លីអាហូណា
កៃផា ជា​សម្តេច​សង្ឃ
លីអាហូណា ខែមីនា ឆ្នាំ២០២៦


« កៃផា ជា​សម្តេច​សង្ឃ » លីអាហូណា ខែមីនា ឆ្នាំ២០២៦ ។

ពួកគេ​បាន​ស្គាល់​ព្រះអង្គ​សង្គ្រោះ

កៃផា ជា​សម្តេច​សង្ឃ

ដោយ​ងងឹតងងល់​ដោយ​ការដេញ​តាម​លោកិយ ហើយ​ទោះបីជា​មាន​ឱកាស​ជាច្រើន​ក៏ដោយ ក៏​គាត់​បាន​បរាជ័យ​ក្នុង​ការស្គាល់​ព្រះមែស៊ី​ដែរ ។

រូបភាព​របស់ កៃផា ជា​សម្តេច​សង្ឃ

រចនា​រូបភាព​ដោយ ឡូរ៉ា សៀរ៉ា មិន​អាច​ចម្លង​បាន​ទេ

ក្រោយពី​ព្រះអង្គសង្រ្គោះ​បាន​ប្រោស​ឲ្យ​ឡាសារ​រស់​ពី​ស្លាប់ នោះ​ពួក​មេដឹកនាំ​សាសន៍​យូដា​ដ៏​មាន​អំណាច​បំផុត​បាន​ប្រមូលផ្តុំ​ក្រុមប្រឹក្សា​មួយ​ដើម្បី​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​ព្រះយេស៊ូវ ។ ពួកគេ​ភ័យខ្លាច​ទ្រង់​មាន​ប្រជាប្រិយភាព​ជាមួយ​ប្រជាជន​ដោយសារ​ទ្រង់​បាន​ធ្វើ​ទីសម្គាល់​ច្រើន​ណាស់ ។ ( សូមមើល យ៉ូហាន ១១:៤៧ ) ។

កៃផា​បាន​ដឹកនាំ​ក្រុមប្រឹក្សា​នេះ​ក្នុង​នាមជា​សង្ឃ​ជាន់ខ្ពស់​ជា​អធិបតី និង​ជា​មេដឹកនាំ​នៃ​សានហេទ្រិន ដែល​ជា​អ្នកគ្រប់គ្រង​សាសន៍​យូដា​នៅក្នុង​អំឡុងពេល​កាន់កាប់​ដោយ​ពួក​រ៉ូម ។ ក្នុង​នាមជា​សម្ដេច​សង្ឃ គាត់​បាន​មើលខុសត្រូវ​លើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដែល​មាន​គោលបំណង​ចង្អុល​បង្ហាញ​ទៅរក​ព្រះគ្រីស្ទ ។

ប៉ុន្តែ​នៅពេល​ដែល​ព្រះគ្រីស្ទ​បាន​យាងមក គាត់​មិន​បាន​ស្គាល់​ព្រះអង្គសង្គ្រោះ​ទេ ។ កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះ​ទៅទៀត​នោះ គាត់​បាន​រួមគំនិត​ដើម្បី​សម្លាប់​ទ្រង់​ថែមទៀត​ផង ។ វា​ជា​រឿង​គួរឲ្យ​ហួសចិត្ត​បំផុត​មួយ​ដែល​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ។

ពាក្យ​ព្យាករ

ទោះបីជា​តួនាទី​របស់​គាត់​លេចធ្លោ​ក៏ដោយ មិន​សូវ​មាន​គេ​ដឹង​ពី​កៃផា​ទេ ។ គាត់​ត្រូវ​បាន​គេ​លើកឡើង​តែ​ប្រាំបួន​ដង​ប៉ុណ្ណោះ​នៅក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ។ គាត់​បាន​ដើរតួ​ជា​អ្នកទំនាក់ទំនង​រវាង​សាសន៍​យូដា និង សាសន៍​រ៉ូម ។ គាត់​គឺជា​សាឌូស៊ី​ម្នាក់  ជា​ក្រុមសាសនា​សាសន៍​យូដា​នៅ​សម័យ​នៃ​ព្រះគ្រីស្ទ ដែល​មិន​ជឿ​លើ​ការរស់​ឡើងវិញ ( សូមមើល កិច្ចការ ២៣:៨ ) ។

កៃផា​បាន​និយាយ​នៅក្នុង​ក្រុមប្រឹក្សា​បន្ទាប់ពី​ព្រះគ្រីស្ទ​បាន​ប្រោស​ឡាសារ​ឲ្យ​រស់ឡើង​ពី​ការស្លាប់ អព្ភូតហេតុ​មួយ​ដែល​នឹង​បង្ក​បញ្ហា​ដល់​គាត់ និង​ពួកសាឌូស៊ី​ផ្សេងទៀត​ដោយសារតែ​ជំនឿ​របស់​ពួកគេ ។

