2025
ព្រះវរបិតា​មាន​ព្រះទ័យ​ចង់​មាន​បន្ទូល​ជាមួយ​បងប្អូន
ខែ​មីនា ឆ្នាំ​២០២៥


« ព្រះវរបិតា​មាន​ព្រះទ័យ​ចង់​មាន​បន្ទូល​ជាមួយ​បងប្អូន » លីហូណា ខែ​មីនា ឆ្នាំ​២០២៥ ។

ព្រះវរបិតា​មាន​ព្រះទ័យ​ចង់ មាន​បន្ទូល​ជាមួយ​បងប្អូន

សូម​ឲ្យ​សេចក្តី​ជំនឿ​របស់​បងប្អូន​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះបុត្រា​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ ជួយ​បងប្អូន​បើក​វាំងនន និង​អាច​ស្ដាប់ឮ​ព្រះសូរសៀង​របស់​ព្រះវរបិតា ។

យុវនារី​ម្នាក់​កំពុង​អធិស្ឋាន

យើង​គឺ​ជា​បុត្រា និង​បុត្រី​របស់​ព្រះ ដែល​រស់នៅ​លើ​ផែនដី​នេះ​ជាមួយគ្នា ឆ្ងាយពី​ផ្ទះ​នៅ​ឯ​ឋានសួគ៌​របស់យើង ។ នេះគឺ​ជា​ជីវិត​រមែង​ស្លាប់​របស់យើង ជា​ពេលវេលា​មួយ​ដើម្បី​ទទួល​បាន​រាងកាយ​របស់យើង ជ្រើសរើស​ត្រូវ ជំនួស​ឲ្យ​ខុស « ភ្លក់​នូវ​សេចក្ដី​ល្វីង​ជូរចត់ ប្រយោជន៍​ឲ្យ [ យើង ] អាច​ចេះ​ឲ្យ​តម្លៃ​ដល់​របស់​ល្អ » ( ម៉ូសេ ៦:៥៥ ) បង្កើន​សេចក្តី​ជំនឿ​របស់យើង​នៅលើ​ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​ដ៏ពិសិដ្ឋ​របស់ទ្រង់ និង​ទទួល​យក​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា​របស់យើង ។ យើង​មកទីនេះ​ដើម្បី​ប្រែក្លាយ​ឲ្យ​កាន់តែ​ដូច​ព្រះវរបិតា​សួគ៌ ។

ដោយ​គ្មាន​ការចងចាំ​ពី​ជីវិត​មុន​ជីវិត​រមែងស្លាប់​នេះ យើង​ពេលខ្លះ​មាន​អារម្មណ៍​ឯកោ​សម្រាប់​ពិភពលោក​ដែល​យើង​បាន​ចាកចេញ​មក ។ ព្រះវរបិតា​របស់យើង​បាន​ផ្តល់ឲ្យ​យើង​នូវ​អំណោយទាន​ខាងវិញ្ញាណ​មួយ ដើម្បី​រក្សា​ទំនាក់ទំនង​ជាមួយនឹង​ទ្រង់ និង​ដើម្បី​ទទួល​បាន​ការណែនាំ ការដឹកនាំ និង​ការលួងលោម​ពីទ្រង់ ។ យើង​ស្គាល់​អំណោយ​ទាន​នេះ​យ៉ាង​ច្បាស់ វា​ត្រូវបាន​គេហៅថា ការអធិស្ឋាន ។

អធិស្ឋាន​ទៅ​ព្រះវរបិតា​សួគ៌​របស់​បងប្អូន

ចំពោះ​លោក​អាដាម និង​នាង​អេវ៉ា និង​មនុស្ស​ទាំងអស់​ដែល​ធ្វើតាម​ពួកលោក នោះ​ទេវតា​មួយ​អង្គ​បាន​ណែនាំថា « ត្រូវ​ប្រែចិត្ត ហើយ​អំពាវនាវ​ដល់​ព្រះ​ដោយ​នូវ​ព្រះនាម​នៃ​ព្រះ​រាជបុត្រា​ជា​រៀង​ដរាប​រហូត​ត​ទៅ » ( ម៉ូសេ ៥:៨ ) ។

