លីអាហូណា
ការប្រទានពរ​ដល់​គ្រប់​ទាំង​គ្រួសារ​នៅ​ផែនដី
លីអាហូណា ខែមីនា ឆ្នាំ២០២៦


« ការប្រទានពរ​ដល់​គ្រប់​ទាំង​គ្រួសារ​នៅ​ផែនដី » លីអាហូណា ខែមីនា ឆ្នាំ២០២៦ ។

ការប្រទានពរ​ដល់​គ្រប់​ទាំង​គ្រួសារ នៅ​ផែនដី

ប្រសិនបើ​យើង​ធ្វើ​តាម និង​ចែកចាយ​ផែនការ​របស់​ព្រះវរបិតាសួគ៌​របស់​យើង​សម្រាប់​គ្រួសារ នោះ​ទ្រង់​នឹង​គង់នៅ​ជាមួយនឹង​យើង គាំទ្រ​យើង និង​ចូលរួម​ជាមួយនឹង​យើង​ក្នុង​ដំណើរ​របស់យើង​ត្រឡប់​ទៅរក​ទ្រង់​វិញ ។

រូបភាព​អំពី​យ៉ាកុប​កំពុង​មាន​ការនិមិត្ត

Jacob’s Dream at Bethel [ សុបិន​របស់​យ៉ាកុប​នៅឯ​បេត-អែល ] ដោយ ជេ ឃីន ស្ពេនសឺ

ថ្មីៗ​នេះ ស៊ីស្ទើរ អុជដូហ្វ និង​ខ្ញុំ​បាន​ចូលរួម​ពិធីបុណ្យ​ជ្រមុជទឹក​ចៅទួត​របស់យើង​ម្នាក់ ។ នៅពេល​យើង​មើលទៅ​កូនចៅ​ជាច្រើន​ជំនាន់​ទាំងនេះ​ប្រារព្ធ​ព្រឹត្តិការណ៍​នេះ​ដោយ​សប្បាយ​រីករាយ យើង​មាន​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ព្រះវរបិតាសួគ៌​របស់យើង សម្រាប់​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ទ្រង់​ដែល​មាន​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ ។ យើង​មាន​អារម្មណ៍​ដឹង​ថា​គ្រួសារ និង​សេចក្តីសញ្ញា​ដ៏ពិសិដ្ឋ​មាន​សារសំខាន់​ប៉ុនណា​ចំពោះ​ទ្រង់​តាំងពី​ដើម​រៀងមក ។

សារៈសំខាន់​នោះ​អាច​រកឃើញ​នៅក្នុង​ព្រះគម្ពី​សញ្ញាចាស់ អំពី​យ៉ាកុប​ដ៏ស្មោះត្រង់ ដែល​បាន​ធ្វើ​ដំណើរ​យ៉ាង​វែងឆ្ងាយ និង​លំបាក​ដើម្បី​ស្វែងរក​ប្រពន្ធ ដើម្បី​រៀបការ​នៅក្នុង​សេចក្តីសញ្ញា និង​បង្កើត​គ្រួសារ​មួយ ។ ល្ងាចមួយ យ៉ាកុប​បាន​ឈប់​សម្រាក​នៅពេល​យប់ ហើយ​មាន​តែ​ដុំថ្ម​ប៉ុណ្ណោះ​ដើម្បី​ធ្វើជា​ខ្នើយកើយ ។ គាត់​ប្រហែលជា​អស់កម្លាំង​ខ្លាំងណាស់​ពីព្រោះ​គាត់​អាច​គេង​លង់លក់​នៅ​លើ​ថ្ម​បាន—ហើយ​ថែម​ទាំង​គេង​យល់​សប្ដិ​ថែមទៀត​ផង ។

ជាមួយ​គោលដៅ​ដ៏​សក្ដិសម​អំពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ​នៅក្នុង​សេចក្ដីសញ្ញា​ដែល​គាត់​មាន នោះ​យ៉ាកុប​បាន​មើល​ឃើញ « មាន​ជណ្តើរ​១​បញ្ឈរ​នៅ​លើ​ដី មាន​ចុង​ទល់​នឹង​ផ្ទៃ​មេឃ ក៏​ឃើញ​មាន​ពួក​ទេវតា​របស់​ព្រះ​ឡើង​ចុះ​តាម​ជណ្តើរ​នោះ ។

