« សម្រាប់ជំនាន់របស់យើង » លីអាហូណា ខែកញ្ញា ឆ្នាំ២០២៥ ។
សម្រាប់ជំនាន់របស់យើង
សាមសិបឆ្នាំក្រោយពីការប្រកាសស្តីពីក្រុមគ្រួសារនេះត្រូវបានប្រកាសទៅកាន់ពិភពលោក គោលការណ៍ដ៏ទេវភាពរបស់សេចក្តីប្រកាសនេះគឺកាន់តែមានភាពថ្លៃថ្នូរ និងមានសុពលភាពជាងពេលណាទាំងអស់ ។
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី មានប្រសាសន៍ទៅកាន់ក្រុមជំនុំមួយនៅទីក្រុងសាន់ទីអាហ្គូ ប្រទេសស៊ីលី
នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៩៥ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ១៩១០–២០០៨ ) បានថ្លែងសុន្ទរកថាទៅកាន់ ការជួបជុំរបស់បងប្អូនស្ត្រីសមាគមសង្គ្រោះ ហើយបានណែនាំអំពី « ក្រុមគ្រួសារ ៖ការប្រកាសដល់ពិភពលោក » ។ ខាងក្រោមនេះគឺជាមតិយោបល់មួយចំនួនរបស់លោកក្នុងឱកាសនោះ ៖
« ខ្ញុំជឿថាវាគួរតែជាពរជ័យរបស់កុមារគ្រប់រូបដែលកើតនៅក្នុងគេហដ្ឋាន ដែលកុមារនោះត្រូវបានស្វាគមន៍ ចិញ្ចឹម ស្រឡាញ់ និងផ្តល់ពរដោយឪពុកម្តាយ គឺជាឪពុក និងម្តាយដែលរស់នៅដោយស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក និងចំពោះកូនៗរបស់ពួកគេ ។ …
« កាលណាអ្នកចិញ្ចឹមបីបាច់កូនរបស់អ្នកតាមរបៀបទាំងឡាយនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាមួយនឹងសេចក្តីស្រឡាញ់ និងការរំពឹងទុកខ្ពស់ នោះនឹងមានភាពសុខសាន្តនៅក្នុងជីវិតរបស់ពួកគេកាន់តែច្រើនឡើង ។ …
« ជាមួយនឹងការបោកបញ្ឆោតដ៏ឈ្លាសវៃជាច្រើន ដែលបន្លំថាជាសេចក្ដីពិត ជាមួយនឹងការបំភាន់ជាច្រើនអំពីបទដ្ឋាន និងគុណតម្លៃ ជាមួយនឹងការធ្វើឲ្យស្រើបស្រាល និងការរំភើបក្នុងការទទួលយកនូវស្នាមប្រឡាក់បន្តិចម្ដងៗនៃពិភពលោក នោះយើងមានអារម្មណ៍បំផុសថា ត្រូវធ្វើការព្រមាន និងហាមប្រាមទុកជាមុន ។ នៅក្នុងការជួយជ្រោមជ្រែងដល់កិច្ចការនេះ ឥឡូវនេះ យើងជាគណៈប្រធានទីមួយ និងក្រុមប្រឹក្សានៃពួកសាវកដប់ពីរនាក់ សូមចេញនូវការប្រកាសមួយដល់សមាជិកសាសនាចក្រ និងដល់ពិភពលោក ទុកជាការប្រកាស និងការបញ្ជាក់សាជាថ្មីមួយអំពីបទដ្ឋាន គោលលទ្ធិ និងការអនុវត្តទាំងឡាយដែលទាក់ទងទៅនឹងក្រុមគ្រួសារ ដែលពួកព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈនៃសាសនាចក្រនេះ បានថ្លែងម្ដងហើយម្ដងទៀតទូទាំងប្រវត្តិសាស្ត្រសាសនាចក្រ ។ …
« យើងសូមផ្ដាំផ្ញើទៅអ្នកទាំងអស់គ្នា ឲ្យអានការប្រកាសនេះដោយប្រុងប្រយ័ត្ន ដោយគិតគូរ និងប្រកបដោយការអធិស្ឋាន ។ ភាពរឹងមាំនៃជាតិសាសន៍ណាក៏ដោយ គឺត្រូវបានចាក់ឫសទៅនឹងជញ្ជាំងនៃគេហដ្ឋានរបស់ជាតិសាសន៍នោះ ។ យើងសូមលើកទឹកចិត្តសមាជិករបស់យើងនៅគ្រប់ទីកន្លែងឲ្យពង្រឹងក្រុមគ្រួសាររបស់ពួកគេឲ្យស្របតាមគុណតម្លៃដែលបានទទួលការគោរពទាំងនេះ » ។