« តើព្រះអង្គសង្គ្រោះដែលជាអង្គដ៏ល្អឥតខ្ចោះ អាចយល់ថាអ្វីជាទុក្ខលំបាកដែរឬទេ ? » លីអាហូណា ខែមីនា ឆ្នាំ២០២៦ ។
មកពី យុវមជ្ឈិមវ័យ ប្រចាំសប្តាហ៍
តើព្រះអង្គសង្គ្រោះដែលជាអង្គដ៏ល្អឥតខ្ចោះ អាចយល់ ថាអ្វីជាទុក្ខលំបាកដែរឬទេ ?
ដោយសារតែព្រះយេស៊ូវគ្រីស្ទជាអង្គដែលល្អឥតខ្ចោះ ពេលខ្លះយើងភ្លេចថាទ្រង់ជ្រាបដឹងថាការទុក្ខលំបាកមានសភាពបែបណា ។
រចនារូបភាពដោយ ប្រេនដិន ហ្គន់សាឡេស
ខ្ញុំមានទំនោរគិតថា ខ្ញុំត្រូវបានដកចេញពីជំនួយដ៏ទេវភាពរបស់ព្រះគ្រីស្ទ នៅពេលដែលខ្ញុំកំពុងស្ថិតក្នុងពេលលំបាក ។ ពេលខ្លះខ្ញុំគិតថា ទ្រង់ដែលជាព្រះអង្គសង្គ្រោះដែលគ្មានអំពើបាបទាល់តែសោះ និងល្អឥតខ្ចោះ មិនអាចយល់ថាអ្វីជាទុក្ខលំបាកនោះទេ ។
ជាពិសេស ខ្ញុំចាំពីអារម្មណ៍បែបនេះកាលពីពេលដែលខ្ញុំជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ ។ វាពិបាកខ្លាំងណាស់សម្រាប់ខ្ញុំដើម្បីដឹងថា ព្រះគ្រីស្ទជ្រាបដឹងថាការលំបាកមានសភាពបែបណា ។
តើទ្រង់អាចជ្រាបដឹងដោយរបៀបណាថាខ្ញុំមានអារម្មណ៍យ៉ាងណានោះ ?
ខ្ញុំបានគិតថាខ្ញុំធ្វើបានល្អបំផុតហើយនៅក្នុងបេសកកម្មរបស់ខ្ញុំ—ខ្ញុំបានបង្ហាត់អ្នកផ្សព្វផ្សាយសាសនាថ្មី រៀបចំសម្រាប់បុណ្យជ្រមុជទឹក ហើយបានទម្លាប់ខ្លួនបានយ៉ាងល្អទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនា ។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ។
ប៉ុន្តែខ្ញុំមិនបានកត់សម្គាល់ពីភាពតានតឹង និងការថប់បារម្ភដែលកើតឡើងនៅក្នុងខ្លួនរបស់ខ្ញុំទេ ។
ខ្ញុំបានដាក់ខ្លួនចុះដើម្បីចូលគេងនៅយប់មួយ នៅពេលដែលខ្ញុំបានចាប់ផ្តើមធ្លាក់ចូលក្នុងស្ថានភាពមួយ ដែលធ្លាប់កើតមាននៅក្នុងជីវិតរបស់ខ្ញុំកាលពីមុន ជំងឺស្រឺតបានវាយប្រហារខ្ញុំជាលើកទីពីរ—ដែលលើកដំបូងគេ វាបានកើតឡើងកាលពីប្រាំបួនឆ្នាំមុន ។ ប្រាំបួនឆ្នាំ !
បន្ទាប់ពីមានការថប់បារម្ភរយៈពេលខ្លីមួយកាលពីនៅក្មេង តើហេតុអ្វីបានជាវាស្រាប់តែកើតឡើងភ្លាមៗម្ដងទៀត នៅពេលនេះ ?
