ការប្រជុំ​ធម្មនិដ្ឋាន ឆ្នាំ​២០២៥
អ្នកត្រួតត្រា​ដ៏​សុចរិត—សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ


44:17

អ្នកត្រួតត្រា​ដ៏​សុចរិត—សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ

ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ

ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥

សូម​ស្វាគមន៍ មិត្តសម្លាញ់​វ័យ​ក្មេង​នៅ​ទូទាំង​ពិភពលោក ! ខ្ញុំ​រំភើប​ចិត្ត​ដែល​មាន​ឱកាស​នេះ​ដើម្បី​នៅ​ជាមួយ​ក្មួយៗ—ដើម្បី​ចែកចាយ​សេចក្តីស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ក្មួយៗ និង​បំណងប្រាថ្នា​របស់​ខ្ញុំ​សម្រាប់ក្មួយៗ ។ សំខាន់​បំផុត ខ្ញុំ​សង្ឃឹម​ថា​ក្មួយៗ​នឹង​ទទួល​បាន​បទពិសោធន៍​មួយ​នៅ​ល្ងាច​នេះ—ជា​បទពិសោធន៍​មួយ​ដែល​ក្មួយៗ​ទទួល​អារម្មណ៍​នៃ​ក្តី​ស្រឡាញ់​របស់​ព្រះ ហើយ​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​សម្រេច​បាន​នូវ​សេចក្តីប្រាថ្នា​ដ៏​ខ្ពស់​បំផុត​របស់​ទ្រង់​សម្រាប់​ក្មួយៗ !

យើង​នៅ​ទីនេះ​នៅក្នុង​រោងឧបោសថ​ប្រវត្តិសាស្ត្រ​នេះ​នៅ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ទីក្រុងសលត៍​លេក ។ ការសាងសង់​បានចាប់ផ្ដើម​នៅលើ​អគារ​ដ៏​ធំ​នេះ​មួយ​រយ​ឆ្នាំ​មុន​ពេល​ខ្ញុំ​កើត ។ វា​ជា​ពេល​មួយ​ដែល​សម្ភារ​សំណង់​មាន​តម្លៃ​ថ្លៃ​នៅ​លើ​ទឹកដី​រដ្ឋ​យូថាហ៍ គ្មាន​ផ្លូវដែក​ដើម្បី​ដឹក​ជញ្ជូន​គ្រឿង​បរិក្ខារ​នោះ​ទេ ហើយ​បើ​ទោះ​ជា​មាន​ក៏​ដោយ ក៏​ខ្វះខាត​លុយ​ដែរ ។ ប៉ុន្តែ​អស់​អ្នក​ដែល​ធ្វើការ​ជាមួ​យអគារ​ដ៏​ធំ​នេះ​គឺ​ប្រសប់លៃលក និង​ចេះកែច្នៃ​សម្ភារ​ដែល​មាន​មក​ប្រើប្រាស់​ឡើងវិញ ។ ឈើ​ដែល​បាន​ប្រើប្រាស់​ខ្លះ គឺជា​ឈើ​ដែល​ធ្លាប់​បានប្រើ​ដើម្បី​សង់​លំនៅដ្ឋាន​រួចម្តង​ទៅ​ហើយ ។ ដែកគោល និង​ទ្រនាប់​ខ្ចៅ​ធ្វើ​ឡើង​ពី​ស្បែកជើង​ស្បែកគោ​ចាស់ៗ ។ ហើយ​ថ្នាំបៀក​ត្រូវ​បាន​លាយ​ជាមួយ​រោម​សត្វ​ដើម្បី​ជួយ​ឲ្យ​ថ្នាំបៀក​កាន់តែ​រឹងមាំ ។ « ប្រើ​ក្នុង​គោលបំណង​ផ្សេង » « ប្រើ​ឡើងវិញ » និង « កែច្នៃ​ឡើងវិញ » គឺជា​ពាក្យ​ដ៏​មាន​ប្រជាប្រិយភាព និង​មាន​សារៈសំខាន់​របស់​ពួកគេ​ជា​យូរ​មក​ហើយ មុន​ពេល​ពាក្យ​ទាំងនេះ​ក្លាយ​ជា​ផ្នែក​នៃ​ភាសា​របស់​យើង ។

ជីតា​ទួត​ជំនាន់​ទី​ពីរ និង​ទី​បី​របស់​ខ្ញុំ ជា​ជនអន្តោប្រវេសន៍​មកពី​ប្រទេស​អង់គ្លេស បានធ្វើការ​សាងសង់​ទ្វារ​ធំៗ​នៅក្នុង​រោងឧបោសថ​នេះ ។ តើ​ពួកគាត់​អាច​ស្រមៃ​ថា​កូនចៅ​ជំនាន់​ក្រោយ ចៅស្រី​របស់​ពួកគាត់ ​កំពុងនិយាយ​ចេញពី​ទីតាំង​ប្រវតិ្តសាស្រ្ត​នេះ​ដែរ​ឬ​ទេ ?

ក្មួយៗ​ប្រុសស្រី តើ​ក្មួយ​យល់​ពី​ឥទ្ធិពល​ដែល ក្មួយៗ បាន​ធ្វើ​ដែរ​ឬ​ទេ ?

ពិភពលោក​ដែល​យើង​រស់នៅ​នេះ​គឺ​ពោរពេញ​ទៅ​ដោយ​ឧបសគ្គ ។ ហើយ​ក្មួយៗ​គឺជា​ជំនាន់​នៃ​ស្ត្រី និង​បុរស​ដែល​បានបម្រុង​ទុក​សម្រាប់​ថ្ងៃ​នេះ—ក្មួយៗ​មាន​សមត្ថភាព គុណលក្ខណៈ បំណង​ប្រាថ្នា និង​ឱកាស​ដើម្បី​ទាញ​យក​ព្រះចេស្ដា​របស់​ព្រះ​ដើម្បី​ឆ្លងកាត់​ការប្រឈម​ទាំងនេះ និង​ដោះស្រាយ​វា ។ សក្តានុពល​របស់​ក្មួយៗ​គឺ​ទេវភាព ។

ខ្ញុំ​ជឿជាក់​លើ​ក្មួយៗ ។ ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ​ទាំងឡាយ​មាន​ទំនុកចិត្ត​លើ​ក្មួយៗ ។ ពួកលោក​មាន​ប្រសាសន៍ ក៏​ដូចជា​ព្រះអម្ចាស់​ទ្រង់​ផ្ទាល់​មាន​ព្រះបន្ទូល​ដែរ ។

សូម​កុំ​ចុះ​ចាញ់​ក្នុង​ការខិតខំ​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​ក្នុង​សម័យ​នេះ​ឡើយ។ ពួក​យើង​ត្រូវការ​ក្មួយៗ !

ខ្ញុំ​យល់​ថា​វា​ងាយ​ក្នុង​ការជាប់​នៅក្នុង​ភាពអវិជ្ជមាន ជាប់​នៅក្នុង​ឧបសគ្គ​ឥត​ឈប់​ឈរ​នៃ​បញ្ហា ដែល​បានរាយការណ៍​នៅក្នុង​ពិភពលោក​នេះ ។ ជម្លោះ​ប្រដាប់​អាវុធ នយោបាយ​ដ៏​ចម្រូងចម្រាស ការគាបសង្កត់ គ្រោះ​ធម្មជាតិ ការរងទុក្ខ​របស់​មនុស្ស​ជាតិ—ដែល​ពិបាក​នឹង​យក​ឈ្នះ ។ ក្មួយៗ​ប្រហែល​ជា​មាន​អារម្មណ៍​ថា​គ្មាន​អំណាច​ក្នុង​ការ​មាន​ឥទ្ធិពល​លើ​ដំណោះស្រាយ​ដ៏​យូរ​អង្វែង​នេះ​ទេ ។

ដោយ​ទំនុក​ចិត្ត ខ្ញុំ​សូម​ប្រកាស​ថា ដោយ​បាន​ប្រទានពរ​ឲ្យ​មាន​នូវ​កម្លាំង និង​ព្រះចេស្ដា​នៃ​ព្រះ​ដែល​មាន​សម្រាប់​ក្មួយៗ នៅពេល​ក្មួយៗ​ធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​ជាមួយនឹង​ទ្រង់ នោះ​ក្មួយៗ​អាច​ប្រឆាំង​នឹង​ភាព​អវិជ្ជមាន និង​បញ្ចេញ​ពន្លឺ​នៅ​គ្រប់​ជ្រុង​នៃ​ភាពងងឹត​បាន ។

ព្រះអង្គសង្រ្គោះ​បានប្រកាស​ថា « [ យើង ] ជា​ពន្លឺ​នៃ​លោកីយ៍ » ។ ហើយ « ពន្លឺ​នៅ​ជាប់​នឹង​ពន្លឺ » ។ ការអនុញ្ញាត​ឲ្យ​ពន្លឺ​នៃ​ភាព​ជា​សិស្ស​របស់​យើង​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ​ចែងចាំង​ឡើង គឺជា​ទម្រង់​ដ៏​ពិសេស​នៃ​ថាមពល​ដែល​អាច​ទទួល​បាន​ឡើងវិញ—ថាមពល​ចេញពី​ប្រភព​មួយ​ដែល​ត្រូវ​បានបំពេញ​ជា​ដរាប ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នៅ​ក្នុង​ការនាំ​យក​ការសង្គ្រោះ និង​ពន្លឺ​របស់​ទ្រង់​ដល់​អ្នក​ដទៃ នោះ​យើង​រកឃើញ​ការ​ធូរស្រាល​របស់​យើង​ផ្ទាល់​នៅ​ក្នុង​ទ្រង់ ។

ដូច្នេះ​ចូរធ្វើជា​អ្នក​ផ្សះផ្សារ​គេ​នៅក្នុង​ផ្ទះ សហគមន៍​ផ្ទាល់​ខ្លួន​របស់​យើង និង​នៅក្នុង​វត្តមាន​អនឡាញ​របស់​ក្មួយៗ ។ ចូរជួយ​សម្រាល​ទុក្ខលំបាកដល់​អ្នកនៅ​ជិតខាង​ផ្ទាល់​របស់​ក្មួយៗ ។

គោល​បំណង​របស់​សាតាំង​គឺ​ថា​យើង​ត្រូវ​ទទួល​រង​សកម្មភាព ។ ផ្ទុយ​ទៅ​វិញ ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា​ផ្តល់​ឱកាស​ឲ្យ​យើង​ដើម្បី​ធ្វើ​សកម្មភាព ដើម្បី​ធ្វើ​ជា​ភ្នាក់ងារ​សម្រាប់​សេចក្តីល្អ ដើម្បី​សេចក្តីសុខសាន្ត និង​ក្តីសង្ឃឹម ។

យើង​អាច​ប្រឆាំង​នឹង​ព័ត៌មាន​មិន​ពិត​ដោយ​ការចែកចាយ​ព័ត៌មាន​ដែល​លើកស្ទួយ ពេញ​ដោយ​ក្តី​សង្ឃឹម និង​ត្រឹមត្រូវ—ធ្វើ​ជា​អ្នក​គាំទ្រ​សេចក្តីពិត ជាជាង​គ្រាន់តែ​ជា​អ្នក​ប្រើប្រាស់​ព័ត៌មាន ។ យើង​អាច​ឆ្លើយ​ទៅនឹង​ភាពអវិជ្ជមាន​ដោយ​ធ្វើ​ឲ្យ​ពិភពលោក​ជោរជន់ទៅ​ដោយ​ពន្លឺ និង​ដំណឹងល្អ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ដូចជា​ព្យាការី​ជា​ទីស្រឡាញ់​របស់​យើង ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់​ថា « ចម្លើយ​គឺ​ព្រះយេស៊ូវគ្រីស្ទ​ជានិច្ច » ។ « មិន​ថា​បងប្អូន​មាន​សំណួរ ឬ​បញ្ហា​អ្វី​នោះ​ទេ ចម្លើយ​ត្រូវ​បាន​រក​ឃើញ​នៅក្នុង​ព្រះជន្ម និង​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ​ជានិច្ច » ។

ប្រធាន ណិលសុន បាន​អញ្ជើញ​យើង​ឲ្យ​ដាក់​ភាព​ជាសិស្ស​របស់​ទ្រង់​ជា « អាទិភាព​ខ្ពស់បំផុត » របស់​យើង ។ យើង​ពង្រឹង​ភាពជាសិស្ស​របស់​យើង នៅពេល​យើង​រៀន​ពី​ព្រះយេស៊ូវគ្រីស្ទ និង​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ដូច្នេះ ចូរ​យើង​ស្វែងរក​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ។

ម៉ាថាយ ជំពូក​ទី ២៥ មាន​រឿង​ប្រៀបប្រដូច​ចំនួន​បី ដែល​ជា​រឿង​ប្រៀបប្រដូច​ចុងក្រោយ​ដែល​ម៉ាថាយ​កត់ត្រា​ថា ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​នៅក្នុង​ការបម្រើ​ក្នុង​ព្រះជន្ម​រមែង​ស្លាប់​របស់​ទ្រង់ ។ នៅពេល​រៀបចំ​សុន្ទរកថា​សន្និសីទ​ទូទៅ​ថ្មីៗ​នេះ​របស់​ខ្ញុំ ហើយ​នៅពេល​រៀបចំ​សម្រាប់​ការប្រជុំ​ធម្មនិដ្ឋាន​នេះ ព្រះវិញ្ញាណ​បាន​បំផុស​គំនិត​ខ្ញុំ​ឲ្យ​ត្រឡប់​ទៅ ហើយ​រៀន​ពី​ដំណើររឿង​ទាំងនេះ ។