ព្រះយេស៊ូវ​បង្រៀន ៖ « ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក » ( ម៉ាថាយ ៧:៧ ) ។ « កាល​ណា​អធិស្ឋាន … អធិស្ឋាន​ដល់​ព្រះវរបិតា​នៃ​អ្នក … ដែល​ទ្រង់​គង់​នៅ​ទី​លាក់​កំបាំង » ( ម៉ាថាយ ៦:៦ ) ។ « ដូច្នេះ ចូរ​អធិស្ឋាន​បែប​យ៉ាង​នេះ​វិញ​ថា ឱ​ព្រះវរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​អើយ សូម​ឲ្យ​ព្រះនាម​ទ្រង់​បាន​បរិសុទ្ធ » ( ម៉ាថាយ ៦:៩ ) ។

ព្រះយេស៊ូវ​តែងតែ​អធិស្ឋាន​ទៅកាន់​ព្រះវរបិតារបស់​ទ្រង់​ជានិច្ច ។ « នៅ​គ្រា​នោះ ទ្រង់​ចេញ​ទៅ​ឯ​ភ្នំ ដើម្បី​នឹង​អធិស្ឋាន រួច​ទ្រង់​អធិស្ឋាន​ដល់​ព្រះ ដរាប​ទាល់​ភ្លឺ » ( លូកា ៦:១២ ) ។ « កាល … នោះ​ទ្រង់​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​នឹង​អធិស្ឋាន » ( ម៉ាកុស ៦:៤៦ ) ។ « នោះ​ក៏​មក​ដល់​កន្លែង​ហៅ​ថា ច្បារ​គែតសេម៉ានី ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​អង្គុយ​នៅ​ទី​នេះ​សិន ចាំ​ខ្ញុំ​ទៅ​អធិស្ឋាន » ( ម៉ាកុស ១៤:៣២ ) ។ ខណៈពេល​នៅលើ​ឈើឆ្កាង ព្រះយេស៊ូវ​បាន​អធិស្ឋាន​សម្រាប់​ទាហាន​ដែលបាន​ឆ្កាង​ទ្រង់ ៖ « ឱ​ព្រះវរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ » ( លូកា ២៣:៣៤ ) ។

បទគម្ពីរ​ប្រឹក្សា​យើង​ឲ្យ « អធិស្ឋាន​ជានិច្ច » ( លូកា ២១:៣៦; នីហ្វៃទី២ ៣២:៩; នីហ្វៃទី៣ ១៨:១៥; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០:៥; ១៩:៣៨; ២០:៣៣; ៣១:១២ ) ។ « ចូរ​ប្រឹក្សា​ជាមួយ​នឹង​ព្រះ​អម្ចាស់​នូវ​គ្រប់​កិច្ចការ​របស់​កូន ហើយ​ទ្រង់​នឹង​ដឹកនាំ​កូន​ទៅ​រក​ការ​ល្អ » ( អាលម៉ា ៣៧:៣៧ ) ។ លើសពី​នេះទៀត យើង « សូម​ថ្លែង​អស់​ទាំង​អំណរគុណ និង​ការសរសើរ​តម្កើង​ដែលព្រលឹង​ទាំងមូល [ របស់យើង ] មាន ( ម៉ូសាយ ២:២០ ) ដោយ​ស្គាល់​អ្វី​ទាំងអស់​ដែល​ព្រះវរបិតា​របស់យើង​ធ្វើ​សម្រាប់​ពួកយើង ។

ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់ថា « ការជឿជាក់​លើ​ខ្លួនឯង​ខាងវិញ្ញាណ​ចាប់ផ្តើម​ជាមួយ​នឹង​ការដឹងថា​រាល់ព្រឹក​ថ្មី គឺជា​អំណោយ​មកពី​ព្រះ ។ … ទ្រង់​ថែរក្សា​យើង​ជា​រៀងរាល់​ថ្ងៃ ហើយ​ជួយ​យើង​ពី​មួយ​គ្រា​ទៅ​មួយ​គ្រា ( សូមមើល ម៉ូសាយ ២:២១ ) »

