« សំណួរ និងចម្លើយអំពីសុខភាពផ្លូវចិត្ត » លីអាហូណា ខែកញ្ញា ឆ្នាំ២០២៥ ។
មកពី យុវមជ្ឈិមវ័យ ប្រចាំសប្តាហ៍
សំណួរ និងចម្លើយអំពី សុខភាពផ្លូវចិត្ត
គ្រប់រឿងដែលមិនយុត្តិធម៌អំពីជីវិតនឹងធ្វើឲ្យត្រឹមត្រូវដោយសារតែព្រះយេស៊ូវគ្រីស្ទ ។
ការស្វែងរកអំណរនៅក្នុងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ខណៈដែលកំពុងធ្វើឲ្យបញ្ហាសុខភាពផ្លូវចិត្ដមានតុល្យភាព ពេលខ្លះអាចមានអារម្មណ៍ថាមិនអាចទៅរួចនោះទេ ។ កម្លាំងដែលពិបាកគ្រប់គ្រងអាចរារាំងយើងពីការទទួលអារម្មណ៍នៃឥទ្ធិពលរបស់ព្រះវិញ្ញាណបរិសុទ្ធ ប្រហែលជាធ្វើឲ្យយើងឆ្ងល់ថាហេតុអ្វីបានជាយើងនៅបន្តព្យាយាមទៀត ។
ទោះបីជាព្រះអម្ចាស់មិនបានបង្ហាញចម្លើយទាំងអស់ចំពោះការអង្វរករដោយស្មោះអស់ពីចិត្តរបស់យើងក៏ដោយ ក៏ទ្រង់បានផ្តល់ការណែនាំ ការប្រឹក្សា ការលួងលោម និងសេចក្តីសង្ឃឹមតាមរយៈព្យាការី និងសាវករបស់ទ្រង់ និងថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀតផងដែរ ។
នេះគឺជាប្រសាសន៍ដ៏បំផុសគំនិតមួយចំនួនរបស់ពួកលោក ដែលអាចជួយឆ្លើយសំណួរទូទៅដែលបានសួរដោយយុវមជ្ឈិមវ័យ ។ ប្រសិនបើសំណួរទាំងនេះជាកង្វល់នៅក្នុងចិត្តរបស់អ្នកនោះ សូមដឹងថាដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទនឹងនាំឲ្យអ្នកមានភាពសុខសាន្ត និងសេចក្តីសង្ឃឹមនៅពេលអ្វីផ្សេងទៀតមិនអាចជួយបាន ។
ទទួលអារម្មណ៍ពីព្រះវិញ្ញាណ
សំណួរ ៖ តើបញ្ហាសុខភាពផ្លូវចិត្តរបស់ខ្ញុំជាលទ្ធផលនៃអំពើបាបដែរឬទេ ?
ចំ ៖ « វាគឺជារឿងសំខាន់ដើម្បីស្គាល់ថា [ បញ្ហាសុខភាពផ្លូវចិត្ត ] ពុំមែនជាលទ្ធផលនៃភាពទន់ខ្សោយ ឬជាលទ្ធផលនៃអំពើបាបឡើយ ។ … យើងអាចឆ្លងកាត់ពពកនៃភាពឯកោ និងការមាក់ងាយបានជាមួយគ្នា ដើម្បីឲ្យបន្ទុកនៃភាពអាម៉ាស់ត្រូវបានលើកឡើង ហើយអព្ភូតហេតុនៃការព្យាបាលអាចកើតមានឡើង » ។
ស៊ីស្ទើរ រ៉េណា អ៊ី អាប៊ឺតូ អតីតទីប្រឹក្សាទីពីរក្នុងគណៈប្រធានសមាគម សង្គ្រោះទូទៅ « Thru Cloud and Sunshine, Lord, Abide with Me ! » Liahona ខែវិច្ឆិកា ឆ្នាំ២០១៩ ទំព័រ ៥៨ ។
សំណួរ ៖ ហេតុអ្វីបានជាខ្ញុំមិនមានភាពប្រសើរឡើង នៅពេលដែលខ្ញុំកំពុងធ្វើអ្វីដែលត្រឹមត្រូវហើយនោះ ?
