លីអាហូណា
ព្រះករុណា​វិសេស​ព្រះអម្ចាស់
លីអាហូណា ខែមីនា ឆ្នាំ២០២៦


សៀវភៅ​ចូរ​មក​តាម​ខ្ញុំ

លោកុប្បត្តិ ២២:១–១៨

ព្រះករុណា​វិសេស​ព្រះអម្ចាស់

សូម​ឲ្យ​យើង​តែងតែ​ឆ្លើយតប​ទៅនឹង​ព្រះអម្ចាស់​ដូច​ដែល​អ័ប្រាហាំ​បាន​ធ្វើ ។

រូបភាព​របស់​អ័ប្រាហាំ​កំពុង​ឱប​អ៊ីសាក

រចនា​រូបភាព​ដោយ ជូលី រ៉ូជើរ

យ៉ូសែប ស្ម៊ីធ ធ្លាប់​បាន​ថ្លែងថា « នៅពេល​ដែល​ព្រះអម្ចាស់​បញ្ជា សូម​ធ្វើ​វា » ។ ការបង្ហាញ​នូវ​សេចក្ដីជំនឿ និង​សកម្មភាព​បែប​នេះ នាំឲ្យ​ខ្ញុំ​នឹកចាំ​ពី​បទពិសោធន៍​ផ្សេងៗ​ដែល​ស្រដៀងគ្នា​នេះ​ដែរ ។

ឧទាហរណ៍ នៅពេល​លោក​អ័ដាម​ត្រូវ​បានសួរ​ថា​ហេតុ​អ្វី​បាន​ជា​លោក​ថ្វាយ​យញ្ញ​បូជា ចម្លើយ​របស់​លោក គឺខ្ញុំ​មិន​ដឹង​ទេ លើក​លែងតែ​ព្រះ​អម្ចាស់​ទ្រង់​បញ្ជា​ខ្ញុំ​ប៉ុណ្ណោះ​( សូមមើល ម៉ូសេ ៥:៦ ) ។ ខ្ញុំ​ក៏​បាន​គិត​ដល់​ឆន្ទៈ​របស់​លីហៃ ក្នុង​ការចាកចោល​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​របស់​លោក ដើម្បី​ធ្វើ​តាម​សេចក្តី​ណែនាំ​របស់​ព្រះអម្ចាស់​ផងដែរ ( សូមមើល នីហ្វៃទី១ ២:២–៤ ) ឬ​សេចក្តី​ជំនឿ​របស់​នីហ្វៃ​ក្នុង​ការយល់ព្រម​ត្រឡប់​ទៅ​យក​ផ្ទាំង​ទាំងឡាយ​វិញ ( សូមមើល នីហ្វៃទី១ ៣–៤ ) ។

ខ្ញុំ​អាច​ដក​ស្រង់​នូវ​ឧទាហរណ៍​ច្បាស់លាស់​ជា​ច្រើន​ទៀត​នៅក្នុង​ព្រះគម្ពីរ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ស្មារតី​នៃ​ការគោរព​ប្រតិបត្តិ ប៉ុន្តែ​ខ្ញុំ​ចង់​ផ្តោត​លើ​បទពិសោធន៍​របស់​អ័ប្រាហាំ​វិញ ។

