លីអាហូណា
គ្រួសាររបស់ខ្ញុំនាំឲ្យខ្ញុំមានអំណរ
លីអាហូណា ខែមីនា ឆ្នាំ២០២៦


សារលិខិត​ថ្នាក់ដឹកនាំ​បព្វជិតភាព​ប្រចាំ​តំបន់​អាស៊ី

គ្រួសាររបស់ខ្ញុំនាំឲ្យខ្ញុំមានអំណរ

នៅ​ថ្ងៃមួយ ពេល​ខ្ញុំ​នៅតាម​ផ្លូវ​ទៅ​ផ្ទះ ខ្ញុំ​បាន​ឃើញ​ស្លាកសញ្ញា​ជា​ភាសា​អង់គ្លេស​មួយ ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ខ្ញុំ ។ វា​អាន​ថា « ការប្រកប​ពាក្យ​គ្រួសារ ( Family ) គឺ​មាន​ន័យ​ថា លោក​ឪពុក និង​អ្នក​ម្ដាយ កូន​ស្រឡាញ់​លោក​ទាំងពីរ ( Father And Mother I Love You ) » ។ ស្លាកសញ្ញា​នេះ​បាន​ផ្តល់​ការបំផុស​គំនិត​មួយ​ចំនួន​ដល់​ខ្ញុំ ។ វាហាក់​ដូចជា​ពន្យល់​ពី​រចនាសម្ព័ន្ធ​នៃ​ពាក្យ « គ្រួសារ » ។ គ្រួសារ​មួយ​រួមមាន​ឪពុក​ម្តាយ និង​កូនៗ ហើយ​អ្វី​ដែល​សំខាន់​ជាងនេះ​ទៀត គឺ​វា​រួមបញ្ចូល​នូវ​ទង្វើ​ដ៏​សំខាន់​មួយ – « សេចក្តី​ស្រឡាញ់ » ។ ទង្វើ​នេះ​ធ្វើឲ្យ​ពាក្យ​ដ៏​សាមញ្ញ​នេះ មាន​ន័យ​ខុសគ្នា​ខ្លាំង​ណាស់ ហើយ​បំពេញ​វា​ដោយ​ការជំរុញ​ចិត្ត និង​សេចក្តី​សង្ឃឹម​ដែល​គ្រួសារ​មួយ​ត្រូវការ ។

ក្នុង​ចំណោម​អំណោយ​ទាំងអស់​ដែល​ព្រះវរបិតា​សួគ៌​ជាទី​ស្រឡាញ់​របស់​យើង​បាន​ប្រទាន​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ អំណោយ​ដ៏អស្ចារ្យ​បំផុត​នោះ​គឺជា​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ។ អំណោយ​នោះ​គឺ​ការ​រស់នៅ​ក្នុង​ទីវត្តមាន​របស់​ព្រះ ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់​ជារៀង​រហូត​ជា​ក្រុមគ្រួសារ ។ មាន​តែ​នៅក្នុង​នគរ​ដ៏ខ្ពស់​បំផុត​របស់​ព្រះ គឺ​នគរ​សេឡេស្ទាល​ប៉ុណ្ណោះ ទើប​ចំណង​នៃ​ជីវិត​គ្រួសារ​ដែល​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​នឹង​បន្ដ​ទៅ​មុខ​បាន ។ យើង​ទាំងអស់​គ្នា​សង្ឃឹម​ចង់​បាន​អំណរ​នៃ​ការរស់នៅ​ជា​ក្រុមគ្រួសារ​ដែល​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់ ។ យើង​ទាំងអស់គ្នា​មាន​សេចក្ដី​សង្ឃឹម​ថា នៅ​ថ្ងៃ​ណាមួយ យើង​នឹង​ទទួល​បាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​យ៉ាង​កក់ក្តៅ​របស់​សមាជិក​គ្រួសារ​នោះ​ម្ដងទៀត ជា​មនុស្ស​ដែល​យើង​ស្រឡាញ់​យ៉ាង​ខ្លាំង តែ​ឥឡូវ​នៅ​ឈឺចាប់​នៅឡើយ កាល​យើង​ចង់​ឱប​ពួកគេ​ម្ដងទៀត ។

ព្រះវរបិតា​សួគ៌​ជាទី​ស្រឡាញ់​របស់​យើង​ជ្រាប​ពី​ដួងចិត្ត​របស់​យើង ។ ព្រះរាជបំណង​របស់​ទ្រង់​គឺ​ដើម្បី​ប្រទាន​សេចក្ដី​អំណរ​ដល់​យើង ។ ទ្រង់​បាន​ប្រទាន​អំណោយទាន​ជា​ព្រះរាជបុត្រា​របស់​ទ្រង់ ដើម្បី​ធ្វើឲ្យ​កើត​មាន​នូវ​សេចក្តី​អំណរ​ក្នុង​ចំណង​គ្រួសារ ដែល​នឹង​បន្ដ​មាន​ជា​រៀង​រហូត ។ ដោយសារ​ព្រះអង្គ​សង្គ្រោះ​បាន​ផ្ដាច់​ចំណង​នៃ​សេចក្ដី​ស្លាប់ នោះ​យើង​នឹង​បាន​រស់​ឡើងវិញ ។ ដោយសារ​ទ្រង់​បាន​ធ្វើ​ដង្វាយធួន​សម្រាប់​អំពើបាប​របស់​យើង នោះតាមរយៈ​សេចក្ដី​ជំនឿ និង​ការប្រែចិត្ត​របស់​យើង យើង​អាច​ប្រែជា​មាន​ភាពស័ក្ដិសម​ចំពោះ​នគរ​សេឡេស្ទាល​បាន ជាកន្លែង​ដែល​ក្រុមគ្រួសារ​ត្រូវបាន​ចងភ្ជាប់​នឹង​គ្នា​នៅក្នុង​សេចក្ដី​ស្រឡាញ់​ជា​រៀង​រហូត ។

