« ប្រសិនបើព្រះមានព្រះវិហារនៅលើផែនដី » លីអាហូណា ខែកញ្ញា ឆ្នាំ២០២៥ ។
រូបភាពអំពីសេចក្តីជំនឿ
ប្រសិនបើព្រះមានព្រះវិហារនៅលើផែនដី
ខ្ញុំបានប្រាប់ពួកអ្នកផ្សព្វផ្សាយសាសនាកុំឲ្យខ្ជះខ្ជាយពេលវេលារបស់ពួកគេ ព្រោះខ្ញុំមានជំនឿផ្ទាល់ខ្លួនរបស់ខ្ញុំហើយ ។ ប៉ុន្តែបន្ទាប់មកខ្ញុំបានរៀនថា ការបង្រៀនរបស់ពួកគេត្រូវគ្នានឹងជំនឿរបស់ខ្ញុំអំពីគ្រួសារ ព្រះវរបិតាដែលពេញដោយក្តីស្រឡាញ់ និងសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។
កាលខ្ញុំនៅក្មេង ឪពុកម្តាយរបស់ខ្ញុំបាននាំខ្ញុំទៅព្រះវិហារផ្សេងៗ ។ ក្រោយមកនៅវ័យជំទង់ ខ្ញុំចាប់ផ្ដើមមករកព្រះ ហើយចាប់ផ្ដើមអានព្រះគម្ពីរប៊ីប ។ ខ្ញុំមានអារម្មណ៍ល្អ ។
នៅពេលខ្ញុំគិតអំពីព្រះ និងគោលបំណងនៃជីវិតនេះ ខ្ញុំបានដឹងថា វាសំខាន់ណាស់ក្នុងការមានគ្រួសារ ។ ខ្ញុំជឿថា ថ្នាក់ដឹកនាំព្រះវិហារគួរតែបង្រៀនតាមគំរូ ប៉ុន្តែនៅក្នុងក្រុមជំនុំដែលខ្ញុំបានចូលរួម ពួកសង្ឃមិនបានរៀបការទេ ។ នោះមិនសមហេតុផលសម្រាប់ខ្ញុំទេ ។ ខ្ញុំជឿថាវាជាការល្អដែលបានរៀបការ និងមានគ្រួសារមួយ ។
កាលនោះខ្ញុំអាយុ១៦ឆ្នាំ ខ្ញុំមានមិត្តស្រីដែលខ្ញុំស្រឡាញ់ខ្លាំងណាស់ ប៉ុន្តែនាងបានទៅចោលខ្ញុំ ។ វាពិបាកសម្រាប់ខ្ញុំ ។ ខ្ញុំខូចចិត្តជាខ្លាំងជិតមួយឆ្នាំ ។ ដោយសារបទពិសោធន៍នោះ ខ្ញុំចង់យល់ពីកន្លែងថាតើខ្ញុំមកពីណា ហេតុអ្វីបានជាខ្ញុំនៅលើផែនដី តើគោលបំណងនៃជីវិតនេះគឺជាអ្វី និងអ្វីដែលកើតឡើងបន្ទាប់ពីស្លាប់ ។ ខ្ញុំចង់ស្វែងរកចម្លើយចំពោះសំណួរទាំងនេះដោយខ្លួនឯង ។ ប៉ុន្តែក្រោយពីបានគិតអំពីវាអស់រយៈពេលជាយូរមក ខ្ញុំត្រឡប់មករកព្រះម្ដងទៀត ហើយនិយាយមកកាន់ខ្លួនឯងថា « អង្គបង្កបង្កើតជីវិតជ្រាបដឹងពីជីវិតច្បាស់ជាងខ្ញុំ ។ ខ្ញុំគួរតែស្វែងរកចម្លើយពីទ្រង់ » ។
ការអានព្រះគម្ពីរប៊ីប ខ្ញុំបានដឹងថាព្រះយេស៊ូវបានហៅសាវកដប់ពីរនាក់ ។ ខ្ញុំបានគិតថា « ប្រសិនបើព្រះមានព្រះវិហារនៅសព្វថ្ងៃនេះ នោះព្រះវិហារនេះគួរតែមានសាវក » ។ ខ្ញុំកាន់តែចាប់អារម្មណ៍លើសាសនា ហើយខ្ញុំចង់ទទួលបុណ្យជ្រមុជទឹក ។
ពេលខ្ញុំនិយាយអំពីព្រះជាមួយនឹងឪពុកខ្ញុំ គាត់បានប្រាប់ខ្ញុំថា ព្រះគឺយុត្តិធម៌ ។ គាត់បានមាននិយាយថា កូនត្រូវទទួលបុណ្យជ្រមុជទឹកដើម្បីបានសង្រ្គោះ ឬកូនត្រូវបណ្ដាសាទៅស្ថាននរកជារៀងរហូត ។ ខ្ញុំមិនចង់ជឿថា ព្រះវរបិតាសួគ៌ដែលពេញដោយក្តីស្រឡាញ់នឹងរីករាយបញ្ជូនបុត្រាបុត្រីរបស់ទ្រង់ទៅស្ថាននរកជារៀងរហូត ដោយសារតែពួកគេមិនបានទទួលបុណ្យជ្រមុជទឹកនោះទេ ។ ចុះចំណែកអ្នកដែលមិនមានឱកាសទទួលបុណ្យជ្រមុជទឹកវិញ ?