ការគោរព​ប្រតិបត្តិ​របស់​អ័ប្រាហាំ

ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​ប្រទាន​ពូជអំបូរ​ដ៏ធំ​មួយ​ទៅដល់​អ័ប្រាហាំ និង​សារ៉ា ។ វា​ត្រូវការ​ពេល​ដើម្បី​ទទួល​បាន​ការសន្យា​នោះ ឬ​ថា​វា​នឹង​កើត​មាន​ឡើង​ទៅ​តាម​ពេលវេលា​របស់​ព្រះអម្ចាស់ ។ ទោះជា​យ៉ាងណា ព្រះអម្ចាស់​បាន​ធ្វើ​ការ​សាកល្បង​សេចក្តី​ជំនឿ​របស់​អ័ប្រាហាំ នៅពេល​ដែល​ទ្រង់​បាន​សុំឲ្យ​គាត់​បូជា​កូនប្រុស​របស់គាត់​គឺ​អ៊ីសាក ដែលជា​ពរជ័យ​ដែល​ពួកគាត់​បាន​អធិស្ឋាន និង​បាន​រង់ចាំ​អស់រយៈពេល​ជាយូរ​មកហើយ ។ យើង​ប្រហែល​ជា​បាន​អាន​ដំណើររឿង​បទគម្ពីរ​នេះ​ច្រើន​ដង​ហើយ ប៉ុន្តែ​តើ​យើង​បាន​ដាក់​ខ្លួន​យើង​ក្នុង​ស្ថានភាព​របស់​អ័ប្រាហាំ​ញឹកញាប់​ប៉ុនណា​ដែរ ?

វា​ពិបាក​ដើម្បី​ស្រមៃ​គិត​ពី​អារម្មណ៍​របស់​ឪពុក​ដ៏ជាទី​ស្រឡាញ់​ម្នាក់​នៅ​ចំពោះមុខ​ការចាត់តាំង​ឲ្យ​ធ្វើ​កិច្ចការ​បែបនេះ ។ ទោះជា​យ៉ាងនេះ​ក្ដី ការប្តេជ្ញាចិត្ត​របស់​អ័ប្រាហាំ​ក្នុង​ការសម្រេចចិត្ត​ដើម្បី​គោរព​តាម​យ៉ាង​ខ្ជាប់ខ្ជួន​នោះ ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​នៅពេល​គាត់​រៀបចំខ្លួន​ទៅ​ភ្នំ​មួយ​នៅឯ​ស្រុក​ម៉ូរីយ៉ា ហើយ​ថ្វាយ​យញ្ញបូជា​តាម​ការស្នើសុំ ។ នៅក្នុង​ការបង្ហាញ​ពី​ឆន្ទៈ និង​ការទទួលយក​នូវ​ព្រះ​ឆន្ទៈ​របស់​ព្រះវរបិតាសួគ៌ ចម្លើយ​របស់​គាត់​នៅតែ​ដូចមុន « ព្រះករុណា​វិសេស​ព្រះអម្ចាស់ » ។ ( សូមមើល លោកុប្បត្តិ ២២:១–២ ) ។

ជាថ្នូរ​នឹង​ការគោរព​ប្រតិបត្តិ​របស់​គាត់ គាត់​បាន​មាន​ពរ​ដោយ​ទទួលបាន​នូវ​ការទុក​ឲ្យ​អ៊ីសាក​នៅ​មាន​ជីវិត ព្រមទាំង​ជាមួយនឹង​ពរជ័យ​ដ៏អស្ចារ្យ និង​គ្មាន​ទីបញ្ចប់​សម្រាប់​ខ្លួនគាត់ សម្រាប់​សារ៉ា និង​សម្រាប់​កូនចៅ​របស់​ពួកគាត់​ផងដែរ ( សូមមើល លោកុប្បត្តិ ២២:១៥–១៨ ) ។

