« ថូម៉ាស៖ ការដើរក្នុងដំណើរដោយសេចក្តីជំនឿ » លីអាហូណា ខែមីនា ឆ្នាំ២០២៦ ។
ពួកគេបានស្គាល់ព្រះអង្គសង្គ្រោះ
ថូម៉ាស ៖ ការដើរក្នុងដំណើរដោយសេចក្តីជំនឿ
ដំណើររឿងរបស់ថូម៉ាស បង្ហាញយើងថាសំណួរ ការអត់ធ្មត់ និងការទទួលបានទីបន្ទាល់គឺជាផ្នែកមួយនៃការរីកចម្រើននៃសេចក្តីជំនឿ និងការជឿរបស់យើង ។
រចនារូបភាពដោយ ឡូរ៉ា សៀរ៉ា មិនអាចចម្លងបានទេ
តើអ្នកនឹកឃើញអ្វីនៅពេលអ្នកឮឈ្មោះ ថូម៉ាស សិស្សរបស់ព្រះអង្គសង្គ្រោះ ? ជាញឹកញាប់យើងភ្ជាប់ឈ្មោះរបស់គាត់ជាមួយនឹង « អ្នកសង្ស័យ » ឬ « ការសង្ស័យ » ។
ប៉ុន្តែ ឈ្មោះថូម៉ាសមិនមែនមានតែប៉ុណ្ណឹងទេ ។ នៅក្នុងដំណឹងល្អរបស់យ៉ូហាន យើងឃើញដំណើរនៃសេចក្តីជំនឿរបស់ថូម៉ាស ដែលអាចឆ្លុះបញ្ចាំងពីសេចក្តីជំនឿរបស់យើងផ្ទាល់ផងដែរ ៖ សេចក្តីជំនឿអាចត្រូវបានពង្រឹងទៅតាមពេលវេលា ពេលដែលយើងជឿ និងធ្វើសកម្មភាពដែលបង្កើនសេចក្តីជឿរបស់យើង ។
វាមិនអីទេក្នុងការមានសំណួរ
ព្រះយេស៊ូវគ្រីស្ទបានហៅថូម៉ាសឲ្យក្លាយជាសាវកម្នាក់ក្នុងចំណោមសាវកដប់ពីរនាក់របស់ទ្រង់ ហើយថូម៉ាសបានដើរតាមព្រះអង្គសង្គ្រោះពេញរយៈពេលបីឆ្នាំនៃការបម្រើរបស់ទ្រង់ ។ គាត់មានសេចក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្រចំពោះព្រះអង្គសង្គ្រោះ ។ នៅពេលដែលថូម៉ាសភ័យខ្លាចថាព្រះអម្ចាស់នឹងមានគ្រោះថ្នាក់ដល់ជីវិត នោះគាត់បានជំរុញដល់សាវកផ្សេងទៀតថា « ចូរយើងរាល់គ្នាទៅដែរ ដើម្បីនឹងប្តូរស្លាប់ជាមួយនឹងលោក » ( យ៉ូហាន ១១:១៦ ) ។
នៅក្នុងការស្មោះស្ម័គ្ររបស់គាត់ គាត់នៅតែសួរសំណួរ ។ មុនហេតុការណ៍សួនច្បារគែតសេម៉ានី ព្រះយេស៊ូវបានបង្រៀនសិស្សរបស់ទ្រង់ថា ទ្រង់នឹងទៅឆ្ងាយ ។ ថូម៉ាសបានទូលសួរថា « ព្រះអម្ចាស់អើយ យើងខ្ញុំមិនដឹងជាទ្រង់យាងទៅឯណាទេ ដូច្នេះ ធ្វើដូចម្តេចឲ្យយើងខ្ញុំស្គាល់ផ្លូវទៅបាន ? »
ព្រះយេស៊ូវបានមានបន្ទូលថា « ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ » ( យ៉ូហាន ១៤:៥–៦ ) ។
ដូចថូម៉ាសដែរ យើងអាចនឹងមិនយល់ការបង្រៀនទាំងអស់របស់ព្រះ ឬយល់គ្រប់ជ្រុងជ្រោយទាំងអស់នៃផែនការនៃសេចក្តីសង្រ្គោះនោះទេ ។ ប៉ុន្តែការសួរសំណួរដ៏សុចរិតអាចបង្ហាញសេចក្តីពិតមកពីព្រះអម្ចាស់ ។ វាជាការចាំបាច់ដើម្បីពង្រីកសេចក្តីជំនឿរបស់យើង ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
« បើក្មួយៗមានសំណួរ—ខ្ញុំសង្ឃឹមថាក្មួយៗនឹងមាន—សូមស្វែងរកចម្លើយដោយមានបំណងប្រាថ្នាដ៏ក្លៀវក្លាដើម្បីជឿ ។ …
« … សំណួរដ៏ស្មោះរបស់ក្មួយ ដែលបានសួរដោយសេចក្ដីជំនឿ នឹង តែងតែ ដឹកនាំទៅរកសេចក្ដីជំនឿកាន់តែធំ និងចំណេះដឹងកាន់តែច្រើនជានិច្ច » ។
