2025
កូវីដ​ស្ទើរតែ​ធ្វើឲ្យ​ក្តីស្រមៃ​ច្រៀង​ក្នុង​ក្រុមចម្រៀង​រោងឧបោសថ​របស់​គាត់​ត្រូវបាន​រលាយ
ខែកញ្ញា ឆ្នាំ២០២៥


« កូវីដ​ស្ទើរតែ​ធ្វើឲ្យ​ក្តីស្រមៃ​ច្រៀង​ក្នុង​ក្រុមចម្រៀង​រោងឧបោសថ​របស់​គាត់​ត្រូវបាន​រលាយ » លីអាហូណា ខែកញ្ញា ឆ្នាំ២០២៥ ។

កូវីដ​ស្ទើរតែ​ធ្វើឲ្យ​ក្តីស្រមៃ​ច្រៀង​ក្នុង​ក្រុមចម្រៀង​រោងឧបោសថ​របស់​គាត់​ត្រូវបាន​រលាយ

ភាពឯកោ​នៃ​ការដាក់​ឲ្យនៅ​ដាច់​ដោយ​ឡែក​បាន​បង្រៀន​មេរៀន​យ៉ាង​ជ្រាលជ្រៅ​មួយ ៖ សេចក្តី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ​សម្រាប់​អ្នក​ដែលឯកោ ។

ឡូរ៉ា អ៊ីឆារី ហ៊ើម៉ូសូ

នៅ​រដូវ​ស្លឹកឈើជ្រុះ​ឆ្នាំ២០២៤ មិន​យូរប៉ុន្មាន​បន្ទាប់ពី​ត្រូវបាន​ហៅឲ្យ​ធ្វើជា​ទីប្រឹក្សា​អង្គការ​ប្រចាំ​តំបន់​នៅក្នុង​តំបន់​អឺរ៉ុប​កណ្តាល ឡូរ៉ា អ៊ីឆារី ហ៊ើម៉ូសូ បាន​ធ្វើ​ដំណើរ​ជាង ៥០០០ ម៉ាយល៍ ( ៨០៤៧ គីឡូម៉ែត្រ ) ពី​ផ្ទះ​របស់​គាត់​នៅ ទីក្រុង​ផែមភ្លូណា ប្រទេស​អេស្ប៉ាញ ដើម្បី​ច្រៀង​ក្នុងនាម​ជាភ្ញៀវ​នៃ​សមាជិក​នៃ​ក្រុម​ចម្រៀង​រោងឧបោសថ​នៅឯ​វិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ ។

គាត់​បាន​នៅ​ទីក្រុង​សលត៍​លេក រដ្ឋ​យូថាហ៍ សហរដ្ឋ​អាមេរិក​ត្រឹមតែ​បីថ្ងៃ​ប៉ុណ្ណោះ​នៅពេល​ដែល​គាត់​ធ្វើ​តេស្ត​មាន​កូវីដ-១៩ ហើយ​ត្រូវ​នៅ​ដាច់​ដោយឡែក​ពីគេ ។ ឱកាស​របស់គាត់​ដើម្បី​ច្រៀង​នៅក្នុង​ក្រុម​ចម្រៀង​សម្រាប់​សន្និសីទ​ទូទៅ​នាពេល​ខាងមុខ​ហាក់ដូចជា​នៅ​សែនឆ្ងាយ ។

នៅក្នុង​ភាពឯកោ និង​នៅដាច់ដោយឡែក​ក្នុង​បន្ទប់​សណ្ឋាគារ​របស់គាត់ គាត់​បាន​លុតជង្គង់ ហើយ​អធិស្ឋាន ។ គាត់​សង្ឃឹមថា​នឹង​ជាសះស្បើយ ។ គាត់​ប្រាថ្នា​ថាអាច​ច្រៀង​បាន ។ គាត់​បាន​រក្សា​សេចក្តី​ជំនឿ​របស់គាត់ ។