រូបភាព​របស់​កូនចៀម

ការចុះចូល​របស់​ព្រះអង្គ​សង្គ្រោះ

ដោយ​គ្មាន​ការសង្ស័យ ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ចំណុច​កណ្ដាល​នៃគំរូ​ដ៏​ខ្ពង់ខ្ពស់​នៃ​ការគោរព​ប្រតិបត្តិ និង​ការចុះចូល​នឹង​ព្រះវរបិតាសួគ៌ ។ ទ្រង់​បាន​បង្ហាញ​ពី​ឆន្ទៈ​របស់ទ្រង់​ក្នុង​ការគោរព​ប្រតិបត្តិ​ដោយ​យាង​មកកាន់​ផែនដី​នេះ ដោយ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ដោយ​មាន​ភាពស្អាតស្អំ និង​ល្អឥតខ្ចោះ និង​ដោយ​ការប្រគល់​ជីវិត​របស់​ទ្រង់​ធ្វើ​ជា​ដង្វាយ ហើយ​លើក​ដាក់​លើ​រូបអង្គ​ទ្រង់​នូវ​ការឈឺចាប់ ទុក្ខវេទនា ជំងឺ​ទាំងឡាយ អំពើបាប និង​សេចក្តី​ស្លាប់​របស់​រាស្រ្ត​ទ្រង់ ដើម្បី​ទ្រង់​អាច​ញ្ញាណដឹង​ពីរបៀប​ជួយ​រំដោះ យើង​នៅក្នុង​សាច់ឈាម ( សូមមើល អាលម៉ា ៧:១១–១៣ ) ។

មាន​ពេលមួយ ដោយ​បទពិសោធន៍​ដ៏​ខ្លោចផ្សារ​នោះ​បាន​បណ្តាល​ឲ្យ​ទ្រង់​សួរថា តើ​មាន​វិធី​ណាមួយ​ដែល​ធ្វើ​ឲ្យ​ពែងល្វីង​នោះ​រំលងហួស​ទៅទេ ។ បន្ទាប់មក​ទ្រង់​បាន​មាន​បន្ទូល​ភ្លាមៗ​ថា « ប៉ុន្តែ​កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ » ( លូកា ២២:៤២ )—ឬ​និយាយ​ម្យ៉ាង​ទៀតថា « ព្រះករុណា​វិសេស​ព្រះអម្ចាស់ »—ដោយ​ហេតុនេះ ទ្រង់​បាន​បង្ហាញនូវ​ឆន្ទៈ​របស់ទ្រង់​ដើម្បី​ធ្វើ​តាម​ព្រះ​ឆន្ទៈ​របស់​ព្រះវរបិតា ។

ការគោរព​ប្រតិបត្តិ និង​សេចក្តីស្រឡាញ់

តើ​យើង​អាច​បណ្តុះ​ឆន្ទៈ​ក្នុង​ការឆ្លើយតប « ព្រះករុណា​វិសេស​ព្រះអម្ចាស់ » ចំពោះ​រាល់សំណើ​ដែល​ព្រះវរបិតាសួគ៌​ដាក់លើ​យើង​ក្នុង​នាមជា​សមាជិក​នៃ​សាសនាចក្រ ឬ​ពេលខ្លះ​ក្នុង​កម្រិត​ផ្ទាល់ខ្លួន​ដោយ​របៀបណា ?

ប៉ុល​បាន​បង្រៀន​ជនជាតិ​រ៉ូម « សេចក្តី​ស្រឡាញ់ ជា​កិច្ច​សម្រេច​តាម​ក្រឹត្យវិន័យ » ( រ៉ូម ១៣:១០ ) ។ ប្រសិនបើ​ខ្ញុំ​ចង់​ស្វែងរក​ពាក្យ​មួយ​ដែល​ជំនួស​ឲ្យ​ឃ្លា « កិច្ច​សម្រេច​តាម​ក្រឹត្យវិន័យ » ខ្ញុំ​គិតថា​ពាក្យ គោរព​ប្រតិបត្តិ ជា​ពាក្យ​ដែល​ខ្ញុំ​នឹង​គិត​ដល់​ភ្លាម​មុន​គេ ។ ដូច្នេះ​យើង​អាច​និយាយ​បាន​ថា សេចក្តី​ស្រឡាញ់ គឺ​ជា​ការគោរព​ប្រតិបត្តិ ។ ដូច្នេះហើយ​បន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ ដែល​ទ្រង់​មាន​បន្ទូល​ថា« បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្ត​របស់​ខ្ញុំ​ចុះ » ( យ៉ូហាន ១៤:១៥ ) ធ្វើ​ឲ្យ​យល់​កាន់តែ​ច្បាស់ ។