សម្រាប់​គោល​បំណង​របស់​យើង ខ្ញុំ​ចង់​សង្កត់ធ្ងន់​ទៅលើ​ការរៀបចំ និង​ទិដ្ឋភាព​នៃ​ការទទួលខុសត្រូវ​នៃ​រឿង​ប្រៀបប្រដូច​ទាំងនេះ ។ ប្រធាន ណិលសុន បាន​អញ្ជើញ​យើង​ឲ្យ « ឥឡូវ​នេះ … ជាពេល​…ដើម្បី រៀបចំ​ខ្លួន សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់ … ព្រះយេស៊ូវ​គ្រីស្ទ ។ ការត្រួតត្រាគឺជា​ការគ្រប់គ្រង​ដ៏​ប្រុងប្រយ័ត្ន និង​ដោយ​ទំនួលខុសត្រូវ​នៃ​អ្វីមួយ ដែល​ត្រូវបាន​ផ្ដល់​ឲ្យ​មនុស្សម្នាក់​ថែទាំ ។ នៅក្នុង​កិច្ចខិតខំ​ត្រួតត្រា​របស់​យើង យើង​ធ្វើ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ដូច្នេះ សូម​ស្តាប់​មេរៀន​ក្នុងការរៀបចំ​ខ្លួន និង​កិច្ចត្រួតត្រា ដែល​យើង​អាច​រៀន​ចេញ​ពី​ដំណើររឿង​នេះ ។

ទីមួយ រឿងប្រៀបប្រដូច​អំពី​ស្ត្រី​ព្រហ្មចារី​ដប់នាក់—ប្រាំ​នាក់​ដែល​មាន​ប្រាជ្ញា និង​ប្រាំ​នាក់​ដែល​ត្រូវ​បានពិពណ៌នា​ថា​ជា​មនុស្ស​ល្ងង់ ។

នៅក្នុង​រឿង​ប្រៀបប្រដូច​នេះ ស្រ្តី​ព្រហ្មចារី​ទាំងដប់នាក់​កំពុង​រង់ចាំកូន​កំលោះ​នៅទីតាំង​ដែល​ត្រឹមត្រូវ ។ ពួក​នាង​ម្នាក់ៗ​បានមក​ដោយ​មានចង្កៀង​ម្នាក់​មួយ ។ នោះ​គឺ​ដូចជា​ក្មួយៗ​រាល់​គ្នា​ដែរ ។ ក្មួយៗ​នៅទីនេះ ដោយ​អនុវត្ត​សេចក្តីជំនឿ​របស់​ក្មួយៗ ហើយ​ស្ថាបនា​ទីបន្ទាល់​របស់​ក្មួយៗ ។

នៅពេល​ដែល​កូន​កំលោះ—តំណាង​ឲ្យ​ព្រះអង្គសង្រ្គោះ—យាងមក​នៅ​ពេល​ដែល​មិន​បាន​រំពឹងទុក ស្រ្តី​ព្រហ្មចារី​ប្រាំ​នាក់​មិន​មាន​ប្រេង​គ្រប់​គ្រាន់​នៅក្នុង​ចង្កៀង​របស់​ពួកនាង​ទេ ។ ប្រហែល​ជា​ពួក​នាង​មិន​បាន​គិត​ថា​វា​សំខាន់ ឬ​ចាំបាច់​ដើម្បី​មាន​ប្រេង​បន្ថែម​ទេ ។ ឬ​ពួកនាង​មិន​បានត្រួតត្រា​ប្រេង​ដែល​ពួកនាង​មាន​ឡើយ ។ ប្រហែលជា​មាន​ការរំខាន ពួកនាង​មិន​បានរៀបចំ​ឲ្យ​បានគ្រប់គ្រាន់​ដើម្បី​រក្សា​ចង្កៀង​របស់​ពួកនាង​ឲ្យ​ឆេះ​នោះទេ ។

ដូច្នេះ​ហើយ​ជាការ​ឆ្លើយតប​ទៅនឹង​ការតវ៉ា​របស់​ពួកគេ ដើម្បី​ឲ្យ​បាន​ចូល​ក្នុង​ពិធី​ទទួល​ទាន​អាហារ​ពេលល្ងាច​នៃ​ពិធីរៀប​អាពាហ៍​ពិពាហ៍ នោះ​ប្ដី​ថ្មោង​ថ្មី​បាន​ឆ្លើយតបថា « ខ្ញុំ​មិន​ស្គាល់​នាង​ទេ » ។ ការបង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​ការរៀបចំ និង​ការទទួលខុសត្រូវ​ដ៏​ឈ្លាស​វៃ​របស់​ពួកនាង នាង​ព្រហ្មចារី​ដ៏​ឈ្លាស​វៃ​ទាំង​ប្រាំ​នាក់ បាន ស្គាល់​ទ្រង់ ។

ប្រេង​ដ៏​មាន​តម្លៃ​ដែល​តំណាង​ឲ្យ​ការប្រែចិត្តជឿ​ផ្ទាល់ខ្លួន បាន​អនុញ្ញាត​ឲ្យ​ស្ត្រី​ព្រហ្មចារី​ដែល​មាន​ប្រាជ្ញា​បំភ្លឺ​ចង្កៀង​របស់​ពួកនាង ហើយ​ចូលរួម​ក្នុង​ពិធីមង្គលការ​ជាមួយ​កូនកំលោះ ។ ប្រេង​មិន​អាច​ចែកចាយ​ជាមួយ​មិត្តភក្តិ​របស់​ពួកនាង​បាន​ទេ ដោយសារ​ការប្រែចិត្តជឿ​ផ្ទាល់ខ្លួន​គឺ—មាន​លក្ខណៈ​ផ្ទាល់​ខ្លួន​ខ្លាំង​ណាស់ ។ យើង​អាច និង​គួរតែ​កាន់​ពន្លឺ​ចង្កៀង​របស់​យើង​ឲ្យ​ខ្ពស់​ឡើង​ដើម្បី​លើកស្ទួយ និង​ពង្រឹង​អ្នក​ដទៃ ប៉ុន្តែ​យើង​ម្នាក់ៗ​គឺជា​អ្នក​ទទួលខុសត្រូវ​ការ​ប្រែចិត្ត​ជឿ​របស់​យើង​ផ្ទាល់ ។

ដូចដែល​ព្រះអង្គសង្គ្រោះ​បានបញ្ជាក់​ថា « ចូរ​មាន​ចិត្ត​ស្មោះត្រង់ ដោយ​អធិស្ឋាន​ជានិច្ច ដោយ​មាន​ចង្កៀង​បង្កាត់ ហើយ​ឆេះ ហើយ​មាន​ប្រេង​នៅ​ជាមួយ​អ្នក​ផង ដើម្បី​ឲ្យ​អ្នក​អាច​បាន​ប្រុងប្រៀប​ជាស្រេច ក្នុង​កាល​ការ​យាង​មក​នៃ​ប្ដី​ថ្មោង​ថ្មី » ។

យើង​ក៏​ចាប់ផ្ដើម​ស្គាល់​ព្រះអង្គសង្រ្គោះ ហើយ​មាន « ទំនុកចិត្ត​ដើម្បី​ចូល​ទៅកាន់​ព្រះ ឥឡូវនេះ » នៅពេល​យើង​រៀបចំ​ខ្លួន​ដើម្បី​រក្សា​ចង្កៀង​របស់​យើង​ពេញ​ដោយ​ប្រេង​នៃ​ការប្រែចិត្តជឿ ហើយ​បន្ទាប់មក​ចូរ​ឲ្យ​ពន្លឺ​នៃ​ការប្រែចិត្តជឿ​នោះ​ភ្លឺ​ឡើង ។ ហើយ​ដូចជា​រូបចម្លាក់​ដ៏​អស្ចារ្យ​ដែល​ពិពណ៌នា​នៅលើ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ​ដែរ យើង​អាច ហើយ​គួរតែ​គាំទ្រ និង​ពង្រឹង​អ្នកដទៃ​ឲ្យ​ធ្វើ​ដូច​យើង—ធ្វើ​ជា​សញ្ញា​ឲ្យ​អ្នក​ដទៃ​មក​រក​ពន្លឺ—ពន្លឺ​លោកីយ៍​គឺជា​ព្រះយេស៊ូវគ្រីស្ទ ។

រឿង​ប្រៀបប្រដូច​ទីពីរ​ដែល​ម៉ាថាយ​ប្រាប់​គឺ​អំពី​ប្រាក់ ។ នៅក្នុង​រឿង​នោះ ចៅហ្វាយ​រំពឹង​ថា​នឹង​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ បានផ្ដល់​ប្រាក់​ដល់​អ្នក​បម្រើ​បី​នាក់ ។ នៅ​សម័យ​ព្រះគម្ពីរ​សញ្ញាថ្មី ប្រាក់​តំណាង​ឲ្យ​លុយ ។ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​ក្មួយៗ​នឹង​គិត​អំពី​ប្រាក់​ជា​អំណោយទាន សមត្ថភាព និង​ពរជ័យ​ដែល​ព្រះវរបិតាសួគ៌​បានប្រទាន​មក​យើង ។ ចៅហ្វាយ​បាន​ឲ្យ​ទៅ​អ្នកបម្រើ​ម្នាក់​ប្រាក់​ប្រាំពាន់​ថ្លឹង ម្នាក់​ទៀត​ពីរពាន់​ថ្លឹង និង​ម្នាក់​ទៀត​មួយពាន់​ថ្លឹង ។ ហើយ​បន្ទាប់មក​ចៅហ្វាយ​បានធ្វើ​ដំណើរ​ចេញទៅ ។

នៅពេល​គាត់​ត្រឡប់​មក​វិញ គាត់​បានឃើញ​ថា​អ្នក​បម្រើ​ដែល​គាត់​បាន​ឲ្យ​ប្រាក់​ប្រាំពាន់ និង​ពីរពាន់ ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់ និង​បានត្រួតត្រា​ឲ្យ​ចំណេញ ហើយ​បានប្រើ​ប្រាក់​នោះ​យ៉ាង​ល្អ ។ ម្នាក់ៗ​បាន​បង្កើន​ប្រាក់​ចំណេញ​ទ្វេដង​ដែល​ពួកគេ​បាន​ប្រគល់​ឲ្យ ។ ហើយ​ដោយ​មាន​ចិត្ត​ស្មោះត្រង់​បន្តិច​ហើយ​នោះ ចៅហ្វាយ​ក៏​ឲ្យ​ពួក​គេ​ថែម​ទៀត ដោយ​ថ្លែង​ថា « ប្រពៃ​ហើយ បាវ​ល្អ​ស្មោះត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ យើង​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ » ។

ផ្ទុយ​ទៅ​វិញ អ្នក​បម្រើ​ដែល​បាន​ទទួល​ប្រាក់​មួយ​ពាន់​បាន​កប់​ប្រាក់​របស់​គាត់—ប្រហែល​ជា​ដោយសារ​គាត់​មាន​ការ​រំខាន ហើយ​ពន្យារ​ពេល​ក្នុង​ការប្រើ​ប្រាក់​របស់​គាត់​ឲ្យ​បាន​ល្អ ។ ឬ​ប្រហែលជា​គាត់​ស្មុគស្មាញ​ដើម្បី​ដឹង​ពី​របៀប​ចាប់ផ្តើម ឬ​ខ្លាច​បរាជ័យ ។ ប្រហែលជា​គាត់​បានប្រៀបធៀប​ខ្លួន​គាត់​ទៅ​នឹង​អ្នកបម្រើ​ឯ​ទៀត ហើយ​ការសង្ស័យ​របស់​គាត់​អំពី​សមត្ថភាព​របស់​គាត់​បានរារាំង​គាត់​ពី​ការព្យាយាម ។ គាត់​មិន​បាន​ត្រៀមខ្លួន​សម្រាប់​ការត្រឡប់​មក​វិញ​របស់​ចៅហ្វាយ​ទេ គាត់​មិន​បាន​ទទួល​អារម្មណ៍​រីករាយ​នៃ​ការបម្រើ​ដ៏​ស្មោះត្រង់ ហើយ​គាត់​បាន​បាត់បង់​ប្រាក់​របស់​គាត់ ។

រឿង​ប្រៀបប្រដូច​ពី​ស្ត្រី​ព្រហ្មចារី​ទាំង​ដប់ និង​រឿង​ប្រៀបប្រដូច​ពី​ប្រាក់​គឺជា​រឿងប្រៀបប្រដូច​ដែល​ផ្ដោតលើ​គំនិត​ដូច​គ្នា ។ រឿងប្រៀបប្រដូច​ទាំងពីរ​សង្កត់ធ្ងន់​ថា យើង​មាន​ទំនួលខុសត្រូវ​ផ្ទាល់ខ្លួន​សម្រាប់​ការប្រែចិត្ត​របស់យើង ហើយ​ត្រូវតែ​រៀបចំខ្លួន​យើង​ដើម្បី​ទទួល​អំណោយទាន​នៃ​ភាពតម្កើងឡើង​របស់​ព្រះអម្ចាស់—ហើយ​ថា​យើង​មាន​ការត្រួតត្រា និង​ការទទួលខុសត្រូវ​ផ្ទាល់ខ្លួន​ចំពោះ​អ្វី​ដែល​យើង​បាន​ទទួល​ពរ ។

នៅទីបំផុត ម៉ាថាយ ២៥ ប្រាប់​រឿង​នៃ​អ្នក​ដែល​មាន « ទំនុកចិត្ត​នៅចំពោះ​ព្រះ » ។ ដោយ​ពិពណ៌នា​ថា​ជា​ចៀម​របស់​អ្នក​គង្វាល​ល្អ ដែល​នៅ​ខាង​ស្ដាំ​របស់​ទ្រង់ រីករាយ​ក្នុង​ពិធី​មង្គលការ​ជាមួយនឹង​ទ្រង់ ហើយ​បាន​ប្រទាន​ពរ​ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ​កិច្ចការ​ជា​ច្រើន ទ្រង់​មាន​បន្ទូល​ថា ៖