ចំ ៖ « សូមកុំគិតថាអ្នកអាចដោះស្រាយរឿងគ្រប់យ៉ាងបានឲ្យសោះ ប៉ុន្តែសូមដោះស្រាយនូវអ្វីដែលអ្នកអាចធ្វើបាន » ។ ប្រសិនបើទាំងនោះគ្រាន់តែជាជ័យជម្នះតូចៗ សូមមានអំណរគុណចំពោះរឿងទាំងនោះ និងមានភាពអត់ធ្មត់ ។ រាប់រយដងនៅក្នុងបទគម្ពីរ ព្រះអម្ចាស់ បង្គាប់ឲ្យនរណាម្នាក់ ‹ ឈរឲ្យស្ងៀម › ឬ ‹ នៅឲ្យស្ងៀម ›—ហើយរង់ចាំ ។ ការអត់ធ្មត់ស៊ូទ្រាំនឹងរឿងមួយចំនួនគឺជាផ្នែកមួយនៃការរៀនសូត្រក្នុងជីវិតរមែងស្លាប់របស់យើង » ។
ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ « Like a Broken Vessel » Liahona ខែវិច្ឆិកា ឆ្នាំ២០១៣ ទំព័រ ៤១ ។
សំណួរ ៖ តើខ្ញុំអាចដឹងថា ខ្ញុំកំពុងទទួលបានចម្លើយចំពោះការអធិស្ឋានបានដោយរបៀបណា នៅពេលដែលសុខភាពផ្លូវចិត្តរបស់ខ្ញុំធ្វើឲ្យខ្ញុំពិបាកទទួលបានចម្លើយទាំងនោះនោះ ?
នៅក្នុងភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមជាច្រើនដែលយើងជួបប្រទះនៅក្នុងជីវិតរបស់យើង ព្រះតម្រូវឲ្យយើងធ្វើឲ្យអស់ពីសមត្ថភាព ត្រូវធ្វើសកម្មភាពដោយខ្លួនឯង ហើយពុំមែនទទួលសកម្មភាពទេ ( សូមមើល នីហ្វៃទី២ ២:២៦ ) ហើយទុកចិត្តលើទ្រង់ ។ … ជាញឹកញប់ យើងអាចនឹងឆ្ពោះទៅមុខដោយសេចក្ដីសង្ឃឹម និងការអធិស្ឋាន—ប៉ុន្តែដោយគ្មានការធានាពេញលេញ—ថាយើងកំពុងធ្វើតាមព្រះទ័យរបស់ព្រះនោះឡើយ ។ ប៉ុន្តែនៅពេលយើងគោរពសេចក្ដីសញ្ញារបស់យើង ហើយរក្សាបទបញ្ញត្តិទាំងឡាយ កាលយើងព្យាយាមធ្វើល្អ និងប្រែក្លាយកាន់តែប្រសើរឡើង នោះយើងអាចដើរដោយមានទំនុកចិត្តថា ព្រះនឹងដឹកនាំជំហានរបស់យើង » ។
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ « The Spirit of Revelation » Liahona ខែឧសភា ឆ្នាំ២០១១ ទំព័រ ៩០ ។
សំណួរ ៖ តើខ្ញុំអាចមានអារម្មណ៍នៃអំណរនៅក្នុងដំណឹងល្អដោយរបៀបណា នៅពេលដែលជំងឺធ្លាក់ទឹកចិត្តធ្វើឲ្យវាពិបាកក្នុងការមានអំណរនោះ ?
ចំ ៖ « កាលបងប្អូនស្រាវជ្រាវព្រះបន្ទូលនៃព្រះដើម្បីយល់ដឹងកាន់តែខ្លាំងអំពីផែនការដ៏អស់កល្បជានិច្ចរបស់ព្រះ … និងខិតខំដើរនៅលើផ្លូវរបស់ទ្រង់ នោះបងប្អូននឹងដកពិសោធន៍ ‹ សេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត › [ ភីលីព ៤:៧ ] សូម្បីតែនៅកណ្ដាលទុក្ខសោកក៏ដោយ ។ បងប្អូននឹងទទួលបានអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះដែលមិនអាចប្រៀបផ្ទឹមកាន់តែខ្លាំងក្នុងចិត្តបងប្អូន ។ ពន្លឺសេឡេស្ទាលដែលរះឡើងនឹងចាក់ចូលទៅក្នុងស្រមោលនៃការសាកល្បងរបស់បងប្អូន ហើយបងប្អូននឹងចាប់ផ្ដើមភ្លក់សិរីល្អរុងរឿងដែលមិនអាចថ្លែងបាននេះ និងអព្ភូតហេតុនៃពិភពសួគ៌ាដែលមើលពុំឃើញ និងដ៏ល្អឥតខ្ចោះ ។ បងប្អូននឹងមានអារម្មណ៍ថា វិញ្ញាណរបស់បងប្អូនត្រូវបានលើកចេញពីទំនាញនៃលោកិយនេះ » ។
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ « អំណរខ្ពស់ជាងនេះ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៤ ទំព័រ ៦៩ ។
ការទទួលបានព្រះចេស្តារបស់ព្រះយេស៊ូវគ្រីស្ទ
សំណួរ ៖ តើខ្ញុំអាចរៀនដើម្បីជឿទុកចិត្ត និងពឹងផ្អែកលើព្រះគ្រីស្ទដោយរបៀបណា នៅពេលដែលខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចទុកចិត្តខ្លួនឯងបានដោយសារបញ្ហាសុខភាពផ្លូវចិត្តរបស់ខ្ញុំ ?