« ព្រះយេហូវ៉ា​ក៏​សណ្ឋិត​នៅ​ពី​លើ​ជណ្តើរ ទ្រង់​មាន​ព្រះបន្ទូល​ថា យើង​ជា​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រាហាំ​ជីតា​ឯង ហើយ​ជា​ព្រះ​នៃ​អ៊ីសាក ( លោកុប្បត្តិ២៨:១២–១៣ ) ។

បន្ទាប់មក​ព្រះអម្ចាស់​បាន​ធ្វើ​ការសន្យា​ពី​សេចក្តីសញ្ញា​ដ៏សំខាន់​មួយចំនួន​ដល់​យ៉ាកុប—ការសន្យា​ដែល​ទ្រង់​បាន​ធ្វើ​ជាមួយនឹង​ឪពុក​របស់​យ៉ាកុប គឺ​អ៊ីសាក និង​ជីតា​របស់​គាត់ គឺ​អ័ប្រាហាំ រួមមាន ៖

  • ការសន្យា​ដែល​ថា យ៉ាកុប​នឹង​ក្លាយ​ជា​ឪពុក​របស់ « គ្នា​ដ៏​ច្រើន » ( លោកុប្បត្តិ ២៨:៣; សូមមើល​ផងដែរ ខទី ១៤ ) ។

  • ការសន្យា​អំពី​ដី​សម្រាប់​កូនចៅ​របស់​យ៉ាកុប ( សូមមើល លោកុប្បត្តិ ២៨:៤, ១៣ ) ។

  • ការសន្យា​ដែលថា​តាមរយៈ​យ៉ាកុប និង​« គ្រប់​ទាំង​គ្រួសារ​នៅ​ផែនដី​នឹង​បាន​ពរ ដោយ​សារ​តែ​ពូជ​របស់​គាត់ » ( លោកុប្បត្តិ ២៨:១៤; បាន​បន្ថែម​ការគូស​បញ្ជាក់ ) ។

ដោយសារ​តែ​បទពិសោធន៍​ដ៏ពិសិដ្ឋ​ដែល​យ៉ាកុប​មានយ៉ាង​ដូច្នោះ​ទើប​គាត់​បាន​ប្រកាស​ថា ៖ « ពិត​ប្រាកដ​ជា​ព្រះយេហូវ៉ា​ទ្រង់​គង់​នៅ​ទី​នេះ ។ … ទី​នេះ​មិន​មែន​ជា​អ្វី​ទេ គឺ​ជា​ដំណាក់​នៃ​ព្រះ ហើយ​ជា​ទ្វារ​ស្ថានសួគ៌​ពិត » ( លោកុប្បត្តិ ២៨:១៦–១៧ ) ។ ដូច្នេះ​ហើយ យ៉ាកុប​បាន​ដាក់​ឈ្មោះ​តំបន់​នោះ​ថា បេត-អែល ដែល​មាន​ន័យថា « ដំណាក់​នៃ​ព្រះ » ( លោកុប្បត្តិ ២៨:១៩, លេខ​យោង ) ។

ពរជ័យ​ដែល​បាន​សន្យា​ដែល​មាន​នៅក្នុង​សុបិន​របស់​យ៉ាកុប តម្រូវ​ឲ្យ​យ៉ាកុប​ឆ្លងកាត់​ឧបសគ្គ​មួយចំនួន​នៅក្នុង​ជីវិត​ជាក់ស្តែង ។ ក្នុង​នាមជា​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ វា​មិន​ពិបាក​នោះ​ទេ​នៅក្នុង​ការឃើញ​នូវ​ទំនាក់ទំនង​រវាង​សុបិន​របស់​យ៉ាកុប សេចក្ដី​សញ្ញា​របស់​ព្រះអម្ចាស់ និង​ដំណាក់​នៃ​ព្រះអម្ចាស់ ។ ។ ព្រះវិហារ​បរិសុទ្ធ​ប្រៀបដូចជា​ជណ្តើរ​ដែល​យ៉ាកុប​បាន​មើលឃើញ​ដែរ ។ ការបង្រៀន ពិធីបរិសុទ្ធ និង​សេចក្តីសញ្ញា​ទាំងឡាយ​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់​ភ្ជាប់​ស្ថានសួគ៍ និង​ផែនដី​ឲ្យ​ជាប់​គ្នា ។ សេចក្តីសញ្ញា​អាច​ប្រៀប​ទៅនឹង​ការឡើង​នៅលើ​ជណ្តើរ​ដែល​ធ្វើឲ្យ​យើង​កាន់តែ​ខិត​ទៅជិត​នឹង​ព្រះអម្ចាស់ ។ ហើយ តាមរយៈ​ការបម្រើ​ដ៏ពិសិដ្ឋ​ដែល​យើង​ធ្វើ​ឡើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​យើង​កំពុង​ផ្តល់​ពរដល់ « គ្រប់​ទាំង​គ្រួសារ​នៅ​ផែនដី »—ទាំង​នៅ​អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល ។