« យើង​បាន [ ឃ្លាន ] ហើយ​អ្នក​រាល់​គ្នា​បាន​ឲ្យ​បរិភោគ ៖ យើង​បាន​ស្រេក ហើយ​អ្នក​រាល់​គ្នា​បាន​ឲ្យ​ផឹក ៖ យើង​ជា​អ្នក​ដទៃ ហើយ [ អ្នក​រាល់​គ្នា ] បាន​ទទួល​យើង ៖ [ យើង ] នៅ​អាក្រាត ហើយ​អ្នក​រាល់​គ្នា​បាន​ស្លៀកពាក់​ឲ្យ​យើង ៖ [យើង ] បាន​ឈឺ ហើយ [ អ្នក​រាល់​គ្នា ] បាន​មក​សួរ​យើង ៖ ក៏​ជាប់​គុក ហើយ[ អ្នក​រាល់​គ្នា ] បាន​មក​ឯ​យើង » ។

វីដេអូ​នេះ​បង្ហាញ​ពី​ការណ៍​នេះ​យ៉ាង​ស្រស់ស្អាត ។

[ វីដេអូ ( អក្សររត់​ចំណង​ជើង ) ]

« ព្រះយេស៊ូវ​បាន​បង្ហាញ​យើង​អំពី​របៀប​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង ។ យើង​ធ្វើតាមគំរូ​របស់​ទ្រង់​នៅពេល [ យើង​លើក ]​អ្នក​ដែល​នឿយហត់ ចិញ្ចឹម​បីបាច់​កុមារ លួងលោម​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​យើង ឲ្យ​អាហារ​អ្នក​ដែល​ស្រេក​ឃ្លាន ស្វែករក​អ្នក​ដែល​ខ្វះខាត ។ ឱកាស​ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់​គឺ​មាន​ជា​រៀងរាល់​ថ្ងៃ បម្រើ​ដូចជា​ទ្រង់ ខ្វល់ខ្វាយ​ដូចជា​ទ្រង់ ។ ការខ្វល់ខ្វាយ​ចាប់ផ្ដើម​ពី​អ្នក ជា​រៀងរាល់​ថ្ងៃ ។ សូម​ចូល​ទៅកាន់ CaringSummary.ChurchofJesusChrist.org ។

[ ចប់វីដេអូ ]

នេះ​គឺជា​អ្វី​ដែល​បាន​សុំ​ពី​យើង ។ ក្នុងនាម​ជា​សិស្ស​របស់​ទ្រង់ យើង​រៀបចំ​ខ្លួន​របស់​យើង​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ ហើយ យើង​អនុវត្ត​ការត្រួតត្រា​ដោយ​ស្មោះត្រង់ និង​មាន​ផល​ចំណេញ​លើ​អ្វី​ដែល​យើង​បាន​ទទួល​ពរ ។ ការអាណិតអាសូរ សេចក្ដីសប្បុរស គុណធម៌ និង​ការត្រួតត្រា​ដ៏​ស្មោះត្រង់ ធ្វើ​ឲ្យ​យើង​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​រស់នៅ​ជាមួយ​នឹងទ្រង់ ហើយ​មាន​ទំនុកចិត្ត​នៅ​ចំពោះ​ព្រះ ឥឡូវ​នេះ ។ ដូច​ជា​មរមន​បាន​បង្រៀន​ថា អស់​អ្នក​ដែល​ពោរពេញ​ទៅ​ដោយ​សេចក្ដីសប្បុរស—ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ—« នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នឹង​បាន​ស្រួល​ដល់ [ ពួកគេ ] នោះ​ហើយ » ។ ពួកគេ​នឹង​បាន​ដូច​ជា​ព្រះអង្គសង្គ្រោះ ដោយ​ឃើញ​ទ្រង់​ជា​ទ្រង់ ហើយ​ពោរពេញ​ទៅ​ដោយ​សេចក្តី​សង្ឃឹម ហើយ​បាន​បរិសុទ្ធ​ដូច​ទ្រង់​បរិសុទ្ធ​ដែរ ។ ប្រធាន ណិលសុន បាន​ប្រកាស​ថា « សេចក្ដី​សប្បុរស និង​គុណធម៌​បើក​ច្រកផ្លូវ​ទៅកាន់​ការមាន​ទំនុកចិត្ត​នៅ​ចំពោះ​ព្រះ ! »

រឿងប្រៀបប្រដូច​ទាំងបី​នេះ​បង្រៀន​ពី​របៀប​ដែល​ពួកសិស្ស​របស់​ទ្រង់—របៀប​ដែល​យើង—គួរតែ​រៀបចំខ្លួន​សម្រាប់​គ្រា​លំបាក ដែល​មាន​មុន​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។ ទាំងនេះ​គឺជា​ពេលវេលា​ដែល​យើង​រស់នៅ ! យើង​ត្រូវ​រក្សា​ចង្កៀង​នៃ​ការប្រែចិត្តជឿ​របស់​យើង​ឲ្យ​ភ្លឺ​ចាំង​ដោយ​ទុក​ឲ្យ​ពន្លឺ​របស់​យើង​ចែងចាំង​ឡើង ដោយ​ប្រើប្រាស់ និង​ពង្រីក​ទេពកោសល្យ​របស់​យើង ដោយ​ការថែរក្សា​អ្នក​ដែល​ខ្វះខាត—នោះ​គឺ​ការមាន​សេចក្ដី​សប្បុរស—ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ ។

រឿងប្រៀបប្រដូច​ទាំងបី​នេះ​បង្រៀន​យើង​អំពី​ការត្រួតត្រា ៖

ការត្រួតត្រា​សម្រាប់​ការប្រែចិត្ត​ជឿ​របស់​យើង​ផ្ទាល់ ។

ការត្រួតត្រា​សម្រាប់​អំណោយទាន ទេពកោសល្យ ទ្រព្យសម្បត្តិ និង​ជំនួយ​ដែល​យើង​បាន​ប្រទាន​ឲ្យ រួមទាំង​ផែនដី​ផងដែរ ។

ការត្រួតត្រា​ឲ្យ​មើលថែ​អ្នក​ជិត​ខាង​យើង​ដែល​ស្រេក​ឃ្លាន គ្មាន​ផ្ទះ​សម្បែង ឈឺចាប់ និង​នឿយ​ហត់ ។

ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ តើ​យើង​អនុវត្ត​ការ​ត្រួត្រា​ដ៏​ល្អ​ដោយ​របៀប​ណា ?

ប្រហែល​ជា​ការពិភាក្សា​ស៊ី​ជម្រៅ​ជាង​នេះ​អំពី​ការត្រួតត្រា​មាន​ប្រយោជន៍ ។ ដំបូង ចូរ​យើង​កំណត់​និយមន័យ​នៃ​ការត្រួតត្រា​ជាមុនសិន ។ ហើយ​អ្នក​ត្រួតត្រា​ម្នាក់​គឺជា​អ្វី ?

អ្នក​ត្រួតត្រា​ម្នាក់​គ្រប់គ្រង​ទ្រព្យសម្បត្តិ​នៃ​គ្រួសារ ឬ​ដីមរតក​ដ៏ធំមួយ ។ អ្នកត្រួតត្រា​ពុំមែន​ជា​ម្ចាស់​ទ្រព្យសម្បត្តិ​ទេ ប៉ុន្តែ​ត្រូវបាន​ទុកចិត្ត​ឲ្យ​គ្រប់គ្រង​វា​ជំនួស​ឲ្យ​ម្ចាស់ ។ ការត្រួតត្រា​ដែល​មាន​ផល​ចំណេញ​គឺ​ស្មោះត្រង់​ចំពោះ​ម្ចាស់​ទ្រព្យ ដោយ​យក​ចិត្ត​ទុកដាក់​លើ​ធនធាន​ប្រកប​ដោយ​ប្រាជ្ញា និង​ដោយ​សប្បុរស ។ ដូច្នេះ ការត្រួតត្រា​គឺ​គ្រប់គ្រង​យ៉ាង​ប្រុងប្រយ័ត្ន និង​ប្រកប​ដោយ​ទំនួលខុសត្រូវ​លើ​រឿង​ទាំងនោះ ដែល​ប្រគល់​ឲ្យ​យើង​មើលថែរ ។

ប៊ីស្សព ហ្គែរ៉ល កូសសែ នៃ​គណៈប្រធាន​ប៊ីស្សព បាន​បង្រៀន​ថា តើ​ការត្រួត្រា​ខាងលោកិយ​មាន​អត្ថន័យ​ដូចម្តេច ។ លោក​បាន​មាន​ប្រសាសន៍​ថា « នៅក្នុង​វាក្យសព្ទ​នៃ​ដំណឹងល្អ ពាក្យ ការ​កាន់កាប់​ត្រួតត្រា បាន​កំណត់​នូវ​ការទទួល​ខុសត្រូវ​ខាងវិញ្ញាណ ឬ​ខាងសាច់ឈាម​ដ៏ពិសិដ្ឋ ដើម្បី​ថែរក្សា​អ្វីមួយ​ដែលជា​កម្មសិទ្ធិ​របស់​ព្រះ ដែល​យើង​មាន​ទំនួលខុសត្រូវ » ។

សូម​ពិចារណា​ទៅ​មើល​ថា តើ​គំនិត​នេះ​អស្ចារ្យ​ប៉ុនណា ! យើង​ជា​អ្នកត្រួតត្រា​ទ្រព្យ​សម្បត្តិ​ដែល​ព្រះវរបិតាសួគ៌​បានប្រទាន​ឲ្យ​យើង ។ នោះ​គឺជា​ការទុកចិត្ត​ដ៏​ពិសិដ្ឋ​សម្រាប់​ផែនដី ធនធាន​របស់​ផែនដី បុត្រាបុត្រី​របស់​ទ្រង់ អំណោយទាន​របស់​យើង ទេពកោសល្យ និង​ពរជ័យ​ទាំងឡាយ ។ ហើយ វា​គឺជា​ការទទួល​ខុសត្រូវ​ដ៏​ពិសិដ្ឋ​ដើម្បី​មើលថែ​ទ្រព្យសម្បត្តិ​របស់​ទ្រង់​ដោយ​ការយកចិត្ត​ទុកដាក់ ។

តើ ក្មួយៗ មាន​ការត្រួតត្រា​លើ​អ្វី និង​នរណា ?

គឺ​ការបង្កើត​ទាំងអស់​របស់​ព្រះ​នៅលើ​ផែនដី​នេះ ។ អ្នក​មាន​ការត្រួតត្រា​លើ​រាងកាយ និង​ចិត្ត​របស់​អ្នក​ផ្ទាល់ ។ អ្នក​មាន​ការត្រួតត្រា​លើ​សមត្ថភាព ទេពកោសល្យ អំណោយទាន​ខាង​វិញ្ញាណ និង​ជំនួយ​ដែល​បាន​ប្រទានពរ​មក​ដល់​អ្នក ។ អ្នក​មាន​ការត្រួតត្រា​លើ​ផែនដី ។ ហើយ អ្នក​មាន​ការត្រួតត្រា​លើ​គ្នា​ទៅ​វិញ​ទៅ​មក ។

ប៊ីស្សព ឃូសេ បានពន្យល់​ថា ៖ « ការកាន់​កាប់​ត្រួតត្រា​របស់​យើង​លើ​ការបង្កបង្កើត​របស់​ព្រះ​ក៏រួម​បញ្ចូល​នូវ​កាតព្វកិច្ច​ដ៏ខ្ពង់ខ្ពស់​ដ៏ពិសិដ្ឋ​ក្នុង​ការស្រឡាញ់ គោរព និង​ថែរក្សា​មនុស្ស​ទាំងអស់​ដែល​រស់នៅ​លើ​ផែនដី​នេះ​ជាមួយ​នឹង​យើង ។ ពួកគេ គឺជា​បុត្រា និង​បុត្រី​របស់​ព្រះ ជា​បងប្អូន ស្រី និង​ប្រុស​របស់​យើង ហើយ​សុភមង្គល​ដ៏​អស់កល្ប​របស់​ពួកគេ គឺជា​គោលបំណង​នៃ​ការបង្កបង្កើត​នោះឯង » ។

តើ​អ្នក​នឹង​ធ្វើ​ការត្រួតត្រា​ឲ្យ​មាន​ផលចំណេញ​ដែរ​ឬ​ទេ ? នោះ​គឺ​ថា តើ​អ្នក​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការបង្កបង្កើត​របស់​ព្រះ​ដោយ​ឈ្លាស​វៃ និង​សប្បុរស​ឬ​ទេ ?