កាលពី​មួយឆ្នាំមុន

នៅក្នុង​ពេលវេលា​ដ៏លំបាក​នៃ​ការបាត់បង់ នៅពេល​ដែល​ការព្យាបាល​ដើម្បី​អាច​មាន​កូន​បាន​បង្ហាញថា​មិន​ជោគជ័យ ហើយ​ម្តាយ​របស់គាត់​កំពុង​មាន​ជំងឺ​ភ្លេចភ្លាំង ស៊ីស្ទើរ អ៊ីឆារី មិនមាន​បំណង​ប្រាថ្នា​ដើម្បី​ច្រៀង​ដូច​ដែល​គាត់​ធ្លាប់​មាន​ពីមុនមក​ទេ ។ វា​ពិបាក​ពីព្រោះ​តន្ត្រី​តែងតែ​ជាផ្នែក​មួយ​ដ៏សំខាន់​ក្នុង​ជីវិត​របស់គាត់ ។ គាត់​បាន​និយាយ « វា​ជា​ចំណង់​ចំណូលចិត្ត​ដែល​ខ្ញុំ​តែងតែ​មាន​តាំងពី​ក្មេង​មកម្ល៉េះ » ។

បងស្រី អ៊ីឆារី ជាមួយ​ម្តាយ​របស់គាត់

បងស្រី អ៊ីឆារី ( ខាងឆ្វេង ) ជាមួយ​ម្តាយ​របស់គាត់ ម៉ារី ។

ខណៈពេល​កំពុង​អធិស្ឋាន គំនិត​មួយ​បានផុស​ឡើងថា គាត់​ត្រូវ​ច្រៀង​ជាមួយ​មនុស្ស​ជាច្រើន​ទៀត ។ មួយ​សប្តាហ៍​ក្រោយមក គាត់​ត្រូវបាន​ទាក់ទង​ដោយ​អ្នក​មាន​សិទ្ធអំណាច​ក្នុង​សាសនាចក្រ​ដែលបាន​សម្ភាស​គាត់ ។ បងស្រី អ៊ីឆារី បាន​និយាយ « គាត់​បាន​និយាយ​អំពី​គម្រោង​តន្ត្រី​មួយ​ដែល​សាសនាចក្រ​បាន​កំពុង​ចាប់ផ្តើម ហើយថា​ពួកគេ​កំពុង​ស្វែងរក​អ្នកច្រៀង » ។

គាត់​មិន​បាន​និយាយ​ពីគោលបំណង​ជាក់លាក់​ទេ ប៉ុន្តែ​បន្ទាប់ពី​បទសម្ភាស​លើកទីពីរ អ្នក​មាន​សិទ្ធអំណាច​បាន​បង្ហាញថា សាសនាចក្រ​ចង់​បាន​អ្នកច្រៀង​ជាភ្ញៀវ​សម្រាប់​កម្មវិធី​អ្នកចូលរួម​ជាសកល​របស់​ក្រុម​ចម្រៀង​រោងឧបោសថ ដើម្បី​ច្រៀង​នៅក្នុង​សន្និសីទ​ទូទៅ ។

គាត់​បាន​និយាយថា « ហើយ​ខ្ញុំ​ចាប់ផ្តើមយំ​ដោយសារតែ​ខ្ញុំ​មិន​ដឹងថា នឹង​មាន​អ្វី​កើតឡើង​នោះទេ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍ថា​ព្រះអម្ចាស់​គង់នៅទីនោះ ហើយថា​ព្រះអម្ចាស់​បាន​ជ្រាបដឹង​ពីខ្ញុំ ហើយ​វាគឺជា​អ្វី​ដែល​ខ្ញុំ​មិន​ដែលធ្លាប់​រំពឹងទុក​ពីមុនមក​នោះទេ » ។

ផ្លូវ​ទៅកាន់​សន្និសីទ​ទូទៅ

បទសម្ភាស​នេះ​គ្រាន់តែ​ជារឿង​បឋម​ប៉ុណ្ណោះ ហើយ​បន្ទាប់មក​ក៏មាន​បទសម្ភាស​ជាលើក​ទីពីរ​ជាមួយ​អ្នកដទៃទៀត ។ បងស្រី អ៊ីឆារី ក៏​ត្រូវ​ថត​ខ្លួនឯង​ច្រៀង និង​ដាក់​បញ្ជូន​ការថត​ជាច្រើន​ផងដែរ ។ បន្ទាប់មក​គាត់​បាន​មាន​ការសម្ភាស​ពីចម្ងាយ​ចុងក្រោយ​ជាមួយ រ៉ាយអិន ម៉ហ្វី ជា​អ្នកគ្រប់គ្រង​តន្រ្តី​សម្រាប់​ក្រុម​ចម្រៀង​រោងឧបោសថ ។ គាត់​បាន​និយាយថា « ខ្ញុំ​បាន​មាន​ការភ័យ​ខ្លាច​យ៉ាងខ្លាំង » ។

