« តើពរជ័យដែលបានសន្យារបស់ខ្ញុំពីការថ្វាយដង្វាយមួយភាគក្នុងដប់នៅឯណា ? » លីអាហូណា ខែកញ្ញា ឆ្នាំ២០២៥ ។
តើពរជ័យដែលបានសន្យារបស់ខ្ញុំពី ការថ្វាយដង្វាយមួយភាគក្នុងដប់នៅឯណា ?
ជាញឹកញាប់ព្រះវរបិតាសួគ៌ប្រទានពរ « ដ៏មានតម្លៃ និងមានសារៈសំខាន់ » ជំនួសឲ្យអព្ភូតហេតុភ្លាមៗ នៅពេលដែលយើងថ្វាយដង្វាយមួយភាគក្នុងដប់របស់យើង ។
រចនារូបភាពដោយ ឌីលីន ម៉ាស្ស
ម៉ាឡាគីបានសន្យាថា បើយើងស្មោះត្រង់ក្នុងការថ្វាយដង្វាយរបស់យើងដល់ព្រះ នោះទ្រង់នឹងបើកទ្វារស្ថានសួគ៌ដើម្បីចាក់ព្រះពរមក « ដែលនឹងគ្មានកន្លែងល្មមទុកបានទេ » ( ម៉ាឡាគី ៣:១០ ) ។
ជាមួយ នឹងការសន្យានោះ ជាញឹកញាប់យើងបានឮ រឿងរ៉ាវនៃពរជ័យដ៏អស្ចារ្យ និងភ្លាមៗដែលបានកើតមានដល់អ្នកដែលបានគោរពតាមបទបញ្ញតិក្នុងការថ្វាយដង្វាយមួយភាគក្នុងដប់របស់ពួកគេ ។ ប៉ុន្តែតើមានអ្វីកើតឡើង ប្រសិនបើយើងមិនទទួលបានពរជ័យស្រដៀងគ្នានោះនៅក្នុងគ្រាដែលយើងដែលមានតម្រូវការខាងសាច់ឈាមជាខ្លាំងនោះ ? ការមើលមិនឃើញពរជ័យដែលស្រដៀងគ្នានេះកើតមាននៅក្នុងជីវិតរបស់យើងផ្ទាល់ អាចជាការខកចិត្តដ៏ខ្លាំង ។ យើងថែមទាំងអាចសួរថា « តើ ខ្ញុំ មិនទទួលបានពរទេឬ ? »
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ រំឭកយើងថា « ទ្វារនៃស្ថានសួគ៌បើកតាមវិធីជាច្រើន ។ ខ្លះជាខាងសាច់ឈាម ប៉ុន្តែភាគច្រើនជាខាងវិញ្ញាណ ។ ខ្លះមានលក្ខណៈតូចតាច និងងាយមើលរំលង ។ សូមទុកចិត្តលើពេលវេលារបស់ព្រះអម្ចាស់ ពរជ័យជាច្រើនតែងមកដល់ » ។
ការបង្រៀនមកពីអែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ក៏អាចជួយយើងមើលឃើញថា ពរជ័យដែលយើងទទួលបានអាចមកតាមវិធីជាច្រើនដែលយើងប្រហែលជាមិនបានគិតពិចារណាដល់ ។ លោកបានមានប្រសាសន៍ថា « ពរជ័យផ្សេងៗមួយចំនួនដែលយើងទទួលបាននៅពេលយើងគោរពបញ្ញត្តិនេះ [ ច្បាប់ដង្វាយមួយភាគក្នុងដប់ ] គឺមានសារៈសំខាន់ និងមានតម្លៃណាស់ ។ ពរជ័យដូច្នោះអាចត្រូវបានញែកឲ្យដឹងតែពេលយើងសង្កេត និងយកចិត្តទុកដាក់ខាងវិញ្ញាណប៉ុណ្ណោះ ( សូមមើល កូរិនថូស ទី១ ២:១៤ ) » ។
ការស្វែងរក និងការស្គាល់ពរជ័យដែលសំខាន់ និងមានតម្លៃនៃការថ្វាយដង្វាយមួយភាគក្នុងដប់ពេញលេញ អាចជួយយើងឲ្យយល់ថា ព្រះ ទ្រង់ ជ្រាបអំពីយើង ហើយទ្រង់ គឺ កំពុងប្រទានពរដល់យើង ។
ពរជ័យដ៏មានតម្លៃ និងមានសារៈសំខាន់