ខ្ញុំ​ចង់​សម្រិតសម្រាំង​ការផ្តោត​អារម្មណ៍​របស់​យើង​ទៅលើ​ការត្រួតត្រា​សម្រាប់​អំណោយ​ទាន និង​ទេពកោសល្យ​ដែល​យើង​បាន​ទទួល​ពរជ័យ ការត្រួតត្រា​របស់​យើង​សម្រាប់​ផែនដី និង​ការត្រួតត្រា​ដល់​អ្នក​ជិត​ខាង​របស់​យើង ។ សូម​ចាំ​ថា ការត្រួតត្រា​ដោយ​សុចរិត​គឺ​ជា​ភស្ដុតាង​នៃ​ភាព​ជា​សិស្ស​របស់​យើង ។

ទីមួយ ការត្រួតត្រា​លើ​អំណោយទាន និង​ទេពកោសល្យ​របស់​យើង ។

ចេញពី គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៦:១១–១២ យើង​រៀន​ពី​សេចក្តីពិត​នេះ ៖

« ដ្បិត​មនុស្ស​ទាំងអស់​ពុំ​បាន​គ្រប់​អំណោយទាន ដែល​បាន​ប្រទាន​ដល់​ពួកគេ​ឡើយ ដ្បិត​មាន​អំណោយទាន​ជាច្រើន ហើយ​មនុស្ស​រាល់គ្នា​ត្រូវ​បាន​ប្រទាន​មួយ ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះ ។

« ចំពោះ​មនុស្ស​ខ្លះ​ត្រូវ​ប្រទាន​ឲ្យ​មួយ​រីឯ​ចំពោះ​មនុស្ស​ខ្លះ​ត្រូវ​បាន​ប្រទាន​ឲ្យ​មួយ​ផ្សេង​ទៀត​ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​អាច​បាន​ប្រយោជន៍​ដោយ​សារ​របៀប​នេះ » ។

អំណោយ​ទាន​ខាងវិញ្ញាណ​របស់​យើង​គឺជា​សមត្ថភាព​ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង​ម្នាក់ៗ ។ វា​ត្រូវ​បាន​ប្រទាន​ឲ្យ​យើង​តាម​ឆន្ទៈ និង​ពេលវេលា​របស់​ទ្រង់ តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ហើយ​ត្រូវ​បាន​បម្រុងទុក​សម្រាប់​ពរជ័យ និង​អត្ថប្រយោជន៍​នៃ​បុត្រាបុត្រី​របស់​ព្រះ​ទាំងអស់ ។

អ្នកត្រួតត្រា​ដ៏​ស្មោះត្រង់​ស្វែងរក និង​អញ្ជើញ​អំណោយទាន​ខាង​វិញ្ញាណ​ឲ្យចូល​ក្នុង​ជីវិត​របស់​ពួកគេ ហើយ​ប្រើ​អ្វី​ដែល​ពួកគេ​បាន​ប្រទាន​ឲ្យ​ដើម្បី​លើកស្ទួយ និង​បម្រើ​អ្នក​ដទៃ ។ ក្មួយៗ​រាល់​គ្នា​ជា​បុត្រាបុត្រី​របស់​ព្រះ ត្រូវ​បាន​ប្រទាន​ឲ្យ​នូវអំណោយទាន និង​ទេពកោសល្យ​ពិសេសៗ ។

អែលឌើរ ម៉ាវីន ជេ អាស្តុន ដែលជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ បាន​រៀបរាប់​អំពី​អំណោយទាន គុណលក្ខណៈ និង​សមត្ថភាព​ដែល​មិន​សូវ​ច្បាស់​ជា​ច្រើន​ដែល​ក្មួយៗ​ប្រហែល​ជា​មិន​បាន​ពិចារណា ។ ដូច​ដែល​ខ្ញុំ​បានរៀបរាប់ តើ​ក្មួយៗ​នឹង​ធ្វើ​ការគិតពិចារណា​ពីខ្លួន​ឯង​ខ្លះៗ ហើយ​ស្វែងរក​អំំណោយទាន​មួយ ឬ​ពីរ​ដែល​ក្មួយៗ​បាន​ទទួលពរ​ដែរ​ឬ​ទេ ? បន្ទាប់មក ពេលរក​ឃើញ​អំណោយទាន​នោះ​ហើយ សូម​ពិចារណា​ពី​របៀប​ដែល​ក្មួយៗ​នឹង​ប្រើ​វា​ក្នុង​នាម​ជា​អ្នកបម្រើ​ដ៏​ស្មោះត្រង់ ដើម្បី​ប្រទាន​ពរ​ដល់​អ្នក​ដទៃ ។

« អំណោយទាន​នៃ​ការ​សូម អំណោយទាន​នៃការចេះ​ស្ដាប់ អំណោយទាន​នៃ​ការ​ប្រុង​ស្ដាប់ ហើយ​ប្រើ​សំឡេង​តូច​រហៀង អំណោយទាន​នៃការ​អាច​យំ អំណោយទាន​នៃ​ការ​ចៀសវាងពី​ការ​ឈ្លោះប្រកែក អំណោយទាន​នៃការព្រមព្រៀង អំណោយទាន​នៃ​ការ​ចៀសវាង​ពី​ភាព​ច្រំដែលៗ​ឥត​ប្រយោជន៍ អំណោយទាន​នៃ​ការ​ស្វែង​រក​អ្វីដែល​សុចរិត អំណោយទាន​នៃ​ការ​ពុំ​វិនិច្ឆ័យ​លឿន​ពេក អំណោយទាន​នៃ​ការ​មើល​ទៅព្រះសម្រាប់​ការ​ដឹកនាំ អំណោយទាន​នៃ​ការ​ធ្វើ​ជា​សិស្ស [ អំណោយទាន​នៃ​ភាព​ស្ងប់ស្ងាត់ ] អំណោយទាន​នៃ​ការ​មើល​ថែ​អ្នកដទៃ អំណោយទាន​នៃ​ការចេះ​ពិចារណា អំណោយទាន​នៃ​ការ​អធិស្ឋាន អំណោយទាន … នៃ​ការ​ថ្លែង​ទីបន្ទាល់​ដ៏អស្ចារ្យ និង​អំណោយទាន​នៃ​ការ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

នៅពេល​ដែល​ក្មួយៗ​បន្ត​ជញ្ជឹងគិត​អំពី​អំណោយទាន​របស់​ក្មួយៗ តើ​ខ្ញុំ​អាច​ផ្តល់​ការដាស់តឿន​មួយ​បាន​ដែរ​ឬ​ទេ ? សូម​កុំ​ប្រៀបធៀប ឬ​វាស់វែង​អំណោយទាន​របស់​ក្មួយៗ​ធៀប​នឹង​អំណោយទាន​របស់​អ្នកដទៃ​ឡើយ ។ សូម​កុំ​ចូលរួម​ក្នុង « ការវាយ​តម្លៃ​ខ្លួន​ឯង​ទាប​ពេក » ។ « ការប្រៀបធៀប​គឺជា​ចោរប្លន់​សេចក្ដីអំណរ » ។ សូម​ធ្វើ​ជា​ម្ចាស់​អំណោយទាន​របស់​ក្មួយៗ និង​អបអរ​ដល់​អំណោយទាន​ដែល​អ្នកដទៃ​មាន ។ សូម​ចងចាំ​ថា អំណោយទាន​ខាង​វិញ្ញាណ គឺ​ព្រះ​ប្រទាន​ឲ្យ​តាមរយៈ​ព្រះវិញ្ញាណ​សម្រាប់​គោលបំណង​ឲ្យ មនុស្ស​ទាំងអស់ អាច​ទទួល​បាន​អត្ថប្រយោជន៍ ។

ជីដូន​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​គឺជា​គ្រូបង្រៀន​ភាសា​អង់គ្លេស ហើយ​ជ្រើសរើស​ពាក្យ​របស់​គាត់​ដោយ​ប្រុងប្រយ័ត្ន ។ គាត់​ចូល​ចិត្ត​មាន​ប្រសាសន៍​ថា « ការប្រៀបធៀប​គឺ​អាក្រក់​ណាស់ » ។ អាក្រក់ គឺជា​ពាក្យ​ធ្ងន់ធ្ងរ ។ វា​មាន​ន័យ​ថា « គួរ​ឲ្យ​ស្អប់ខ្ពើម និង​មាន​ការជំទាស់​យ៉ាងខ្លាំង » ។ ហេតុអ្វី​បាន​ជា​ជីដូន​ខ្ញុំ​ប្រើ​ពាក្យ​ខ្លាំង​បែប​នេះ ពេល​ផ្តល់​ដំបូន្មាន​ដល់​ខ្ញុំ​អំពី​ហានិភ័យ​ក្នុង​ការ​ប្រៀបធៀប ? វា​គឺ​ដោយសារតែ​ការប្រៀបធៀប​ខ្លួន​យើង​ទៅ​នឹង​អ្នកដទៃ​គឺ​កម្រ​ទទួលបាន​ផលល្អ​ណាស់ ។ ក្នុង​ការប្រៀបធៀប​ខ្លួន​យើង​ទៅ​នឹង​អ្នកដទៃ យើង​ញែក​ខ្លួន​យើង​ចេញពី​ពួកគេ ។ ជំនួស​ឲ្យ​ការ​មាន​អារម្មណ៍​ថា​ជា​ផ្នែក​មួយ​នៃ​រូបកាយ​ទាំងមូល​របស់​ព្រះ​គ្រីស្ទ ខ្ញុំ​ធ្វើជា​កូន​ម្រាម​ដៃ ហើយ​វាស់​តម្លៃ​របស់​ខ្ញុំ​ទាស់​នឹង​នរណា​ម្នាក់​ដែល​ខ្ញុំ​គិត​ថា​ជា​ស្មា ដៃ និង​ដងខ្លួន ។ ជាទូទៅ នៅពេល​ដែល​យើង​ប្រៀបធៀប​ខ្លួន​យើង​ទៅ​នឹង​អ្នកដទៃ យើង​មាន​អារម្មណ៍​ថា​អន់​ជាង ឬ​ល្អ​ជាង ហើយ​ទាំងនោះ ​គឺ​មិនត្រឹមត្រូវទេ ។ យើង​ទាំង​អស់​គ្នា​គឺជា​បុត្រាបុត្រី​ជាទីស្រឡាញ់​របស់​ព្រះមាតាបិតាសួគ៌ ដែល​បាន​ទទួលពរ​នៃ​អំណោយទាន​ខាងវិញ្ញាណ គុណលក្ខណៈ ទេពកោសល្យ និង​កម្លាំង​ផ្ទាល់ខ្លួន​រៀងៗ​ខ្លួន ។

ដូច្នេះ ខ្ញុំ​សូម​អញ្ជើញ​ក្មួយៗ​ឲ្យ​បណ្តុះ​អំណោយ​ទាន​នៃ​ការបោះបង់​ចោល​ការប្រៀបធៀប ។ ទូលសុំ​ព្រះវរបិតាសួគ៌​ឲ្យ​ជួយ​ក្មួយៗ​រកឃើញ​អំណោយទាន និង​ទេពកោសល្យ​ខាង​វិញ្ញាណ​របស់​ក្មួយៗ និង​របៀប​ដែល​ក្មួយៗ​អាច​ប្រើ​វា​ក្នុង​នាម​ជា​អ្នកបម្រើ​ដ៏​ស្មោះត្រង់ ។

នេះ​គឺ​ជា​ឧទាហរណ៍​មួយ ។

កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ជីន ជា​យុវមជ្ឈិមវ័យ​ម្នាក់​ដែល​រស់នៅ​ក្នុង​ប្រទេស​ហូឡង់ កំពុង​ជញ្ជឹងគិត​អំពី​បញ្ញត្តិ​ដែល​ផ្តល់​ដំបូង​ដល់​លោកអ័ដាម និង​នាង​អេវ៉ា​ឲ្យ​បង្កើត​កូនចៅ​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង​ឲ្យ​មាន​ពាសពេញ​លើ​ផែនដី​ ។ នៅពេល​នាង និង​ស្វាមី​កំពុង​ឆ្លងកាត់​នឹង​ការគ្មាន​កូន នោះ​ពួកគេ​បានស្វែង​យល់​ពី​របៀប​ដែល​បញ្ញត្តិ​នោះ​បាន​អនុវត្ត​ចំពោះ​ពួកគេ ។ នាង​បាន​ដឹង​ថា ក្នុង​កំឡុងពេល​ដែល​លោកអ័ដាម និង​នាង​អេវ៉ា​មិន​មាន​កូន នោះ​ពួកលោក​បានដាំដុះ និង​មើល​ថែទាំ​សួនច្បារ​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ពួកលោក​ជា​អ្នក​មើល​ខុស​ត្រូវ ។ ពេល​នាង​ពិចារណា​ពី​ស្ថានភាព​របស់​នាង នោះនាង​បាន​គិត​អំពី​សួនច្បារ​ដែល​នាង​រស់នៅ—សួនច្បារ​នៃ​ផែនដី សួន​ច្បារ​នៃ​ប្រទេស​នាង សួនច្បារ​នៃ​គ្រួសារ​នាង និង​សួនច្បារ​នៃ​វួដ​របស់​នាង ។

នាង​បានដឹង​ថា ខណៈដែល​នាង​មិន​បាន​រស់នៅ​ក្នុង​សួនច្បារ​អេដែន សួនច្បារ​ទាំងនោះ​ហើយជាសួនច្បារ​ដែល​ព្រះអម្ចាស់​បាន​ដាក់​ឲ្យ​នាង​រស់នៅ ។ នាង​អាច​ខិតខំ​ចម្រើន​ជាច្រើន​ឡើង​ឲ្យ​មាន​ពាសពេញ​លើ​ផែនដី​នូវ​អ្វី​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​នាង​ត្រួតត្រា ។ ជីន បានឆ្លើយតប ៖

  • « តើ​ខ្ញុំ​អាច ចម្រើន​ជាច្រើន​ឡើង នូវ​អំណោយ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ខ្ញុំ និង​អ្នកដ​ទៃ​ដោយ​របៀប​ណា​ទៅ ?

  • តើ​ខ្ញុំ​អាច ចម្រើន​ជាច្រើន​ឡើង នូវ​សេចក្តីស្រឡាញ់​ចំពោះ​បុត្រាបុត្រី​របស់​ព្រះ​ដោយ​របៀប​ណា​ទៅ ?

  • តើ​ខ្ញុំ​អាច ចម្រើន​ជាច្រើន​ឡើង នូវ​ពេលវេលា និង​កិច្ចខិតខំ​របស់​ខ្ញុំ​ដើម្បី​បម្រើ​ដល់​អ្នក​ដទៃ​ដោយ​របៀប​ណា​ទៅ ?

  • តើ​ខ្ញុំ​អាច ឲ្យ​មាន​ពាសពេញ នូវ​សុខុមាលភាព​ខាងវិញ្ញាណ​របស់​ខ្ញុំ​ដោយ​របៀប​ណា​ទៅ ?

  • តើ​ខ្ញុំ​អាច ឲ្យ​មាន​ពាសពេញ នូវ​អ្វី​ដែល​អ្នកដទៃ​បាន​បាត់បង់ ទាំង​ខាងសាច់ឈាម និង​ខាងវិញ្ញាណ​ដោយ​របៀប​ណា​ទៅ ?