ក្រុមប្រឹក្សា​បាន​មាន​ទ្រឹស្តី​ថា ប្រសិនបើ​ពួកគេ​មិន​បាន​ធ្វើអ្វី​មួយ​ក្នុង​ការឆ្លើយតប​ទៅនឹង​អព្ភូតហេតុ​ល្បី​នេះ​ទេ នោះ​មនុស្ស​នឹង​ជឿថា ព្រះយេស៊ូវ​គឺជា​ព្រះមែស៊ី ជា​ស្តេច​នៃ​សាសន៍​យូដា « ហើយ​សាសន៍​រ៉ូម​នឹង​មក​ចាប់​យក​ទាំង​ស្រុក និង​ជាតិ​យើង​ផង » ( យ៉ូហាន ១១:៤៨ ) ។

កៃផា​បាន​ឆ្លើយតប « អ្នក​រាល់​គ្នា​មិន​ដឹង​អ្វី​សោះ ក៏​មិន​គិត​ពិចារណា​ឃើញ​ថា បើ​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​បណ្តាជន នោះ​មាន​ប្រយោជន៍ ដល់​អ្នក​រាល់​គ្នា​ជា​ជាង ដើម្បី​កុំ​ឲ្យ​ជាតិ​យើង​នេះ​ត្រូវ​វិនាស​ទាំង​អស់​ឡើយ » ( យ៉ូហាន ១១:៤៩–៥០ ) ។

សាវក​យ៉ូហាន​កត់​សម្គាល់​ថា កៃផា​បាន​និយាយ​នោះ « ដោយ​អាង​តែ​ខ្លួន​លោក​ទេ គឺ​ដោយ​ព្រោះ​លោក​ជា​សម្តេចសង្ឃ​នៅ​ឆ្នាំ​នោះ បាន​ជា​លោក​ទាយ​ថា ព្រះយេស៊ូវ​ត្រូវ​សុគត​ជំនួស​សាសន៍​នោះ

« ហើយ​មិន​ជំនួស​ត្រឹម​តែ​សាសន៍​នោះ​ប៉ុណ្ណោះ គឺ​សុគត​ដើម្បី​ឲ្យ​អស់​ទាំង​កូន​នៃ​ព្រះ ដែល​ខ្ចាត់ខ្ចាយ​ទៅ បាន​ប្រមូល​រួម​មក​ជា​សាសន៍​តែ​១​ដែរ » ( យ៉ូហាន ១១:៥១–៥២ ) ។

ការថ្កោលទោស

ឈ្មោះ​របស់​កៃផា លេចឡើង​ម្តងទៀត​នៅក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី នៅពេល​ដែល​ព្រះគ្រីស្ទ​ត្រូវបាន​គេ​ចោទសួរ​មុនពេល​ការឆ្កាង​របស់ទ្រង់ ។

« រួច​សម្តេច​សង្ឃ​បង្គាប់​ទ្រង់​ថា ចូរ​ស្បថ​នឹង​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ចុះ បើ​ឯង​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​មែន​នោះ​ចូរ​ប្រាប់​យើង​មក » ( ម៉ាថាយ ២៦:៦៣ ) ។

ព្រះយេស៊ូវ​បាន​បញ្ជាក់​ថា​ទ្រង់​គឺជា​ព្រះគ្រីស្ទ ៖ « ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ ១​ទៀត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អំណឹះ​ទៅ​មុខ អ្នក​រាល់​គ្នា​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ នៅ​ខាង​ស្តាំ​នៃ​ព្រះ​ដ៏​មាន​ព្រះចេស្តា ហើយ​ទាំង​មក​លើ​ពពក​នៅ​លើ​មេឃផង » ( ម៉ាថាយ ២៦:៦៤ ) ។ ជា​ការឆ្លើយតប​ទៅ​នឹង​ការណ៍​នេះ កៃផា​បាន​បដិសេធ​ព្រះអង្គសង្គ្រោះ​ជាថ្មី​ម្តងទៀត ។ « នោះ​សម្តេច​សង្ឃ​ក៏​ហែក​អាវ​របស់ខ្លួន ហើយ​និយាយ​ឡើង​ថា វា​បាន​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ » ( ម៉ាថាយ ២៦:៦៥ ) ។

បើទោះ​បីជា​នៅក្នុង​វត្តមាន​របស់​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក ជា​អង្គ​ដែល​ត្រូវ​បាន​តែងតាំង​ពីមុន​ផែនដី​ដើម្បី​ឲ្យ​ធ្វើ​ដង្វាយធួន​សម្រាប់​អំពើ​បាប​របស់​មនុស្ស​ទាំងអស់ និង​រង​នូវ​គ្រប់​ការឈឺចាប់ ទុក្ខព្រួយ និង​ជំងឺ​គ្រប់​បែបយ៉ាង​ក្ដី ក៏​កៃផា​មិន​បាន​ស្គាល់​ថា​ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ហើយ​គាត់​បាន​ថ្កោលទោស​ដល់​ទ្រង់ ។