នៅប្រទេសបារាំង មានអ្នកជឿតិចណាស់ ។ ខ្ញុំមានមិត្តភក្តិដែលមានចិត្តល្អ ប៉ុន្តែពួកគេមិនបានទទួលបុណ្យជ្រមុជទឹកទេ ។ ខ្ញុំបានសន្និដ្ឋានថា វាមិនត្រឹមត្រូវទេដែលគិតថាពួកគេទាំងអស់នឹងទៅស្ថាននរកនោះ ។
ដូច្នេះហើយ ខ្ញុំបានសម្រេចចិត្តបង្កើតជំនឿផ្ទាល់ខ្លួនរបស់ខ្ញុំ ។ ខ្ញុំបានជឿលើព្រះមួយអង្គដែលសេចក្ដីស្រឡាញ់របស់ទ្រង់គឺល្អឥតខ្ចោះ ហើយដែលនឹងធ្វើគ្រប់យ៉ាងក្នុងព្រះចេស្ដារបស់ទ្រង់ ដើម្បីសង្គ្រោះបុត្រាបុត្រីរបស់ទ្រង់ ។ ប្រសិនបើបុត្រាបុត្រីរបស់ទ្រង់មិនចង់ទទួលបានសិរីល្អរបស់ទ្រង់ទេ នោះវានឹងអាស្រ័យលើពួកគេ ។ ប៉ុន្តែទ្រង់នឹងផ្តល់ឱកាសដល់ពួកគេ ។
ផ្លូវវាងទៅកាន់ការប្រែចិត្តជឿ
ថ្ងៃមួយ ពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងពីរនាក់ដែលកំពុងធ្វើការនៅក្នុងភូមិរបស់ខ្ញុំបានទទួលការបំផុសគំនិតឲ្យទៅត្រឡប់ទៅផ្ទះតាមផ្លូវវាង ។ នៅពេលពួកគេធ្វើដំណើរទៅផ្ទះក៏បានជួបម្ដាយខ្ញុំ ។ គាត់បានឃាត់ពួកគេ ហើយណាត់ខ្ញុំទៅជួបគេ ។ ខ្ញុំមិនសូវសប្បាយចិត្តពីរឿងនេះទេ ។ ខ្ញុំមិនចង់និយាយជាមួយពួកគេឡើយ ។ ខ្ញុំគិតថា ពួកគេនឹងនិយាយថា « អ្នកត្រូវតែស្តាប់យើង ។ អ្នកត្រូវតែជឿនូវអ្វីដែលយើងនឹងប្រាប់អ្នក » ។
នៅពេលពួកអ្នកផ្សព្វផ្សាយសាសនាមកដល់សម្រាប់ការណាត់ជួបរបស់យើង ខ្ញុំបានប្រាប់ពួកគេថា « កុំខ្ជះខ្ជាយពេលវេលារបស់អ្នកឡើយ ។ ខ្ញុំមានជំនឿផ្ទាល់ខ្លួនហើយ ។ អ្វីដែលអ្នកកំពុងធ្វើគឺល្អហើយ ប៉ុន្តែខ្ញុំជឿថា គ្រួសារមានសារៈសំខាន់ណាស់ ។ ខ្ញុំជឿថា អ្នកដឹកនាំព្រះវិហារគួរតែរៀបការ ។ ខ្ញុំជឿថា ព្រះវិហារមួយគួរតែមានសាវកដប់ពីរនាក់ ។ ខ្ញុំជឿថា ព្រះនឹងសង្គ្រោះបុត្រាបុត្រីរបស់ទ្រង់ឲ្យបានច្រើនតាមដែលអាចធ្វើបាន ។ ហើយខ្ញុំមិនជឿលើការជក់បារី និងផឹកស្រាទេ » ។
ខ្ញុំភ្ញាក់ផ្អើលនៅពេលដឹងថាការបង្រៀនរបស់ពួកគេត្រូវនឹងជំនឿរបស់ខ្ញុំ ។ ពួកគេបានឲ្យព្រះគម្ពីរមរមនមួយក្បាលមកខ្ញុំ ហើយបានសុំខ្ញុំឲ្យអានអំពីព្រះគម្ពីរនេះ ។ ខ្ញុំទទួលអារម្មណ៍ពីព្រះវិញ្ញាណ នៅពេលខ្ញុំអានព្រះគម្ពីរនោះ ហើយខ្ញុំទទួលអារម្មណ៍ពីព្រះវិញ្ញាណពីពួកផ្សព្វផ្សាយសាសនា ។ ប៉ុន្តែខ្ញុំបានគិតថា « ប្រហែលជាខ្ញុំកំពុងតែបង្កើតអារម្មណ៍វិជ្ជមានទាំងនេះ »។