  • តើ​ខ្ញុំ​អាច ឲ្យ​មាន​ពាសពេញ នូវ​សេចក្តីសង្ឃឹម និង​សេចក្តីជំនឿ​ដែល​មនុស្ស​ជា​ច្រើន​ហាក់​ដូចជា​បាត់បង់​នៅក្នុង​ពិភពលោក​នេះដោយ​របៀប​ណា​ទៅ ? »

នៅពេល​ដែល ជីន បានផ្តោតលើ​សំណួរ​ទាំងនោះ នាង​ទទួល​បាន​ពរ​ក្នុង​ការដឹង​ពី​ឱកាស​ដើម្បី​ចម្រើន​ជា​ច្រើន​ឡើង​ឲ្យ​មាន​ពាសពេញ ដោយ​ប្រើ​អំណោយ និង​ទេពកោសល្យ​របស់​នាង ។ នាង​បាន​បង្រៀន​ការសម្តែង​ដល់​ក្មេងៗ​នៅ​ជុំវិញ​ពិភពលោក ។ នាង​បានបម្រើ​យុវនារី ។ នាង​បាន​ឆ្លៀត​យក​ប្រយោជន៍​ពី​ភាព​បត់បែន​ក្នុង​ជីវិត​អាជីព​របស់​នាង​ផ្ទាល់ ដើម្បី​ជួយ​មើល​ថែ​កូនៗ​របស់​មិត្តភក្ដិ ។ នាង​បានចំណាយ​ពេល​សិក្សា​ដំណឹងល្អ​បន្ថែម​ទៀត ហើយ​មាន​អារម្មណ៍​ថា​មាន​ពរ​ដើម្បី​យល់​កាន់​តែ​ច្បាស់​ពី​របៀប​ទទួល​បន្ទុក​របស់​អ្នក​ដទៃ និង​លួងលោម​អ្នក​ដែល​ត្រូវ​ការ​ការលួងលោម ។ ការណ៍​នោះ​បាន​បង្កើន​ទីបន្ទាល់ និង​សេចក្តី​ជំនឿ​របស់​នាង​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ សំខាន់​បំផុត​នោះ នាង​បានទទួល​ការយល់ដឹង​ផ្ទាល់ខ្លួន​អំពី​ផែនការ​របស់​ព្រះ​សម្រាប់​នាង ។

អ្នកត្រួតត្រា​ល្អ​តែងតែ​បង្កើត និង​ចម្រើន​ឡើង​នូវ​ទ្រព្យ​សម្បត្តិ​របស់​អង្គ​ជា​ចៅហ្វាយ ។

ទោះ​បី​ជា​មិន​ដូច​ដែល​នាង​បាន​ស្រមៃ​ពី​ដំបូង​ក៏​ដោយ ក៏​បទ​ពិសោធន៍​របស់ ជីន គឺជា​ភស្ដុតាង​ដ៏​ប្រពៃ​នៃ​ការសន្យា​ពី​ព្យាការី​យេរេមា ដែល​បានថ្លែង​ថា ៖

« តែ​មាន​ពរ​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​ព្រះយេហូវ៉ា ហើយ​ដែល​ទុក​ចិត្ត​នឹង​ទ្រង់ ។

« អ្នក​នោះ​នឹង​បាន​ដូច​ជា​ដើម​ឈើ​ដាំ​នៅ​មាត់​ទឹក ដែល​ចាក់​ឫស​ទៅ​ក្បែរ​ទន្លេ ។ ឥត​ដឹង​រដូវ​ក្តៅ​ទេ គឺ​ស្លឹក​នៅ​តែ​ខៀវ​ខ្ចី​វិញ ។ ហើយ​មិន​រឹត​ត្បិត​នៅ​ឆ្នាំ​ដែល​រាំងរឹះ​ឡើយ ក៏​មិន​ដែល​ខាន​នឹង​កើត​ផល​ដែរ ។

ទីពីរ ការត្រួតត្រា​ផែនដី និង​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ៖ « ក្នុង​នាម​ជា​អ្នក​ទទួល​អត្ថប្រយោជន៍​ពី​ការបង្កបង្កើត​ដ៏​ទេវភាព តើ​យើង​គួរតែ​ធ្វើ​អ្វី​ខ្លះ ? យើង​គួរតែ​ថែរក្សា​ផែនដី ធ្វើ​ជា​អ្នក​កាន់កាប់​ត្រួតត្រា​ដ៏​ឈ្លាស​វៃ​នៅលើ​ផែនដី ហើយ​រក្សា​ផែនដីនេះ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ » ។

ខ្ញុំ​ដឹង​ថា​នេះ​ជា​ប្រធានបទ​ដែល​មនុស្ស​ជំនាន់​របស់​ក្មួយៗ​យក​ចិត្ត​ទុកដាក់​យ៉ាងខ្លាំង ។ ក្មួយៗ​មាន​ការប្តេជ្ញាចិត្ត​ដ៏​អស្ចារ្យ ហើយ​អ្នក​ខ្លះ​មាន​ការ​ថប់​បារម្ភ ។ ខ្ញុំ​សូម​ធានា​ដល់​ក្មួយៗ​ថា ព្រះ​បានរៀបចំ​ផ្លូវ​សម្រាប់​ការរស់នៅ​ប្រកប​ដោយ​សុខភាពល្អ​សម្រាប់​មនុស្ស​គ្រប់គ្នា​នៅលើ​ភព​ផែនដី​នេះ ប្រសិនបើ​យើង​ស្ម័គ្រចិត្ត​ប្រើប្រាស់​អំណោយទាន និង​ទេពកោសល្យ​របស់​យើង​សម្រាប់​ការល្អ​នេះ រក្សា​ភាពស័ក្ដិសម​ក្នុង​ការទទួល​វិវរណៈ និង​ប្រើប្រាស់​ធនធាន​ដ៏​បរិបូរណ៍​នៃ​ផែនដី​ដើម្បី​ថែទាំ​គ្នា​ទៅវិញ​ទៅមក ។

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ៖

« យើង … បាន​លាត​ផ្ទៃមេឃ ហើយ​បាន​ស្ថាបនា​ផែនដី គឺជាការ​ដែល​ព្រះហស្ត​យើង​ធ្វើ ហើយ​គ្រប់​ទាំងអស់​នៅទីនោះ​សុទ្ធតែជា​របស់​ផង​យើង ។

« ដ្បិត​ផែនដី​បាន​ពោរ​ពេញ ហើយ​មាន​បរិបូរ​គ្រប់​គ្រាន់ និង​នៅ​សល់​ទៀត​ផង មែន​ហើយ យើង​បាន​រៀបចំ​គ្រប់​ទាំង​អស់ ហើយ​បាន​ប្រទាន​ដល់​កូនចៅ​មនុស្ស​ឲ្យ​ធ្វើ​ជា​ភ្នាក់ងារ​ដល់​ខ្លួន » ។

តើ​អ្នក​នឹង​ប្រើ​សិទ្ធិជ្រើសរើស​ដែល​អ្នក​បាន​ទទួល ការត្រួតត្រា​របស់​អ្នក សម្រាប់​ពរជ័យ​ដ៏​រុងរឿង​នៃ​ផែនដី​នេះ​ដោយ​របៀបណា ?

ព្រះអម្ចាស់​បាន​បញ្ជាក់​នៅក្នុង​ខគម្ពីរ​បន្ទាប់​ថា យើង​ត្រូវតែ « យក​ពី​របស់​បរិបូរ​ដែល [ ទ្រង់​បាន​ ] បង្កើត​មក ហើយ​ចែក​ចំណែក [ របស់​យើង ] តាម​ក្រឹត្យ​វិន័យ​នៃ​ដំណឹង​ល្អ [ របស់​ទ្រង់ ] ដល់​មនុស្ស​ទាល់​ក្រ និង​មនុស្ស​កម្សត់​ទុគ៌ត » ។ ហើយ​មាន​បរិបូរ​គ្រប់គ្រាន់​និង​នៅសល់​ទៀតផង​ប្រសិនបើ​យើង​ចែកចាយ​ពរជ័យ​ដ៏​បរិបូរ​របស់​យើង ហើយ​ប្រើ​សិទ្ធិជ្រើសរើស​របស់​យើង​ជា​អ្នក​ត្រួតត្រា​ដូចជា​ព្រះគ្រីស្ទ​នៅលើ​ផែនដី ។

ចូរ​យើង​ត្រឡប់​ទៅ​ការដកស្រង់​ពី​ប្រធាន ណិលសុន អំពី​ការត្រួតត្រា​របស់យើង​សម្រាប់​ផែនដី​នេះ​វិញ ។ លោក​បាន​មាន​ប្រសាសន៍​ថា ៖ « ក្នុង​នាម​ជា​អ្នក​ទទួល​អត្ថប្រយោជន៍​ពី​ការបង្កបង្កើត​ដ៏​ទេវភាព តើ​យើង​គួរតែ​ធ្វើ​អ្វី​ខ្លះ ? យើង​គួរតែ​ថែរក្សា​ផែនដី​នេះ ធ្វើ​ជា​អ្នក​កាន់កាប់​ត្រួតត្រា​ដ៏​ឈ្លាស​វៃ​នៅលើ​ផែនដី ហើយ​ថែរក្សា​ផែនដី​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ » ។

បន្ទាប់មក ប្រធាន ណិលសុន បានបន្ត​ថា « ហើយ​យើង​ត្រូវ​ស្រឡាញ់ និង​មើលថែ​គ្នា​ទៅ​វិញ​ទៅ​មក » ។

វា​ជា​ការសំខាន់​ណាស់​ដែល​យើង​ត្រូវ​ស្គាល់​ទំនាក់ទំនង​រវាង​ការថែរក្សា​ផែនដី និង​មើលថែ​អ្នកជិតខាង​របស់​យើង ។ ក្នុងការ​ថែរក្សា​ផែនដី ធ្វើ​ឲ្យ​បរិស្ថាន​ក្នុង​តំបន់​របស់​យើង​ស្រស់ស្អាត និង​ជួយ​សហគមន៍​របស់​យើង​ឲ្យ​កាន់តែ​មាន​និរន្តរភាព យើង​កំពុង​ដើរតួ​ជា​អ្នកត្រួតត្រា​ផែនដី​ដ៏​ឈ្លាសវៃ ដើម្បី​ផ្ដល់​ពរ​ដល់​ជីវិត​របស់​អ្នកជិតខាង​របស់​យើង ។ ពួកគេ​គឺជា​អ្នក​ដែល​យើង​ត្រូវ​បានបង្គាប់​ឲ្យ​ស្រឡាញ់ ។ ដូចជា​ចៀម​ក្នុង​រឿង​ប្រៀបប្រដូច យើង​ផ្ដល់​អាហារ​ដល់​អ្នក​ស្រេកឃ្លាន ឲ្យ​ទឹក​ដល់​អ្នក​ស្រេក ស្លៀក​ពាក់​ឲ្យ​អ្នក​អាក្រាត ហើយ​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ឈឺ និង​អ្នក​នឿយ​ហត់ ។ យើង « ជួយ​អ្នក​ទន់ខ្សោយ លើក​ដៃ​ដែល​រោយ ហើយ​ចម្រើន​កម្លាំង​ដល់​ក្បាលជង្គង់​ដែល​ញ័រ​ផង » ។

បងប្អូនប្រុសស្រី​របស់​ក្មួយៗ​នៅ​ទូទាំង​ពិភពលោក​កំពុង​ធ្វើ​ការណ៍​នេះ ។ អេរីតា​បាន​ធំធាត់​នៅលើ​កោះ​ដាច់​ស្រយាល​មួយ​នៃ ម៉ារ៉ាគី គីរីបាទី ។ បន្ទាប់ពី​ត្រឡប់​មកពី​បេសកកម្ម​របស់គាត់​វិញ គាត់​បាន​ចូលរៀន​នៅ BYU-Hawaii ជា​កន្លែង​ដែល​គាត់​បាន​ចូលរួម​ក្នុង SWAT ដែល​ជា Sustainable World Action Technology Team ( ក្រុម​បច្ចេកវិទ្យា​សកម្មភាព​ពិភពលោក​ប្រកប​ដោយ​និរន្តរភាព ) និង​បានសិក្សា​អំពី​អ៊ីដ្រូប៉ូនិច ដែល​ជា​វិធីសាស្រ្ត​នៃ​ការដាំ​រុក្ខជាតិ​ដោយ​គ្មាន​ដី​ដោយ​ប្រើ​សារធាតុ​រ៉ែ​នៅក្នុង​ទឹក ។ នៅពេល​បញ្ចប់ការ​សិក្សា អេរីតា​បានត្រឡប់​ទៅ​គីរីបាទី ដើម្បី​ជួយ​ដល់​ប្រជាជន​របស់​គាត់​វិញ ។

គីរីបាទី​ជា​ប្រទេស​កោះ​មួយ​ដែល​មាន​កោះ​ផ្កាថ្ម​រាង​ជា​រង្វង់​ចំនួន​៣២ ដែល​មាន​បឹង​កណ្តាល​ហៅ​ថា អាតូល និង​កោះ​ផ្កាថ្ម​មួយ ។ ដោយសារ​តែ​ទីតាំង​របស់​វា​នៅ​តាម​បណ្តោយ​ខ្សែ​អេក្វាទ័រ នោះ​លក្ខខណ្ឌ​អាកាសធាតុ​គឺ​មិន​ល្អ​ទេ ។ ខ្យល់​សមុទ្រ​ក្តៅ ប្រៃ និង​ការទន្ទ្រាន​នៃ​ទឹកសមុទ្រ​បំផ្លាញ​ដំណាំ និង​បំពុល​ទឹក ។ ដូច្នេះ​មានការខ្វះខាត​ដី និង​កន្លែង​ដើម្បី​ដាំគ្រឿង​បរិភោគ​ដែល​មាន​ជីវជាតិ ។ កង្វះ​អាហារូបត្ថម្ភ និង​ជំងឺ​បានរីករាលដាល​យ៉ាង​ទូលំទូលាយ​សម្រាប់​អ្នក​កោះ​គីរីបាទី ដោយសារតែ​ពួកគេ​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​លើ​អាហារ​នាំ​ចូល និង​កែច្នៃ ។