ចំ ៖ « កាលណាបងប្អូនរៀនពីព្រះអង្គសង្គ្រោះកាន់តែច្រើន នោះវាកាន់តែងាយស្រួលដើម្បីទុកចិត្តលើសេចក្ដីមេត្តារបស់ទ្រង់ សេចក្ដីស្រឡាញ់ដ៏និរន្ដររបស់ទ្រង់ និងព្រះចេស្ដារបស់ទ្រង់ក្នុងការពង្រឹង ព្យាបាល និងប្រោសលោះ ។ …
« … បើអ្វីគ្រប់យ៉ាង ហើយមនុស្សគ្រប់គ្នាក្នុងពិភពលោកនេះដែលបងប្អូនទុកចិត្ត ធ្វើឲ្យបងប្អូនខកចិត្ត នោះព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់នឹង មិនដែល ធ្វើឲ្យបងប្អូនខកចិត្តឡើយ » ។
រ័សុល អិម ណិលសុន « ព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ សេចក្តីជំនឿលើទ្រង់នឹងរើភ្នំចេញបាន » លីអាហូណា ខែឧសភា ឆ្នាំ២០២១ ទំព័រ ១០៣, ១០៤ ។
សំណួរ ៖ តើព្រះគ្រីស្ទពិតជាជ្រាបដឹងពីអារម្មណ៍របស់ខ្ញុំមែនឬ ?
ចំ ៖ « ប្រហែលជាពុំមានសមាជិកគ្រួសារ មិត្តភក្ដិ ឬអ្នកដឹកនាំបព្វជិតភាព—ដែលដឹងពិតប្រាកដពីអ្វីដែលបងប្អូនកំពុងមានអារម្មណ៍ ឬមានពាក្យត្រឹមត្រូវដើម្បីជួយបងប្អូនជាសះស្បើយនោះទេ ។ ប៉ុន្តែ សូមដឹងរឿងនេះ ៖ មានព្រះមួយអង្គដែលយល់ជ្រាបដឹងឥតខ្ចោះនូវអ្វីដែលបងប្អូនកំពុងជួបដែល ‹ ទ្រង់មានអំណាចជាងអ្វីៗនៅលើផែនដីនេះទាំងអស់ › [ នីហ្វៃទី១ ៤:១ ] ហើយទ្រង់ ‹ អាចនឹងធ្វើហួសសន្ធឹកលើសជាងអស់ទាំងសេចក្តីដែល [ បងប្អូន ] សូម ឬគិត › [ អេភេសូរ ៣:២០ ] » ។
អែលឌើរ ម៉ាធ្យូ អេស ហូឡិន នៃពួកចិតសិបនាក់ « The Exquisite Gift of the Son » Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ ៤៦ ។
ការទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះ
សំណួរ ៖ តើព្រះនៅតែស្រឡាញ់ខ្ញុំដែរទេ ទោះបីជាខ្ញុំមានបញ្ហាសុខភាពផ្លូវចិត្តក៏ដោយ ?