ខ្ញុំបានអធិស្ឋាន ហើយទទួលបានចម្លើយនៅក្នុងសុបិនមួយ ។ នៅក្នុងសុបិនរបស់ខ្ញុំ ខ្ញុំបានបើកព្រះគម្ពីរប៊ីប ។ នៅខាងក្នុងព្រះគម្ពីរប៊ីបមានផ្ទាំងដែលមានគម្ពីរផ្សេងៗនៃព្រះគម្ពីរប៊ីប ។ ផ្ទាំងចុងក្រោយសរសេរថា « មរមន » ។ សារលិខិតនេះបានជួយខ្ញុំយល់ថា ព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនជាដំណឹងល្អដូចគ្នា ( សូមមើល អេសេគាល ៣៧:១៥–១៩ ) ។
ទីបន្ទាល់របស់ខ្ញុំត្រូវបានពង្រឹងបន្ថែមទៀតតាមរយៈបទពិសោធន៍ផ្សេងទៀតក្នុងការអាន និងសិក្សាព្រះគម្ពីរមរមន ។ នៅពេលពួកអ្នកផ្សព្វផ្សាយសាសនាបានអញ្ជើញខ្ញុំឲ្យធ្វើបុណ្យជ្រមុជទឹក ខ្ញុំបានទទួលដោយអំណរ ។ ខ្ញុំបានទទួលបុណ្យជ្រមុជទឹក បន្ទាប់ពីមិត្តស្រីរបស់ខ្ញុំបានចាកចេញចោលខ្ញុំមួយឆ្នាំគត់ ។ ពិធីបុណ្យជ្រមុជទឹកជាព្រឹត្តិការណ៍ដ៏ផ្លាស់ប្តូរធំមួយនៅក្នុងជីវិតរបស់ខ្ញុំ ។ ខ្ញុំបានបាត់បង់មិត្តភក្តិមួយចំនួន ពេលខ្ញុំចូលរួមក្នុងសាសនាចក្រ ប៉ុន្តែខ្ញុំមានមិត្តថ្មីនៅក្នុងសាខាដែលខ្ញុំបានចូលរួម ។
នីកូឡាសនិយាយថា ៖ « ដំណឹងល្អបាននាំមកឲ្យខ្ញុំនូវពន្លឺ និងសុភមង្គលជាច្រើន ។ ព្រះប្រទានពរដល់ខ្ញុំ ។ ខ្ញុំបានជួបស្ត្រីល្អម្នាក់ ហើយយើងមានកូនស្រីដ៏ល្អបីនាក់ ។ »
ដំណឹងល្អបាននាំមកឲ្យខ្ញុំនូវពន្លឺ និងសុភមង្គលជាច្រើន ។ ខ្ញុំបានពោរពេញដោយព្រះវិញ្ញាណ និងដោយអំណរ ។ ខ្ញុំគិតថា « អ្វីៗដែលខ្ញុំបានរងទុក្ខពីមុនបាននាំឲ្យខ្ញុំមកទីនេះ » ។
ព្រះប្រទានពរដល់ខ្ញុំ ។ ខ្ញុំបានជួបស្ត្រីដ៏ល្អម្នាក់ ហើយយើងមានកូនស្រីដ៏ល្អបីនាក់ ។ កូនពីរនាក់របស់ខ្ញុំបានបម្រើបេសកកម្ម ដែលជួយអ្នកដទៃឲ្យយល់នូវអ្វីដែលខ្ញុំបានយល់ជាច្រើនឆ្នាំកន្លងទៅ ៖ « គ្រួសារជាផ្នែកដ៏សំខាន់មួយ នៅក្នុងផែនការរបស់ព្រះដ៏បង្កបង្កើត សម្រាប់គោលដៅដ៏នៅអស់កល្បជានិច្ចនៃកូនចៅរបស់ទ្រង់ » ។ « ពួកអ្នកស្លាប់ណាដែលប្រែចិត្ត នោះនឹងបានប្រោសលោះ តាមរយៈការគោរពតាមពិធីទាំងឡាយនៃដំណាក់របស់ព្រះ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៨:៥៨ ) ហើយព្រះអម្ចាស់ហៅពួកសាវក និងពួកព្យាការីនៅសម័យរបស់យើងនៅក្នុងសាសនាចក្ររបស់ទ្រង់ ( សូមមើល អេភេសូរ ២:២០ ) ។