ប៉ុន្តែ អេរីតា​មាន​កម្លាំង និង​ចក្ខុវិស័យ ទេពកោសល្យ​ដែល​គាត់​បានប្រើ​ដើម្បី​បង្កើត​កម្មវិធី​ប្រកប​ដោយ​និរន្តរភាព ដើម្បី​បង្រៀនដល់​គ្រួសារ​ទាំងឡាយក្នុង​មូលដ្ឋាន​អំពី​របៀប​ដាំ​បន្លែ និង​ផ្លែឈើ​ដែល​មាន​សុខភាពល្អ​ដោយ​ប្រើ​អ៊ីដ្រូប៉ូនិច ។ សួនច្បារ​អ៊ីដ្រូប៉ូនិច​អាច​ចល័ត​បាន ដាំ​ដោយ​ខ្លួន​ឯង ហើយ​លូតលាស់​យ៉ាង​ឆាប់រហ័ស បង្កើត​ផល​ក្នុង​រយៈពេល ៣០​ថ្ងៃ ។

សម្រាប់​ការងារ​ប្រកប​ដោយ​ភាពច្នៃប្រឌិត និង​ជួយ​សង្គ្រោះ​ជីវិត​របស់​គាត់ អេរីតា​ទទួល​បាន​ពាន​រង្វាន់ ជើងឯក​របស់​អង្គការ​សហប្រជាជាតិ​នៃ​ផែនដី​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ។

អេរីតា​គឺជា​គំរូ​ដ៏​អស្ចារ្យ​នៃ​ការប្រើប្រាស់​អំណោយ​ទាន និង​ទេពកោសល្យ​ក្នុង​ការត្រួតត្រា​ផែនដី និង​អ្នក​ជិតខាង​របស់គាត់ ។ ដោយ​ការផ្តល់​អាហារ​ដល់​អ្នក​ដែល​ស្រេកឃ្លាន នោះយើង​ត្រូវ​បានរាប់​ក្នុង​ចំណោម​ចៀម​ដែល​នៅ​ខាង​ស្តាំ​ព្រះហស្ត​របស់​ព្រះ​ ។

ហើយ​យើង​ត្រូវ​ផ្តល់​ទឹក​ដល់​អ្នក​ដែល​ស្រេក ។ ការផ្តល់ពរ​ដល់​អ្នក​ជិតខាង​យើង​នូវ​ការទទួល​បាន​ទឹក​ស្អាត​ជា​កត្តា​សំខាន់​សម្រាប់​ការរីកចម្រើន​របស់​មនុស្ស ។ ដើម្បី​សម្រេច​កិច្ចការ​នេះ សាសនាចក្រ​សហការ​ជាមួយ​អង្គការ និង​សហគមន៍​មូលដ្ឋាននៅ​ជុំវិញ​ពិភពលោក ដើម្បី​កែលម្អ​លទ្ធភាព​ទទួល​បានសេវា​ទាំងនេះ និង​ពង្រឹង​ប្រព័ន្ធ​ទាំងមូល ដោយ​ធានា​ថា​ដំណោះស្រាយ​មាន​រយៈពេល​យូរ និង​លើក​កម្ពស់​ភាពខ្លួនទីពឹងខ្លួន ។ នេះ​គឺជា​កិច្ចការ​ដ៏​សំខាន់ ! ហើយ​វា​មាន​សារៈសំខាន់​កាន់តែ​ខ្លាំង​ឡើងៗ នៅពេល​ដែល​គ្រោះ​រាំងស្ងួត​រីករាលដាល​ពាសពេញ​ផែនដី ហើយ​ចំនួន​ប្រជាជន​នៅតែ​មាន​កំណើន​កើន​ឡើង ។

អាឡិចហ្សានដ្រា​ជា​យុវមជ្ឈិមវ័យ​នៅ​កាស្កា ប្រទេស​ប៉េរូ បាន​សួរ​ខ្លួន​ឯង​ថា « តើ​យើង​ខ្វះ​អ្វី​នៅ​ទីនេះ ? » អាឡិចហ្សានដ្រា​ដឹង​ថា​យ៉ាង​ហោច​ណាស់ ២០ ភាគរយ​នៃ​គ្រួសារ​នៅក្នុង​សហគមន៍​របស់​នាង​ខ្វះ​សេវា​អនាម័យ​ដែល​មាន​សុវត្ថិភាព ដែល​នាំ​ឲ្យ​មាន​ការកើនឡើង​ហានិភ័យ​នៃ​ជំងឺ​ដែល​បណ្តាល​មកពី​ទឹក​ដូចជា​ជំងឺ​អាសន្នរោគ ។ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈមមុខ​នេះ អាឡិចហ្សានដ្រា​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​អាជីវកម្ម​ផ្នែក​អនាម័យ​ដែល​រៀបចំ​ដោយ​ក្រុម Water for People ( ទឹកសម្រាប់​ប្រជាជន ) ក្នុង​មូលដ្ឋាន​នៅក្នុង​ប្រទេស​ប៉េរូ ។

នាង​បានចាប់ផ្តើម​អាជីវកម្ម​មួយ ហើយ​បានស្តុក​ទុក​ក្នុង​ហាង​តូច​មួយ​របស់​នាង​នូវ​សម្ភារ​ដូចជា ឡាបូលាងដៃ ក្បាល​ម៉ាស៊ីន​ទឹក បង្គន់ ការ៉ូ និង​សម្ភារ​ផ្សេងៗ​ទៀត​ដែល​គ្រួសារ​ត្រូវការ​ដើម្បី​ធ្វើ​បន្ទប់​ទឹក​របស់​ពួកគេ​ឲ្យ​ហើយ ។ ឥឡូវនេះ ក្រុម​គ្រួសារ​នៅ​កាស្កា មាន​លទ្ធភាព​ប្រើប្រាស់​សម្ភារ​ដែល​ពួកគេ​ត្រូវការ​សម្រាប់​ធ្វើ​បន្ទប់​ទឹក​ក្នុង​ផ្ទះ​ហើយ ។

ក្មួយៗ​អាច​រកមើល​តម្រូវការ​ទឹកស្អាត​នៅក្នុង​សហគមន៍​របស់​ក្មួយៗ និង​របៀប​ដែល​ក្មួយៗ​អាច​ចូលរួម​បាន​ផងដែរ ។

ព្យាការី​អេសាយ​បានថ្លែង​ឡើងវិញ​ពី​ព្យាការី​យេរេម៉ា ជា​មិត្ត​រួមសម័យ​របស់​លោក នៅពេល​លោក​ប្រាប់​យើង​ថា ៖

« បើ​ឯង​ផ្តល់​សេចក្តីសប្បុរស​ដល់​មនុស្ស​ស្រេក​ឃ្លាន​ទាំង​ចំអែត​ចិត្ត​នៃ​អ្នក​ដែល​មាន​ទុក្ខវេទនា នោះ​ពន្លឺ​របស់​ឯង​នឹង​ភ្លឺ​ឡើង​ក្នុង​ទីងងឹត ។ …

« ព្រះយេហូវ៉ា​ទ្រង់​នឹង​នាំ​ផ្លូវ​ឯង​ជានិច្ច ហើយ​នឹង​ចំអែត​ព្រលឹង​ឯង​នៅក្នុង​ទី​ហួតហែង … ឯង​នឹង​បាន​ដូច​ជា​សួនច្បារ ដែល​គេ​ស្រោច​ទឹក ហើយ​ដូច​ជា​ក្បាល​ទឹក ដែល​មិន​ខានហូរ​ឡើយ » ។

ជាការ​ពិត​ណាស់ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ប្រភព​នៃ​ទឹក​ដែល​មាន​ជីវិត​ទាំងអស់ ។ ខ្ញុំ​សូម​ថ្លែង​ថា នៅពេល​យើង​ផ្ដល់​ទឹក​ដល់​អ្នក​ដែល​ស្រេក នោះ​យើង​ទទួល​បាន​ពរ​ដើម្បី​ផឹក​ទឹក​រស់​របស់​ទ្រង់ — « រន្ធ​ទឹក​ដែល​ផុស​ឡើង​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច » ។ នៅពេល​យើង​យកចិត្ត​ទុកដាក់​ចំពោះ​ផែនដី និង​អ្នកជិតខាង​យើង នោះ​យើង​ខិត​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ហើយ​ប្រាថ្នា​ចង់​បាន​ទំនាក់ទំនង​នៃ​សេចក្តីសញ្ញា​ជាមួយនឹង​ទ្រង់ ដែល​អនុញ្ញាត​ឲ្យ​យើង​ក្លាយ​កាន់តែ​ដូច​ទ្រង់ ។ យើង​នឹង​មាន​ទំនួល​ខុស​ត្រូវ​ជា​អ្នកត្រួតត្រា— ហើយ​ជា​អ្នកត្រួតត្រា​ដែល​រីករាយ​ផងដែរ ។ យើង​នឹង បានចម្រើន ហើយ​សំកាំង​ស្លាប​ដូច​ជា​ឥន្ទ្រី និង​ឥត​ដែល​ហត់​ឡើយ ។

កាលពី​ឆ្នាំ​មុន គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​ប្រកាស​ពី​ការពង្រីក​គំនិត​ផ្ដួចផ្ដើម​ជា​សកល​ដើម្បី​លើក​កម្ពស់​សុខភាព និង​សុខុមាលភាព​របស់​ស្ត្រី និង​កុមារ ។ តាម​សំណើ​របស់​គណៈប្រធាន​ទីមួយ សមាគមសង្គ្រោះ​កំពុង​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ ។

យើង​ចង់​លើក​កម្ពស់​ដល់​ស្ត្រី និង​ក្រុម​គ្រួសារ​ជាមួយនឹង​ការយល់ដឹង និង​ធនធាន​កាន់តែច្រើន ដើម្បី​ពួកគេ​ធ្វើ​ការផ្លាស់ប្តូរ​ដែល​អាច​មាន​ឥទ្ធិពល​យូរអង្វែង​នៅក្នុង​ផ្ទះ សហគមន៍ និង​ប្រទេសជាតិ​របស់​ពួកគេ​កាន់តែ​ប្រសើរ​ឡើង ។ នៅពេល​ដែល​ស្ត្រី​ត្រូវ​បាន​លើ​កម្ពស់ ដោយសារ​តែ​នាង​មាន​សុខភាពល្អ និង​ទទួល​បាន​ការអប់រំ នោះ​គ្រួសារ​ត្រូវ​បាន​ផ្ដល់​ពរ សហគមន៍​ត្រូវ​បាន​លើកតម្កើង និង​ប្រទេសជាតិ​ត្រូវ​បាន​ពង្រឹង ។ នៅពេល​ដែល​បងប្អូន​ផ្ដល់​ពរ​ដល់​កុមារ នោះ​បងប្អូន​វិនិយោគ​នៅលើ​អនាគត ។ ដូច្នេះ​ការងារ​របស់​យើង​ផ្តោតលើ​អាហារូបត្ថម្ភ​សម្រាប់​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ ការថែទាំ​មាតា និង​ទារក ការចាក់​ថ្នាំ​បង្ការ និង​ការអប់រំ ។

អាឡិនណា​គឺជា​យុវមជ្ឈិមវ័យ​ម្នាក់​រស់នៅ​ក្នុង​រដ្ឋ​ចចចារ សហរដ្ឋអាមេរិក ។ នាង​កំពុង​បន្ត​ការសិក្សា​ថ្នាក់​បណ្ឌិត​ផ្នែក​ព្យាបាល​អ្នកជំងឺ​ដោយ​ធ្វើ​សកម្មភាព​ផ្សេងៗ ដោយ​មាន​គោលដៅ​ធ្វើការ​នៅក្នុង​អង្គភាព​ថែទាំ​ទារក​ទើប​នឹង​កើត​ក្នុង​មន្ទីរពេទ្យ ( NICU ) សម្រាប់​ទារក​ដែល​ត្រូវការ​ការថែទាំ​បន្ថែម​ក្រោយ​ពេល​កើត ជាពិសេស​អ្នក​ដែល​កើត​មិន​គ្រប់​ខែ ។ គំនិតផ្តួចផ្តើម​ជា​សកល​របស់​សមាគមសង្គ្រោះ​សម្រាប់​ស្ត្រី និង​កុមារ ដក់ជាប់​ជាមួយ​នឹង​អាឡិនណា ។ ដោយ​បាន​ទទួល​ការបំផុស​គំនិត​ពីការអញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​គំនិតផ្តួចផ្តើម​ជា​សកល​នេះ អាឡិនណា​កំពុងបង្កើត « ការថែទាំ​ដោយ​ការដាក់​កូន​នៅលើ​ដើមទ្រូង » ឬ​ការទំនាក់​ទំនង​ស្បែក​ប៉ះ​នឹង​ស្បែក​សម្រាប់​ទារក​ដែល​កើត​មិន​គ្រប់​ខែ ដែល​ជា​ប្រធានបទ​នៃ​គម្រោង​បញ្ចប់​ការសិក្សា​របស់​នាង ។

មាន​ទារក​ជិត ១៥ លាន​នាក់​កើត​មិន​គ្រប់​ខែ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ទូទាំង​ពិភពលោក ។ ហើយ​នៅ​ទីក្រុង​អាត្លង់តា រដ្ឋ​ចចចារ ជា​កន្លែង​ដែល​អាឡិនណា​រស់នៅ អត្រា​កំណើត​មិន​គ្រប់​ខែ និង​អត្រា​មរណៈ​របស់​ទារក​គឺ​ខ្ពស់​ជាង​មធ្យម​ភាគ​ជាតិ​របស់​សហរដ្ឋអាមេរិក។