យើង​អាច​ឆ្លើយតប​ដោយថា « ព្រះករុណា​វិសេស​ព្រះអម្ចាស់ » ឬ​តាម​ពាក្យ​របស់​នីហ្វៃ « ខ្ញុំ​នឹង​ទៅ​ហើយ​ធ្វើ » ( នីហ្វៃទី១ ៣:៧ ) ។ នៅក្នុង​ភាសា​សម័យ​ទំនើប​របស់យើង យើង​អាច​និយាយ​បានថា « ពិតណាស់ ខ្ញុំ​ស្ម័គ្រចិត្ត​ដើម្បី​ធ្វើតាម​អ្វី​ដែល​ព្រះវរបិតាសួគ៌​បញ្ជា មិន​ថា​ក្នុង​កាលៈទេសៈ​ណា​នោះទេ » ។

អ្វី​ដែល​ខ្ញុំ​ចង់​បញ្ជាក់​នោះ​គឺ​ទំនាក់ទំនង​នៃ​សេចក្ដី​ស្រឡាញ់ និង​ការគោរព​ប្រតិបត្តិ ដែល​មាន​ន័យ​ថា​យើង​គោរព​តាម​ព្រះវរបិតា​ដោយសារ​យើង​ស្រឡាញ់​ទ្រង់ ។ ខ្ញុំ​ជឿថា​ការជ្រើសរើស​ដើម្បី​គោរព​ប្រតិបត្តិ គឺជា​វិធី​ដ៏ល្អ​បំផុត​មួយ​ដើម្បី​ប្រកាស​យ៉ាង​ច្បាស់​ពី​សេចក្តី​ស្រឡាញ់​របស់យើង​ចំពោះ​ទ្រង់ ។ « សេចក្តី​ជំនឿ បើ​គ្មាន​ការប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់ » ( យ៉ាកុប ២:២៦ ) ហើយ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មិន​គិត​ថា​យើង​ស្រឡាញ់​ព្រះវរបិតា និង​ព្រះយេស៊ូវគ្រីស្ទ​នោះ​ទេ ប្រសិន​បើយើង​មិន​គោរពប្រតិបត្ដិ​ដល់​ទ្រង់​ទាំងទ្វេ​នោះ ។

របៀប​ដើម្បី​បង្កើន​សេចក្តី​ស្រឡាញ់ និង​ការគោរព​ប្រតិបត្តិ​របស់​យើង

តើ​យើង​បង្កើន​សេចក្តី​ស្រឡាញ់ និង​ការគោរព​ប្រតិបត្តិ​របស់យើង​ចំពោះ​ទ្រង់​ដោយ​របៀបណា ? ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា « នេះ​គឺជា​ជីវិត ដ៏​នៅ​អស់កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​មួយ និង​ព្រះយេស៊ូវគ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង » ( យ៉ូហាន ១៧:៣ ) ។ ការស្គាល់​ព្រះយេស៊ូវគ្រីស្ទ—ហើយ​តាមរយៈ​ទ្រង់ គឺ​ព្រះវរបិតា—អនុញ្ញាត​ឲ្យ​យើង​ដឹងពី​សេចក្តី​ស្រឡាញ់​ដែល​ទ្រង់​ទាំងទ្វេ​មាន​ចំពោះ​យើង និង​រឿង​ដែលមិន​អាច​រៀបរាប់​បាន​ដែល​ទ្រង់​ទាំងទ្វេ​បាន​ធ្វើ ហើយ​នៅតែ​នឹង​ធ្វើ​សម្រាប់​យើង រួមទាំង​ក្នុង​អំឡុងពេល​ដ៏លំបាក​ដែលយើង​ជួបប្រទះ​នៅក្នុង​ជីវិត​រមែងស្លាប់​នេះ​ផងដែរ ។ ការស្គាល់​ទ្រង់​ទាំងទ្វេ​ផ្លាស់ប្តូរ​ចិត្ត​របស់យើង ធ្វើឲ្យ​យើង​ចង់​ធ្វើតាម​គំរូ​របស់​ទ្រង់​ទាំងទ្វេ​នៅក្នុង​សកម្មភាព​របស់​យើង និង​មាន​ឆន្ទៈ​ក្នុង​ការនិយាយ នៅក្នុង​ពាក្យពេចន៍ និង​ទង្វើ​របស់​យើង​ថា « ព្រះករុណា​វិសេស​ព្រះអម្ចាស់ » ។ ឆន្ទៈ​នេះ​ត្រូវបាន​ឆ្លុះបញ្ចាំង​នៅក្នុង​បំណងប្រាថ្នា​ដើម្បី​អាន​ព្រះគម្ពីរ ឬ​ក្នុង​ការនិយាយ​ទៅកាន់​ព្រះវរបិតាសួគ៌​តាមរយៈ​ការអធិស្ឋាន ។