ខ្ញុំបានបន្តបម្រើបេសកកម្មខ្ញុំដូចធម្មតា ដោយគិតថាខ្ញុំអាចដោះស្រាយបញ្ហាដោយខ្លួនឯងបាន ។
ខណៈពេលដែលខ្ញុំតតាំងជាមួយសុខភាពផ្លូវចិត្តរបស់ខ្ញុំ មាននរណាម្នាក់បានចែកចាយជាមួយខ្ញុំនូវការយល់ដឹងមួយ ដែលពួកគេមាននៅខណៈពេលកំពុងអានអំពីបទពិសោធន៍របស់ព្រះអង្គសង្គ្រោះនៅក្នុងសួនច្បារគែតសេម៉ានី ។
ព្រះយេស៊ូវបានមានបន្ទូលថា « ចិត្តខ្ញុំព្រួយពន់ពេក ស្ទើរតែនឹងស្លាប់ » ។ ហើយបន្ទាប់មកព្រះអង្គសង្គ្រោះបានអធិស្ឋាន « ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ ប៉ុន្តែកុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ » ( ម៉ាថាយ ២៦:៣៨–៣៩ ) ។
តើបងប្អូនធ្លាប់មានអារម្មណ៍ថាខ្លួនធ្ងន់ដោយទុក្ខព្រួយដែរទេ ? តើបងប្អូនធ្លាប់ទូលសួរព្រះ « តើមានវិធីផ្សេងទៀតទេ ? »
នៅក្នុងឆន្ទៈដ៏ឥតខ្ចោះ ក្នុងការគោរពប្រតិបត្តិដ៏ឥតខ្ចោះ និងក្នុងសេចក្តីស្រឡាញ់ដ៏ឥតខ្ចោះ នោះព្រះប្រោសលោះរបស់យើងបានទទួលយកឆន្ទៈរបស់ព្រះវរបិតា ។ ទ្រង់ល្អឥតខ្ចោះ ដោយសារទ្រង់គ្មានអំពើបាប ប៉ុន្តែទ្រង់នៅតែមានអារម្មណ៍ឈឺចាប់ ទុក្ខព្រួយ និងភាពឯកោ ។
យ៉ាងណាមិញ ទ្រង់បានចុះ ទាប ជាងការណ៍ទាំងនោះទៅទៀត—ដើម្បីទ្រង់អាចជួយគាំទ្រ និងប្រទានពរដល់យើង ។
ប្រធាន ជែហ្វ្រី អ័រ ហូឡិន ប្រធានស្តីទីក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា នៅក្នុងបទគម្ពីរចែងថា « ព្រះយេស៊ូវគឺជា ‹ មនុស្សទូទុក្ខ › [ អេសាយ ៥៣:៣ ] ។ ទ្រង់បានទទួលបទពិសោធន៍សោកសៅ នឿយហត់ ខកចិត្ត និងភាពឯកោ ។ នៅក្នុងគ្រាទាំងនេះ និងគ្រប់ពេលទាំងអស់ សេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវគឺពុំរលត់បាត់ឡើយ រួមទាំងសេចក្តីស្រឡាញ់របស់ព្រះវរបិតាទ្រង់ផងដែរ » ។
ព្រះគ្រីស្ទជ្រាបដឹងយ៉ាងច្បាស់ថា យើងមានអារម្មណ៍បែបណា
ការដឹងថាព្រះគ្រីស្ទបានប្រឈមមុខនឹងរឿងលំបាកៗ រំឭកខ្ញុំថា ទ្រង់យល់ពីការឈឺចិត្ត ការធ្លាក់ទឹកចិត្ត ការហត់នឿយ ការខកចិត្ត ការថប់បារម្ភ និងភាពឯកកោច្រើនជាងនរណាទាំងអស់ ។
គឺទ្រង់បានព្រះកន្សែងនៅពេលឡាសារស្លាប់ ( សូមមើល យ៉ូហាន ១១:៣៣–៣៦ ) ។ ហើយគឺទ្រង់ដែលបានសួរនៅពេលដែលទ្រង់រៀបនឹងសុគតនៅលើឈើឆ្កាងថា « ព្រះអង្គនៃទូលបង្គំអើយ ឱព្រះអង្គនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ ? » ( ម៉ាកុស ១៥:៣៤ ) ។