« ឱ​នេះ​ពិតជា​ការរកឃើញ​ដ៏​អស្ចារ្យ​ណាស់ ! »

អែលឌើរ ប្រ៊ូស ស៊ី ហាហ្វិន ដែល​ជា​សមាជិក​នៃ​ពួកចិតសិប​នាក់​ដែល​មាន​ងារ​កិត្តិយស ធ្លាប់​បាន​ទទួល​ទូរសព្ទ​មកពី​និពន្ធនាយក​ទស្សនាវដ្តី​ព័ត៌មាន​ជាតិ​មួយ ។ និពន្ធ​នាយក​នេះ​ចង់​និយាយ​អំពី​សៀវភៅ​ថ្មី​មួយ​ដែល​បាន​ពន្យល់​ប្រាប់​ពី​ប្រវត្តិសាស្រ្ត​នៃ​ជំនឿ​អំពី​ស្ថានសួគ៌​ដែល​មាននៅ​ទូទាំង​សាសនា​ផ្សេងៗ​ជាច្រើន ។

អែលឌើរ ហាហ្វិន​បាន​សរសេរ​ថា « អ្នកនិពន្ធ​បាន​រកឃើញ​ថា សាធារណជន​មាន​ចិត្ត​ចង់​ដឹង​យ៉ាងខ្លាំង​អំពី​ស្ថានសួគ៌—និង​គ្រួសារ​នៅក្នុង​ស្ថានសួគ៌ » ។ ខណៈពេល​ដែល​មនុស្ស​ភាគច្រើន​នៅតែ​ជឿ​លើ​ជីវិត​ក្រោយ​ការស្លាប់ សេចក្តី​ស្រឡាញ់​ដ៏អស់កល្ប​ជានិច្ច និង​ការជួបជុំ​គ្រួសារ​នៅ​ស្ថានសួគ៌ « ព្រះវិហារ​គ្រិស្តសាសនា​ភាគច្រើន​ផ្តល់​នូវ​ការឆ្លើយ​តប​តិចតួច​ចំពោះ​ការ​ចង់​ដឹង​ចង់ឮ​នេះ​ណាស់ »—លើកលែង​តែ ៖ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ប៉ុណ្ណោះ ។

នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្តារ​ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ យើង​មាន​ព្រះវិហារ​បរិសុទ្ធ​ដ៏ពិសិដ្ឋ ។ យើង​មាន​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច ដោយ​មាន​សិទ្ធិ​អំណាច​នៃ​ការផ្សារភ្ជាប់​ដែល​ផ្តល់​ពរជ័យ​លើស​ពី​ការស្លាប់​ខាង​សាច់ឈាម ។ យើង​មាន​ការសន្យា​អំពី​អនាគត​ដ៏អស់កល្ប​ជានិច្ច​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​នៅក្នុង​ទីវត្តមាន​របស់​ព្រះវរបិតា និង​ព្រះរាជ​បុត្រា ។ ដោយសារ​ចំណុច​ទាំងអស់​នេះ អ្នកនិពន្ធ​បាន​សន្និដ្ឋាន​ថា គោលគំនិត​របស់​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​អំពី​ស្ថានសួគ៌​គឺ​ពេញលេញ​បំផុត—ហើយ ខ្ញុំ​នឹង​បន្ថែមថា មាន​សុភមង្គល​ជាងគេ​បំផុត ។