នៅទីបំផុត គាត់​ត្រូវបាន​ជ្រើសរើស​ឲ្យ​ច្រៀង​នៅក្នុង​សន្និសីទ​ទូទៅ​ជាមួយនឹង​មនុស្ស ១៣​នាក់​ផ្សេងទៀត​មកពី​ជុំវិញ​ពិភពលោក ហើយ​នៅ​ខែកញ្ញា ឆ្នាំ២០២៤ គាត់​បាន​ឡើង​យន្តហោះ​ទៅកាន់​សហរដ្ឋ​អាមេរិក ។ បន្ទាប់ពី​បានមកដល់ គាត់​ត្រូវបាន​គេធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​កូវីដ-១៩ ហើយ​នោះជាពេល​ដែល​គាត់​ត្រូវដាក់​នៅ​ដាច់ដោយឡែក​ពីគេ​ចាប់ផ្តើម ។

ភាពឯកោ​នៅ​ឆ្ងាយ​ពីផ្ទះ​បាន​បង្រៀន​មេរៀន​ដ៏ស៊ីជម្រៅ​មួយ ៖ ព្រះអង្គសង្គ្រោះ​នឹង​ផ្តល់​ការលួងលោម​ក្នុង​ពេល​ដ៏ឯកោ​បំផុត​របស់​គាត់ ( សូមមើល យ៉ូហាន ១៤:២៦–២៧ ) ។ គាត់​បាន​និយាយ « ខ្ញុំ​គិតថា​ខ្ញុំ​នឹង​មិន​អាច​ធ្វើ​វា​បានទេ » ។ « ខ្ញុំ​បាន​បាក់ទឹកចិត្តជា​ខ្លាំង ប៉ុន្តែ​ខ្ញុំ​មាន​ជំនឿ ។ ក្នុង​ពេល​ជាមួយគ្នា​នោះ ខ្ញុំ​មាន​អារម្មណ៍​មិនល្អ​ទាល់តែសោះ ។ ឥឡូវនេះ​គោលបំណង​ចម្បង​មួយ​របស់ខ្ញុំ​គឺ ដើម្បី​ស្វែងរក​អ្នក​ដែល​អាច​មាន​អារម្មណ៍​ឯកោ ហើយ​ព្យាយាម​ជួយ​ឲ្យពួកគេ​បាន​ធូរស្បើយ » ។

បន្ទាប់ពី​ប្រាំបីថ្ងៃ​នៃ​ការនៅ​ដាច់ដោយឡែក​មក សុខភាព និង​សំឡេង​របស់​គាត់​បាន​ប្រសើរ​ឡើងវិញ ហើយ​គាត់​បាន​ហាត់​ច្រៀង​ជាមួយ​ក្រុមចម្រៀង ។ គាត់​អាច​ច្រៀង​ជាមួយ​មនុស្ស​រាប់រយនាក់​នៅលើ​វេទិកា​នៅក្នុង​មជ្ឈមណ្ឌល​សន្និសីទ ហើយ​បាន​ច្រៀង​នៅឯ​សន្និសីទ​ទូទៅ​ខែតុលា ឆ្នាំ២០២៤ ។

រូបថត​ជាក្រុម​នៃ​ក្រុម​ចម្រៀង​រោងឧបោសថ

គាត់​បាន​និយាយ « ព្រះ​មាន​ព្រះជន្មរស់ ។ ទ្រង់​ជ្រាបដឹង​ពី​យើង​ម្នាក់ៗ » ។ « តន្ត្រី​គឺជា​ការព្យាបាល មាន​អំណាច​ក្នុង​ការព្យាបាល ហើយ​យើង​ត្រូវ​បំពេញ​ជីវិត​របស់​យើង​ជាមួយនឹង​តន្ត្រី ។ វា​មាន​សារៈសំខាន់​ខ្លាំងណាស់ ។ ខ្ញុំ​មាន​អារម្មណ៍ថា​នោះ​គឺជា​អ្វី​ដែល​ព្រះអម្ចាស់​កំពុង​ព្យាយាម​ប្រាប់​ខ្ញុំ ៖ ចូរ​បំពេញ​ជីវិត​របស់អ្នក​ជាមួយនឹង​តន្ត្រី » ។