« អ្នកត្រួតត្រាដ៏សុចរិត—សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ » លីអាហូណា ខែមីនា ឆ្នាំ២០២៦ ។
ស្រ្តីនៃសេចក្តីសញ្ញា
អ្នកត្រួតត្រាដ៏សុចរិត—សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ
រឿងប្រៀបប្រដូចបីបង្រៀនពីកាតព្វកិច្ច និងជាឧទាហរណ៍អំពីរបៀបដែលយើងអាចពង្រឹងភាពជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទរបស់យើងឲ្យកាន់តែរឹងមាំឡើង ។
Ten Virgins [ ស្ត្រីព្រហ្មចារីដប់នាក់ ] ដោយ ហ៊ោរហេ កូកូ
ការអនុញ្ញាតឲ្យពន្លឺរបស់ព្រះយេស៊ូវគ្រីស្ទចែងចាំងឡើងនៅក្នុងភាពជាសិស្សរបស់យើង គឺជាទម្រង់ដ៏ពិសេសនៃថាមពលដែលអាចទទួលបានឡើងវិញ—ថាមពលចេញពីប្រភពមួយដែលត្រូវបានបំពេញជាដរាប ។ តាមរយៈការនាំយកការសង្គ្រោះ និងពន្លឺរបស់ព្រះគ្រីស្ទដល់អ្នកដទៃ នោះយើងរកឃើញការធូរស្រាលរបស់យើងផ្ទាល់នៅក្នុងទ្រង់ ។
ដូច្នេះចូរធ្វើជាអ្នកផ្សះផ្សារគេនៅក្នុងផ្ទះ និងសហគមន៍ផ្ទាល់ខ្លួនរបស់បងប្អូន និងនៅតាមអនឡាញ ។ ចូរជួយសម្រាលទុក្ខលំបាកដល់អ្នកដែលរស់នៅក្នុងភូមិផងរបងជាមួយនឹងបងប្អូន ។
គោលបំណងរបស់សាតាំងគឺចង់ឲ្យយើងត្រូវទទួលរងនូវសកម្មភាព ។ ផ្ទុយទៅវិញ ផែនការនៃសុភមង្គលរបស់ព្រះវរបិតាផ្តល់ឱកាសឲ្យយើងធ្វើសកម្មភាព ដើម្បីធ្វើជាភ្នាក់ងារសម្រាប់សេចក្តីល្អ សម្រាប់សេចក្តីសុខសាន្ត និងសេចក្តីសង្ឃឹម ។
យើងអាចប្រឆាំងនឹងព័ត៌មានមិនពិតដោយការចែកចាយព័ត៌មានដែលលើកទឹកចិត្ត ពេញដោយក្តីសង្ឃឹម និងត្រឹមត្រូវ ដោយធ្វើជាអ្នកគាំទ្រសេចក្តីពិត ជាជាងគ្រាន់តែជាអ្នកទទួលយកព័ត៌មាន ។ យើងអាចឆ្លើយទៅនឹងភាពអវិជ្ជមានដោយធ្វើឲ្យពិភពលោកជោរជន់ទៅដោយពន្លឺ និងដំណឹងដ៏ល្អនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
ដូចព្យាការីជាទីស្រឡាញ់របស់យើង ប្រធាន រ័សុល អិម ណិលសុន បានអះអាងថា ចម្លើយគឺព្រះយេស៊ូវគ្រីស្ទជានិច្ច « មិនថាបងប្អូនមានសំណួរ ឬបញ្ហាអ្វីនោះទេ ចម្លើយត្រូវបានរកឃើញនៅក្នុងព្រះជន្ម និងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទជានិច្ច » ។
ប្រធាន ណិលសុន បានអញ្ជើញយើងឲ្យដាក់ភាពជាសិស្សរបស់ទ្រង់ជា « អាទិភាពខ្ពស់បំផុត » របស់យើង ។ យើងពង្រឹងភាពជាសិស្សរបស់យើង នៅពេលយើងរៀនពីព្រះយេស៊ូវគ្រីស្ទ និងអំពីព្រះយេស៊ូវគ្រីស្ទ ។ ដូច្នេះ ចូរយើងស្វែងរកការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ។
ស្ដ្រីព្រហ្មចារី ១០នាក់
