លីអាហូណា
ទុក្ខព្រួយ​របស់​ខ្ញុំ​បាន​ប្រែក្លាយ​ទៅជា​សេចក្តី​អំណរ
លីអាហូណា ខែមីនា ឆ្នាំ២០២៦


« ទុក្ខព្រួយ​របស់​ខ្ញុំ​បាន​ប្រែក្លាយ​ទៅជា​សេចក្តី​អំណរ » លីអាហូណា ខែមីនា ឆ្នាំ២០២៦ ។

សំឡេង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ទុក្ខព្រួយ​របស់​ខ្ញុំ​បាន​ប្រែក្លាយ​ទៅជា​សេចក្តី​អំណរ

ទស្សនៈ​វិស័យ​ថ្មី​មួយ​នៅលើ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ បាន​ជួយ​ខ្ញុំ​ធ្វើដំណើរ​ឆ្ពោះ​ទៅមុខ​ជាមួយ​នឹង​សេចក្តី​ជំនឿ និង​សេចក្តី​សង្ឃឹម ។

រូបភាព​នៃ​ដៃ​កាន់ ប្រដាប់​មួលខ្ចៅ និង​រូបថត​របស់​បុរស​ចំណាស់​ម្នាក់

រចនា​រូបភាព​ដោយ ប្រ៊ីអាណា ក្រែន

នៅពេល​ខ្ញុំ​មាន​អាយុ ១៨​ឆ្នាំ ជីតា​ខាងម្តាយ​របស់ខ្ញុំ​បាន​ទទួល​មរណភាព ។ មក​ដល់​វ័យ​នេះ ខ្ញុំ​មិន​ដែល​ធ្លាប់​បាន​បាត់បង់​មនុស្ស​ជិតស្និទ្ធិ​ណា​មួយ​ឡើយ​ក្នុង​ជីវិត ។ ខ្ញុំ​ដឹង​ថា​វា​នឹង​កើតឡើង​នៅ​ថ្ងៃណា​មួយ ប៉ុន្តែ​ខ្ញុំ​មិន​រំពឹង​ថា​វា​នឹង​កើតឡើង​ភ្លាមៗ​ដូច្នេះ​នោះ​ទេ ។

ជីតា​របស់ខ្ញុំ​មាន​សុខភាព​ល្អ ប៉ុន្តែ​ដោយ​មិន​បាន​ដឹង​ទុក​មុន គាត់​បាន​មាន​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ក្នុង​ខួរក្បាល ។ ជីដូន​របស់ខ្ញុំ​បាន​នាំ​គាត់​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ប៉ុន្តែ​គាត់​បាន​ទទួល​មរណភាព​បួនថ្ងៃ​ក្រោយ​មក ។

ការបាត់បង់​នរណា​ម្នាក់​ភ្លាមៗ​ជា​លើក​ដំបូង​ឈឺចាប់​ណាស់ ។ វា​ជា​រឿង​ចម្លែក​ដែល​ជីតា​ខ្ញុំ​លែង​បាន​ចូលរួម​រាល់​ព្រឹត្តិការណ៍​សំខាន់ៗ​ក្នុង​ជីវិត​របស់ខ្ញុំ​ទៀត ។

បន្ទាប់ពី​ពិធីបុណ្យសព ខ្ញុំ​បាន​រកឃើញ​វិធី​មួយ ដែល​ខ្ញុំ​អាច​នៅ​តែ​ចងចាំ​ដល់​អនុស្សាវរីយ​របស់​ជីតា​ខ្ញុំ និង​ពេលវេលា​ដែល​យើង​មាន​ជាមួយ​គ្នា ។ គាត់​ចូលចិត្ត​ជួសជុល​ឡាន​របស់គាត់ និង​ធ្វើ​របស់​ផ្សេងៗទៀត ។ ការពិត​ទៅ នៅពេល​ដែល​គាត់​មាន​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ក្នុង​ខួរក្បាល គាត់​កំពុង​នៅក្នុង​កន្លែង​ដាក់ឡាន​កំពុង​កាន់​ប្រដាប់​មួលខ្ចៅ​នៅក្នុង​ដៃ ធ្វើការ​ដូច​សព្វមួយ​ដង ។