« ឱ នេះ​ពិតជា​ការរកឃើញ​ដ៏​អស្ចារ្យ​ណាស់ ! » អែលឌើរ ហាហ្វិន បាន​សង្កេត​ឃើញ ។ « មនុស្ស​ភាគច្រើន​សព្វថ្ងៃ​នេះ​ប្រាថ្នាចង់​បាន​គ្រួសារ​ដ៏អស់កល្ប ហើយ [ ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ] បំពេញ​បំណង​ប្រាថ្នា​នោះ​បាន​យ៉ាង​ល្អ​ជាង​បណ្តុំ​គំនិត [ ឬ​ជំនឿ​សាសនា ] ណាមួយ​ដែល​គេ​ស្គាល់​ផ្សេងទៀត ។ ខ្ញុំ​សង្ឃឹម​ថា ពិភពលោក​ទាំងមូល​អាច​ឮ​កូនៗ [ របស់​យើង ] ច្រៀង​នូវ​ដំណឹង​រីករាយ​នេះ ៖ ‹ ក្រុម​គ្រួសារ​អាច​នៅ​ជាមួយគ្នា​និរន្តរ៍ › » ។

ក្រុម​គ្រួសារ​មិនមែន​ត្រឹមតែ​ជា​ការរៀបចំ​សង្គម​ឲ្យ​ងាយស្រួល​ប៉ុណ្ណោះទេ ។ ក្រុម​គ្រួសារ​គឺជា​លំនាំ​ដ៏អស់កល្ប​របស់​ស្ថានសួគ៌ ។ ក្រុម​គ្រួសារ​ជា​« ផ្នែក​ដ៏សំខាន់​មួយ នៅក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្កបង្កើត សម្រាប់​គោលដៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃ​កូនចៅ​របស់​ទ្រង់ » ។ ដូច​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​យើង​ថា « [ ព្រះអម្ចាស់ ] បាន​បង្កើត​ផែនដី [ ដើម្បី ] ឲ្យ​យើង​អាច​ទទួលបាន​រាងកាយ និង​បង្កើតក្រុម​គ្រួសារ ។ ទ្រង់​បាន​បង្កើត​សាសនាចក្រ​របស់​ទ្រង់​ឡើង​ដើម្បី​លើកតម្កើង​ក្រុម​គ្រួសារ ។ ទ្រង់​ប្រទាន​នូវ​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​អាច​នៅ​ជាមួយគ្នា​និរន្តរ៍ » ។

ប៉ុន្តែ​ការចាប់​អារម្មណ៍​របស់យើង​លើ​ក្រុម​គ្រួសារ​ដ៏​រឹងមាំ គឺ​មិន​ត្រឹមតែ​អំពី​ជោគវាសនា​ដ៏អស់កល្ប​ជានិច្ច​ប៉ុណ្ណោះ​នោះទេ ។ ក្រុម​គ្រួសារ​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​សុភមង្គល​នៃ​ជីវិត​រមែងស្លាប់​របស់​យើង​ផងដែរ ។ ព្រះវរបិតាសួគ៌​របស់យើង ទ្រង់​ជ្រាប​ដឹង​យ៉ាង​ច្បាស់ថា អ្វី​ដែល​នាំមក​នូវ​សុភមង្គល​នាពេល​ឥឡូវនេះ និង​ជាអចិន្ត្រៃយ៍ ទ្រង់​បាន​បញ្ជូន​បុត្រាបុត្រី​របស់​ទ្រង់​ទៅកាន់​ក្រុម​គ្រួសារ—ទោះជា​ក្រុមគ្រួសារ​នោះ​មិនល្អ​ឥតខ្ចោះ​ក្ដី—ហើយ​អញ្ជើញ​យើង​ឲ្យ​ស្ថាបនា និង​ចិញ្ចឹមបីបាច់​ក្រុម​គ្រួសារ​ឲ្យរឹងមាំ ។ ពិតណាស់ « ពិការភាព មរណភាព ឬ​កាលៈទេសៈ​ផ្សេងៗ​ទៀត អាច​នឹង​ត្រូវ​សម្រប​ទៅតាម​ស្ថានភាព​ចាំបាច់​របស់​បុគ្គល​ម្នាក់ៗ » ។ ប៉ុន្តែ​គ្មាន​អ្វី​អាច​ជំនួស​ការទទួល​ខុសត្រូវ​ដ៏​សំខាន់ ដែល​ព្រះ​បាន​ចាត់តាំង​ឲ្យ​ស្វាមី និង​ភរិយា ឪពុក និង​ម្ដាយ​បាន​ឡើយ ។