ចំ ៖ « ប្រហែលជាមានសំឡេងនៃការមិនយល់ស្របគ្នា និងនៃភាពងងឹតដែលធ្វើឲ្យបងប្អូនលង់ក្នុងគំនិតរបស់បងប្អូន ប្រហែលជាមានសារដែលប្រាប់ថាបងប្អូនមានរបួសធ្ងន់ពេក វិលវល់ ខ្សោយពេក និងត្រូវបានគេមើលរំលង ខុសស្រឡះពីអ្នកដទៃ ឬវង្វេង ដែលនាំឲ្យបងប្អូនមិនបានទទួលនូវសេចក្ដីស្រឡាញ់ពីស្ថានសួគ៌តាមរបៀបពិតណាមួយ។ បើសិនបងប្អូនឮគំនិតទាំងនោះ សូមស្ដាប់នូវការណ៍នេះ ៖ សំឡេងទាំងនោះគឺខុសទាំងអស់ ។ យើងអាចមិនយកចិត្តទុកដាក់ដោយមានទំនុកចិត្តនូវភាពមិនឥតខ្ចោះទាំងឡាយណា ដែលធ្វើឲ្យយើងមិនស័ក្ដិសមនឹងសេចក្ដីស្រលាញ់សួគ៌ា » ។
អែលឌើរ ខាល ឌី ហើសត៏ នៃពួកចិសិបនាក់ « បុត្រសំណព្វរបស់ព្រះ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៤ ទំព័រ ១១ ។
សំណួរ ៖ ហេតុអ្វីបានជាព្រះមិនដកយកបញ្ហាប្រឈមនេះចេញ ?
ចំ ៖ « ក្នុងការខិតខំរកក្ដីសុខសាន្ដ និងការយល់ខ្លះពីបញ្ហាលំបាកទាំងនេះ វាសំខាន់ត្រូវចាំថា យើងកំពុងរស់នៅ—និងបានជ្រើសរើសរស់នៅ—ក្នុងពិភពលោកវឹកវរមួយ ដែលការខិតខំដ៏ស្មោះត្រង់របស់យើងឆ្ពោះទៅរកភាពដូចជាព្រះ នឹងទទួលការសាកល្បង និងត្រូវព្យាយាមដដែលៗ ។ ក្នុងការអះអាងដ៏អស្ចារ្យបំផុតក្នុងផែនការព្រះ ព្រះអង្គសង្គ្រោះត្រូវបានសន្យា ជាព្រះមួយអង្គដែលជួយយើងឲ្យឈ្នះពីការសាកល្បងទាំងនោះ តាមរយៈជំនឿយើងទៅលើទ្រង់ ទោះព្រះបិតា ជាអង្គដែលបញ្ជូនទ្រង់មក និងព្រះរាជបុត្រា ជាអង្គដែលយាងមក ត្រូវបង់ថ្លៃដ៏ធំដើម្បីធ្វើកិច្ចការនោះក្ដី ។ វាជាការដឹងគុណតែមួយគត់ចំពោះក្ដីស្រឡាញ់ដ៏ទេវភាពនេះ ដែលនឹងធ្វើឲ្យការរងទុក្ខតិចតួចរបស់យើង ដំបូង អាចទ្រាំទ្របាន រួចហើយអាចយល់ និងចុងក្រោយ អាចសង្គ្រោះបាន » ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ « Like a Broken Vesse » Liahona ខែវិច្ឆិកា ឆ្នាំ២០១៣ ទំព័រ ៤០ ។
ការជ្រើសរើសដើម្បីនៅរស់
សំណួរ ៖ ប្រសិនបើខ្ញុំដឹងថាជីវិតក្រោយជីវិតនេះនឹងប្រសើរជាង ហេតុអ្វីបានជាខ្ញុំគួរបន្តនៅរស់នៅក្នុងជីវិតនេះ ?