ខ្ញុំ​បាន​សម្រេចចិត្ត​ថា ខ្ញុំ​នឹង​ធ្វើ​ជា​អ្នក​ជួសជុល​រថយន្ត​ផងដែរ ។ ការធ្វើ​ដូច្នេះ​ជួយ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​នៅ​ជិតនឹង​គាត់ ។ ខ្ញុំ​ក៏​បាន​ងាក​ទៅរក​ការអធិស្ឋាន និង​ព្រះ​គម្ពីរ ដែល​ជា​កន្លែង​ដែល​ខ្ញុំ​បាន​រកឃើញ​ភាពសុខសាន្ត​ដើម្បី​ឈាន​ទៅមុខ​ដោយ​សេចក្ដី​ជំនឿ និង​សេចក្ដី​សង្ឃឹម​ក្នុង​ពេល​គ្មាន​វត្តមាន​របស់​គាត់ ។

ព្យាការី​អ័ប៊ីណាដៃ បាន​រំឭក​ខ្ញុំ​ថា « មាន​ដំណើរ​រស់​ឡើងវិញ » មួយ « ហេតុ​ដូច្នេះ​ហើយ ផ្នូរ​គ្មាន​ជ័យជម្នះ​លើ​ឡើយ ហើយ​ទ្រនិច​នៃ​សេចក្ដី​ស្លាប់ ត្រូវ​បាន​លេប​បាត់​នៅ​ក្នុង​ព្រះ​គ្រីស្ទ » ( ម៉ូសាយ ១៦:៨ ) ។

ការស្លាប់​របស់​ជីតា​ខ្ញុំ ជួយ​ខ្ញុំ​ឲ្យ​ទទួល​បាន​ទស្សនៈ​មួយ ដែល​ធ្វើឲ្យ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​មាន​អត្ថន័យ​នៅក្នុង​ជីវិត​របស់ខ្ញុំ ។ ដូចដែល​ខ្ញុំ​បាន​គោរព​ចាំ​ដល់​ជីតា​របស់​ខ្ញុំ​ដោយ​ជ្រើស​យក​ការធ្វើ​ឡាន នោះ​ខ្ញុំ​បាន​ដឹងថា​យើង​គោរព​ដល់​ព្រះយេស៊ូវគ្រីស្ទ—និង​អាច​មាន​អារម្មណ៍​ជិតសិទ្ធ​ជាមួយនឹង​ទ្រង់—នៅពេល​យើង​ខិតខំ​ព្យាយាម​រស់នៅ​ដូចជា​ទ្រង់ សិក្សា​ព្រះបន្ទូល​របស់​ទ្រង់ ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់ និង​ធ្វើ « ការ​របស់​ព្រះវរបិតា [ របស់​ទ្រង់ ] ( យ៉ូហាន ១០:៣៧ ) ។ ការធ្វើ​ដូច្នេះ​ផ្តល់​អត្ថន័យ​កាន់តែ​ជ្រាលជ្រៅ​ទៅលើ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ និង​បង្កើន​ការទុកចិត្ត​របស់យើង​ទៅលើ​ទ្រង់ ។

អែលឌើរ ហ្គើរីត ដបុលយូ ហ្គង ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ បាន​បង្រៀន « នៅពេល​យើង​យំ​ដោយសារ​ទុក្ខសោក ឬ​ដោយសារ​អំណរ ព្រះយេស៊ូវ​គ្រីស្ទ​យល់​យ៉ាង​ឥតខ្ចោះ » ។ « ទ្រង់​អាច​មាន​វត្តមាន​នៅ​គ្រា​ទាំងនោះ នៅពេល​យើង​ត្រូវការ​អំណោយទាន​ដ៏​មហិមា​របស់​ព្រះ​ខ្លាំង​បំផុត ៖ គឺ​ដង្វាយធួន ការរស់​ឡើងវិញ និង​ការស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើឲ្យ​ទុក្ខព្រួយ​របស់ខ្ញុំ​ទៅជា​សេចក្តី​អំណរ ។ ដោយសារ​ទ្រង់ និង​ដង្វាយធួន​របស់​ទ្រង់ ខ្ញុំ​ដឹងថា​ខ្ញុំ​នឹង​ជួប​ជីតា​របស់​ខ្ញុំ​ម្តងទៀត ។