« មេរៀនដែលបានរៀនពីការយាងអញ្ជើញព្រះគ្រីស្ទឲ្យនិពន្ធដំណើររឿងរបស់ខ្ញុំ » លីអាហូណា ខែកញ្ញា ឆ្នាំ២០២៥ ។
ស្រ្តីនៃសេចក្តីសញ្ញា
មេរៀនដែលបានរៀនពីការយាងអញ្ជើញព្រះគ្រីស្ទឲ្យនិពន្ធដំណើររឿងរបស់ខ្ញុំ
យើងទាំងអស់គ្នាមានបទពិសោធន៍ខុសៗគ្នា ប៉ុន្តែប្រសិនបើយើងអនុញ្ញាតឲ្យព្រះឈ្នះក្នុងជីវិតរបស់យើង នោះយើងនឹងបំពេញនូវកម្រិតនៃការបង្កបង្កើតរបស់យើងតាមរបៀបដែលយើងមិននឹកស្មានដល់ ។
សេចក្តីលម្អិតមកពី Protector by Day and by Night [ ការពារពេលថ្ងៃ និងពេលយប់ ] ដោយ ខេតលីន ខូនណូលី ហាមថតចម្លង
នៅឆ្នាំ២០១៦—នៅកណ្ដាលនៃអាពាហ៍ពិពាហ៍ជិតបីទស្សវត្សរ៍ ការចិញ្ចឹមបីបាច់ និងការថែទាំ និងការស្រឡាញ់កូនប្រុសទាំងបីនាក់របស់យើង ការបំពេញការងារផ្នែកច្បាប់ពេញម៉ោង ការបម្រើការហៅក្នុងសាសនាចក្រ និងការយកចិត្តទុកដាក់ចំពោះតម្រូវការនៃសាច់ញាតិរបស់យើង—ស្វាមីខ្ញុំ ឌុក និងខ្ញុំត្រូវបានហៅឲ្យបម្រើរយៈពេលបីឆ្នាំ ជាអ្នកដឹកនាំបេសកកម្មនៅ អារីគីប៉ា ប្រទេសប៉េរូ ។ យើងបានចេញទៅបម្រើបន្ទាប់ពីចៅប្រុសដំបូងរបស់យើងបានកើតមក ។
យើងបានត្រឡប់មកផ្ទះវិញនៅឆ្នាំ២០១៩ ក៏មានចៅស្រីពីរនាក់ថ្មីទៀត ។ កូនប្រុសច្បងរបស់យើងពីរនាក់បានរៀបការ កូនពៅកំពុងមានស្នេហា ហើយមិនយូរប៉ុន្មានក៏បានរៀបការដែរ ។ ខ្ញុំបានត្រឡប់ទៅធ្វើការផ្នែកច្បាប់វិញ ហើយការហៅដែលខ្ញុំចូលចិត្តបំផុត គឺភាពជាម្តាយ និងជីដូន ។
ហើយក្រោយមកការហៅឲ្យបម្រើជាប្រធានអង្គការបឋមសិក្សាក៏ត្រូវបានហៅ ។ ផែនការជីវិតដ៏ងាយស្រួលដែលខ្ញុំបានតាក់តែងសម្រាប់ខ្លួនខ្ញុំគឺការចំណាយពេលជាមួយគ្រួសារខ្ញុំ ការបម្រើការងារផ្នែកច្បាប់មួយទសវត្សរ៍ទៀតដើម្បីធានានូវសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ និងការបម្រើនៅក្នុងវួដរបស់ខ្ញុំ ឬនៅក្នុងព្រះវិហារបរិសុទ្ធ ។
ចុះមានអ្វីបើខ្ញុំជាប់គាំងទៅនឹងនិទានកថាដ៏ស្រួលបែបនេះ ?
ខ្ញុំនឹងរីករាយក្នុងការចំណាយពេលជាច្រើនទៀតជាមួយចៅៗរបស់ខ្ញុំ ហើយខ្ញុំអាចមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុរបស់ខ្ញុំ ។ ប៉ុន្តែ ខ្ញុំនឹងបាត់បង់បទពិសោធន៍នៃការប្រឹងប្រែង ការជួយដល់ព្រលឹងវិញ្ញាណ និងការស្ថាបនាសេចក្តីជំនឿ ។ ពិបាកណាស់ឬ ? ចាស ! មានតម្លៃឬ ? អូ មានតម្លៃខ្លាំងណាស់ !
