ពួកចិតសិបនាក់ បាន​បង្រៀន​ថា « ពេលខ្លះ វិធី​ដ៏ល្អ​បំផុត​ដើម្បី​រៀន​ទុកចិត្ត​ព្រះ គឺ​គ្រាន់តែ​ទុកចិត្ត​លើ​ទ្រង់​ប៉ុណ្ណោះ » ។

ការជឿ​ទុកចិត្ត​លើ​ព្រះអម្ចាស់​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​កម្លាំង​ដើម្បី​ជួយ​ដល់​អ្នកដទៃ ។ វា​ក៏បាន​ពង្រឹង​ទីបន្ទាល់​របស់ខ្ញុំ និង​ត្រួសត្រាយ​ផ្លូវ​ដល់​ខ្ញុំ​សម្រាប់​ឱកាស​រាប់មិនអស់ ដើម្បី​បម្រើ​អ្នកដទៃ​ជំនួស​ឲ្យ​ទ្រង់​ផងដែរ ។