អែលឌើរ ហែនរី ប៊ី អាវរិង បាន​មាន​ប្រសាសន៍​ថា « ការសន្យា​របស់​ខ្ញុំ​ចំពោះ​បងប្អូន​គឺជា​ការសន្យា​មួយ ដែល​សមាជិក​មួយ​រូប​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​សន្យា​នឹង​ខ្ញុំ​នៅ​គ្រា​មួយ ។ ខ្ញុំ​បាន​និយាយ​ទៅកាន់​លោក​ថា ដោយសារតែ​ការជ្រើសរើស​របស់​សាច់ញាតិ​មួយ​ចំនួន​ក្នុង​គ្រួសារ​របស់​យើង​បាន​ធ្វើ នោះ​ខ្ញុំ​គិត​ថា យើង​ពុំ​អាច​រួមរស់​នឹង​គ្នា​នៅ​ជីវិត​ក្រោយ​ទៀត​បាន​ឡើយ ។ ដូច​អ្វី​ដែល​ខ្ញុំ​នៅ​ចាំ​បាន នោះ​លោក​បាន​ថ្លែង​ថា « ប្អូន​កំពុង​ព្រួយ​បារម្ភ​ពី​បញ្ហា​ខុសឆ្គង​ហើយ ។ ប្អូន​គ្រាន់តែ​រស់នៅ​ឲ្យ​ស័ក្ដិសម​នឹង​នគរ​សេឡេស្ទាល​ទៅ​បាន​ហើយ នោះ​ការរៀបចំ​គ្រួសារ​របស់​ប្អូន​នឹង​អស្ចារ្យ​ជាង​អ្វី​ដែល​ប្អូន​អាច​នឹកគិត​ដល់​ទៅ​ទៀត » ។

ប្រធាន ហារ៉ូល ប៊ី លី បាន​លើក​ទឹកចិត្ត​ពួកយើង​ទាំងអស់​គ្នា​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ កម្លាំង​សាមគ្គីភាព និង​សុភមង្គល​កាន់តែ​ខ្លាំង​ឡើង​នៅក្នុង​ផ្ទះ​របស់​យើង ។ លោក​បាន​មាន​ប្រសាសន៍​ថា « ពង្រឹង​ចំណង​គ្រួសារ​របស់​អ្នក និង​មើលថែ​កូនៗ​របស់​អ្នក … ត្រូវ​ប្រាកដ​ថា ផ្ទះ​គឺជា​កន្លែង​ដ៏​រឹងមាំ​មួយ ដែល​កូនៗ​អាច​មក​ពឹង​បាន ដូចជា​យុថ្កា​មួយ​ដែល​ពួកគេ​ត្រូវការ​នៅ​ជំនាន់​នេះ​ដែល​ពេញ​ដោយ​បញ្ហា និង​ភាពចលាចល​នេះ ។ បន្ទាប់​មក សេចក្តី​ស្រឡាញ់​នឹង​មាន​ច្រើន​ឡើង ហើយ​អំណរ​របស់​អ្នក​នឹង​កើនឡើង​ដែរ » ។ លោក​បាន​ទូន្មាន​ថា យើង​គួរតែ​អធិស្ឋាន​ជា​គ្រួសារ និង​បំពេញ​ការហៅក្នុង​សាសនាចក្រ​របស់​យើង ។ សមាជិក​គ្រួសារ​គួរតែ​បង្ហាញ​ការគោរព​ចំពោះ​គ្នា​ទៅវិញ​ទៅមក ។ ឪពុក​ម្តាយ​មិន​គួរ​ឈ្លោះ​ប្រកែក​គ្នា​ទេ ហើយ​ការយល់​ច្រឡំ​ត្រូវ​ពិភាក្សា​ជាមួយ​គ្នា​ដោយ​សម​ហេតុផល ។ សមាជិក​ម្នាក់ៗ​គួរតែ​ខិតខំ​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ធ្វើការ​លះបង់​ដើម្បី​ជួយ​សមាជិក​ដទៃ​ទៀត​ក្នុង​គ្រួសារ ។