ការស្រាវជ្រាវ​លើ « ចំណង​ក្រុម​គ្រួសារ​សាច់​ឈាម​បង្កើត ចំណង​ក្រុម​គ្រួសារ​ដែល​មាន​ឪពុកម្តាយ​ពីរ » បន្ត​បង្ហាញថា ក្រុម​គ្រួសារ​គឺ​មិន​អាច​ខ្វះ​បានឡើយ​ក្នុង​ការរក្សា « ចំណង​នៃ​ស្នេហា និង​ក្តីស្រលាញ់​ដ៏​ជ្រាលជ្រៅ » ។ វា​គឺជា « របៀប​ដ៏​ពិសេស​មួយ​សម្រាប់​បុគ្គល​ម្នាក់ៗ​ឲ្យ​មាន​ស្ថេរភាព មាន​ការសម្រប​ខ្លួន និង​មាន​ការយល់​ដឹង​អំពី​សង្គម​បាន​ល្អ » ។

អ្នក​ការពារ​គ្រួសារ​យ៉ាង​ស្វិតស្វាញ

ជាការ​ពិតណាស់ យើង​មិន​មាន​ការភ្ញាក់ផ្អើល​ទេ​ថា អ្វី​ដែល​សំខាន់​ខ្លាំង​បំផុត​ចំពោះ​ផែនការ​របស់​ព្រះ​នឹង​មាន​ការប្រឆាំង​ជំទាស់​នោះ ។ សាតាំង​មិន​ដែល​ធ្វើ​ជា​មិត្តល្អ​ជាមួយ​នឹង​គ្រួសារ​ទេ ហើយ​ការខិតខំ​របស់​វា​គឺ​កាន់តែ​បន្ទាន់​ឡើងៗ « ដោយ​វា​ដឹង​ថា ពេល​វេលា​វា​ខ្លី​ណាស់​ហើយ » ( វិវរណៈ ១២:១២ ) ។ ដូច​ដែល​ប្រធាន អិម រ័សុល បាឡឺដ ( ឆ្នាំ១៩២៨–២០២៣ ) ប្រធាន​ស្តីទី​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ បាន​មាន​ប្រសាសន៍ថា « សាតាំង​ដឹងថា វិធី​ដ៏​ប្រាកដ​បំផុត និង​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​បង្អាក់​កិច្ចការ​របស់​ព្រះអម្ចាស់ គឺ​ការបន្ថយ​ប្រសិទ្ធភាព​នៃ​គ្រួសារ និង​ភាពបរិសុទ្ធ​នៃ​គេហដ្ឋាន » ។

ការដឹង​នូវ​អ្វី​ដែល​យើង​ដឹង​អំពី​គ្រួសារ​ដ៏អស់កល្ប​ជានិច្ច​របស់​ព្រះ ពី​ផែនការ​របស់​ទ្រង់​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់ ហើយ​និង​សារៈសំខាន់​ដ៏អស់កល្ប​ជានិច្ច​នៃ​ទំនាក់ទំនង​គ្រួសារ នោះ​យើង​គួរតែ​ស្ថិត​ក្នុង​ចំណោម​អ្នក​ការពារ​គ្រួសារ​យ៉ាង​ស្វិតស្វាញ​បំផុត​របស់​ពិភពលោក​នេះ ។

តើ​យើង​ធ្វើ​កិច្ចការ​នេះ​បាន​ដោយ​របៀប​ណា ?

ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ទីមួយ បាន​ផ្តល់​ដំបូន្មាន​លើ​សំណួរ​នេះ​ថា ៖ « ការប្រកាស​ស្តីពី​ក្រុមគ្រួសារ … គឺជា​ការគូសបញ្ជាក់​ជាថ្មី​របស់​ព្រះអម្ចាស់​អំពី​សេចក្តីពិត​នៃ​ដំណឹងល្អ ដែល​យើង​ត្រូវការ​ដើម្បី​គាំទ្រ​យើង​ឆ្លង​កាត់​ឧបសគ្គ​បច្ចុប្បន្ន​ក្នុង​គ្រួសារ » ។

នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់យើង យើង​អាច​ធ្វើ « កិច្ចការ​តូចតាច និង​ងាយ » ( អាលម៉ា ៣៧:៦ ) ដែល​ពង្រឹង​ទំនាក់ទំនង​គ្រួសារ ។ ការណ៍​នេះ​រួមបញ្ចូល​ទាំង​ការធ្វើ​តាម​គោលការណ៍​នៃ​គ្រួសារ និង​អាពាហ៍ពិពាហ៍​ដ៏​ជោគជ័យ​ដែល​បាន​បង្ហាញ​នៅក្នុង​ការប្រកាស​អំពី​ក្រុមគ្រួសារ ៖ « សេចក្តី​ជំនឿ ការអធិស្ឋាន ការប្រែចិត្ត ការអភ័យទោស ការគោរពគ្នា សេចក្តី​ស្រឡាញ់ សេចក្តី​មេត្តា​ករុណា ការងារ និង​កម្មវិធី​កំសាន្ត​ល្អៗ​នានា » ។ ដោយ​មិន​គិត​ពី​ស្ថានភាព​គ្រួសារ​បច្ចុប្បន្ន​របស់យើង យើង​អាច​បង្ហាញ​តាមរយៈ​សកម្មភាព​របស់​យើង​ថា ទំនាក់ទំនង​គ្រួសារ​មាន​សារៈសំខាន់​ដ៏​អស់កល្ប​ចំពោះ​យើង ។

ក្នុង​នាមជា « ប្រជាពលរដ្ឋ​ដែល​ប្រកប​ដោយ​ទំនួលខុសត្រូវ » នៅក្នុង​សហគមន៍​របស់​យើង យើង​អាច « ផ្សព្វផ្សាយ​គាំទ្រ​នូវ​អ្វីៗ​ទាំងនេះ ដែល​បាន​រៀបរាប់​ឡើង ដើម្បី​ទ្រទ្រង់ និង​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​មាំមួន » ។

យើង​គឺជា​ប្រជាជន​នៃ​សេចក្តីសញ្ញា​ថ្ងៃចុងក្រោយ​របស់​ព្រះអម្ចាស់ ។ យើង​គឺជា​អ្នក​ទទួល​មរតក​នៃ​ការសន្យា​ដែល​បាន​ធ្វើឡើង​ចំពោះ​អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប—ការសន្យា​គ្រប់​យ៉ាង​ដែល​ទាក់ទង​នឹង​ក្រុម​គ្រួសារ ។ ការសន្យា​ទាំងនោះ​មក​ជាមួយ​ការហៅដ៏​ពិសិដ្ឋ ដើម្បី​ឲ្យ​ប្រទានពរ​ដល់ « គ្រប់​ទាំង​គ្រួសារ​នៅ​ផែនដី » ។ ហើយ​វិធី​សំខាន់​មួយ​ដែល​យើង​ធ្វើ​ការណ៍​នោះ​គឺ តាមរយៈ​ការរស់នៅ ការការពារ និង​ការចែកចាយ​សេចក្តីពិត​ដ៏​អស់កល្ប​ថា « ក្រុមគ្រួសារ​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ » ហើយ​ថា « ពីធីបរិសុទ្ឋ និង សេចក្តីសញ្ញា​ពិសិដ្ឋ​នានា ដែល​មាន​នៅក្នុង​ព្រះវិហារ​បរិសុទ្ឋ អាច​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់ៗ​ត្រឡប់​ទៅ​កាន់​វត្តមាន​នៃ​ព្រះ​រិញ ហើយ​ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​អាច​ត្រូវបាន​រួបរួម​គ្នា​ដ៏​អស់កល្ប​ជានិច្ច » ។

« យើង​នៅ​ជា​មួយ​នឹង​ឯង »