ប៉ុន្តែព្រះយេស៊ូវគ្រីស្ទក៏ស្គាល់សេចក្តីអំណរ សេចក្តីស្រឡាញ់ សេចក្តីអាណិតអាសូរ សេចក្តីមេត្តាករុណា និងសេចក្តីសុខសាន្តជាងនរណាទាំងអស់ផងដែរ ។ ពីព្រោះទ្រង់ល្អឥតខ្ចោះ ។ ហេតុដូច្នោះហើយ ទ្រង់ជ្រាបដឹងយ៉ាង ល្អឥតខ្ចោះ ថាយើងមានអារម្មណ៍យ៉ាងណា ។
ប្រធាន ហូឡិន បានថ្លែងទីបន្ទាល់ ៖ « ការលួងលោមដ៏អស្ចារ្យមួយនៃរដូវកាលបុណ្យអ៊ីស្ទើរនេះគឺថា ដោយសារព្រះយេស៊ូវបានដើរលើផ្លូវដ៏វែងឆ្ងាយ និងឯកោតែអង្គឯងរួចហើយ នោះ យើង មិនចាំបាច់ធ្វើដូច្នេះទេ ។ ការធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយតែអង្គឯងរបស់ទ្រង់ បានធ្វើឲ្យយើងមានអ្នកដើរជាមួយនៅលើផ្លូវដ៏តូចចង្អៀតរបស់យើង—ព្រះទ័យយកចិត្តទុកដាក់ដោយមេត្តារបស់ព្រះវរបិតាសួគ៌របស់យើង ភាពជាដៃគូដែលមិនចេះដកថយរបស់ព្រះរាជបុត្រាជាទីស្រឡាញ់អង្គនេះ អំណោយដ៏ល្អឥតខ្ចោះនៃព្រះវិញ្ញាណបរិសុទ្ធ » ។
ដោយដឹងថា ព្រះយេស៊ូវគ្រីស្ទបានយល់យ៉ាងល្អឥតខ្ចោះនូវអ្វីដែលខ្ញុំកំពុងមានអារម្មណ៍ នៅពេលខ្ញុំជួបទុក្ខលំបាកជាមួយនឹងការថប់បារម្ភ នៅទីបំផុតខ្ញុំបានអនុញ្ញាតឲ្យទ្រង់ជួយខ្ញុំលីបន្ទុករបស់ខ្ញុំ ។
ការថប់បារម្ភរបស់ខ្ញុំមិនបានបាត់ភ្លាមៗនោះទេ ។ ខ្ញុំនៅតែមានថ្ងៃលំបាក ។ ប៉ុន្តែការស្និទ្ធស្នាលនឹងព្រះគ្រីស្ទបានផ្ដល់ឲ្យខ្ញុំនូវសេចក្តីអំណរដ៏យូរអង្វែង ដោយសារខ្ញុំដឹងថាទ្រង់គង់នៅទីនោះជាមួយខ្ញុំ ដោយមានបន្ទូលថា « យើងដឹង ។ យើងដឹង យ៉ាងឥតខ្ចោះ ថាឯងមានអារម្មណ៍យ៉ាងណា » ។
ក្នុងអំឡុងពេលជួបបទពិសោធន៍នេះ ព្រះគ្រីស្ទបានក្លាយជាអង្គជំនិតបំផុតរបស់ខ្ញុំ ។
ខ្ញុំគិតថា ពេលខ្លះយើងងាយនឹងគិតថា ភាពល្អឥតខ្ចោះរបស់ព្រះគ្រីស្ទមានន័យថា ទ្រង់នៅឆ្ងាយ ហើយមិនអាចឈោងដល់បានទេ ដែលថាសកម្មភាពដ៏អស្ចារ្យ និងជីវិតអព្ភូតហេតុរបស់ទ្រង់ធ្វើឲ្យទ្រង់ហាក់ដូចជាឆ្ងាយពីយើង ដែលជាមនុស្សធម្មតា មិនល្អឥតខ្ចោះ និងពេញដោយអំនួត ។ ប៉ុន្តែទ្រង់មិនដែលនៅឆ្ងាយពីយើងទេ នៅពេលយើងកំពុងប្រឈមមុខនឹងការលំបាកបំផុត ទុក្ខព្រួយដ៏អាក្រក់បំផុត និងការតស៊ូដ៏លំបាកបំផុតរបស់យើង ។
នៅរដូវបុណ្យអ៊ីស្ទើរនេះ យើងអាចចងចាំថា ព្រះយេស៊ូវគ្រីស្ទជ្រាបដឹងយ៉ាងច្បាស់ថាទុក្ខលំបាកជាអ្វី ដោយសារ ទ្រង់ល្អឥតខ្ចោះ—ជាអង្គតែមួយគត់ដែលអាចមានអារម្មណ៍ដឹងពីការឈឺចាប់របស់យើង ហើយទទួលបន្ទុករបស់យើងបាន ។
ដូច្នេះ នៅពេលដែលបងប្អូនមានទុក្ខលំបាក សូមងាកទៅរកទ្រង់ ។ ទ្រង់ជ្រាបដឹងយ៉ាងឥតខ្ចោះ ។