« ព្រះបានប្រទានសេចក្តីសុខសាន្ដដល់ខ្ញុំ » លីអាហូណា ខែកញ្ញា ឆ្នាំ២០២៥ ។
សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ព្រះបានប្រទានសេចក្តីសុខសាន្ដដល់ខ្ញុំ
ទំនាក់ទំនងដែលខ្ញុំបានរីករាយជាមួយព្រះវរបិតាសួគ៌បានជួយខ្ញុំឆ្លងកាត់ពេលវេលាដ៏លំបាកមួយ ។
នៅពេលយើងរៀបចំច្រៀងក្នុងការប្រជុំឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ខនសេបភី ស៊ីលី ក្នុងឆ្នាំ២០១៨ សមាជិកក្រុមចម្រៀងយុវមជ្ឈិវ័យទាំងអស់ដែលខ្ញុំកំពុងដឹកនាំមានគោលដៅដូចគ្នា ៖ ធ្វើកិច្ចការតន្ត្រី និងកិច្ចការខាងវិញ្ញាណដែលចាំបាច់ ដើម្បីថ្វាយដង្វាយដ៏ល្អបំផុតរបស់យើង ។
ជាមួយនឹងសមាជិកក្រុមចម្រៀងមកពីស្ដេកពីរក្នុងទីក្រុងស៊ីលែន ខ្ញុំបានលះបង់ធ្វើជាមនុស្សបរិសុទ្ធឲ្យអស់ពីលទ្ធភាពរបស់ខ្ញុំ ។ ខ្ញុំចង់ឆ្លុះបញ្ចាំងពីពន្លឺនៃព្រះគ្រីស្ទនៅក្នុងជីវិតរបស់ខ្ញុំ ។ ខ្ញុំចង់ឲ្យដង្វាយដែលយើងបានថ្វាយដល់ព្រះក្នុងដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ឲ្យល្អឥតខ្ចោះអស់ពីលទ្ធភាព ។ ខ្ញុំបានដឹងថា ប្រសិនបើយើងធ្វើចំណែករបស់យើង ព្រះវរបិតាសួគ៌នឹងជួយយើង ហើយយើងនឹងច្រៀងដូចទ្រង់នឹងឲ្យយើងច្រៀង ។
នៅអំឡុងការឧទ្ទិសឆ្លង យើងបានច្រៀងដោយសំឡេង និង ដួងចិត្តរបស់យើង ។ ខ្ញុំគិតថា ទេវតាច្រៀងជាមួយយើង ។ សំឡេងក្រុមចម្រៀងគឺល្អឥតខ្ចោះ ។ យើងមានអារម្មណ៍ថា ព្រះគុណរបស់ព្រះគង់នៅជាមួយយើង ហើយថាទ្រង់សព្វព្រះទ័យនឹងការថ្វាយរបស់យើង ។ អារម្មណ៍នោះនៅជាមួយខ្ញុំអស់រយៈពេលយ៉ាងយូរ ។
បន្ទាប់ពីការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ខ្ញុំមានអារម្មណ៍ថាបានចិញ្ចឹមបីបាច់ខាងវិញ្ញាណ ហើយនៅជាមួយនឹងព្រះវរបិតាសួគ៌ ។ ខ្ញុំមានអារម្មណ៍ថាមានទំនាក់ទំនងខ្លាំងជាមួយទ្រង់ជាងដែលខ្ញុំធ្លាប់មាន ។ ទំនាក់ទំនងនោះខ្លាំងណាស់ដែលខ្ញុំមានអារម្មណ៍ថាត្រូវដឹកនាំខាងវិញ្ញាណទៅរកអ្វីដែលខ្ញុំទូលសូមពេលខ្ញុំអធិស្ឋាន ( សូមមើល នីហ្វៃទី៣ ១៩:២៤ ) ។
នៅពេលឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ខ្ញុំមានផ្ទៃពោះប្រាំសប្តាហ៍ ។ ប៉ុន្មានខែក្រោយមក ខ្ញុំបានរលូតកូនរបស់ខ្ញុំ ។ នោះគឺជាពេលវេលាដ៏អាក្រក់មួយ ។ ខ្ញុំមានអារម្មណ៍សោកស្ដាយ ជាពិសេសនៅពេលដែលខ្ញុំបានដឹងថាខ្ញុំប្រហែលជាមិនអាចមានកូនទៀតទេ ។
ប៉ុន្តែបទពិសោធន៍ដ៏លំបាកនេះបានបណ្តាលឲ្យខ្ញុំមានអារម្មណ៍ពីព្រះវិញ្ញាណយ៉ាងខ្លាំងបំផុត ។ ខ្ញុំបានយល់ថា ខ្ញុំបានត្រៀមខ្លួនសម្រាប់ពេលនេះ តាមរយៈការថ្វាយដែលយើងបានថ្វាយក្នុងព្រះវិហារបរិសុទ្ធ ។ កម្លាំងខាងវិញ្ញាណដែលខ្ញុំមានបទពិសោធន៍បានជួយខ្ញុំយកឈ្នះការសាកល្បងនេះ ដោយសារព្រះវរបិតាសួគ៌គង់នៅជាមួយខ្ញុំ ហើយបានប្រទានសេចក្តីសុខសាន្តដល់ខ្ញុំ ។
មួយរយៈក្រោយមក ព្រះបានប្រទានពរដល់ស្វាមីខ្ញុំ និងខ្ញុំដោយអព្ភូតហេតុមួយ ។ យើងសប្បាយចិត្តជាខ្លាំងនៅពេលដែលកូនប្រុសរបស់យើង អ័រតូរ៉ូ បានទទួលប្អូនស្រីតូច ដានីយ៉ែលឡា ។
ខ្ញុំនឹងមិនអាចជួបនឹងបទពិសោធន៍នោះទេ បើគ្មានទំនាក់ទំនងជិតស្និទ្ធដែលខ្ញុំបានរីករាយជាមួយនឹងព្រះវរបិតាសួគ៌នោះ ។ ខ្ញុំបានដឹងថាអ្វីគ្រប់យ៉ាងនឹងមិនអីទេ ហើយស្របតាមព្រះឆន្ទៈរបស់ទ្រង់ ។ ការចងចាំរឿងទាំងនេះនៅតែបំពេញចិត្តខ្ញុំដោយអំណរ និងការដឹងគុណ ។