ខ្ញុំសូមថ្លែងជាសាក្សីរបស់ខ្ញុំថា « ដោយសារ[ ព្រះអង្គសង្រ្គោះ ]ជ្រាបពីសក្ដានុពលរបស់យើងយ៉ាងឥតខ្ចោះ ទ្រង់នឹងនាំយើងទៅកន្លែងដែលយើងមិនអាចស្រមៃចេញដោយខ្លួនឯង ។ ខ្ញុំមានទំនុកចិត្តថា ទ្រង់នឹងនាំ អ្នក ទៅកន្លែងដែលអ្នកមិនដែលស្រមៃដល់ ហើយការបម្រើរបស់អ្នកនឹងជួយដល់ព្រលឹងវិញ្ញាណ ។ សូមទុកឲ្យព្រះដឹកនាំអ្នកឲ្យដើរក្បែរមនុស្សដែលត្រូវការអ្នក ។
អ្នកអាចឃើញខ្លួនឯងកំពុងបង្រៀនមជ្ឈិមវ័យឲ្យចេះអាន ។ ឬប្រហែលជាបម្រើដល់ជនអន្តោប្រវេសន៍ ។ ប្រហែលជាអ្នកនឹងដឹកនាំក្រុមសហគមន៍ដើម្បីថែរក្សា និងរក្សាសួនច្បារឲ្យមានសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ ។ នៅពេលយើងអនុញ្ញាតឲ្យព្រះឈ្នះ ទ្រង់នឹងនាំយើងទៅកន្លែងដែលទ្រង់ត្រូវការយើង និងទៅកន្លែងដែលយើងមិនដែលនឹកស្មានដល់ ។
ប្រធាន រ័សុល អិម ណិលសុន បានប្រកាសថា យើងនឹង « ទទួលជំនឿបន្ថែមទៀត តាមរយៈការធ្វើអ្វីមួយដែល តម្រូវឲ្យមាន ជំនឿបន្ថែមទៀត » ។
ខ្ញុំដឹងថា នោះគឺជាការពិត ។ ដោយសារការទុកឲ្យព្រះឈ្នះក្នុងជីវិតរបស់ខ្ញុំ ក្នុងការទុកឲ្យទ្រង់ធ្វើជាអ្នកនិពន្ធនៃជីវិតខ្ញុំ នោះសេចក្តីជំនឿរបស់ខ្ញុំទៅលើព្រះយេស៊ូវគ្រីស្ទបានរីកចម្រើនឡើង ។
តើបន្ទាប់មក អ្នក នឹងទុកឲ្យទ្រង់ឈ្នះដោយរបៀបណា ?
តើការណ៍នោះមានលក្ខណៈបែបណាចំពោះយុវជនម្នាក់ដែលកំពុងទទួលការសិក្សា ហើយចង់រៀបការ និងមានគ្រួសារនោះ ? ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយ បានពន្យល់ថា ជម្រើសពុំមែនរវាងគ្រួសារ ឬការអប់រំ និងវិជ្ជាជីវៈនោះទេ ។ លោកបានមានប្រសាសន៍ ៖ « ពេលវេលានោះគឺយើងត្រូវតែរើស ហើយយើងត្រូវស្វែងរកការបំផុសគំនិតពីព្រះអម្ចាស់ និងការបង្រៀនរបស់អ្នកបម្រើទ្រង់ក្នុងការធ្វើរឿងនោះ » ។
ក្នុងការលើកឡើងអំពីប្រធានបទនេះ ខ្ញុំសូមអភ័យទោសចំពោះអ្នកដែលមានចិត្តស្មោះស្ម័គ្រ និងចង់រៀបការ និងមានកូនក្នុងជីវិតនេះ និងអ្នកដែលនៅលីវ ។ ខ្ញុំឃើញថាមនុស្សជាច្រើនកំពុងចិញ្ចឹមបីបាច់កូនតែម្នាក់ឯងដោយសារការស្លាប់ ឬការលែងលះ ។ ខ្ញុំស្គាល់គូស្វាមីភរិយារាប់មិនអស់ដែលរៀបការ ហើយចង់បានកូន ហើយកំពុងជួបការលំបាកដោយភាពគ្មានកូន និងការរលូតកូន ។ ខ្ញុំដឹងថា អ្នកកំពុងជួបការលំបាក ។ អ្នកចង់ឲ្យពេលវេលាផ្លាស់ប្តូរ ។ នេះមិនមែនជានិទានកថាដែលអ្នកបានសរសេរដោយខ្លួនឯងនោះទេ ។ ដួងចិត្តរបស់ខ្ញុំឈឺចាប់ជំនួសអ្នក ។