ព្រះឆន្ទៈរបស់ព្រះគឺមិនដូចគ្នានឹងឆន្ទៈរបស់យើងជានិច្ចនោះទេ ( សូមមើល អេសាយ ៥៥:៨–៩ ) ។ ដោយហេតុដូច្នោះហើយ ពរជ័យរបស់ព្រះអាចមិនមកដល់យើងនៅក្នុងរបៀបដែលយើងចង់បានឬរំពឹងទុកជានិច្ចឡើយ ។ ឧទាហរណ៍ អែលឌើរ បែដណា បានផ្តល់ឧទាហរណ៍មួយចំនួនអំពីពរជ័យដែលមិននឹកស្មានដល់ ដែលបានមកពីការថ្វាយដង្វាយមួយភាគក្នុងដប់ ៖ « ពេលខ្លះ យើងសូមព្រះ ឲ្យមានជោគជ័យ ហើយទ្រង់ប្រទានឲ្យយើងនូវកម្លាំងខាងរូបកាយ និងវិញ្ញាណ ។ យើងអាចនឹងទូលសុំឲ្យមានភាពចម្រុងចម្រើន ហើយយើងទទួលនូវទស្សនៈវិស័យទូលំទូលាយ និងការអត់ធ្មត់ច្រើន ឬយើងសូមការរីកចម្រើន រួចយើងបានទទួលពរនូវអំណោយទាននៃព្រះគុណ ។ ទ្រង់អាចប្រទានដល់យើងនូវជំនឿមុតមាំ និងទំនុកចិត្ត នៅពេលយើងព្យាយាមសម្រេចគោលដៅស័ក្ដិសម ។ ហើយពេលយើងទូលសូមភាពស្រាកស្រាន្ដពីការលំបាកខាងរូបកាយ សតិអារម្មណ៍ និងខាងវិញ្ញាណ នោះទ្រង់អាចនឹងបង្កើនការតាំងចិត្ត និងការស៊ូទ្រាំរបស់យើង » ។
អែលឌើរ បែដណា ក៏បានណែនាំផងដែរថាពេលខ្លះ « ពរជ័យដែលមានដល់យើងតាមបង្អួចនៃស្ថានសួគ៌ អាចជាសមត្ថភាពកាន់តែអស្ចារ្យដើម្បីផ្លាស់ប្ដូរស្ថានភាពផ្ទាល់ខ្លួនយើង ជាជាងរំពឹងឲ្យស្ថានភាពយើងផ្លាស់ប្ដូរដោយសារនរណាម្នាក់ ឬអ្វីផ្សេងទៀត » ។ ឧទាហរណ៍ សូមមើលរបៀបដែលស្វាមីភរិយាមួយគូមកពីប្រទេសអាហ្សង់ទីន មានអារម្មណ៍នេះនៅក្នុងជីវិតរបស់ពួកគេនៅក្នុងដំណើររឿងរបស់ពួកគេ « ហេតុអ្វីបានជាអ្នកនៅតែបន្តថ្វាយដង្វាយមួយភាគក្នុងដប់ ? » ( Liahona ខែមីនា ឆ្នាំ២០១៣ ទំព័រ ៣៧ ) ។
ពេលវេលារបស់ព្រះ
យើងក៏អាចរៀនទុកចិត្តថា ពរជ័យមកតាមពេលវេលារបស់ព្រះផ្ទាល់ និងតាមរបៀបរបស់ទ្រង់ផ្ទាល់ ។
អែលឌើរ មីហ្គែល ចន យូ ថេ នៃពួកចិតសិបនាក់ បានមានប្រសាសន៍ថា « នៅពេលយើងគោរពតាមក្រត្យិវិន័យនៃដង្វាយមួយភាគដប់ នោះយើង … មិនគួរផ្តល់ឲ្យកាលបរិច្ឆេទកំណត់ដល់ព្រះអម្ចាស់ឡើយ ។ សម្រាប់អ្នកខ្លះមានទំនោររំពឹងថា ពរជ័យខាងសម្ភារនឹងមកនៅពេលជាក់លាក់តាមការប៉ាន់ស្មានផ្ទាល់ខ្លួនរបស់ពួកគេ ។ នេះជារបៀបដែលមនុស្សភាគច្រើនបាត់បង់ទំនុកចិត្តរបស់ខ្លួនទៅលើការសន្យារបស់ទ្រង់ ។ ពួកគេស្មោះត្រង់នៅពេលចាប់ផ្តើម ប៉ុន្តែបន្ទាប់មកពេលខ្លះឈប់គោរពតាមនៅពេលដែលការរំពឹងទុករបស់ពួកគេមិនត្រូវបានបំពេញ ។ យើងត្រូវទទួលស្គាល់ថា អ្វីៗទាំងអស់ត្រូវបានធ្វើទៅតាមព្រះឆន្ទៈ និងពេលវេលារបស់ព្រះអម្ចាស់ ហើយមិនមែនតាមឆន្ទៈ និងពេលវេលា របស់យើងនោះទេ » ។
