« ព្រះអម្ចាស់បាននាំខ្ញុំត្រឡប់ទៅផ្ទះ » លីអាហូណា ខែកញ្ញា ឆ្នាំ២០២៥ ។
សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ព្រះអម្ចាស់បាននាំខ្ញុំត្រឡប់ទៅផ្ទះ
នៅពេលខ្ញុំធ្វើតាមការបំផុសគំនិតខាងវិញ្ញាណឲ្យត្រឡប់ទៅប្រទេសបូលីវីវិញ ព្រះអម្ចាស់បានដឹកនាំខ្ញុំទៅកាន់ពរជ័យដែលមានគ្រួសារដ៏នៅអស់កល្បជានិច្ច ។
រចនារូបភាពដោយ ដេវីឌ ម៉ាឡាន
ខណៈខ្ញុំកំពុងរៀនថ្នាក់បណ្ឌិត និងបង្រៀនតន្ត្រីនៅសហរដ្ឋអាមេរិក ខ្ញុំបានព្យាយាមរស់នៅតាមដំណឹងល្អ ហើយទទួលអារម្មណ៍ពីឥទ្ធិពលរបស់ព្រះក្នុងជីវិតរបស់ខ្ញុំ ។ ខ្ញុំនៅឆ្ងាយពីផ្ទះ ហើយពេលខ្លះមានអារម្មណ៍ថាឯកោ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាមានសេចក្តីស្រឡាញ់ និងព្រះសូរសៀងរបស់ទ្រង់ដឹកនាំការសម្រេចចិត្តរបស់ខ្ញុំ ។
ថ្ងៃមួយអារម្មណ៍មួយបានផុសក្នុងចិត្តខ្ញុំ ថាខ្ញុំគួរត្រឡប់ទៅប្រទេសកំណើតរបស់ខ្ញុំនៅបូលីវីវិញ ។ ការត្រឡប់ទៅវិញមិនមែនជាការសម្រេចចិត្តដែលខ្ញុំបានធ្វើឡើងលំៗនោះទេ ។ អ្វីៗគ្រប់យ៉ាងបានដំណើរការទៅល្អណាស់ ។ ប៉ុន្តែបន្ទាប់ពីអធិស្ឋាន ខ្ញុំមានអារម្មណ៍យ៉ាងខ្លាំងថា ខ្ញុំគួរតែត្រឡប់ទៅវិញ ពីព្រោះមានអ្វីសំខាន់កំពុងរង់ចាំខ្ញុំ ។
បន្ទាប់ពីការត្រឡប់មកវិញរបស់ខ្ញុំ កម្មវិធីបរិញ្ញាបត្រផ្នែកតន្ត្រីបានបើកនៅសាកលវិទ្យាល័យដ៏ល្បីមួយរបស់បូលីវី ជាកន្លែងដែលខ្ញុំស្វែងរកការងារធ្វើជាសាស្រ្តាចារ្យ ។
មិនយូរប៉ុន្មាននៅក្នុងវួដកំណើតរបស់ខ្ញុំ ខ្ញុំបានជួបយុវនារីម្នាក់ដែលខ្ញុំមិនធ្លាប់ឃើញពីមុនមក ។ ឪពុកម្ដាយរបស់នាងបានប្រែចិត្តជឿចូលសាសនាចក្រ ខណៈខ្ញុំកំពុងរៀបចំចាកចេញទៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ។ យើងបានចាប់ផ្ដើមណាត់ជួប ហើយរៀបការនឹងគ្នា ដែលជាពរជ័យដ៏អស្ចារ្យក្នុងជីវិតរបស់ខ្ញុំ ។
ពីរឆ្នាំមុន ជីដូនរបស់ខ្ញុំបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីក ។ យើងជិតស្និទ្ធនឹងគ្នាណាស់ ។ កាលខ្ញុំនៅក្មេង គាត់តែងតែប្រាប់ខ្ញុំថា « ចៅនៅជាមួយយាយជានិច្ច ហើយយាយដឹងថា ចៅនឹងមើលថែយាយ » ។
ដោយសារតែខ្ញុំបានត្រឡប់មកផ្ទះវិញ ខ្ញុំនៅជាមួយគាត់នៅពេលដែលគាត់ត្រូវការខ្ញុំ ដោយចំណាយពេលជាមួយគាត់ជារៀងរាល់ថ្ងៃក្នុងអំឡុងខែចុងក្រោយរបស់គាត់ ។ គាត់មិនបានចូលរួមក្នុងសាសនាចក្រទេពីមុនគាត់បានទទួលមរណភាព ប៉ុន្តែគាត់ចូលចិត្តទស្សនាវដ្តី លីអាហូណា ព្រះគម្ពីរមរមន និងសន្និសីទទូទៅ ។ គាត់បានមានប្រសាសន៍ថា ៖ « យាយជឿទាំងអស់ ។ »
ក្រោយមក ខ្ញុំមានពរដែលបាននៅក្នុងព្រះវិហារបរិសុទ្ធ កូឆាបាមបា បូលីវី ជាមួយឪពុកម្តាយរបស់ខ្ញុំ នៅពេលជីដូនរបស់ខ្ញុំត្រូវបានផ្សារភ្ជាប់ជាមួយជីតារបស់ខ្ញុំ ដែលបានស្លាប់ទាំងវ័យក្មេង ។ គាត់មិនដែលរៀបការម្តងទៀតឡើយ ។ ខ្ញុំមានអារម្មណ៍ថាពួកគាត់នៅទីនោះក្នុងព្រះវិហារបរិសុទ្ធជាមួយយើង ដោយរីករាយ និងនៅជាមួយគ្នាម្តងទៀត ។ ការមើលឃើញឪពុកម្ដាយខ្ញុំនៅក្នុងបន្ទប់ផ្សារភ្ជាប់ឈរជំនួសពួកគាត់ គឺជាទិដ្ឋភាពដ៏ស្រស់ស្អាត ។
យើងមិនដឹងថាអ្វីនឹងកើតឡើងក្នុងជីវិតរបស់យើងយ៉ាងណានោះទេ ប៉ុន្តែព្រះអម្ចាស់ជ្រាបថា យើងគួរនៅកន្លែងណា ។ ទ្រង់ក៏ដឹងពីរបៀបដើម្បីប្រទានពរដល់យើង ហើយទ្រង់នឹងដឹកនាំយើងឲ្យធ្វើការជំនួសទ្រង់ ដើម្បីផ្ដល់ពរដល់អ្នកដទៃ ។ ប្រសិនបើយើងជឿជាក់លើព្រះប្រាជ្ញាញាណ និងការដឹកនាំរបស់ទ្រង់ ខ្ញុំដឹងថាទ្រង់អាចធ្វើអ្វីៗជាច្រើនក្នុងជីវិតរបស់យើង ច្រើនជាងយើងអ្វីដែលយើងអាចធ្វើបានដោយខ្លួនយើង ។