« ព្រះករុណា​វិសេស​ព្រះអម្ចាស់ » អាច​ជាការ​ឆ្លើយតប​ទៅនឹង​ការហៅ​ឲ្យ​បម្រើ​បេសកកម្ម ឬ​ដើម្បី​ឧទ្ទិសថ្វាយ​បន្ថែមទៀត​ក្នុង​ការគោរព​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​ដូចជា ការរក្សា​ថ្ងៃឈប់សម្រាក​ឲ្យ​បរិសុទ្ធ ការគោរព​ឪពុកម្តាយ​របស់យើង ឬ​ស្វែងរក​ការរស់នៅ​ដោយ​មាន​ភាព​ស្អាតស្អំ​ខាង​សីលធម៌ ។ « ព្រះករុណា​វិសេស​ព្រះអម្ចាស់ » គឺជា​ឃ្លា​មួយ​ដែល​តែង​នៅ​ជាប់​នឹង​ពួក​សិស្ស​របស់​ព្រះគ្រីស្ទ សូម្បី​តែ​នៅពេល​ដែល​ការលះបង់​នោះ​ប៉ះពាល់​ដល់​អ្វី​ដែល​យើង​ប្រាថ្នា​ចង់​បាន​បំផុត ឬ​ដែល​យើង​ត្រូវ​បង់​ថ្លៃ​យ៉ាងខ្ពស់​ក៏​ដោយ ។

ឆន្ទៈ​នៅក្នុង​ការគោរព​ប្រតិបត្តិ​នេះ​មាន​តម្លៃ​ណាស់ ជា​ពិសេស​ចំពោះ​សេចក្ដីសញ្ញា​ដែល​យើង​បាន​ធ្វើ​នៅពេល​យើង​បាន​ជ្រមុជទឹក ឬ​ចូលក្នុង​ព្រះវិហារ​បរិសុទ្ធ ។ តើ​បងប្អូន​អាច​ស្រមៃ​មើល​ថា តើ​ជីវិត​របស់យើង​នឹង​ទៅជា​យ៉ាងណា ប្រសិនបើ​យើង​តែងតែ​គិតថា « ព្រះករុណា​វិសេស​ព្រះអម្ចាស់ » នៅពេល​លើក​ដាក់លើ​ខ្លួន​យើង​នូវ​ព្រះនាម​របស់​ព្រះគ្រីស្ទ ឬ​ក្នុង​គោលបំណង​ដើម្បី​ចងចាំ​ដល់​ទ្រង់​ជានិច្ច និង​រក្សា​បទបញ្ញត្តិ​របស់ទ្រង់​នោះ ? ការទទួល​ទាន​សាក្រាម៉ង់​អញ្ជើញ​យើង​ឲ្យ​បន្ត​ការតាំងចិត្ត​នោះ ដែល​គួរតែ​ត្រូវបាន​ឆ្លុះបញ្ចាំង​នៅក្នុង​សកម្មភាព​របស់យើង​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ ។ ការណ៍​នេះ​ក៏​អនុវត្ដ​ដូចគ្នា​ផងដែរ នៅពេល​ដែល​យើង​ទៅ​ព្រះវិហារ​បរិសុទ្ធ នៅ​ពេល​ដែល​យើង​ធ្វើ ឬ​ចងចាំ​សេចក្ដីសញ្ញា​ដែល​យើង​ធ្វើ​នៅ​ទីនោះ ។

