« ចៅបានធ្វើឲ្យជីដូនរបស់ចៅសប្បាយចិត្ត » លីអាហូណា ខែកញ្ញា ឆ្នាំ២០២៥ ។
សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ចៅបានធ្វើឲ្យជីដូនរបស់ចៅសប្បាយចិត្ត
បងប្អូនជីដូនមួយរបស់ជីដូនខ្ញុំមិនដឹងថាអំណោយ និងសាររបស់គាត់មានន័យយ៉ាងណាចំពោះខ្ញុំនោះទេ ។
រូបថតអាពាហ៍ពិពាហ៍របស់ជីដូនរបស់អ្នកនិពន្ធ
ការធំធាត់ឡើងជាមួយឪពុកម្តាយដែលថ្លង់ ខ្ញុំដឹងច្បាស់ថា គ្រួសារខ្ញុំខុសពីគេ ។ កាលខ្ញុំនៅក្មេង គ្មាននរណាបកប្រែឲ្យឪពុកម្ដាយខ្ញុំនៅការប្រជុំ ឬសកម្មភាពសាសនាចក្រទេ ដូច្នេះយើងមិនបានចូលរួមញឹកញាប់ទេ ។
ខ្ញុំតែងតែមានអារម្មណ៍ដូចជាអ្នកពីខាងក្រៅ ដោយលួចមើលពីក្រៅថាតើអ្នកដទៃនៅក្នុងវួដរបស់ខ្ញុំមានអ្វីខ្លះ—ជាគ្រួសារដែលបានអធិស្ឋាន និងសិក្សាជាមួយគ្នា ។
យ៉ាងណាក៏ដោយ នៅជិតការបញ្ចប់ឆ្នាំសិក្សារបស់ខ្ញុំនៅថ្នាក់វិទ្យាល័យ យើងក៏កាន់តែសកម្មក្នុងសាសនាចក្រ ។ ឪពុកម្តាយខ្ញុំបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ មេសា អារីហ្សូណា ហើយបងប្អូនពីរនាក់ក្នុងចំណោមបងប្អូនបួននាក់របស់ខ្ញុំ និងខ្ញុំបានផ្សារភ្ជាប់ជាមួយពួកគាត់ ។
ប្រាំឆ្នាំក្រោយមក ខ្ញុំបានរៀបចំខ្លួនទទួលអំណោយពិសិដ្ឋ ហើយរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ។ នៅយប់មុនការផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ បងប្រុសរបស់ខ្ញុំ និងភរិយារបស់គាត់បានចូលរួមក្នុងព្រះវិហារបរិសុទ្ធ ដើម្បីធ្វើកិច្ចការជំនួសសម្រាប់លោកតា លោកយាយខាងម្តាយរបស់ខ្ញុំដើម្បីរៀបចំសម្រាប់ការផ្សារភ្ជាប់របស់ពួកគាត់នៅថ្ងៃស្អែក ។ ម្ដាយរបស់ខ្ញុំគឺជាអ្នកប្រែចិត្តជឿជិត ២០ ឆ្នាំនៅពេលនោះ ហើយគាត់មានចិត្តចង់ចាប់ផ្ដើមកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
នៅថ្ងៃបន្ទាប់ ជីតារបស់យើងបានផ្សារភ្ជាប់គ្នាទៅវិញទៅមក បងប្រុសរបស់ខ្ញុំ និងភរិយារបស់គាត់បានឈរធ្វើពិធីការជំនួសជាថ្មីម្តងទៀត ។ វាជាថ្ងៃរៀបការរបស់ខ្ញុំ ប្រាកដណាស់ ប៉ុន្តែវាកាន់តែមានសារៈសំខាន់សម្រាប់ខ្ញុំ ។ លោកតាលោកយាយរបស់ខ្ញុំដែលខ្ញុំមិនធ្លាប់បានជួបនោះកំពុងចែកចាយថ្ងៃពិសេសនេះជាមួយខ្ញុំ ។
ពីរបីថ្ងៃក្រោយមក ខណៈដែលស្វាមីខ្ញុំ និងខ្ញុំបើកអំណោយអាពាហ៍ពិពាហ៍ យើងបានបើកអំណោយដ៏ពិសេសមួយពីបងប្អូនជីដូនមួយដំបូងរបស់ជីដូនខ្ញុំ ។ គាត់ជាស្ត្រីដែលជឿលើសាសនាម្នាក់ ដែលបានជិតស្និទ្ធនឹងជីដូនរបស់ខ្ញុំ ។ អំណោយនោះជារូបភាពជីដូនរបស់ខ្ញុំក្នុងថ្ងៃរៀបការរបស់គាត់ផ្ទាល់ ។ កាតដែលភ្ជាប់មកជាមួយបានសរសេរថា « ជីដូនរបស់ចៅសប្បាយចិត្តជាមួយចៅណាស់ ហើយមើលពីស្ថានលើមកកាន់ចៅ » ។
បងប្អូនជីដូនមួយរូបនេះមិនដឹងថា សាររបស់គាត់មានន័យយ៉ាងណាចំពោះខ្ញុំទេ ។ គាត់ក៏មិនបានដឹងពីការងារព្រះវិហារបរិសុទ្ធដែលទើបនឹងធ្វើសម្រាប់ជីដូនរបស់ខ្ញុំដែរ ។ ខ្ញុំដឹងក្នុងចិត្តខ្ញុំនៅពេលនោះថា ជីដូនរបស់ខ្ញុំពេញចិត្តនឹងខ្ញុំ ហើយរីករាយដែលគ្រួសាររបស់យើងបានចាប់ផ្តើមដំណើរដ៏សំខាន់នៃកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនេះ ។
យើងជាគ្រួសារនៅជាមួយគ្នាជារៀងរហូតឥឡូវនេះ នៅលើផ្លូវនៃការប្រមូលផ្តុំបុព្វការីជនរបស់យើង ហើយបានដឹកនាំដោយម្តាយរបស់ខ្ញុំក្នុងការផ្ដល់ពរដល់គ្រួសាររបស់យើងនៅឯម្ខាងទៀតនៃវាំងនន ។