« កូនចង់ធ្វើតាមគំរូម៉ាក់ » លីហូណា ខែកញ្ញា ឆ្នាំ២០២៥ ។
សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
កូនចង់ធ្វើតាមគំរូម៉ាក់
ខ្ញុំមានអារម្មណ៍ថប់បារម្ភជាខ្លាំងដែលកើតចេញពីភាពភ័យខ្លាចអំពីការគ្មានសមត្ថភាព—រហូតដល់ខ្ញុំអធិស្ឋាន ។
រចនារូបភាពដោយ ដេវីឌ ម៉ាឡាន
បន្ទាប់ពីមមាញឹកពេញមួយថ្ងៃ ដែលពោរពេញទៅដោយការពុះពារដោយការមើលថែកូនតូចបីនាក់ អ្វីដែលខ្ញុំចង់ធ្វើគឺងូតទឹកហើយចូលសម្រាន្ត ។
ខ្ញុំបានដកដង្ហើមធំ ហើយទៅបន្ទប់របស់ខ្ញុំដើម្បីបន្ទូរអារម្មណ៍ ។ នោះកូនស្រីអាយុប្រាំឆ្នាំរបស់យើងបានចូលមក ហើយរំឭកខ្ញុំថា ដល់វេននាងដើម្បីធ្វើការសម្ភាសផ្ទាល់ខ្លួនប្រចាំខែហើយ ស្វាមីខ្ញុំ និងខ្ញុំបានចាប់ផ្តើមធ្វើការសម្ភាសជាមួយនាង និងកូនប្រុសអាយុបីឆ្នាំរបស់យើង ។ យើងសួរពួកគេអំពីអ្វីដែលពួកគេចូលចិត្ត និងអ្វីដែលពួកគេចូលចិត្តអំពីថ្នាក់មត្តេយ្យ ឬព្រះវិហារ ។ បន្ទាប់មក យើងនឹងរំឭកពួកគេថា ពួកគេជាកូនរបស់ព្រះ ហើយថាយើងស្រឡាញ់ពួកគេ ។
ខ្ញុំរីករាយនឹងការនិយាយទាំងនេះ ប៉ុន្តែរូបកាយ និងផ្លូវចិត្តខ្ញុំមិនមានអារម្មណ៍ដូចការនិយាយនេះទេ ។ ខ្ញុំចាប់ផ្តើមប្រាប់កូនស្រីរបស់ខ្ញុំថា យើងនឹងជជែកគ្នានៅយប់ស្អែក ប៉ុន្តែខ្ញុំបានដឹងថា ការពិភាក្សារបស់យើងមានសារៈសំខាន់យ៉ាងណាចំពោះនាង ។
ខ្ញុំនិយាយដោយនឿយហត់ថា « មិនអីទេ ទុកឲ្យប៉ាធ្វើទៅ » ។
យើងទាំងបីនាក់អង្គុយលើគ្រែ ហើយចាប់ផ្តើមជជែកគ្នា ។ បន្ទាប់ពីស្វាមីខ្ញុំចេញពីបន្ទប់បានមួយសន្ទុះ ខ្ញុំបានសួរកូនស្រីយើងថា « តើកូនចង់ធ្វើអ្វីនៅពេលកូនធំឡើង ? »
ខ្ញុំមិនបានរៀបចំខ្លួនដើម្បីទទួលចម្លើយរបស់នាងទេ ៖ « កូនចង់ធ្វើតាមគំរូម៉ាក់ » ។
ខ្ញុំរលីងរលោងទឹកភ្នែក ហើយបេះដូងខ្ញុំក្ដុកក្ដួល ។ ខ្ញុំមានអារម្មណ៍រំភើបចំពោះបំណងដែលកូនស្រីខ្ញុំចង់ធ្វើដូចខ្ញុំ ប៉ុន្តែខ្ញុំមានអារម្មណ៍ថប់បារម្ភជាខ្លាំងដែលកើតចេញពីភាពភ័យខ្លាចអំពីការគ្មានសមត្ថភាព ។ ខ្ញុំបានគិតពីហេតុផលទាំងអស់ដែលខ្ញុំមិនបានធ្វើគំរូដ៏ល្អសម្រាប់កូនរបស់ខ្ញុំ ហើយខ្ញុំដឹងយ៉ាងច្បាស់អំពីចំណុចខ្វះខាតរបស់ខ្ញុំ ។
ក្រោយមកនៅយប់នោះ នៅពេលខ្ញុំអធិស្ឋាន ខ្ញុំបានទូលសុំព្រះវរបិតាសួគ៌យ៉ាងក្លៀវក្លា ដើម្បីជួយខ្ញុំឲ្យធ្វើជាគំរូដ៏ល្អសម្រាប់កូនស្រីខ្ញុំ និងកាន់តែស័ក្តិសមដើម្បីឲ្យនាងកោតសរសើរ ។ រំពេចនោះ រលកនៃការលួងលោមដ៏លើសលប់ ក្តីសង្ឃឹម និងសេចក្តីស្រឡាញ់បានបោកបក់មកលើខ្ញុំ ។ ខ្ញុំចាប់ផ្ដើមយល់ពីការដឹងគុណដែលព្រះវរបិតាដែលគង់នៅស្ថានសួគ៌ និងព្រះអង្គសង្គ្រោះមានសម្រាប់ខ្ញុំយ៉ាងសាមញ្ញ សម្រាប់ការធ្វើជាម្ដាយដែលព្យាយាមធ្វើឲ្យកាន់តែប្រសើរឡើង ។ ទ្រង់ទាំងទ្វេទតឃើញការខិតខំប្រឹងប្រែងរបស់ខ្ញុំ ហើយនៅទីនោះដើម្បីជួយខ្ញុំឲ្យធ្វើជាម្តាយ និងកូនស្រីដែលទ្រង់ទាំងទ្វេទតឃើញនៅក្នុងខ្ញុំ ។
ខ្ញុំដឹងអស់ពីដួងចិត្តរបស់ខ្ញុំថា ព្រះជ្រាបដឹង និងស្រឡាញ់ខ្ញុំតាមរយៈ « ព្រះចេស្ដាដែលអាចធ្វើបាននៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ » យើងអាចប្រែក្លាយជាបុគ្គលដែលយើងសង្ឃឹមចង់ប្រែក្លាយ ។