ដំណើររឿងរបស់មនុស្សម្នាក់ៗគឺខុសគ្នា
ខ្ញុំទទួលបានការសិក្សា ទាំងថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រផ្នែកច្បាប់ ។ ខ្ញុំបានរៀបការនៅពាក់កណ្តាលដំណើរនៃការអប់រំផ្នែកច្បាប់របស់ខ្ញុំ ។ ខ្ញុំមានកូនប្រុសដំបូងរបស់ខ្ញុំនៅឆ្នាំបន្ទាប់ពីខ្ញុំបានជាប់តេស្តធ្វើការផ្នែកច្បាប់ ។ ខ្ញុំមានកូនតូច ហើយស្វាមីខ្ញុំនិងខ្ញុំចូលចិត្ត និងចិញ្ចឹមបីបាច់ពួកគេពេលយើងទាំងពីរធ្វើការ ។ វារវល់ណាស់ ពេលខ្លះច្របូកច្របល់ យើងប្រឹងប្រែងណាស់ ហើយពេលខ្លះក៏នឿយហត់ ។ ខ្ញុំជួយគាត់ ហើយគាត់ជួយខ្ញុំ ។ គ្រួសារគឺជា និងនៅតែជាអាទិភាពចម្បងរបស់យើង ។ ស្វាមីខ្ញុំ និងខ្ញុំបានស្វែងរកការបំផុសគំនិតក្នុងការជ្រើសរើសទាំងនេះ និងពេលវេលាដែលយើងអាចមានកូន ។ វាគឺជាអ្វីដែលយើងមានអារម្មណ៍ថាត្រូវធ្វើ ។ យើងបានព្យាយាមឲ្យព្រះឈ្នះ ។
តាមទស្សនៈផ្នែកហិរញ្ញវត្ថុ និងវិជ្ជាជីវៈ វាជារឿងដែលសមហេតុផលដែលខ្ញុំត្រូវទុកការមានកូនមួយអន្លើ រហូតដល់អាជីពរបស់ខ្ញុំបានរឹងមាំ ។ ប៉ុន្តែ ក្នុងការទុកឲ្យព្រះអម្ចាស់ធ្វើជាអ្នកនិពន្ធនៃដំណើររឿងរបស់យើង ជួនកាលយើងធ្វើអ្វីដែលពិភពលោកមិនអាចយល់បាន ។ ខ្ញុំមានផ្ទៃពោះ សម្រាលកូន ចិញ្ចឹមបីបាច់កូន ជិះឡានជាមួយគេ នៅក្នុងសហគមន៍តូចមួយ មានទំនួលខុសត្រូវក្នុងសាសនាចក្រ ធ្វើជាភរិយាដែលគាំទ្រស្វាមី និងការប្រកបវិជ្ជាជីវៈរបស់ខ្ញុំ ។ វាជាការគ្រប់គ្រងដ៏រីករាយដែលខ្ញុំមិនផ្លាស់ប្តូរ ។ យើងមានអារម្មណ៍ជឿជាក់លើដំណើរជីវិតរបស់យើង ដោយសារយើងបានទុកឲ្យព្រះឈ្នះ ។
សូមកុំយល់ខុស ។ ខ្ញុំមិនបានណែនាំមនុស្សរាល់គ្នាគួរធ្វើតាមរបៀបរបស់ខ្ញុំនោះទេ ។ ដំណើររឿងរបស់យើងមិនដូចគ្នាទេ ។ ខ្ញុំចែកចាយដំណើររឿងរបស់ខ្ញុំ ពីព្រោះវាជាដំណើររឿងដែលខ្ញុំដឹង ។ ទោះជាយ៉ាងណា រឿងមួយដែលយើងមានដូចគ្នាគឺការលើកទឹកចិត្តរបស់យើង ៖ ទុកឲ្យព្រះឈ្នះ ។
ការធ្វើជាម្តាយគឺជាអាទិភាពដ៏ខ្ពស់បំផុតរបស់ខ្ញុំ ។ វាគឺជាក្តីរីករាយដ៏ខ្លាំងបំផុតរបស់ខ្ញុំ ។ ព្រះបានប្រទានពរដល់ឪពុកម្តាយដំបូងរបស់យើង ហើយបានបញ្ជាពួកលោកឲ្យ « បង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដី » ( លោកុប្បត្តិ ១:២៨ ) ។ ព្រះបញ្ញត្តិទីមួយដែលបានប្រទានដល់លោកអ័ដាម និងនាងអេវ៉ា « ទាក់ទងទៅនឹងសមត្ថភាពរបស់ពួកគេសម្រាប់ភាពជាឪពុកម្ដាយ » ។