គំរូ​របស់​ភរិយា​វ័យក្មេង​មួយ​រូប

ខ្ញុំ​ចងចាំ​ការសន្ទនា​មួយ​ដែល​ខ្ញុំ​មាន​ជាមួយ​គូស្វាមីភរិយា​មួយ​គូ ដែល​ទើប​រៀបការ​ថ្មីថ្មោង​កាលពី​ច្រើន​ឆ្នាំ​មុន ខណៈពេល​ដែល​ខ្ញុំ​បាន​បម្រើជា​ប៊ីស្សព ។ យប់មួយ ពួកគេ​បាន​មាន​ការពិភាក្សា​ដ៏យូរ ហើយ​ក្តៅគគុក​ទាក់ទងទៅនឹង​ការថ្វាយដង្វាយ​មួយភាគ​ក្នុងដប់ ។ ស្វាមី​វ័យក្មេង​នោះ​បាន​មាន​ភាព​តាន​តឹង​នៅ​ឯ​កន្លែង​ធ្វើការ ពេញ​មួយ​សប្ដាហ៍ ហើយ​ចង់​សន្សំប្រាក់​ដែល​គាត់​រកបាន​សម្រាប់​ការចំណាយ​ផ្ទាល់ខ្លួន​មួយចំនួន​ ។ ទោះជា​យ៉ាងណា ខ្ញុំ​ចងចាំ​ពាក្យ​របស់​ភរិយា​វ័យក្មេង​នោះ​ដែល​បាន​និយាយ​ឡើង​នៅ​ចំពោះមុខ​ស្វាមី​របស់​គាត់​ថា « ប៊ីស្សព ខ្ញុំ​សុខចិត្ត​មិន​ចំណាយ​លើ​របស់​ទាំងនោះ ទោះបី​ជា​ត្រូវ​អត់​អាហារ​ផង ប្រសិនបើ​ចាំបាច់ ប៉ុន្តែ​ខ្ញុំ​ចង់​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុងដប់ និង​គោរព​ប្រតិបត្តិ​តាម​ព្រះអម្ចាស់ » ។

ការឆ្លើយ​យ៉ាង​មុតមាំ​ថា « ព្រះករុណា​វិសេស​ព្រះអម្ចាស់ » បាន​បង្ហាញ​ជាមួយ​នឹង​ទីបន្ទាល់​ដ៏អស្ចារ្យ​ដោយ​ភរិយា​វ័យក្មេង​នេះ ដែល​ធ្វើ​ឲ្យ​ស្វាមី​គាត់ និង​ខ្ញុំ​មាន​អារម្មណ៍​ពីព្រះវិញ្ញាណ​យ៉ាងខ្លាំង​ក្នុង​អំឡុងពេល​នៃ​ការសន្ទនា​នោះ ។ នៅ​ទីបំផុត​ខ្ញុំ​មិន​ដឹង​ថា តើ​វា​កើតឡើង​ចេញ​ពី​បំណងប្រាថ្នា​របស់​គាត់​ជា​ប្ដី ឬ​ដោយសារ​តែ​គាត់​ត្រូវបាន​ភរិយា​របស់គាត់​បញ្ចុះបញ្ចូល​នោះ​ទេ ប៉ុន្តែ​ស្វាមី​នោះ​បាន​សម្រចចិត្ត​បង់ដង្វាយ​មួយភាគ​ក្នុងដប់​របស់គាត់​នៅ​ចុង​សប្តាហ៍​នោះ ។