ម៉ាថាយ ២៥ មាននូវរឿងប្រៀបប្រដូចចំនួនបី ។ ទីមួយ រឿងប្រៀបប្រដូចអំពីស្រ្តីព្រហ្មចារីដប់នាក់ ( សូមមើល ខគម្ពីរ ១–១៣ ) ។ ស្ត្រីប្រាំនាក់មានគំនិត និងប្រាំនាក់ល្ងង់ ។ ស្រ្តីទាំងដប់នាក់ស្ថិតនៅក្នុងទីតាំងត្រឹមត្រូវ រង់ចាំកូនកំលោះ ហើយគ្រប់គ្នាមកដោយមានចង្កៀងម្នាក់មួយៗ ។
នៅពេលដែលកូនកំលោះ—តំណាងឲ្យព្រះអង្គសង្រ្គោះ—យាងមកក្នុងពេលដែលមិនបានរំពឹងទុក នោះស្រ្តីព្រហ្មចារីប្រាំនាក់មិនមានប្រេងគ្រប់គ្រាន់នៅក្នុងចង្កៀងរបស់ពួកនាងឡើយ ។ ប្រហែលជាពួកនាងគិតថា វាមិនចាំបាច់ដើម្បីមានប្រេងបន្ថែមទេ ។ ឬពួកនាងមិនបានត្រួតពិនិត្យមើលប្រេងដែលពួកនាងមាន ។ ប្រហែលជាមានការរំខាន ដែលធ្វើឲ្យពួកនាងមិនបានរៀបចំឲ្យបានគ្រប់គ្រាន់ដើម្បីរក្សាចង្កៀងរបស់ពួកនាងឲ្យនៅឆេះ ។
ដូច្នេះហើយជាការឆ្លើយតបទៅនឹងការតវ៉ារបស់ពួកគេ ដើម្បីចូលក្នុងពិធីអាហារពេលល្ងាចនៃពិធីរៀបអាពាហ៍ពិពាហ៍ នោះប្ដីថ្មោងថ្មីបានឆ្លើយតបថា « ខ្ញុំមិនស្គាល់នាងទេ » ( ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ ម៉ាថាយ ២៥:១១ [ នៅក្នុង ម៉ាថាយ ២៥:១២ លេខយោង ក ] ) ។ ផ្ទុយទៅវិញ នេះបង្ហាញឲ្យឃើញតាមរយៈការរៀបចំ និងការទទួលខុសត្រូវដ៏ឈ្លាសវៃរបស់ពួកនាង នោះស្ត្រីព្រហ្មចារីដ៏ឈ្លាសវៃទាំងប្រាំនាក់ បាន ស្គាល់ទ្រង់ ។
ប្រេងដ៏មានតម្លៃអាចត្រូវបានគេមើលឃើញថា ជាការប្រែចិត្តជឿផ្ទាល់ខ្លួនរបស់ពួកនាង ។ ប្រេងបានអនុញ្ញាតឲ្យស្ត្រីព្រហ្មចារីដែលមានប្រាជ្ញាបំភ្លឺចង្កៀងរបស់ពួកនាង ហើយចូលរួមក្នុងពិធីមង្គលការជាមួយកូនកំលោះ ។ ប្រេងមិនអាចចែកចាយជាមួយមិត្តភក្តិរបស់ពួកនាងបានទេ ដោយសារការប្រែចិត្តជឿផ្ទាល់ខ្លួនគឺ—មានលក្ខណៈផ្ទាល់ខ្លួនខ្លាំងណាស់ ។ យើងអាច និងគួរតែកាន់ពន្លឺចង្កៀងរបស់យើងឲ្យខ្ពស់ឡើងដើម្បីលើកស្ទួយ និងពង្រឹង និងបំភ្លឺអ្នកដទៃឲ្យមកឯព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែយើងម្នាក់ៗគឺជាអ្នកទទួលខុសត្រូវចំពោះការប្រែចិត្តជឿរបស់យើងផ្ទាល់ ។
ដូចដែលព្រះអង្គសង្គ្រោះបានបញ្ជាក់ថា « ចូរមានចិត្តស្មោះត្រង់ ដោយអធិស្ឋានជានិច្ច ដោយមានចង្កៀងបង្កាត់ ហើយឆេះ ហើយ មានប្រេងនៅជាមួយអ្នកផង ដើម្បីឲ្យអ្នកអាចបានប្រុងប្រៀបជាស្រេច ក្នុងកាលការយាងមកនៃប្ដីថ្មោងថ្មី » ( គោលលិទ្ធ និងសេចក្ដីសញ្ញា ៣៣:១៧; បានបន្ថែមការគូសបញ្ជាក់ ) ។
អំពីប្រាក់