អាឡិនណា​កំពុងបង្កើត​កម្មវិធី​អប់រំ ដើម្បី​ឲ្យ​មនុស្ស​យល់​ដឹង​កាន់តែ​ច្រើន​អំពី​អត្ថប្រយោជន៍​នៃ​ទំនាក់ទំនង​ស្បែក​រវាង​ទារក​មិន​គ្រប់​ខែ និង​ម្តាយ​របស់​ពួកគេ ។ ទារក​ស្លៀក​តែ​កន្ទប ត្រូវបាន​ដាក់​លើ​ទ្រូង​របស់​ម្តាយ​ឲ្យ​ប៉ះ​នឹង​ស្បែក ដោយ​ដាក់​ក្រណាត់​គ្រប់​លើ​ពួកគេ​ទាំងពីរ ។ ទំនាក់ទំនង​នេះ​រក្សា​សីតុណ្ហភាព បន្ថយ​ភាពតានតឹង គ្រប់គ្រង​អរម៉ូន បង្កើន​ទំនាក់​ទំនង ជំរុញ​ការបំបៅ​កូន ធ្វើ​ឲ្យ​គេង​លក់​ស្រួល និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត ។ ប៉ុន្តែ​វា​មិន​តែងតែ​ត្រូវបាន​អនុវត្ត​នៅក្នុង NICUs ជា​ស្តង់ដារ​នៃ​ការថែទាំ​នោះទេ ។ គម្រោង​របស់​អាឡិនណា មាន​គោលបំណង​កែលម្អ​ការអនុវត្ត ។

ការស្រាវជ្រាវ​របស់​នាង​មាន​អារម្មណ៍​ខាងវិញ្ញាណ​យ៉ាងខ្លាំង​ចំពោះ​នាង ។ « ការ​អាន​អំពី​វិទ្យាសាស្ត្រ … និង … ការរៀនសូត្រ​អំពី​រូបកាយ​របស់យើង​ត្រូវបាន​បង្កើតឡើង​ដើម្បី​ធ្វើរឿង​ទាំងនេះ » មានន័យ​សម្រាប់​នាង ដោយសារ​អ្វីដែល​នាង​ដឹង​អំពី​ផែនការ​នៃ​សេចក្តីសង្គ្រោះ ។

ការថែទាំ​ដោយ​ស្បែក​ប៉ះ​ស្បែក​សម្រាប់​ទារក​ដែល​កើតមិន​គ្រប់ខែ​គឺពិតជា​ពិសេសណាស់​សម្រាប់ខ្ញុំ ដោយសារ​ខ្ញុំ​មាន​ចៅប្រុស​ម្នាក់​កើត​មុន​ជិតប្រាំពីរ​សប្ដាហ៍​ក្នុង​ខែកុម្ភៈ ។ ដោយមាន​ទម្ងន់​ត្រឹមតែ បី ផោន ប្រាំ អោន ចៅតូច​របស់​យើង​នៅក្នុង NICU ជិត​មួយខែ ។ ហើយ​រៀងរាល់​ថ្ងៃ​ទាំងនោះ កូនប្រសា​ស្រី​របស់ខ្ញុំ និង​កូនប្រុស​របស់​ខ្ញុំបាន​យកគាត់​ដាក់​នៅលើ​ទ្រូង​របស់​ពួកគេ ឲ្យ​ស្បែក​ប៉ះ​ស្បែក ។ ក្មួយៗ​ឃើញហើយ « ការថែទាំ​ដោយ​ការដាក់​កូន​នៅលើ​ដើមទ្រូង »​ក៏​សម្រាប់​ឪពុក​ផងដែរ ។ ភាពតក់ស្លុត​នៃ​ការកើត​ភ្លាមៗ​របស់ចៅប្រុស​យើង និង​ការឈឺចាប់​ក្នុងការ​បែកគ្នា​ដោយសារ​តែ​ត្រូវ​ឲ្យគាត់​នៅក្នុង​មន្ទីរពេទ្យ ត្រូវបាន​ធូរស្រាល​ក្នុង​គ្រានោះ ។

អាឡិនណា​កំពុង​អនុញ្ញាត​ឲ្យ​ពន្លឺ​នៃ​ការប្រែ​ចិត្តជឿ​របស់​នាង​ជះ​ឡើង ។ នាង​កំពុង​ប្រើ​ទេពកោសល្យ​ដែល​នាង​ត្រូវបាន​ប្រទាន​ឲ្យ ហើយ​នាង​កំពុង​មើលថែ​ដល់​អ្នក​ដែល​ត្រូវការ​តាមរយៈ​ការសិក្សា និង​បង្កើន​ការយល់ដឹង​អំពី​ការអនុវត្ត​ដ៏​សំខាន់​នេះ ។ ការខិតខំ​ប្រឹងប្រែង​របស់​នាង​ឆ្លើយតប​ទៅ​នឹង​ការអំពាវនាវ​របស់​ព្រះអង្គ​សង្គ្រោះ—« យើង​បាន​ឈឺ ហើយ​អ្នករាល់គ្នា​បាន​មក​សួរ​យើង » ។

អេរីតា, អាឡិចហ្សានដ្រា និងអាឡិនណា គឺជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​រៀបចំខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ នៅពេល​ពួកគេ​អនុវត្ត​ការត្រួតត្រា​ដោយ​ស្មោះត្រង់ និង​ទទួល​បាន​ផល​ចំណេញ​លើ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​ពួកគេ ។

ព្រះអង្គសង្រ្គោះ​មាន​ព្រះបន្ទូល​ថា ៖ « ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើការ​ទាំងនោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ » ។ ប្រាកដណាស់ យុវមជ្ឈិមវ័យ​ទាំងនេះ​គឺជា​តំណាង​នៃ​អ្នក​ដែល​ព្រះអង្គសង្គ្រោះ​ពិពណ៌នា​ថា ជា​ចៀម​របស់​ទ្រង់ ដែល​នឹង​នៅខាង​ស្ដាំ​ទ្រង់ ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​រីករាយ​នឹង​វត្តមាន​របស់​ទ្រង់ ។

យើង​ជា​សមាជិក​នៃ​សាសនាចក្រដែល​ធ្វើ​អំពើ​ល្អ​ដ៏​អស្ចារ្យ​នៅ​ទូទាំង​ពិភពលោក ដែល​ផ្ដល់​ពរ​ដល់​ជីវិត​របស់​អ្នក​ជិតខាង​យើង មិន​ត្រឹមតែ​សមាជិក​របស់​យើង​ប៉ុណ្ណោះ​នោះទេ ។ នៅឆ្នាំ ២០២៤ មាន ៦.៦ លាន​ម៉ោង​ត្រូវបាន​ផ្ដល់ឲ្យ​ដោយ​ស្ម័គ្រចិត្ត ។ ចំណាយ​ទឹកប្រាក់​ចំនួន ១.៤៥ ពាន់​លាន​ដុល្លារ​អាមេរិក ។ បានបម្រើ​ដល់​ប្រទេស និង​ដែនដី​ចំនួន ១៩២ ។ គំនិត​ផ្តួចផ្តើម​មនុស្សធម៌​ជា​សកល​របស់​សាសនាចក្រ​រួមមាន​គម្រោង​ទឹកស្អាត អនាម័យ​ផ្ទាល់ខ្លួន និង​អនាម័យ​សាធារណៈ ជំនួយ​សង្គ្រោះបន្ទាន់ ការថែទាំ​សុខភាព និង​គម្រោង​សន្តិសុខ​ស្បៀង ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​សមាជិក​របស់​សាសនាចក្រ​នេះ​កំពុង​បង្ហាញ​ពន្លឺ​របស់​ពួកគេ​ដើម្បី​លើកតម្កើង​ព្រះវរបិតាសួគ៌​របស់​យើង ។

ខណៈ​ដែល​សាសនាចក្រ និង​សមាគមសង្គ្រោះ​អាច ហើយ​នឹង​ប្រើប្រាស់​លទ្ធភាព​ជា​សកល​របស់​ខ្លួន ដើម្បី​ពង្រីក​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​បានបំផុស​គំនិត​ដើម្បី​ផ្តល់​អាហារ​ដល់​អ្នក​ស្រេកឃ្លាន ផ្តល់​ទឹក​ដល់​អ្នក​ស្រេក ស្លៀកពាក់​ដល់​អ្នក​អាក្រាត និង​ថែទាំ​អ្នកជំងឺ ការងារ​ដ៏​សំខាន់ និង​មាន​ឥទ្ធិពល​បំផុត​នៅតែ​បន្ត​ធ្វើ​ម្តង​មួយៗ ។

ក្នុង​ការព្យាយាម​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ យើង​ខិតខំ​ដើម្បីស្គាល់​នូវតម្រូវការ​ភ្លាមៗ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង ហើយ​ឆ្លើយតប​ដោយ​ក្ដី​ស្រឡាញ់ ។ យើង​ព្យាយាម​ធ្វើ​ជា​អ្នក​ត្រួតត្រា​ដ៏​ស្មោះត្រង់​នៃ​ទ្រព្យសម្បត្តិ​របស់ទ្រង់—ដែល​រួមបញ្ចូល​ទាំង​ទេពកោសល្យ និង​ឱកាស​ដែល​យើង​បានទទួល​ពរ ផែនដី​នៅក្នុង​ភាពរុងរឿង​របស់​ខ្លួន និង​អ្នក​ដែល​យើង​មាន​ឥទ្ធិពល​លើ​ដោយ​ផ្ទាល់ ។

ដូចជា​ណាម៉ាន់​ពី​ព្រះ​គម្ពីរ​សញ្ញាចាស់​ដែរ ក្មួយៗ​ប្រហែលជា​កំពុង​រង់ចាំ​គេ​ប្រាប់​ឲ្យ « ធ្វើ​ការ​អ្វី​យ៉ាង​ធំ »—ដោយ​ឆ្ងល់​ថា តើ​ក្មួយៗ​នឹង​ទៅ​ដល់​កន្លែង​ដាច់​ស្រយាល​នៃ​ទ្វីប​អាហ្រ្វិក ឬ​កោះ​មួយ​ក្នុង​សមុទ្រ​ដើម្បី​ថែទាំ​អ្នកជិតខាង​ក្នុង​ពិភពលោក​របស់​ក្មួយៗ​ដោយ​របៀប​ណា ។

ក្មួយៗ​ប្រុសស្រី ខ្ញុំ​សូមអញ្ជើញ​ក្មួយៗ​ឲ្យ​ប្រើ​អំណោយ​ទាន និង​ទេពកោសល្យ​របស់​ក្មួយៗ​ដើម្បី​ធ្វើ​រឿង​តូចតាច និង​សាមញ្ញ​មួយចំនួន​នៅក្នុង​ផ្នែក​នៃ​ការត្រួតត្រា​របស់​ក្មួយៗ ។ មិន​ថា​ក្មួយៗ​រស់នៅ​ទីណា​ទេ តែងតែ​មាន​កុមារ​ខ្វះ​អាហារូបត្ថម្ភ ។ មិន​ថា​ក្មួយៗ​រស់នៅ​ទីណា​ទេ តែងតែ​មាន​អ្នក​ដែល​មិន​ចេះ​អាន​អក្សរ ។ មិន​ថា​ក្មួយៗ​រស់នៅ​ទីណា​ទេ តែងតែ​មាន​ឧបសគ្គ​ចំពោះ​ការថែទាំ​សុខភាព ។ មិន​ថា​ក្មួយៗ​រស់នៅ​ទីណា​ទេ តែងតែ​មាន​អ្នក​ស្រេកឃ្លាន ស្រេកទឹក អាក្រាត ឈឺ ហើយ​ជាប់គុក តាមន័យ​ត្រង់ ឬ​ក្នុង​ន័យ​ធៀប ។

មិត្តសម្លាញ់​អើយ យើង​ត្រូវការ​ក្មួយៗ ! ខ្ញុំ​សង្ឃឹម​ថា​ក្មួយៗ​នឹង​ស្វែងរក​វិវរណៈ​ដោយ​អស់​ពី​ចិត្ត ហើយ​ប្រើ​អំណោយទាន និង​ទេពកោសល្យ​របស់​ក្មួយៗ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ប្រកប​ដោយ​ភាពច្នៃប្រឌិត ដើម្បី​ជួយ​ផ្ដល់​ពរ​ដល់​អនាគត​បុត្រាបុត្រី​របស់​ព្រះ​ទាំងអស់ ។ នេះ​ពិត​ជា​ផ្នែក​នៃ​ការត្រួតត្រា​ដ៏​ទេវភាព​របស់​ក្មួយៗ ។

[ វីដេអូ ( អក្សររត់​ចំណង​ជើង ) ]

« សកលលោក​នេះ​ធំ​ណាស់ ។ កាឡាក់ស៊ី​រាប់​កោដិដែល​មាន​ផ្កាយ​រាប់​​លាន ដី ទឹក រុក្ខជាតិ និង​សត្វ ។ ប៉ុន្តែ … ព្រះ​ទ្រង់​ជ្រាប និង​ស្រឡាញ់​ការបង្ក​បង្កើត​ទាំងអស់​របស់​ទ្រង់​តាម​ឈ្មោះ ។ រួម​ទាំង​ក្មួយៗ​ផងដែរ » ។

[ ចប់វីដេអូ ]

ខ្ញុំ​បញ្ចប់​ជាមួយ​នឹង​រឿង​ផ្ទាល់ខ្លួន​មួយ មិត្ត​សម្លាញ់​របស់​ខ្ញុំ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា​លីឌា ដែល​បាន​អធិស្ឋាន​បើក​នៅ​ល្ងាច​នេះ ។ ខ្ញុំ​បាន​ស្គាល់​លីឌា ពេល​នាង​កំពុង​បម្រើ​ក្នុង​អគារ​សមាគម​សង្គ្រោះ​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ជាច្រើន​ឆ្នាំ​មុន ។ លីឌាតែងតែ​ស្លៀកពាក់​ពណ៌ស្វាយ ពី​ព្រោះ​ស្ត្រី​ដែល​ត្រូវ​បានពិពណ៌នា​ថា​ជាអ្នកប្រែចិត្តជឿ​ដំបូង​របស់ប៉ុល គឺ​លីឌា ដែល​ជា​អ្នក​លក់​ក្រណាត់​ពណ៌ស្វាយ ។