ព្រះរាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្មរស់

កៃផា​ត្រូវបាន​លើកឡើង​ម្តងទៀត​នៅក្នុង​ព្រះគម្ពីរ​ប៊ីប​នៅក្នុង​គម្ពីរ កិច្ចការ ៤ ។ កំណត់ត្រា​ប្រាប់​ពីរបៀប ដែល​សាវក​ពេត្រុស​បាន​ព្យាបាល​បុរស​ម្នាក់​ដែល​ខ្វិន​តាំងពី​កំណើត ( សូមមើល កិច្ចការ ៣:១–៨ ) ។ បន្ទាប់មក ខណៈ​ដែល​លោក និង​យ៉ូហាន​កំពុង​ផ្សព្វផ្សាយ​អំពី​ការរស់​ឡើងវិញ​របស់​ព្រះគ្រីស្ទ ពួកគេ​ត្រូវបាន​ចាប់ខ្លួន​នៅ​ក្រោម​អំណាច​របស់​សានហេទ្រិន ។ ពួកគេ​បាន​ជាប់​ពន្ធនាគារ​មួយ​យប់ ហើយ​ត្រូវបាន​នាំ​ទៅ​ចំពោះមុខ​ក្រុមប្រឹក្សា​មួយ​ដែល​រួមមាន កៃផា និង​ឪពុក​ក្មេក​របស់គាត់​ឈ្មោះ អាណ ដែល​ជា​អតីត​សម្តេចសង្ឃ ។ ( សូមមើល កិច្ចការ ៤:១–៦; សូមមើល​ផងដែរ យ៉ូហាន ១៨:១៣ ) ។

នៅពេល​ត្រូវបាន​សួរ​ថាតើ​ដោយ​សិទ្ធិអំណាច​អ្វី​ដែល​បាន​ព្យាបាល​បុរស​នោះ ពេត្រុស​បាន​ឆ្លើយឡើង​ថា ៖ « នោះ​សូម​ឲ្យ​លោក​រាល់​គ្នា​ជ្រាប​ដូច្នេះ ហើយ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ដឹង​ផង​ថា ដែល​មនុស្ស​នេះ​បាន​ជា​ស្រឡះ ហើយ​ឈរ​នៅ​មុខ​លោក​រាល់​គ្នា​ដូច្នេះ គឺ​ដោយសារ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ពី​ស្រុក​ណាសារ៉ែត ដែល​លោក​រាល់​គ្នា​បាន​ឆ្កាង​ទ្រង់ តែ​ព្រះ​បាន​ប្រោស​ឲ្យ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ » ( កិច្ចការ ៤:១០ ) ។

នេះ​គឺជា​ឱកាស​ដែល​បាន​កត់ត្រា​ចុងក្រោយ​ដែល កៃផា​ត្រូវតែ​ទទួល​យក​ព្រះគ្រីស្ទ ។ ផ្ទុយទៅវិញ ក្រុមប្រឹក្សា​នេះ​បាន​គំរាមកំហែង​ពេត្រុស និង​យ៉ូហាន ។ ប៉ុន្តែ​ការគំរាមកំហែង​របស់​ពួកគេ​មិន​បាន​ផ្លាស់ប្តូរ​ការពិត​ដែលថា ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់​នោះទេ ។ ( សូមមើល កិច្ចការ ៤:១៣–២២ ) ។

តាមរយៈ​អំណាច និង​សិទ្ធិអំណាច​របស់​ព្រះយេស៊ូវគ្រីស្ទ ពេត្រុស​បាន​ព្យាបាល​បុរស​ខ្វិន​នោះ ។ ដូចគ្នា​នេះ​ដែរ អព្ភូតហេតុ​អាច​កើតឡើង​នៅ​ថ្ងៃនេះ តាមរយៈ​បព្វជិតភាព​ដែល​បាន​ស្តារ​ឡើងវិញ​របស់​ព្រះគ្រីស្ទ និង​តាមរយៈ​សេចក្តីជំនឿ​លើ​ព្រះនាម​របស់​ទ្រង់ ។ មេរៀន​ដែល​យើង​អាច​រៀន​មកពី​កៃផា គឺ​សាមញ្ញ ។ គាត់​មិន​បាន​ទទួល​យក​ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ ព្រះរាជបុត្រា​នៃ​ព្រះ​ឡើយ ប៉ុន្តែ​យើង​អាច ។ នៅពេល​យើង​ជឿ​លើ​ទ្រង់ ទីសម្គាល់ ភាពអស្ចារ្យ និង​អព្ភូតហេតុ​ទាំងឡាយ​នឹង​កើតមាន ( សូមមើល ម៉ាកុស ១៦:១៧–១៨ ) ។

កំណត់​ចំណាំ

  1. សូមមើល​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « កៃផា » ។