រឿងប្រៀបប្រដូចទីពីរដែលបានប្រាប់នៅក្នុង ម៉ាថាយ:២៥ គឺអំពីប្រាក់ ( សូមមើល ខទី ១៤–៣០ ) ។ នៅក្នុងរឿងនោះ ចៅហ្វាយរំពឹងថានឹងធ្វើដំណើរទៅឆ្ងាយ រួចបានផ្ដល់ប្រាក់ដល់អ្នកបម្រើបីនាក់ ។ « ប្រាក់ » តំណាងឲ្យលុយ ។ យើងក៏អាចគិតអំពីប្រាក់ថាជាអំណោយទាន សមត្ថភាព និងពរជ័យទាំងឡាយមកពីព្រះវរបិតាសួគ៌របស់យើងបានផងដែរ ។ ចៅហ្វាយបានឲ្យទៅអ្នកបម្រើម្នាក់ប្រាក់ប្រាំពាន់ ម្នាក់ទៀតពីរពាន់ និងម្នាក់ទៀតមួយពាន់ ។ ហើយបន្ទាប់មកចៅហ្វាយបានធ្វើដំណើរចេញទៅ ។
នៅពេលគាត់ត្រឡប់មកវិញ គាត់បានឃើញថាអ្នកបម្រើដែលគាត់បានឲ្យប្រាក់ប្រាំពាន់ និងពីរពាន់ ជាអ្នកបម្រើដ៏ស្មោះត្រង់ និងបានយកប្រាក់នោះទៅបង្កើតជាប្រយោជន៍ បានជាប្រាក់ចំណេញទ្វេរដង ។ ហើយដោយមានចិត្តស្មោះត្រង់កើនឡើងនោះចៅហ្វាយក៏ឲ្យពួកគេថែមទៀត ដោយថ្លែងថា « ប្រពៃហើយ បាវល្អស្មោះត្រង់អើយ ឯងមានចិត្តស្មោះនឹងត្រួតរបស់បន្តិចនេះ ដូច្នេះយើងនឹងតាំងឲ្យឯងត្រួតលើរបស់ជាច្រើនទៅទៀត ចូរឲ្យឯងប្រកបដោយសេចក្តីអំណររបស់ចៅហ្វាយឯងចុះ » ( ខទី ២១ ) ។
ផ្ទុយទៅវិញ អ្នកបម្រើដែលមានប្រាក់មួយពាន់ក៏បានកប់ប្រាក់នោះ—ប្រហែលជាដោយសារគាត់ភ្លេចខ្លួន ហើយពន្យារពេល ។ ឬប្រហែលជាគាត់ស្មុគស្មាញមិនដឹងពីរបៀបចាប់ផ្តើម ឬគាត់ខ្លាចបរាជ័យ ។ ប្រហែលជាគាត់បានប្រៀបធៀបខ្លួនគាត់ទៅនឹងអ្នកបម្រើឯទៀត ហើយការសង្ស័យរបស់គាត់បានរារាំងគាត់ពីការព្យាយាម ។ គាត់មិនបានត្រៀមខ្លួនរួចរាល់សម្រាប់ការវិលត្រឡប់មកវិញរបស់ចៅហ្វាយគាត់ទេ គាត់មិនមានបទពិសោធរីករាយក្នុងទំនួលខុសត្រូវរបស់គាត់ឡើយ ហើយគាត់បានបាត់បង់ប្រាក់របស់គាត់អស់ ។
រឿងប្រៀបប្រដូចពីស្ត្រីព្រហ្មចារីទាំងដប់នាក់ និងរឿងប្រៀបប្រដូចពីប្រាក់គឺជារឿងប្រៀបប្រដូចដែលផ្ដោតលើគំនិតស្រដៀងគ្នា ។ រឿងប្រៀបប្រដូចទាំងពីរសង្កត់ធ្ងន់ថា យើងមានទំនួលខុសត្រូវផ្ទាល់ខ្លួនលើការប្រែចិត្តជឿរបស់យើង ហើយត្រូវតែរៀបចំខ្លួនយើងដើម្បីទទួលអំណោយទាននៃភាពតម្កើងឡើងរបស់ព្រះអម្ចាស់—ហើយថាយើងមានការត្រួតត្រា និងការទទួលខុសត្រូវផ្ទាល់ខ្លួនចំពោះទេពកោសល្យ និងអំណោយទានទាំងឡាយដែលយើងបានទទួល ។
ចៀមរបស់អ្នកគង្វាលល្អ
ជាចុងក្រោយ ម៉ាថាយ ២៥ ប្រាប់អំពីរឿងរបស់អ្នកដែលមាន « ទំនុកចិត្តនៅចំពោះមុខព្រះ » ដោយពិពណ៌នាថាជាចៀមរបស់អ្នកគង្វាលល្អ ដែលនៅខាងស្ដាំទ្រង់ រីករាយក្នុងពិធីមង្គលការជាមួយនឹងទ្រង់ ហើយបានប្រទានពរឲ្យធ្វើជាអ្នកគ្រប់គ្រងលើកិច្ចការជាច្រើន ( សូមមើល ខទី ៣១–៤០ ) ។ ព្រះអម្ចាស់នឹងមានបន្ទូលទៅពួកគេថា ៖