ទិសដៅចម្បងរបស់ខ្ញុំគឺឆ្ពោះទៅរកភាពជាម្តាយ ។ ការតម្រង់ទិសនោះមិនស៊ីសង្វាក់គ្នានឹងការខិតខំដើម្បីទទួលបានការអប់រំរបស់ខ្ញុំទេ ។ យើងត្រូវបានបញ្ជាឲ្យស្វែងរកការរៀន—ការរៀនសូត្រខ្លះបានមកពីការស្វែងរកការអប់រំរបស់យើង ។ ការរៀនសូត្រក៏បានមកពីឪពុកម្តាយផងដែរ ដែលយើងរៀនដើម្បីប្រែក្លាយដូចជាព្រះ នៅពេលយើងបណ្តុះគុណលក្ខណៈនៃសេចក្ដីស្រឡាញ់ សេចក្តីអាណិតអាសូរ និងការអត់ធ្មត់ ។
ការទុកឲ្យព្រះឈ្នះ រួមបញ្ចូលទាំងការយាងអញ្ជើញទ្រង់ឲ្យចូលរួមនៅក្នុងការកំណត់ជម្រើសរបស់យើង ។
ខ្ញុំមានអំណរគុណដ៏អស់កល្បជានិច្ចដែលបានទទួលការបំផុសគំនិតពីព្រះអម្ចាស់ និងការណែនាំពីព្យាការីដើម្បីជួយស្វាមីខ្ញុំ និងខ្ញុំក្នុងការកំណត់ជម្រើសពេលវេលារបស់យើងដើម្បីអញ្ជើញកូនៗឲ្យមកក្នុងគ្រួសាររបស់យើង ។ ឱ ខ្ញុំមានអំណរគុណណាស់ដែលខ្ញុំបានធ្វើតាមការបំផុសគំនិតនេះ ហើយមិនអនុញ្ញាតឲ្យឥទ្ធិពលខាងលោកិយ ភាពងាយស្រួល កិត្តិយស ឬប្រាក់រារាំងផ្លូវនៃជម្រើសនានាដើម្បីបំពេញសក្តានុពលដ៏ទេវភាពរបស់ខ្ញុំក្នុងការបង្កើត និងចិញ្ចឹមកូន ។
ស្ត្រីដែលមាន និងគ្មានកូន ដោយ ខេតលីន ខូនណូលី ហាមថតចម្លង
បំពេញនូវកម្រិតនៃការបង្កបង្កើត
ប្រសិនបើបុរស និងស្ត្រីឈប់បង្កើត និងចិញ្ចឹមបីបាច់កូន នោះបទពិសោធន៍នៃជីវិតរមែងស្លាប់នេះត្រូវបញ្ចប់ហើយ ។ ដូច្នេះ វាសំខាន់ណាស់ដែលយើងមិនធ្វេសប្រហែស ឬបដិសេធការទទួលខុសត្រូវដ៏ពិសិដ្ឋនៃភាពជាឪពុកម្តាយ ។
ទិន្នន័យវិទ្យាសាស្ត្រសង្គមដ៏សន្ធឹកសន្ធាប់បង្ហាញពីផលប៉ះពាល់អវិជ្ជមានដល់ប្រជាជាតិ និងអរិយធម៌ដែលបញ្ឈប់ការមានកូននេះ ។ នៅតំបន់ជាច្រើននៃពិភពលោក ចំនួនជាមធ្យមនៃកំណើតកូនដែលកើតមកមានជីវិតរបស់ស្ត្រីគឺតិចជាងពីរដង ។ នោះមានន័យថា យើងមិនជំនួសខ្លួនយើងទេ ។
ក្នុងនាមជាថ្នាក់ដឹកនាំសាសនាចក្រ យើងមានការព្រួយបារម្ភអំពីនិន្នាការថ្មីៗពីអាពាហ៍ពិពាហ៍ និងការមានកូន ។ នៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ យើងឃើញមានការធ្លាក់ចុះពីប្រាំបីទៅប្រាំបួនភាគរយនៃពលរដ្ឋទាំងនោះដែលធ្លាប់បានរៀបការ ។ តួលេខទាំងនេះ « តំណាងឲ្យបញ្ហាទូទាំងពិភពលោក » ។ នៅពេលមនុស្សមិនរៀបការ នោះចំនួនកូនកើតក៏តិចដែរ ។
នៅសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ បានឈានចូល « ចំណុចផ្ដើមដែលមជ្ឈិមវ័យពី ១៨–៥៥ ឆ្នាំ ឥឡូវនេះស្ថិតក្នុងចំណោមមជ្ឈិមវ័យដែលនៅលីវហើយគ្មានកូន ច្រើនជាងមជ្ឈិមវ័យដែលរៀបការហើយមានកូន » ។
កុមារមានសារៈសំខាន់ណាស់ក្នុងការរក្សាអរិយធម៌ ។ ពួកគេមានសារៈសំខាន់ចំពោះផែនការនៃសុភមង្គលដ៏រុងរឿង ។ ព្រះបញ្ញត្តិឲ្យយើងបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដីនេះ « នៅតែប្រតិបត្តិនៅឡើយ » ។
សេចក្តីលម្អិតពី Us with Them and Them with Us [ យើងនៅជាមួយពួកលោក ហើយពួកលោកនៅជាមួយយើង ] ដោយ ខេតលីន ខនណូលី
សូមទុកឲ្យព្រះអម្ចាស់សរសេរដំណើររឿងរបស់អ្នក
ខ្ញុំដឹងថា បំណងប្រាថ្នាដ៏ស្មោះអស់ពីដួងចិត្តជាច្រើនប្រហែលជារៀបការ និងចិញ្ចឹមកូន ។ ប៉ុន្តែមនុស្សជាច្រើននៅលីវ ឬជួបការលំបាកនឹងភាពគ្មានកូន ។ មិត្តសម្លាញ់របស់ខ្ញុំ ដែលមិនធ្លាប់រៀបការ និងមានកូនខ្លួនឯង បានស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះខ្ញុំ ។ វាមិនមែនជាការជំនួសកូនរបស់នាងទេ ។ វាជាភស្តុតាងដែលថាទិសដៅរបស់នាងនៅតែឆ្ពោះទៅរកភាពជាម្តាយ ។
កូនប្រុស និងកូនប្រសាស្រីរបស់ខ្ញុំបានឆ្លងកាត់បញ្ហាប្រឈមនៃការរលូតកូនម្តងហើយម្តងទៀត ។ បំណងប្រាថ្នារបស់ពួកគេគឺសុចរិត ។ ពួកគេខិតខំទុកឲ្យព្រះឈ្នះក្នុងជីវិតរបស់ពួកគេ ។ សូមចងចាំថា នៅពេលយើងទូលសុំដោយសេចក្ដីជំនឿ ដើម្បីឲ្យព្រះយេស៊ូវគ្រីស្ទធ្វើជាអ្នកនិពន្ធ និងជាអ្នកបញ្ចប់នូវដំណើររឿងរបស់យើង នោះយើងត្រូវតែត្រៀមខ្លួនទទួលនូវនិទានកថាដែលមិនងាយស្រួលដើម្បីបានរីកចម្រើន ខណៈដែលការឈឺចាប់ នៅទីបំផុតនាំមកនូវសេឡេស្ទាលដែលយើងមិនអាចស្រមៃដល់ ។
ក្នុងចំណោមមិត្តភក្តិជាទីស្រឡាញ់របស់ខ្ញុំគឺមានស្វាមីភរិយាដែលគ្មានកូន ដែលបានរៀបការហើយនៅពេលក្រោយមកក្នុងជីវិត ជួបការលំបាកដោយការគ្មានកូន ។ ពួកគេបានទូលសុំដោយជំនឿថា តើពួកគេគួរសុំកូនមកចិញ្ចឹមដែរឬទេ ។ ជាជាងសុំទារកមកចិញ្ចឹម ពួកគេមានចំណាប់អារម្មណ៍យកបងប្អូនស្រីបួននាក់—អាយុពី ៥ ទៅ ១៧ ឆ្នាំមកចិញ្ចឹម ។ ប្រាកដណាស់ ជាការពិតវាមិនមែនជានិទានកថាដែលពួកគេបានសរសេរសម្រាប់ខ្លួនពួកគេនោះទេ ។ ប៉ុន្តែ ឱដំណើររឿងដែលទ្រង់បានមានចំណែកនៅក្នុងការរីកចម្រើនរបស់ពួកគេគឺអស្ចារ្យណាស់ ។