ការយល់ដឹងថា តារាងពេលវេលារបស់ព្រះគឺខុសគ្នាពីតារាងពេលវេលារបស់យើង អាចជួយឲ្យយើងស្គាល់កាន់តែច្បាស់ថា ដោយគ្រាន់តែការមិនមានអព្ភូតហេតុភ្លាមៗ នោះវាមិនមានន័យថាយើងមិនបានទទួលពរជ័យនោះទេ ។
ព្រះប្រាជ្ញាញាណរបស់ព្រះ
ប្រធាន ដាល្លិន អេក អូក ជាទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយ បានបង្រៀនថា « មាននរណាម្នាក់បាននិយាយថា ជីវិតគឺជាអ្វីដែលកើតឡើងចំពោះយើង ខណៈពេលដែលយើងកំពុងរៀបចំផែនការផ្សេងទៀត ។ ពីព្រោះតែរឿងដែលយើងមិនអាចគ្រប់គ្រងបាន នោះយើងមិនអាចរៀបចំផែនការ និងសម្រេចបាននូវអ្វីគ្រប់យ៉ាងដែលយើងចង់បានក្នុងជីវិតរបស់យើងឡើយ ។ រឿងសំខាន់ៗជាច្រើននឹងកើតឡើងនៅក្នុងជីវិតរបស់យើង ដែលយើងមិនបានគ្រោងទុក ហើយមិនមែនរឿងទាំងអស់នឹងត្រូវបានស្វាគមន៍នោះទេ » ។
នៅក្នុងដំណើរនៃជីវិតរមែងស្លាប់របស់យើង សូម្បីតែអ្នកដែលគោរពតាមក្រឹត្យវិន័យនៃដង្វាយមួយភាគដប់ក៏អាចជួបប្រទះបញ្ហាផ្នែកហិរញ្ញវត្ថុដោយការអត់ការងារធ្វើ គ្រាអាសន្នដែលមិននឹកស្មានដល់ ការគ្រប់គ្រងហិរញ្ញវត្ថុមិនត្រឹមត្រូវ ឬប្រាក់ឈ្នួលជាប់គាំងផងដែរ ។ ការដឹងថា ព្រះជ្រាបដឹងគ្រប់យ៉ាងអាចជួយយើងឲ្យរីកចម្រើនក្នុងសេចក្ដីជំនឿ និងការអត់ធ្មត់ នៅពេលយើងស្វែងរកពរជ័យមានតម្លៃ និងមានសារៈសំខាន់នៃដង្វាយមួយភាគក្នុងដប់ ។ វាប្រហែលជាថាការលំបាកមួយចំនួនទាំងនេះគឺជាពរជ័យដែលនឹងជួយយើងឲ្យរីកចម្រើនតាមរយៈការសាកល្បងទាំងនោះឯង ។
អែលឌើរ ហ៊ូ ប៊ី ប្រោន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ( ឆ្នាំ១៨៨៣–១៩៧៥ ) ធ្លាប់បានចែកចាយមេរៀនបែបនេះដែលលោកបានរៀន នៅពេលកាប់ឆ្ការស្មៅនៅឯកសិដ្ឋានមួយក្នុងប្រទេសកាណាដា ។
ខណៈពេលលោករៀបទៅសម្អាត និងថែទាំដីចម្ការរបស់គាត់ គាត់បានជួបប្រទះស្មៅព្រៃម្យ៉ាង ដែលបានដុះលូតលាស់កម្ពស់ជាងប្រាំមួយហ្វីត ហើយគ្មានផ្លែសោះ ។ ដូច្នេះហើយ គាត់បានកាត់វាឲ្យត្រឡប់ទៅជាដើមតូចវិញ ដោយបន្សល់ទុកតែមែកតូចៗ ដូចដំណក់ទឹកភ្នែកប៉ុណ្ណោះ ។ ទិដ្ឋភាពនេះបានធ្វើឲ្យវាមើលទៅហាក់ដូចជាដើមស្មៅព្រៃកំពុងយំអ៊ីចឹង ហើយអែលឌើរ ប្រោន គិតថាគាត់បានឮស្មៅព្រៃនោះនិយាយថា ៖
« តើអ្នកអាចធ្វើបែបនេះចំពោះខ្ញុំដោយរបៀបណា ? ខ្ញុំបានមានការរីកលូតលាស់ដ៏អស្ចារ្យបែបនេះ ។ … ហើយឥឡូវនេះអ្នកបានកាត់ខ្ញុំចោល ។ … ខ្ញុំគិតថាអ្នកជាអ្នកថែសួននៅទីនេះ » ។
