« យ៉ូសែបជាអ្នកស្រុកអើរីម៉ាថេ ៖ បំណងប្រាថ្នាដ៏សុចរិត និងអព្ភូតហេតុរបស់ព្រះ » លីអាហូណា ខែមីនា ឆ្នាំ២០២៦ ។
ពួកគេបានស្គាល់ព្រះអង្គសង្គ្រោះ
យ៉ូសែបជាអ្នកស្រុកអើរីម៉ាថេ ៖ បំណងប្រាថ្នាដ៏សុចរិត និងអព្ភូតហេតុរបស់ព្រះ
តើយ៉ូសែបជាអ្នកស្រុកអើរីម៉ាថេជានរណា ហើយតើយើងអាចរៀនអ្វីខ្លះពីតួនាទីរបស់គាត់នៅក្នុងដំណើររឿងនៃបុណ្យអ៊ីស្ទើរ ?
រចនារូបភាពដោយ ឡូរ៉ា សៀរ៉ា មិនអាចចម្លងបានទេ
យ៉ូសែបជាអ្នកស្រុកអើរីម៉ាថេបានដើរតួយ៉ាងសំខាន់នៅក្នុងរឿងនិទាននៃបុណ្យអ៊ីស្ទើរ ដោយបានជួយព្រះអម្ចាស់នៅពេលដែលទ្រង់សម្រេចបានជ័យជម្នះដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ ។ នៅពេលដែលព្រះយេស៊ូវគ្រីស្ទត្រូវបានគេឆ្កាង យ៉ូសែប « ចូលទៅឯលោកពីឡាត់ ដោយចិត្តកា្លហាន សូមព្រះសពព្រះយេស៊ូវ » ( ម៉ាកុស ១៥:៤៣ ) ។ បន្ទាប់ពីមនុស្សជាច្រើនបានបោះបង់ចោលព្រះអម្ចាស់ក្នុងពេលដ៏អស់សង្ឃឹមរបស់ទ្រង់ តើអ្វីដែលបាននាំឲ្យយ៉ូសែបនៅ និងចូលរួមក្នុងដំណាក់កាលដ៏សំខាន់នៃការពលិកម្មរបស់ព្រះអង្គសង្គ្រោះ ?
ភាពស្មោះត្រង់របស់គាត់មើលទៅហាក់ដូចជាផ្ទុយគ្នាទៅនឹងឋានៈរបស់គាត់ដែលជាទីប្រឹក្សាដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភនៅសានហេទ្រិន ក្រុមប្រឹក្សារបស់ពួកសាសន៍យូដាដែលមានសមាសភាពនៃពួកផារិស៊ី និងពួកសាឌូស៊ីដែលបានថ្កោលទោសព្រះគ្រីស្ទឲ្យស្លាប់ ( សូមមើល ម៉ាថាយ ២៧:១, ៥៧ ) ។ លើសពីនេះទៅទៀត យ៉ូសែបបានរក្សាភាពជាសិស្សរបស់ព្រះយេស៊ូវដោយសម្ងាត់ « ព្រោះខ្លាចពួកយូដា » ( យ៉ូហាន ១៩:៣៨ ) ។
នៅទីបំផុត ការស្មោះស្ម័គ្ររបស់គាត់នៅតែបានបង្ហាញឡើង ។ គាត់ « មិនបានចូលដៃ ចូលគំនិត ជាមួយនឹងគេទេ » ជាអ្នកដែលចង់បានជីវិតរបស់ព្រះអង្គសង្គ្រោះ ( សូមមើល លូកា ២៣:៥០–៥១ ) ។ ហើយបន្ទាប់ពីព្រះអង្គសង្គ្រោះបានសុគត យ៉ូសែបបានរុំព្រះសពរបស់ព្រះអម្ចាស់នឹងសំពត់ទេសឯក ហើយដាក់ព្រះសពនៅក្នុងផ្នូរថ្មីរបស់គាត់ផ្ទាល់ ( សូមមើល ម៉ាថាយ ២៧:៥៩–៦០; លូកា ២៣:៥២–៥៣ ) ។ ការណ៍នេះគឺបានបំពេញនូវការព្យាករថា ផ្នូររបស់ព្រះគ្រីស្ទនឹងនៅជាមួយផ្នូរអ្នកមានម្នាក់ ( សូមមើល អេសាយ ៥៣:៩ ) ។
ទ្រង់មានព្រះជន្មរស់ឡើងវិញ