ថ្ងៃអាទិត្យ​បន្ទាប់ មុនពេល​ការប្រជុំ ស្វាមី​វ័យក្មេង​នេះ​បាន​សុំ​ជួប​និយាយ​ជាមួយ​ខ្ញុំ​បន្ដិច ។ ដោយ​មាន​ទឹកមុខ​ខុស​ពី​សប្តាហ៍​មុន គាត់​បាន​ប្រាប់​ខ្ញុំ​ថា « ប៊ីស្សព លោក​ដឹង​ទេ​ថា​កាលពី​សប្តាហ៍​មុន​ខ្ញុំ​បាន​ថ្វាយដង្វាយ​មួយភាគ​ក្នុងដប់ ហើយ​ខ្ញុំ​ខ្លាច​ថា​ខ្ញុំ​នឹង​មិនមាន​លុយ​គ្រប់គ្រាន់​សម្រាប់​អាហារ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ចង់​ឲ្យ​លោក​ដឹងថា សប្តាហ៍​នេះ​យើង​មាន​ទ្វេដង​នូវ​ចំនួន​ប្រាក់​សម្រាប់​អាហារ​ដែល​យើង​មាន​ជាងធម្មតា ។ ប៊ីស្សព វា​គឺជា​អព្ភូតហេតុ​មួយ ហើយ​ខ្ញុំ​ចង់​ឃើញ​អព្ភូតហេតុ​ទាំងនោះ​នៅក្នុង​ជីវិត​របស់ខ្ញុំ​ជានិច្ច » ។ ចំពោះ​ខ្ញុំ វា​ហាក់ដូចជា​បុរស​វ័យក្មេង​នោះ​បាន​ប្រាប់​ខ្ញុំថា « ប៊ីស្សព ខ្ញុំ​ស្ម័គ្រចិត្ត​ក្នុង​ការឆ្លើយតប​ជាមួយ​នឹង​ពាក្យថា ‹ ព្រះករុណា​វិសេស​ព្រះអម្ចាស់ › ទៅនឹង​អ្វី​ដែល​ព្រះ​សុំ​ពីខ្ញុំ » ។

ការសន្យា​របស់យើង

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ទ្រង់​ជាប់​សន្យា កាលណា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​អ្វី ដែល​យើង​មាន​ព្រះ​បន្ទូល ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨២:១០ ) ។ តើ​យើង​ពិតជា​ជឿ​លើ​ភាពខ្ជាប់ខ្ជួន​នៃ​ការសន្យា​នោះ​ដែរទេ ?

ប្រហែលជា​ពរជ័យ​មិន​មក​តាម​ពេលវេលា​របស់យើង​ទេ ឬ​វិធី​ដែល​យើង​ចង់​បាន​នោះទេ ប៉ុន្តែ​ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ទៅកាន់​បងប្អូន​ថា ការសន្យា​នោះ​គឺ​ពិត ។ វា​ទាមទារ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​ចំពោះ​ទ្រង ការចុះចូល​នឹង​​ទ្រង់ បំណងប្រាថ្នា​ដើម្បី​ធ្វើ​តាម​ឆន្ទៈ​របស់​ទ្រង់ និង​ការរស់នៅ​ក្នុងនាម​ជា​សិស្ស​របស់​ព្រះគ្រីស្ទ ។ ទ្រង់​នឹង​ជួយ​យើង ហើយ​ប្រទានពរ​ដល់​យើង​ឲ្យ​យល់ និង​រក្សា​សេចក្ដីសញ្ញា​ដែល​យើង​មាន ។ បែបនេះ នៅពេល​ដែល​ទ្រង់​សុំ​ឲ្យ​យើង​ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ទ្រង់ សូម​ឲ្យ​យើង​ឆ្លើយ​ដោយ​មុតមាំ​ឡើងថា « ព្រះករុណា​វិសេស​ព្រះអម្ចាស់ ! »

កំណត់​ចំណាំ

  1. Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ២០០៧ ) ទំព័រ ១៦០ ។