« ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » លីអាហូណា ខែកញ្ញា ឆ្នាំ២០២៥ ។
ខួប លើកទី៣០
ក្រុមគ្រួសារ
ការប្រកាសដល់ពិភពលោក
យើងជាគណៈប្រធានទីមួយ និងក្រុមប្រឹក្សានៃពួកសាវកដប់ពីរនាក់នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សូមប្រកាសជាឧឡារិកថា អាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រី គឺត្រូវបានតែងតាំងឡើងដោយព្រះ ហើយថាគ្រួសារជាផ្នែកដ៏សំខាន់មួយ នៅក្នុងផែនការរបស់ព្រះដ៏បង្កបង្កើត សម្រាប់គោលដៅដ៏នៅអស់កល្បជានិច្ចនៃកូនចៅរបស់ទ្រង់ ។
មនុស្សទាំងអស់—ទាំងប្រុសទាំងស្រី—ត្រូវបានបង្កើតឡើងតាមរូបភាពនៃព្រះ ។ មនុស្សម្នាក់ៗសុទ្ធតែជាបុត្រា និងបុត្រីខាងវិញ្ញាណរបស់ព្រះមាតាបិតាសួគ៌ ដូច្នេះហើយមនុស្សម្នាក់ៗមានចរិត និងគោលដៅនៃព្រះ ។ ភេទប្រុសស្រីគឺជាលក្ខណៈពិសេសនៃអត្តសញ្ញាណ និងគោលបំណងរបស់បុគ្គលម្នាក់ៗនៅជីវិតមុនផែនដី ជីវិតរមែងស្លាប់ និងនៅអស់កល្បជានិច្ច ។
នៅជីវិតមុនផែនដី បុត្រា និងបុត្រីខាងវិញ្ញាណទាំងឡាយបានស្គាល់ ហើយបានថ្វាយបង្គំព្រះជាព្រះវរបិតាដ៏នៅអស់កល្បជានិច្ចរបស់ពួកគេ ហើយបានទទួលផែនការរបស់ទ្រង់ដែលនាំឲ្យកូនចៅទាំងឡាយអាចទទួលរូបកាយ ហើយនឹងទទួលបទពិសោធន៍នៅលើផែនដីដើម្បីរីកចម្រើនទៅរកភាពល្អឥតខ្ចោះ ហើយនៅទីបញ្ចប់នឹងដឹងពីគោលបំណងដ៏ទេវភាពរបស់ពួកគេ ដោយទទួលជីវិតដ៏នៅអស់កល្បទុកជាមរតក ។ ផែនការនៃសុភមង្គលដ៏ទេវភាពនេះ ផ្តល់លទ្ធភាពដល់ទំនាក់ទំនងក្រុមគ្រួសារចេះតែបន្តមានរហូតហួសពីសេចក្តីស្លាប់ ។ ពិធីបរិសុទ្ធ និងសេចក្តីសញ្ញាពិសិដ្ឋនានាដែលមាននៅក្នុងព្រះវិហារបរិសុទ្ធ អាចធ្វើឲ្យបុគ្គលម្នាក់ៗត្រឡប់ទៅកាន់វត្តមាននៃព្រះវិញ ហើយដើម្បីឲ្យក្រុមគ្រួសារ អាចត្រូវបានរួបរួមគ្នាដ៏អស់កល្បជានិច្ច ។
ព្រះបញ្ញត្តិទីមួយ ដែលព្រះបានប្រទានដល់លោកអ័ដាម និងនាងអេវ៉ា ទាក់ទងទៅនឹងសមត្ថភាពរបស់ពួកគេសម្រាប់ភាពជាឪពុកម្តាយក្នុងនាមជាស្វាមី និងភរិយា ។ យើងសូមប្រកាសថា ព្រះបញ្ញត្តិរបស់ព្រះឲ្យបុត្រាបុត្រីរបស់ទ្រង់បង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដីនេះនៅតែឲ្យប្រតិបត្តិនៅឡើយ ។ យើងសូមប្រកាសថែមទៀតថា ព្រះបានបញ្ជាថា អំណាចដ៏ពិសិដ្ឋនៃការបង្កើតកូន គឺត្រូវបានប្រើរវាងតែបុរស និងស្ត្រី ដែលបានរៀបអាពាហ៏ពិពាហ៍យ៉ាងស្របច្បប់ជាប្តី និងប្រពន្ឋប៉ុណ្ណោះ ។
យើងសូមប្រកាសថា មធ្យោបាយដើម្បីបង្កើតជីវិតរមែងស្លាប់នេះ គឺត្រូវបានតែងតាំងឡើងដោយព្រះ ។ យើងសូមបញ្ជាក់នូវការញែកចេញជាបរិសុទ្ធនៃជីវិត និងសារៈសំខាន់នៃជីវិតនៅក្នុងផែនការដ៏អស់កល្បជានិច្ចរបស់ព្រះ ។