ប្រធាន ហារ៉ូល ប៊ី លី បាន​ថ្លែង​ថា « សេចក្តី​ស្រឡាញ់​របស់​ព្រះ​មិនមែន​ជា​អ្វី​ដែល​អ្នក​ទទួលបាន ដោយ​ការគ្រាន់តែ​ទូល​សូម​នោះ​ទេ ។ គឺ​យ៉ូហាន​ដែល​បាន​មាន​ប្រសាសន៍​ថា « បើ​អ្នកណា​ថា ខ្លួន​ស្រឡាញ់​ព្រះ តែ​ស្អប់​ដល់​បងប្អូន​វិញ អ្នក​នោះ​ជា​អ្នក​កុហក ដ្បិត​អ្នកណា​ដែល​មិន​ស្រឡាញ់​បងប្អូន ដែល​បាន​មើលឃើញ​ទៅ​ហើយ នោះ​ធ្វើ​ដូចម្តេច​ឡើយ ឲ្យ​ស្រឡាញ់​ដល់​ព្រះ ដែល​មើល​មិន​ឃើញ​ទៅ​បាន ? » អ្នក​មិន​អាច​ស្រឡាញ់​ព្រះ រួច​ហើយ​ស្អប់​បងប្អូន​ប្រុស​របស់​អ្នក ដែល​អ្នក​មាន​ទំនាក់ទំនង​ជាមួយ​បាន​ទេ ។ បុរស​ទាំងឡាយ​ណា​ដែល​គិត​ថា គាត់​ជា​បុគ្គលដែលសម្បូរដោយគំនិតខាង​វិញ្ញាណដ៏សន្ធឹកសន្ធាប់ តែ​ផ្ទះ​របស់​គាត់​គ្មាន​របៀប​រៀបរយ ដោយសារតែ​ការធ្វេស​ប្រហែស និងភាព​បរាជ័យ​របស់​គាត់​ក្នុង​ការថែទាំ​ភរិយា និង​កូនៗ​របស់​គាត់​ផ្ទាល់ បុរស​នោះ​គឺ​មិន​ស្ថិត​នៅលើ​ផ្លូវ​របស់​គាត់ ដើម្បី​បណ្ដុះ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ​ឡើយ » ។

« ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » អាច​ជួយ​ពង្រឹង និង​បង្រួប​បង្រួម​គ្រួសារ​របស់​អ្នក​បាន ។ យោបល់​ណែនាំ​ខាងក្រោម​នេះ​ត្រូវបាន​ផ្តល់​ដល់​កុមារ​អង្គការ​បឋម​សិក្សា ។

  • អ្នក​គឺជា​ផ្នែក​មួយ​នៃ​គ្រួសារ​ដ៏នៅ​អស់កល្ប​ជានិច្ច​ដែល​ត្រូវការ​ជំនួយ​របស់​អ្នក ។

  • អ្នក​អាច​នាំឲ្យ​មាន​សុភមង្គល សប្បុរសធម៌ និង​សេចក្តី​ស្រឡាញ់​ដល់​គ្រួសារ​របស់​អ្នក​បាន ។

  • អ្នក​អាច​ស្តាប់​គ្នា​ទៅវិញ​ទៅមក ធ្វើការ និង​លេង​ជាមួយគ្នា អភ័យទោស​ឲ្យ​គ្នា និង​ជួយ​គ្នា​ទៅវិញ​ទៅមក ។

  • អ្នក​អាច​អាន​ព្រះគម្ពីរ​ជាមួយ​គ្រួសារ​របស់​អ្នក​បាន ។

  • អ្នក​អាច​ធ្វើជា​គំរូ​ដ៏ល្អ​មួយ​ដល់​គ្រួសារ​របស់​អ្នក នៅពេល​អ្នក​អធិស្ឋាន និង​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ការសន្យា​របស់​ព្យាការី​ ៖ « នោះ​ការរៀបចំ​គ្រួសារ​របស់​ប្អូន​នឹង​អស្ចារ្យ​ជាង​អ្វី​ដែល​ប្អូន​អាច​នឹកគិត​ដល់​ទៅ​ទៀត » នឹងក្លាយ​ជា​ពរជ័យ​របស់​អ្នក នៅពេល​អ្នក​រស់នៅ​ឲ្យ​ស័ក្ដិសម​នឹង​នគរ​សេឡេស្ទាល ។ ■

សេចក្ដីយោង

  1. គ. និង ស. ១៤:៧

  2. នីហ្វៃ​ទី​២ ២:២៥

  3. ហែនរី ប៊ី អាវរិង « A Home Where the Spirit of the Lord Dwells » Ensign ខែ​ឧសភា ឆ្នាំ​២០១៩ ទំព័រ ២៥

  4. Teachings of the Prophets: Harold B. Lee [ ឆ្នាំ​២០១១ ] ទំព័រ ១៣១

  5. យ៉ូហាន ទី១ ៤:២០

  6. Teachings of the Prophets: Harold B. Lee ទំព័រ ១៣០–១៣១

  7. អេរីន សាន់ឌើរសុន និង ជីន ប៊ីងហាំ លីអាហូណា ខែ​តុលា ឆ្នាំ​២០១៤ ផ្នែក​កុមារ

  8. ហែនរី ប៊ី អាវរិង « A Home Where the Spirit of the Lord Dwells » ទំព័រ​២៥