សេចក្ដីជំនឿ ទល់នឹងភាពភ័យខ្លាច
នៅពេលដែលសាវកបានឮថា ព្រះយេស៊ូវបានរស់ឡើងវិញពីការស្លាប់ វា « មើលទៅដូចជារឿងលេងសុទ្ធ ហើយពួកគេមិនបានជឿឡើយ » ( លូកា ២៤:១១ ) ។ រយៈពេលនៃការសង្ស័យរបស់ថូម៉ាសអាចមានរយៈពេលយូរជាងអ្នកដទៃ ដោយសារតែគាត់មិនបានមានវត្តមាននៅពេលដែលព្រះអម្ចាស់ដែលបានមានព្រះជន្មរស់ឡើងវិញ បានបង្ហាញព្រះកាយជាលើកដំបូងទៅដល់ពួកគេ ( សូមមើល យ៉ូហាន ២០:២៤ ) ។
ក្រោយពីពួកគេបានប្រាប់ថូម៉ាសថាពួកគេបានឃើញព្រះអង្គសង្រ្គោះ នោះគាត់ឆ្លើយថា « បើខ្ញុំមិនឃើញស្នាមដែកគោលនៅព្រះហស្តទ្រង់ ទាំងលូកម្រាមទៅក្នុងស្នាមដែកគោលនោះ ហើយលូកដៃខ្ញុំទៅក្នុងចំហៀងទ្រង់ នោះខ្ញុំមិនព្រមជឿទេ » ( យ៉ូហាន ២០:២៥ ) ។
បន្ទាប់ពីប្រាំបីថ្ងៃ ព្រះអម្ចាស់បានបង្ហាញព្រះកាយម្តងទៀត ហើយបានប្រាប់ថូម៉ាសឲ្យមកប៉ះស្នាមរបួសរបស់ទ្រង់ ។ ជាការឆ្លើយតប ថូម៉ាសបានប្រកាសថា « ឱព្រះអម្ចាស់ទូលបង្គំ ឱព្រះនៃទូលបង្គំអើយ » ( យ៉ូហាន ២០:២៨ ) ។ បន្ទាប់មកព្រះអង្គសង្គ្រោះបានបង្រៀនសេចក្តីពិតដ៏សំខាន់មួយ ៖ « មានពរហើយ អ្នកណាដែលជឿឥតឃើញសោះ » ( យ៉ូហាន ២០:២៩ ) ។
ចម្លើយនឹងមកដល់ ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា « រាល់ការអធិស្ឋានដ៏ស្មោះស្ម័គ្រត្រូវបានឮ និងឆ្លើយតបដោយព្រះវរបិតាសួគ៌របស់យើង ប៉ុន្តែចម្លើយដែលយើងទទួលបានប្រហែលជាមិនដូចអ្វីដែលយើងរំពឹងទុក ឬមករកយើងនៅពេលយើងចង់បាន ឬតាមរបៀបដែលយើងរំពឹងទុកនោះទេ » ។
ការជឿដែលយូរអង្វែង
នៅពេលយើងទទួលបានចម្លើយតាមរយៈការស៊ូទ្រាំ ការអធិស្ឋាន និងវិវរណៈ នោះយើងក៏អាចទទួលបាននូវការជឿស៊ប់មួយ—ទីបន្ទាល់មួយផងដែរ ។ ប្រសិនបើយើងបន្តចិញ្ចឹមសេចក្តីជំនឿរបស់យើង ទីបន្ទាល់នោះអាចនៅជាមួយយើងពេញមួយជីវិត ។ ដូចប្រធាន ណិលសុន បានបង្រៀនថា « នៅពេលបងប្អូនអត់ធ្មត់ គោរពតាមពេលវេលារបស់ព្រះអម្ចាស់ បងប្អូននឹងបានទទួលនូវចំណេះដឹង និងការយល់ដឹងដែលបងប្អូនស្វែងរក ។ រាល់ពរជ័យដែលព្រះអម្ចាស់មានសម្រាប់បងប្អូន—សូម្បីតែអព្ភូតហេតុក្ដី—នឹងកើតមានតាមក្រោយ ។ នោះហើយគឺជាអ្វីដែលវិវរណៈផ្ទាល់ខ្លួននឹងធ្វើសម្រាប់បងប្អូន »
បទពិសោធន៍របស់ថូម៉ាសបង្ហាញយើងថា សេចក្តីជំនឿមិនមែនជាគោលដៅទេ ប៉ុន្តែជាដំណើរការមួយ ។ ព្រះគោរពដំណើរការនោះ និងប្រទានពរដល់យើង នៅពេលដែលយើងនៅតែបើកចំហចំពោះការណែនាំរបស់ទ្រង់ ហើយស្វែងរកសាក្សីដែលថ្លែងពីភាពសុខសាន្តដល់ដួងចិត្តរបស់យើង ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:៦៣ ) ។