« ពីព្រោះយើងបានឃ្លាន ហើយអ្នករាល់គ្នាបានឲ្យបរិភោគ យើងបានស្រេក ហើយអ្នករាល់គ្នាបានឲ្យផឹក យើងជាអ្នកដទៃ ហើយអ្នករាល់គ្នា បានទទួលយើង ៖
« យើងនៅអាក្រាត ហើយអ្នករាល់គ្នាបានស្លៀកពាក់ឲ្យយើង យើងបានឈឺ ហើយអ្នករាល់គ្នាបានមកសួរ យើងក៏ជាប់គុក ហើយអ្នករាល់គ្នាបានមកឯយើង » ( ម៉ាថាយ ២៥:៣៥–៣៦ ) ។
ក្នុងនាមជាសិស្សរបស់ទ្រង់ យើងរៀបចំខ្លួនរបស់យើងសម្រាប់ការយាងមកជាលើកទីពីរ ហើយ យើងអនុវត្តទំនួលខុសត្រូវដោយស្មោះត្រង់ និងមានផលចំណេញលើអ្វីដែលយើងត្រូវបានប្រទានពរឲ្យ ។ ការអាណិតអាសូរ សេចក្ដីសប្បុរស គុណធម៌ និងការទទួលខុសត្រូវដ៏ស្មោះត្រង់ មិនត្រឹមតែធ្វើឲ្យយើងមានលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីរស់នៅជាមួយនឹងទ្រង់នៅពេលក្រោយប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមានទំនុកចិត្តនៅចំពោះព្រះ ឥឡូវនេះទៀតផងដែរ ។ ដូចជាមរមនបានបង្រៀនថា អស់អ្នកដែលពោរពេញទៅដោយសេចក្ដីសប្បុរស—ជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធរបស់ព្រះគ្រីស្ទ—នៅក្នុងថ្ងៃចុងក្រោយបង្អស់« នឹងបានស្រួលដល់ [ ពួកគេ ] នោះហើយ » ។ ពួកគេនឹងបានដូចជាព្រះអង្គសង្គ្រោះ ដោយឃើញទ្រង់ជាទ្រង់ ហើយពោរពេញទៅដោយសេចក្តីសង្ឃឹម ហើយបានបរិសុទ្ធដូចទ្រង់បរិសុទ្ធដែរ ។ ( សូមមើល មរ៉ូណៃ ៧:៤៧–៤៨ ) ។ ប្រធាន ណិលសុន បានប្រកាសថា « សេចក្ដីសប្បុរស និងគុណធម៌បើកច្រកផ្លូវទៅកាន់ការមានទំនុកចិត្តនៅចំពោះព្រះ ! »
Shepherd—Variation IV [ អ្នកគង្វាល—ការកែប្រែ IV ] ដោយ ហ៊ោរហេ កូកូ
សិស្សរបស់ព្រះយេស៊ូវគ្រីស្ទយកចិត្តទុកដាក់ចំពោះអ្នកដែលខ្វះខាត ។
រឿងប្រៀបប្រដូចទាំងបីនេះបង្រៀនពីទំនួលខុសត្រូវលើការប្រែចិត្តជឿរបស់យើងផ្ទាល់ ចំពោះអំណោយទាន ទេពកោសល្យ និងទ្រព្យសម្បត្តិទាំងឡាយដែលយើងបានទទួលពរ និងចំពោះអ្នកជិតខាងរបស់យើងដែលស្រេកឃ្លាន គ្មានផ្ទះសម្បែង ឈឺចាប់ និងនឿយហត់ ។
ការណ៍ទាំងនោះបង្រៀនពីរបៀបដែលសិស្សរបស់ព្រះគ្រីស្ទគួររៀបចំសម្រាប់គ្រាលំបាក ដែលនឹងកើតឡើងមុនពេលនៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ ទាំងនេះកំពុងស្ថិតនៅក្នុងពេលវេលាដែលយើងរស់នៅនេះ ! យើងត្រូវរក្សាចង្កៀងនៃការប្រែចិត្តជឿរបស់យើងឲ្យភ្លឺចាំង ដោយទុកឲ្យពន្លឺរបស់យើងចែងចាំងឡើង ដោយប្រើប្រាស់ និងពង្រីកទេពកោសល្យរបស់យើង និងដោយការថែរក្សាអ្នកដែលខ្វះខាត ។ នេះគឺការមានសេចក្ដីសប្បុរស ជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធរបស់ព្រះគ្រីស្ទ ។