ចំ ៖ « មិនថាការព្រួយបារម្ភ ឬការលំបាករបស់ប្អូនជាអ្វីនោះទេ ការស្លាប់ដោយការធ្វើអត្តឃាតគឺពិតជា មិនមែន ជាចម្លើយនោះទេ ។ វានឹងមិនបំបាត់ការឈឺចាប់ដែលប្អូនកំពុងមានអារម្មណ៍ ឬដែលបងប្អូនគិតថាបងប្អូនកំពុងបង្កនោះទេ ។ នៅក្នុងពិភពលោកមួយដែលត្រូវការពន្លឺយ៉ាងខ្លាំងក្រៃលែង សូម កុំ បន្ថយពន្លឺដ៏អស់កល្បដែលព្រះបានដាក់នៅក្នុងព្រលឹង របស់ប្អូនៗ តាំងតែពីមុនប្អូនមកកាន់ពិភពលោកនេះឡើយ ។ សូមនិយាយប្រាប់នរណាម្នាក់ ។ សូមស្វែងរកជំនួយ ។ សូម កុំ បំផ្លាញជីវិតដែលព្រះគ្រីស្ទបានលះបង់ព្រះជន្ម ទ្រង់ ដើម្បីរក្សាជីវិតយើងនោះឡើយ ។ បងប្អូនអាចរែកបញ្ហាជីវិតនៃជីវិតរមែងស្លាប់នេះបាន ដោយសារតែយើងនឹងជួយបងប្អូនឲ្យរែកវាបាន ។
ប្រធាន ជែហ្វ្រី អ័រ ហូឡិន ប្រធានស្តីទីនៃកូរ៉ុមនៃសាវកដប់ពីរនាក់ « កុំខ្លាចឡើយ ៖ ឲ្យគ្រាន់តែជឿប៉ុណ្ណោះ ! » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៣៦ ។
« បងប្អូនប្រុសស្រី មិនថាភាពស្មុគស្មាញរបស់បងប្អូនជាអ្វីនោះទេ—ទោះជាផ្នែកស្មារតី ឬអារម្មណ៍ ឬខាងរូបកាយ ឬទោះជាអ្វីក្តី—សូមកុំបោះបង់ចោលអ្វី ដែលមានតម្លៃបំផុតក្នុងជីវិតដោយការបញ្ចប់ជីវិតឡើយ ! សូមទុកចិត្តលើព្រះ ។ សូមតោងឲ្យជាប់នឹងសេចក្តីស្រឡាញ់របស់ទ្រង់ ។ សូមគិតថា នៅថ្ងៃណាមួយ ភាពខ្មៅងងឹតនឹងចេញជាពន្លឺ ហើយស្រមោលនៃជីវិតរមែងស្លាប់នឹងបាត់ទៅ ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ « Like a Broken Vessel » Liahona ខែវិច្ឆិកា ឆ្នាំ២០១៣ ទំព័រ ៤២ ។
ការគាំទ្រដល់មនុស្សជាទីស្រឡាញ់
សំណួរ ៖ តើខ្ញុំអាចគាំទ្រមនុស្សជាទីស្រឡាញ់របស់ខ្ញុំដែលកំពុងប្រឈមមុខនឹងបញ្ហាសុខភាពផ្លូវចិត្តដោយរបៀបណា ?
ចំ ៖ « ការផ្តល់ចំណេះដឹងឲ្យខ្លួនឯងអំពីជំងឺផ្លូវចិត្តរៀបចំយើងដើម្បីជួយខ្លួនយើង និងអ្នកដទៃដែលអាចនឹងកំពុងជួបបញ្ហានេះ ។ ការពិភាក្សាដោយបើកចំហ និងដោយស្មោះត្រង់ជាមួយគ្នា នឹងជួយឲ្យប្រធានបទដ៏សំខាន់នេះទទួលបានការយកចិត្តទុកដាក់ដែលវាសមនឹងទទួលបាន ។ នៅទីបំផុត ព័ត៌មាននឹងនាំឲ្យមានការបំផុសគំនិត និងវិវរណៈ ។ ជាញឹកញាប់ណាស់ បញ្ហាប្រឈមមុខដែលមើលមិនឃើញទាំងអស់នេះអាចប៉ះពាល់ដល់នរណាម្នាក់ ហើយនៅពេលដែលយើងប្រឈមមុខនឹងបញ្ហាទាំងនោះ វាហាក់ដូចជាធំខ្លាំងណាស់ ។
« កិច្ចការដំបូងមួយដែលយើងត្រូវរៀននោះ គឺថាយើងពិតជាមិននៅឯកោទេ ។ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យសិក្សាប្រធានបទនៃសុខភាពផ្លូវចិត្តនៅក្នុងផ្នែកជួយដល់ជីវិតនៃកម្មវិធីបណ្ណាល័យដំណឹងល្អ ។ ការរៀនសូត្រនឹងនាំឲ្យមានការយល់ដឹងកាន់តែច្រើន ការទទួលស្គាល់កាន់តែច្រើន ការអាណិតអាសូរ សេចក្តីស្រឡាញ់កាន់តែច្រើន ។ វាអាចកាត់បន្ថយនូវសោកនាដកម្មខណៈពេលដែលវាជួយយើងអភិវឌ្ឍ និងគ្រប់គ្រងការរំពឹងទុក និងទំនាក់ទំនងនានាដែលប្រកបដោយសុខភាពល្អប្រសើ » ។
អែលឌើរ អ៊ីរីច ដបុលយូ កូពីសឆ្កេរ នៃពួកចិតសិបនាក់ « Addressing Mental Health » Liahona ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ៣៨ ។
សំណួរ ៖ មនុស្សជាទីស្រឡាញ់របស់ខ្ញុំម្នាក់បានស្លាប់ដោយការធ្វើអត្តឃាតដោយសារបញ្ហាសុខភាពផ្លូវចិត្ត ។ តើនឹងមានអ្វីកើតឡើងចំពោះពួកគេ ?