នៅពេល​ដែល​ស៊ីស្ទើរ អុជដូហ្វ និង​ខ្ញុំ​មើល​សមាជិក​គ្រួសារ​របស់យើង​ធ្វើ​សេចក្តីសញ្ញា​ដ៏ពិសិដ្ឋ​ជាមួយនឹង​ព្រះវរបិតាសួគ៌​ដ៏ជាទី​ស្រឡាញ់ និង​អស់កល្ប​ជានិច្ច​របស់យើង នោះ​ដួងចិត្ត​របស់យើង​ពោរពេញ​ដោយ​សេចក្តី​អំណរ និង​ការដឹងគុណ ។ យើង​រីករាយ​មិន​ត្រឹមតែ​ចំពោះ​កូនៗ​របស់យើង និង​កូនៗ​របស់​ពួកគេ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​ចំពោះ​ឪពុកម្តាយ​របស់យើង និង​ឪពុកម្តាយ​របស់​ពួកគេ​ផងដែរ ។ យើង​ពិចារណា​ដោយ​ក្តី​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​អំពី​របៀប ដែល​សេចក្តីសញ្ញា​នៃ​ដំណឹងល្អ​បង្រួបបង្រួម​យើង​គ្រប់​ជំនាន់​ទាំងអស់ ។ វា​ជា​បទពិសោធ​មួយ​ដែល​មិន​ខុស​ពី​ការមើល​ឃើញ « ជណ្តើរ​១​បញ្ឈរ​នៅ​លើ​ដី … មាន​ចុង [ ទល់ ] នឹង​ផ្ទៃ​មេឃ ក៏​ឃើញ​មាន​ពួក​ទេវតា​របស់​ព្រះ​ឡើង​ចុះ​តាម​ជណ្តើរ​នោះ » ( លោកុប្បត្តិ ២៨:១២ ) ។

ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​យ៉ាកុប​នៅក្នុង​សុបិន​របស់​គាត់ ក៏​មាន​ទៅដល់​បុត្រាបុត្រី​នៃ​សេចក្តីសញ្ញា​របស់​ទ្រង់​ទាំងអស់​ដែរ—រួម​ទាំង​បងប្អូន និង​ខ្ញុំ​ផងដែរ ។ ដូច​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​យ៉ាកុប នោះ​ទ្រង់​នឹង​ឆ្លើយ​មក​យើង « នៅក្នុង​ថ្ងៃ​នៃ​ទុក្ខលំបាក [ របស់​យើង ] ដែរ » ( លោកុប្បត្តិ ៣៥:៣ ) ប្រសិនបើ​យើង​ជ្រើសរើស​ទ្រង់ ។

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « មើល​យើង​នៅ​ជា​មួយ​នឹង​ឯង យើង​នឹង​ថែ​រក្សា​ឯង​នៅ​កន្លែង​ណា​ដែល​ឯង​ទៅ … ពី​ព្រោះ​យើង​មិន​ចោល​ឯង​ឡើយ » ( លោកុប្បត្តិ ២៨:១៥ ) ។

ដូច​យ៉ាកុប​ដែរ យើង​ទាំងអស់គ្នា​មាន​ទីរហោស្ថាន​មួយ​ដើម្បី​ឆ្លងកាត់ ។ ពេលខ្លះ​ពរជ័យ​ដែល​បាន​ពី​ការសន្យា​នោះ​ហាក់ដូចជា​នៅឆ្ងាយ​ណាស់ ។ នៅពេល​មាន​បញ្ហា ឬ​ឧបសគ្គ​ធ្ងន់ធ្ងរ​មក​ដល់ យើង​អាច​នឹង​សង្ស័យ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះអម្ចាស់ ។ យើង​ប្រហែលជា​មាន​អារម្មណ៍​ថា​ព្រះ​បាន​បោះបង់​យើង​ចោល ។ ទោះបីជា​យើង​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ក្នុង​ភាពជា​សិស្ស​ក៏ដោយ ក៏​យើង​ប្រហែលជា​មាន​អារម្មណ៍​ថា យើង​មិន​បាន​ទទួល​ពរជ័យ​ដែល​យើង​បាន​សង្ឃឹម​ដល់​នោះទេ ។

បងប្អូន​ប្រុសស្រី មិត្ត​ជាទី​ស្រឡាញ់ ផ្លូវ​នៃ​សេចក្ដីសញ្ញា​គឺជា​ផ្លូវ​ដ៏​រីករាយ ទោះជា​ពេលខ្លះ​វា​អាច​ប្រឡាក់​ទៅដោយ​ស្នាម​ទឹកភ្នែក​ក៏​ដោយ ។ ប្រសិនបើ​បងប្អូន​មាន​អារម្មណ៍​ថា ផ្នែក​នៃ​ផែនការ​នៃ​សុភមង្គល​មិន​បាន​បំពេញ​នៅក្នុង​ជីវិត​របស់​បងប្អូន​នៅពេល​ឥឡូវ​នេះ​ទេ សូម​ទុក​ចិត្ត​ថា ព្រះអម្ចាស់​ចងចាំ​ពី​បងប្អូន ហើយ​នឹង​ប្រទានពរ​ដល់​បងប្អូន​នៅពេល​កំណត់​របស់​ទ្រង់ ស្រប​តាម​ប្រាជ្ញា​របស់​ទ្រង់ ។

សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ការសន្យា​របស់​ទ្រង់​បំផុសគំនិត​យើង​ឲ្យ​មើល​ទៅមុខ មិនមែន​មើល​ថយក្រោយ​ឡើយ ។ ដោយសារ​តែ​ទ្រង់ អនាគត​របស់​យើង​មិន​ចាំបាច់​ត្រូវបាន​ជាប់​ឃុំឃាំង​ដោយ​អ្វី​ដែល​បាន​កើតឡើង​កាលពី​អតីតកាល ឬ​កំពុង​រារាំង​ទស្សនៈ​របស់​យើង​នៅ​ពេលឥឡូវ​នេះ​ទេ ។ មែនហើយ យើង​ទាំងអស់គ្នា​ត្រូវ​របួស ឬ​នឹង​ត្រូវ​របួស​តាម​របៀប​ណាមួយ ។ ប៉ុន្តែ​យើង​ជឿ​លើ​អង្គ​ព្យាបាល​ដ៏អស្ចារ្យ ។ យើង​ទុកចិត្ត​លើ​ទ្រង់—យ៉ាង​ខ្លាំង តាម​ពិត​ទៅ យើង​ឱប​ក្រសោប​ការសន្យា​របស់​ទ្រង់ ដោយ « ទទួល​គំនាប់ » សូម្បី​តែ​នៅពេល​គេ « នៅ​ពី​ចម្ងាយ » ( ហេព្រើរ ១១:១៣ ) ។

ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា « ចូរ​យើង​ទាំងអស់គ្នា​ចងចាំ​ថា តាម​មធ្យោបាយ និង​ពេលវេលា​របស់​ព្រះអម្ចាស់​ផ្ទាល់ គ្មាន​ពរជ័យ​ណាមួយ​នឹង​ត្រូវបាន​ដកយក​ពី​ពួកបរិសុទ្ធ​ដ៏ស្មោះត្រង់​របស់ទ្រង់​ឡើយ » ។ « ព្រះអម្ចាស់​នឹង​កាត់​សេចក្ដី ហើយ​ប្រទាន​រង្វាន់​ដល់​បុគ្គល​ម្នាក់ៗ ស្របតាម​បំណង​ប្រាថ្នា​ដ៏​ស្មោះសរ និង​ទង្វើ​របស់​គេ » ។

ខ្ញុំ​សន្យា​ថា នៅពេល​ដែល​យើង​ធ្វើតាម និង​ចែកចាយ​ផែនការ​របស់​ព្រះវរបិតាសួគ៌​របស់​យើង​សម្រាប់​ក្រុម​គ្រួសារ នោះ​ទ្រង់​នឹង​គង់នៅ​ជាមួយ​នឹង​យើង គាំទ្រ​យើង និង​ចូលរួម​ជាមួយនឹង​យើង​នៅក្នុង​ការធ្វើ​ដំណើរ​របស់យើង ។ ទ្រង់​នឹង​មិន​ទុក​ឲ្យ​យើង​នៅ​តែ​ម្នាក់ឯង​ឡើយ ជាពិសេស​នៅពេល​ដែល​ការសាកល្បង​មាន​មក​លើ​យើង ឬ​មនុស្ស​ជាទី​ស្រឡាញ់​របស់យើង ។ ទ្រង់​នឹង​ដឹក​យើង លើក​យើង​ឡើង និង​នាំ​យើង​ទៅកាន់​ដែនដី​សន្យា​ដែល​ពោរពេញ​ដោយសេចក្តីអំណរ​ជាមួយនឹង​ទ្រង់ ជាមួយនឹង​ព្រះរាជ​បុត្រា​របស់​ទ្រង់ គឺ ព្រះយេស៊ូវ​គ្រីស្ទ និង​ជាមួយ​គ្រួសារ​របស់​យើង—ដ៏​អស់កល្ប​ជានិច្ច ។