នៅក្នុងការផ្តល់ផ្នូររបស់គាត់សម្រាប់ការបញ្ចុះព្រះសពរបស់ព្រះអង្គសង្គ្រោះ យ៉ូសែបជាអ្នកស្រុកអើរីម៉ាថេបានជួយបំពេញការព្យាករ និងបានរៀបចំផ្លូវសម្រាប់សាក្សីអព្ភូតហេតុនៃការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅថ្ងៃទីបីបន្ទាប់ពីការឆ្កាង អ្នកដើរតាមរបស់ព្រះគ្រីស្ទបានឃើញផ្នូរនៅទទេ និងសំឡេងទេវតាមួយអង្គបានប្រកាសថា « ទ្រង់មិនគង់នៅទីនេះទេ ដ្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយ » ( ម៉ាថាយ ២៨:៦ ) ។
« ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ធ្វើជាសាក្សី អំពីភាពជាព្រះរបស់ទ្រង់ ហើយថា ទ្រង់បានយកឈ្នះលើអ្វីៗទាំងអស់ » បង្រៀនដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ « ការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ធ្វើជាសាក្សីថា យើងនៅជាប់នឹងទ្រង់ដោយសេចក្ដីសញ្ញា យើងក៏អាចយកឈ្នះលើអ្វីៗទាំងអស់ ហើយរួមមកតែមួយផងដែរ ។ ការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ធ្វើជាសាក្សីថា តាមរយៈទ្រង់ នោះជីវិតអមតៈ និងជីវិតដ៏អស់កល្បជានិច្ច គឺជាការពិត » ។
យ៉ូសែបប្រហែលជាមិនដឹងថាអ្វីដែលគាត់បានផ្តល់ឲ្យនៅបុណ្យអ៊ីស្ទើរដំបូងនោះលើសពីបំណងប្រាថ្នារបស់គាត់ដើម្បីគោរពព្រះយេស៊ូវគ្រីស្ទទៅទៀតនោះទេ ។ ប៉ុន្តែព្រះអម្ចាស់បានប្រើបំណងប្រាថ្នាដ៏សុចរិតរបស់យ៉ូសែបធ្វើជាផ្នែកមួយនៃអព្ភូតហេតុចុងក្រោយរបស់ទ្រង់ ដើម្បីក្លាយជា « ផលដំបូងពីពួកអ្នកដែលបានដេកលក់ទៅហើយ » ( កូរិនថូស ទី១ ១៥:២០ ) ជាអ្នកដំបូងគេដែលរស់ឡើងវិញពីការស្លាប់ ។
ដូចយ៉ូសែបមានតួនាទីយ៉ាងសំខាន់ យើងម្នាក់ៗអាចក្លាយជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ព្រះវរបិតាសួគ៌ផងដែរ ។ ផែនការរបស់ទ្រង់គឺសម្រាប់មនុស្សគ្រប់គ្នា ហើយទ្រង់នឹងទាញយកជំនាញ បទពិសោធន៍ និងកាលៈទេសៈរបស់យើងដើម្បីបន្តកិច្ចការដ៏អស្ចារ្យរបស់ទ្រង់ ។ បុណ្យអ៊ីស្ទើរនេះ យើងអាចចងចាំសារលិខិតនេះ និងស្វែងរកព្រះយេស៊ូវគ្រីស្ទ ដោយលះបង់អ្វីដែលយើងអាចធ្វើបាន ដើម្បីជួយកសាងនគររបស់ទ្រង់ និងអនុញ្ញាតឲ្យអព្ភូតហេតុរបស់ទ្រង់កើតឡើងនៅក្នុងជីវិតរបស់យើង ។