ចំ ៖ « មានគំនិតចាស់បុរាណមួយដែលថា ការធ្វើអត្តឃាតគឺជាអំពើបាប ហើយនរណាម្នាក់ដែល [ ស្លាប់ដោយសារ ] ការធ្វើអត្តឃាតត្រូវបានបណ្តេញចេញទៅស្ថាននរកជារៀងរហូត ។ នោះគឺជាការមិនពិតទាល់តែសោះ ។ ខ្ញុំជឿថាករណីភាគច្រើននឹងរកឃើញថា បុគ្គលទាំងនេះបានរស់នៅក្នុងជីវិតដ៏អស្ចារ្យ ហើយការធ្វើអត្តឃាតនឹងមិនមែនជាលក្ខណៈកំណត់នៃភាពអស់កល្បរបស់ពួកគេនោះទេ » ។
អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ « Renlund: Understanding Suicide » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
ឆ្ពោះទៅមុខ និងសម្លឹងមើលទៅលើ
ចម្លើយមួយចំនួនដែលព្រះប្រទានដល់យើងគឺខុសគ្នាពីអ្វីដែលយើងសង្ឃឹមចង់បាន ហើយចម្លើយខ្លះទៀតមិនមកក្នុងជីវិតនេះទេ ។ ខណៈពេលដែលយើងមិនដឹងអ្វីៗគ្រប់យ៉ាងអំពីមូលហេតុដែលយើងជាច្រើនប្រយុទ្ធប្រឆាំងនឹងបញ្ហាសុខភាពផ្លូវចិត្តនៅពេលឥឡូវនេះ យើងអាចយកចិត្តទុកដាក់ទៅលើការសន្យាថា ថ្ងៃណាមួយយើងនឹងមានការយល់ដឹងដ៏ឥតខ្ចោះចំពោះអ្វីៗទាំងអស់ ។ ការខិតខំប្រឹងប្រែងរបស់យើង—មិនថាវាមានអារម្មណ៍ឥតប្រយោជន៍ប៉ុនណានៅពេលខ្លះ—ក៏នឹងត្រូវធ្វើឲ្យមានតម្លៃផងដែរ ( សូមមើល កាឡាទី ៦:៩; គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:៣ ) ។
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា « ជំនឿគឺស្រស់ស្អាតដោយសារវានៅតែបន្ត ទោះបីជាពរជ័យមិនបានមកដូចក្តីសង្ឃឹមក៏ដោយ ។ យើងមិនអាចមើលឃើញអនាគត យើងមិនអាចដឹងគ្រប់ចម្លើយទាំងអស់ឡើយ ប៉ុន្តែយើងអាចទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ ខណៈដែលយើងបន្តរីកចម្រើនទៅមុខ ដោយសារទ្រង់គឺជាព្រះអង្គសង្រ្គោះ និងព្រះប្រោសលោះរបស់យើង » ។
នៅពេលបងប្អូន និងមនុស្សដែលបងប្អូនស្រឡាញ់រុកគួនដោយភាពស្មុគស្មាញនៃសុខភាពផ្លូវចិត្ត សូមចងចាំថា អ្វីៗទាំងអស់ដែលមិនយុត្តិធម៌អំពីជីវិតនឹងត្រូវបានធ្វើឲ្យត្រឹមត្រូវដោយសារតែព្រះយេស៊ូវគ្រីស្ទ ។ ចូរដើរឆ្ពោះទៅមុខ—ដោយមានទ្រង់គង់នៅក្បែរបងប្អូន នោះបងប្អូនអាចស៊ូទ្រាំដោយក្តីសង្ឃឹមជានិច្ចបាន ។