អែលឌើរ ប្រោន បានឆ្លើយតបថា « មើល ដើមស្មៅព្រៃខ្ញុំ គឺជា អ្នកថែសួននៅទីនេះ ហើយខ្ញុំដឹងថា ខ្ញុំចង់ឲ្យអ្នកក្លាយជាអ្វី ។ ប្រសិនបើខ្ញុំអនុញ្ញាតឲ្យអ្នកទៅតាមចិត្តដែលអ្នកចង់ នោះអ្នកនឹងមិន មានតម្លៃជាអ្វីនោះទេ ។ ប៉ុន្តែនៅថ្ងៃណាមួយ នៅពេលដែលអ្នកផ្ទុកទៅដោយផ្លែឈើពេញដើម នោះអ្នកនឹងគិតត្រឡប់មកវិញ ហើយនិយាយថា ‹ សូមអរគុណលោក អ្នកថែសួន ដែលបានកាត់តម្រឹមខ្ញុំ ហើយដែលធ្វើឲ្យខ្ញុំឈឺចាប់នោះដោយសារលោកស្រឡាញ់ខ្ញុំខ្លាំង › » ។
នៅពេលដែលយើងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ហើយមិនឃើញពរជ័យដែលបានសន្យាពីការថ្វាយដង្វាយមួយភាគក្នុងដប់ នោះយើងអាចទូលសួរព្រះដោយទឹកភ្នែកក្នុងឥរិយាបថស្រដៀងគ្នានេះថា « តើព្រះអង្គអាចធ្វើដូច្នោះចំពោះទូលបង្គំដោយរបៀបណា ? ខ្ញុំកំពុងធ្វើអ្វីៗទាំងអស់ដែលទ្រង់បង្គាប់ខ្ញុំឲ្យធ្វើហើយ ។ ហើយឥឡូវនេះព្រះអង្គបានកាត់ខ្ញុំចោល » ។
នៅក្នុងពេលវេលាទាំងនេះ យើងអាចចំណាយពេលបន្តិចដើម្បីពិចារណាថា តើការសាកល្បងដែលយើងកំពុងជួបប្រទះនឹងពិតជានាំមកនូវពរជ័យដ៏អស្ចារ្យពីមេរៀនដែលយើងរៀននៅតាមដំណើរនោះឬអត់ ។ យើងអាចរៀនទុកចិត្តលើអ្នកថែសួន និងពរជ័យដែលទ្រង់មានសម្រាប់យើងកាន់តែខ្លាំងឡើងនៅពេលយើងនៅជិតទ្រង់ ។
បន្តមានក្តីសង្ឃឹម និងការអធិស្ឋាន
ពរជ័យដ៏មានតម្លៃ និងមានសារៈសំខាន់ដែលព្រះប្រទានឲ្យយើងចេញពីការថ្វាយដង្វាយមួយភាគក្នុងដប់អាចជួយយើងយកឈ្នះលើការលំបាកជាច្រើននៃពិភពលោកនេះ ។ ព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើងនឹងរៀបចំពរជ័យទាំងនេះយ៉ាងឥតខ្ចោះ ដើម្បីជួយយើងរីកចម្រើន និងក្លាយកាន់តែដូចជាទ្រង់ ។ ពេលយើងអនុវត្តសេចក្តីជំនឿក្នុងការទទួលស្គាល់ និងទទួលយកពរជ័យទាំងអស់ដែលកើតមាននោះយើងអាចមើលឃើញការបំពេញនៃការសន្យារបស់ម៉ាឡាគី ។
នៅពេលការសង្ស័យ និងភាពអស់សង្ឃឹមកើតឡើងចេញពីការលំបាកផ្នែកហិរញ្ញវត្ថុ បើយើងទូលសួរដោយទឹកភ្នែកថា តើយើងមានពរជ័យឬអត់ នោះយើងមិនបោះបង់ក្តីសង្ឃឹមទេ ! ផ្ទុយទៅវិញ យើងអាចអធិស្ឋានដើម្បីមើលឃើញពរជ័យដ៏មានតម្លៃ និងមានសារៈសំខាន់ដែលព្រះអម្ចាស់បានប្រទានពរដល់យើង និងមានសេចក្តីជំនឿលើផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់យើង ។
ដូច អែលឌើរ នែល អិល អាន់ឌើរសិន បានថ្លែងទីបន្ទាល់ថា « ខ្ញុំសន្យានឹងបងប្អូនថា នៅពេលបងប្អូនទុកចិត្តទៅលើព្រះអម្ចាស់ នោះពរជ័យនៃស្ថានសួគ៌នឹងកើតមានតាមក្រោយ » ។