មិនថាកាលៈទេសៈផ្ទាល់ខ្លួនរបស់យើងយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាគឺជាផ្នែកមួយនៃគ្រួសាររបស់ព្រះ សមាជិកនៃគ្រួសារនៅលើផែនដី ហើយរៀបចំខ្លួនដើម្បីធ្វើជាឪពុកម្តាយដ៏នៅអស់កល្បជានិច្ច ។ ពរជ័យនៃភាពតម្កើងឡើងដែលមានសម្រាប់យើងតាមរយៈព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ រួមទាំងកូនចៅជំនាន់ក្រោយផងដែរ ។ ដូច្នេះហើយ មិនថាយើងបានផ្សារភ្ជាប់ និងបង្កើតកូនក្នុងជីវិតនេះ ឬជីវិតបន្ទាប់ទេ គោលដៅរបស់យើងគឺភាពតម្កើងឡើង—ដែលអាចជារបស់យើង ប្រសិនបើយើងធ្វើ និងរក្សាសេចក្ដីសញ្ញាទាំងឡាយ ។ នៅពេលយើងចូលទៅក្នុងទំនាក់ទំនងនៃសេចក្តីសញ្ញាជាមួយនឹងព្រះ នោះយើងត្រូវបានចងភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយទ្រង់ ហើយយើងមិនឯកោទៀតឡើយ ។ យើងមានពរនូវ « សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាដ៏ច្រើនសន្ធឹកសន្ធាប់ទៀត[ របស់ទ្រង់ ] ។
ក្នុងនាមជារាស្រ្តនៃសេចក្ដីសញ្ញា យើងដាក់ផែនការ និងរៀបចំសម្រាប់អាពាហ៍ពិពាហ៍ និងដើម្បីមាន និងចិញ្ចឹមបីបាច់កូនៗ ។ ឱ នេះជាការហៅដ៏ពិសិដ្ឋ និងបរិសុទ្ធណាស់ ! យើងស្រឡាញ់ និងដឹកនាំ ហើយផ្ដល់ការងារបម្រើ និងជាឪពុកម្តាយ ដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ និងបុត្រាបុត្រីរបស់ទ្រង់—ពីព្រោះយើងចង់ឲ្យទ្រង់ឈ្នះក្នុងជីវិតយើង ។
វាជាពេលវេលាដ៏រុងរឿងដើម្បីមានជីវិត ហើយធ្វើសេចក្ដីសញ្ញានៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ការយល់អំពីតួនាទី គោលបំណង និងទំនួលខុសត្រូវរបស់យើងនៅក្នុងផែនការនៃសុភមង្គលគឺអស្ចារ្យ ជាការធានាជាថ្មី និងជាភាពរីករាយ ។ ដោយការដឹងថាយើងមានព្យាការីដែលនៅរស់រៀបចំយើងសម្រាប់អ្វីៗដែលនៅចំពោះមុខ នាំឲ្យខ្ញុំមានសេចក្តីសុខសាន្ត និងថែមទាំងសុទិដ្ឋិនិយមនៅគ្រាដែលគ្មានភាពច្បាស់លាស់ ។ ទំនាក់ទំនងសេចក្តីសញ្ញារបស់ខ្ញុំជាមួយព្រះ ផ្ដល់ឲ្យខ្ញុំនូវទំនុកចិត្ត ។ ទំនុកចិត្តនៃសេចក្តីសញ្ញារបស់ខ្ញុំគឺនៅក្នុងព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំធ្វើជាសាក្សីថា ទ្រង់មានព្រះជន្មរស់ ថាសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើងគឺបង្ហាញនៅក្នុងព្រះឆន្ទៈរបស់ទ្រង់ក្នុងការប្រទានជីវិត និងដង្វាយធួនសម្រាប់យើងម្នាក់ៗ ។