លីឌា​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​រលាក​សន្លាក់​ឆ្អឹង​នៅ​ពេល​នាង​មាន​អាយុ​ទើបតែ​បួន​ឆ្នាំ​ប៉ុណ្ណោះ ។ ហើយ​ខណៈ​ដែល​នាង​ប្រឈម​នឹង​ការឈឺចាប់​ជា​រៀង​រាល់​ថ្ងៃ នាង​បានអនុញ្ញាត​ឲ្យ​ពន្លឺ​នៃ​ការប្រែចិត្តជឿ​របស់​នាង​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ​បំភ្លឺ​ដោយ​រីករាយ ។ ហើយ​បើ​សិន​ជា​មាន​អ្វី​ណា​មួយ ដែល​ប្រកប​ដោយ​គុណធម៌ គួរ​ឲ្យ​ស្រឡាញ់ ឬ​ឈ្មោះ​ល្អ ឬ​ក៏​គួរ​ឲ្យ​សរសើរ—នោះ​គឺជា​នាង​ហើយ ។

ជា​ផ្នែក​នៃ​កិច្ចការ​នេះ ដែល​ត្រូវ​ថ្លែង​ទៅកាន់​ក្មួយៗ​ទាំង​អស់​គ្នា ខ្ញុំ​ត្រូវ​បានអញ្ជើញ​ឲ្យ​ជ្រើសរើស​អស់​អ្នក​ដែល​នឹង​អធិស្ឋាន​នៅ​យប់​នេះ ។ លីឌា​ត្រូវបាននឹក​ឃើញមុនគេ​ភ្លាម ។ នាង​បានបញ្ចប់​បេសកកម្ម​របស់​នាង បាន​ចូលរួម​សាលា​នៅ BYU ហើយ​ត្រូវ​បានទទួល​ឲ្យ​ចូលរៀន​នៅ​មហាវិទ្យាល័យ​គិលានុបដ្ឋាយិកា ។ ហើយ​ដោយសារ​នាង​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ យើង​បន្ត​រក្សា​ទំនាក់​ទំនង​ជាមួយ​នឹង​គ្នា ។ ខ្ញុំ​ស្រឡាញ់​លីឌា ។

នោះ​គឺជា​ភារកិច្ច​របស់​ខ្ញុំ​ក្នុង​ការ​សុំ​នាង​ឲ្យ​អធិស្ឋាន ប៉ុន្តែ​ខ្ញុំ​មិន​បាន​មាន​ឱកាស​ទូរសព្ទ​ទៅសោះ ។ បន្ទាប់មក​នៅ​ថ្ងៃទី ៣១ ខែមីនា ខ្ញុំ​បាន​ទទួល​សារនេះ​ពី​លីឌា ។

« អរុណ​សួស្តី ប្រធាន ចនសុន !!!

« ខ្ញុំ​ស្រឡាញ់​ប្រធាន​ខ្លាំង​ណាស់ !

« យប់​មិញ​ខ្ញុំ​បាន​សុបិន​ឃើញ​ប្រធាន ។ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ភ័យខ្លាច និង​តានតឹង​ចំពោះ​អ្វីមួយ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ ហើយ​ប្រធាន​បានសង្កេតឃើញ ។ ប្រធាន​បាន​ឱប​ខ្ញុំ ប្រធាន​បាន​ដាក់ក្បាល [ ចុះ ] ជិតក្បាល​របស់​ខ្ញុំ ហើយ​បាន​ខ្សឹប​ប្រាប់​ខ្ញុំ​ថា ‹ មិន​ថ្វី​ទេ លីឌា ប្អូនអាច​ធ្វើ​កិច្ចការ​នេះ​បាន ។ គ្រាន់តែ​ធ្វើ​វា​សន្សឹមៗ​ទៅ › ។ ការលើកទឹកចិត្ត និង​ការរំឭក​ដ៏​ទន់ភ្លន់​របស់​ប្រធាន​ឲ្យ​ធ្វើ​វា​សន្សឹមៗ គឺជា​អ្វី​ដែល​ខ្ញុំ​ពិត​ជា​ចង់​ឮ​បំផុត​នៅ​ថ្ងៃ​នេះ ។ ​ខ្ញុំ​ពិត​ជា​ត្រូវការ​ការឱប​របស់​ប្រធាន ចនសុន ណាស់ ! ខ្ញុំ​គិត​ថា ព្រះវរបិតាសួគ៌​ផ្ញើ​សារលិខិត​តូចៗ​មក​យើង​ពេល​ខ្លះ​តាមរយៈ​មនុស្ស​ដែល​យើង​ស្រឡាញ់ និង​ទុក​ចិត្ត ដូចជា​ប្រធាន​ចឹង ។

« ខ្ញុំ​សង្ឃឹម​ថា ប្រធាននឹង​មាន​អារម្មណ៍​ថា ពួកទេវតា​លើក​ប្រធាន​ឡើង​នៅ​សប្តាហ៍​នេះ ។ មិត្ត​ជាទីស្រឡាញ់ នេះ​គឺជា​ការឱប​ដ៏​កក់ក្ដៅ​សម្រាប់​ប្រធាន » ។

ខ្ញុំ​បាន​ផ្ញើសារ​តប​វិញ​ភ្លាម​ថា « ខ្ញុំ​មិនអាច​រង់ចាំ​បានទេ​ដើម្បី​ប្រាប់​ប្អូន​ថា ហេតុអ្វី​ប្អូន​បាន​មាន​សុបិន​នោះ ! »

ខ្ញុំ​បានទូរសព្ទ​ទៅ​លីឌា​នៅ​ល្ងាច​នោះ ដើម្បី​សួរ​ថា​តើ​នាង​ស្ម័គ្រចិត្ត​អធិស្ឋាន​នៅ​ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ​នេះ​ដែរ​ឬ​ទេ ។ ពិត​ណាស់ នាង​បាន​និយាយ​ថា ចាស—ហើយ​បាន​បន្ត​ប្រាប់​ខ្ញុំ​ពី​អ្វី​ដែល​នាង​មិន​បាន​ចែកចាយ​ក្នុង​សារ​ជា​អក្សរ​របស់​នាង ។ វា​ជា​ព័ត៌មាន​លម្អិត​ដែល​នាង​គិត​ថា មិន​សំខាន់​នៅពេល​នាង​សរសេរ​មក​ខ្ញុំ ។ ក្នុង​សុបិន​របស់​នាង នាង​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​អធិស្ឋាន​នៅ​ចំពោះ​មុខ​មនុស្ស​ច្រើន ។

ឱ ព្រះអង្គម្ចាស់​ពិតជា​មាន​ព្រះហឫទ័យ​មេត្តាករុណា​ណាស់ ! ខ្ញុំ​បាន​ពន្យារ​ពេល​សុំ​លីឌា​ឲ្យ​អធិស្ឋាន—ដោយ​គ្មាន​ហេតុផល​ល្អសោះ—លើកលែង​តែ លីឌា​ត្រូវការ​សុបិន​របស់​នាង​ប៉ុណ្ណោះ ។ ការធានា​ថា​ព្រះអម្ចាស់​ជ្រាប​អំពី​នាង ហើយ​ចង់​ឲ្យ​នាង​មាន​ឱកាស​នេះ ។

មែនហើយ សកលលោក​គឺ​ធំធេង​ណាស់ ។ កាឡាក់ស៊ី​រាប់កោដិ ។ មាន​ផ្កាយ​រាប់លាន ។ ដី ទឹក រុក្ខជាតិ សត្វ ដែល​ទ្រង់​បានប្រទាន​ឲ្យ​យើង​នូវ​ការត្រួតត្រា ។ ហើយ ព្រះ​ជ្រាបដឹង និង​ស្រឡាញ់​ការបង្កបង្កើត​របស់​ទ្រង់​ទាំងអស់ តាម​ឈ្មោះ ។ រួម​ទាំង​ក្មួយៗ​ផងដែរ ។

ព្រះអង្គសង្រ្គោះ​បាន​ណែនាំ​ពី​ការងារបម្រើ​ក្នុង​ព្រះជន្ម​រមែងស្លាប់​របស់​ទ្រង់ ដោយ​ការមាន​ព្រះបន្ទូល​ថា ទ្រង់​ត្រូវ​បានចាត់​ឲ្យ​មក « ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទ័លក្រ … ដើម្បី​នឹង​ប្រោស​មនុស្ស ដែល​មាន​ចិត្ត​សង្រេង ហើយ​ប្រកាស​ប្រាប់​ពី​សេចក្តី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ និង​សេចក្តី​ភ្លឺ​ឡើង​វិញ​ដល់​មនុស្ស​ខ្វាក់ ហើយ​ឲ្យ​ដោះ​មនុស្ស​ដែល​ត្រូវ​គេ​ជិះ​ជាន់​ឲ្យ​រួច » ។ ប្រសិនបើ​នោះ​ជា​បេសកកម្ម​របស់​ទ្រង់ ហើយ​យើង​ជា​សិស្ស​របស់​ទ្រង់ នោះយើង​ក៏មាន​ចំណែក​ក្នុង​ព្រះរាជ​បំណង​របស់​ទ្រង់​ដែរ ។

ក្មួយៗ​គឺ​ត្រូវបាន​រៀបចំ​យ៉ាង​ពិសេស ហើយ​បាន​តែងតាំង​ជា​មុន​ដើម្បី​ជួយ​ទ្រង់ ។ ក្មួយៗ​គឺជា​បុត្រា និង​បុត្រី​របស់​ព្រះ ។ ទ្រង់​ស្គាល់​ក្មួយៗ ។ ក្មួយៗ​គឺ​នៅ​ក្នុង​ទំនាក់​ទំនង​នៃ​សេចក្ដី​សញ្ញា​ជាមួយ​នឹងទ្រង់ ។ ក្មួយៗ​នឹង​មិន​ដែល​ហត់នឿយ​នូវ​សេចក្តីអត់ធ្មត់​ដ៏​មេត្តា​របស់​ទ្រង់​សម្រាប់​ក្មួយៗ​ឡើយ ។ ហើយ​នៅពេល​ដែល​ក្មួយៗ​រក្សា​សេចក្តីសញ្ញា​ដែល​ក្មួយៗ​បាន​ធ្វើ​ជាមួយនឹង​ទ្រង់ នោះ​ក្មួយៗ​នឹង​ទទួលព្រះពរ​នូវ « ព្រះចេស្ដា​នៃ​ការព្យាបាល ព្រះចេស្ដា​នៃ​ការពង្រឹងរបស់ទ្រង់ ។ » ព្រះចេស្ដា​របស់​ព្រះ​នឹង​ពង្រឹង​សមត្ថភាព​របស់​ក្មួយៗ ពង្រីក​ទេពកោសល្យ​ដែល​ក្មួយៗ​បាន​ទទួល​ពរ ហើយ​ជួយ​ឲ្យ​ក្មួយៗ​មើលឃើញ​ទ្រង់​នៅក្នុង​អ្នក​ស្រេកឃ្លាន អ្នក​ស្រេកទឹក អ្នក​ឃ្លាតឆ្ងាយ និង​អ្នកជំងឺ ។

ក្នុង​នាម​ជា​សិស្ស​របស់​ទ្រង់ សូម​ឲ្យ​យើង​រៀបចំ​ខ្លួន​យើង​សម្រាប់​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ដោយ​អនុវត្ត​ការត្រួតត្រា​ដោយ​ស្មោះត្រង់ និង​មាន​ផល​ចំណេញ​លើ​អ្វី​ដែល​យើង​បាន​ផ្ដល់​ពរ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ថា នៅពេល​ដែល​ក្មួយៗ​នាំ​យក​ការសង្រ្គោះ​របស់​ព្រះ​យេស៊ូវគ្រីស្ទ​ទៅកាន់​អ្នកដទៃ នោះ​ក្មួយៗ​នឹង​ទទួល​បានពរ​ដើម្បី​រកឃើញ​ការសង្រ្គោះ​របស់​ក្មួយៗ​នៅក្នុង​ទ្រង់ ។

ខ្ញុំ​ប្រាកដ​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ ។ ទ្រង់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​ពួកព្យាការី អ្នក​មើលឆុត និង​អ្នក​ទទួលវិវរណៈ​ដែល​នៅរស់ ។ ខ្ញុំ​ប្រាកដថា រ័សុល អិម ណិលសុន គឺជា​អ្នក​តំណាង​ដ៏​មាន​អានុភាព​របស់​ទ្រង់​នៅលើ​ផែនដី​នេះ ។

កិច្ចការ និង​សិរីល្អ​នៃ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​របស់យើង គឺ​ដើម្បី​មើលឃើញ​យើង​ទៅ​ផ្ទះ រៀបចំ និង​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​នៅ​ក្នុង​ទីវត្តមាន​របស់​ទ្រង់​ទាំងទ្វេ ដែល​ជា​កន្លែង​ដែល​គ្មាន​អ្នក​ស្រេកឃ្លាន អ្នកស្រេក​ទឹក អ្នក​ឃ្លាតឆ្ងាយ​ពី​គ្នា អ្នកឈឺ ឬ​អ្នក​ខ្វិន​ឡើយ—ដ្បិត​ពួកគេ​នឹង​ត្រូវ​បានព្យាបាល ហើយ បានសង្រ្គោះ ។ ក្មួយៗ​គឺជា​សហការី​ដ៏​សំខាន់​របស់​ទ្រង់​ទាំងទ្វេ ។ ខ្ញុំ​ស្រឡាញ់​ក្មួយៗ ។ ទ្រង់​ទាំងទ្វេ​ស្រឡាញ់​ក្មួយៗ ។

ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះប្រោសលោះ​យើង ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