ស្វាមី និងភរិយា មានការទទួលខុសត្រូវដ៏ឱឡារិកដើម្បីស្រឡាញ់ និងថែរក្សាគ្នាទៅវិញទៅមក ព្រមទាំងកូនចៅរបស់ខ្លួនផងដែរ ។ « កូនចៅជាមរតកពីព្រះយេហូវ៉ា » ( ទំនុកដំកើង ១២៧:៣ ) ។ ឪពុកម្តាយមានកាតព្វកិច្ចដ៏ពិសិដ្ឋដើម្បីចិញ្ចឹមបីបាច់កូនចៅរបស់ខ្លួនដោយក្តីស្រឡាញ់ និងសេចក្តីសុចរិត ផ្គត់ផ្គង់សេចក្តីត្រូវការទាំងខាងរូបកាយ និងខាងវិញ្ញាណរបស់ពួកគេ និងបង្រៀនពួកគេឲ្យចេះស្រឡាញ់ និងបម្រើគ្នាទៅវិញទៅមក ចេះគោរពព្រះបញ្ញត្តិទាំងឡាយនៃព្រះ ហើយធ្វើជាពលរដ្ឋល្អ ចេះគោរពច្បាប់គ្រប់ទីកន្លែងដែលពួកគេរស់នៅ ។ ស្វាមី និងភរិយា—ម្តាយ និងឪពុក—នឹងទទួលខុសត្រូវនៅចំពោះព្រះភ័ក្ត្រព្រះតាមការប្រតិបត្តិនៃភារកិច្ចទាំងឡាយនេះ ។
ក្រុមគ្រួសារគឺត្រូវបានតែងតាំងឡើងដោយព្រះ ។ អាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រី គឺជាផ្នែកមួយដ៏សំខាន់ក្នុងផែនការដ៏នៅអស់កល្បជានិច្ចរបស់ទ្រង់ ។ កូនចៅមានសិទ្ធិនឹងទទួលកំណើតមកក្នុងចំណងនៃអាពាហ៍ពិពាហ៍ ហើយនឹងត្រូវបានចិញ្ចឹមបីបាច់ដោយឪពុកម្តាយដែលគោរពប្រតិបត្តិតាមសច្ចានៃអាពាហ៍ពិពាហ៍ដោយស្មោះត្រង់ទាំងស្រុង ។ សុភមង្គលនៅក្នុងជីវិតគ្រួសារអាចកើតមានឡើងបាន នៅពេលធ្វើតាមការបង្រៀនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ អាពាហ៍ពិពាហ៍ និងគ្រួសារដែលមានភាពជោគជ័យ នោះគឺត្រូវស្ថាបនា និងថែរក្សានៅលើគោលការណ៍នៃសេចក្តីជំនឿ ការអធិស្ឋាន ការប្រែចិត្ត ការអភ័យទោស ការគោរពគ្នា សេចក្តីស្រឡាញ់ សេចក្តីមេត្តាករុណា ការងារ និងកម្មវិធីកំសាន្តល្អៗ នានា ។ តាមការតាក់តែងដ៏ទេវភាពនេះ ឪពុកត្រូវបានចាត់ឲ្យធ្វើជាអ្នកដឹកនាំនៅក្នុងគ្រួសាររបស់ខ្លួនដោយសេចក្ដីស្រឡាញ់ និងសេចក្ដីសុចរិត ហើយមានភារកិច្ចក្នុងការផ្គត់ផ្គង់សេចក្ដីត្រូវការក្នុងជីវិត ព្រមទាំងការពារក្រុមគ្រួសារខ្លួនផង ។ ម្តាយមានភារកិច្ចសំខាន់ដើម្បីថែរក្សាបីបាច់កូនចៅរបស់ខ្លួន ។ នៅក្នុងការទទួលខុសត្រូវដ៏ពិសិដ្ឋទាំងនេះ ឪពុក និងម្តាយមានកាតព្វកិច្ចដើម្បីជួយគ្នាទៅវិញទៅមកជាដៃគូស្មើភាពគ្នា ។ ពិការភាព មរណភាព ឬកាលៈទេសៈផ្សេងៗទៀត អាចនឹងត្រូវសម្របទៅតាមស្ថានភាពចាំបាច់របស់បុគ្គលម្នាក់ៗ ។ ញាតិសន្តាន ក្រុមគ្រួសារ គួរតែជួយគាំទ្រនៅពេលមានសេចក្តីត្រូវការ ។
យើងសូមព្រមានថា បុគ្គលណាដែលបំពានលើសេចក្តីសញ្ញានៃព្រហ្មចារីភាពដោយបានធ្វើបាបភរិយា ឬកូនចៅ ឬមិនបានបំពេញការទទួលខុសត្រូវក្នុងគ្រួសារ គង់តែថ្ងៃណាមួយនឹងទទួលខុសត្រូវនៅចំពោះព្រះ ។ លើសពីនេះទៅទៀត យើងសូមព្រមានថា ការបែកបាក់នៅក្នុងគ្រួសារនឹងនាំមកនូវមហន្តរាយដល់បុគ្គលនោះ សហគមន៍ និងជាតិសាសន៍ ដូចដែលបានទាយទុកជាមុនដោយពួកព្យាការីសម័យបុរាណ និងពួកព្យាការីសម័យទំនើប ។
យើងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងឡាយនៅក្នុងរដ្ឋាភិបាល ដែលទទួលខុសត្រូវនៅគ្រប់ទីកន្លែងទាំងអស់ សូមឲ្យគាំទ្រនូវអ្វីៗទាំងនេះ ដែលបានរៀបរាប់ឡើងដើម្បីទ្រទ្រង់ និងធ្វើឲ្យក្រុមគ្រួសារមាំមួនដូចជាអង្គភាពមួយដ៏សំខាន់នៃសង្គម ។