នីហ្វៃ​បាន​និយាយ​ថា « ដ្បិត​បើ​សិន​ជា​អ្នក​រាល់​គ្នា​ប្រុង​ស្ដាប់​តាម​ព្រះ​វិញ្ញាណ ដែល​បង្រៀន​មនុស្ស​ឲ្យ​អធិស្ឋាន នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ត្រូវ​តែ​អធិស្ឋាន ត្បិត​អារក្ស​អសោចិ៍​មិន​បង្រៀន​មនុស្ស​ណាមួយ​ឲ្យ​អធិស្ឋាន​ទេ ប៉ុន្តែ​បង្រៀន​គេ​មិន​ឲ្យ​អធិស្ឋាន​វិញ » ( នីហ្វៃ​ទី២ ៣២:៨ ) ។

ទិដ្ឋភាព​ប្រវត្តិរូប​របស់​ព្រះអង្គសង្គ្រោះ

ព័ត៌មាន​លម្អិត​មកពី Christ Raising the Daughter of Jairus [ ព្រះគ្រីស្ទ​កំពុង​ប្រោស​កូនស្រី​របស់​យ៉ៃរ៉ុស ] ដោយ ហ្រ្គេក ខេ អុលសិន

ដោយ​មាន​គំរូ​របស់​ព្រះអង្គសង្គ្រោះ​របស់យើង និង​ការទូន្មាន​របស់​ពួកទេវតា និង​ពួកព្យាការី​ជាច្រើន​សតវត្ស​មកហើយ នោះ​យើង​ដឹង​យ៉ាងច្បាស់​ថា​ត្រូវ​អធិស្ឋាន​ជារៀង​រាល់ថ្ងៃ ដើម្បី​បង្ហាញពី​ការដឹងគុណ​ចំពោះ​ពរជ័យ​របស់យើង ហើយ​រក្សា​ការអធិស្ឋាន​នៅក្នុង​ចិត្ត​របស់យើង​ជានិច្ច ។ យើង​មាន​ទំនួលខុសត្រូវ​ក្នុង​ការទំនាក់ទំនង​ជាមួយនឹង​ព្រះវរបិតា​របស់យើង ។

ប៉ុន្តែ​កាន់តែ​អស្ចារ្យ​ទៅទៀត​នោះ ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​របស់យើង​ឆ្លើយតប​ទៅនឹង​ការអធិស្ឋាន​របស់យើង ។ សំណួរ​ដ៏​គួរ​ឲ្យ​ពិចារណា​មួយ​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ​គឺ តើ​យើង​ទទួល និង​យល់​កាន់តែ​ច្បាស់​អំពី​ចម្លើយ ការណែនាំ និង​ការលួងលោម​ដែល​មក​ពី​ព្រះវរបិតា​យើង​ដោយ​របៀបណា ?

តាមរយៈ​ដំណើរជីវិត​របស់ខ្ញុំ​ជាង ៧០ ឆ្នាំ​នេះ ខ្ញុំ​ដឹងថា​ព្រះវរបិតា​មាន​បន្ទូល​មកកាន់​យើង ។ យើង​ពុំ​នៅ​ឯកោ​ទេ ។ តួអង្គ​សួគ៌ា​មើលថែ​យើង និង​ជួយ​យើង​នៅពេល​ដែល​យើង​ខិតខំ​ធ្វើតាម​ព្រះអង្គសង្រ្គោះ ។

ការទទួល​បាន​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់យើង​ចាប់ផ្តើម​ជាមួយនឹង​សេចក្តី​ជំនឿ​របស់យើង​នៅលើ​ព្រះវរបិតាសួគ៌​របស់យើង និង​នៅលើ​ព្រះរាជបុត្រា​របស់ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ព្រះយេស៊ូវ​មានបន្ទូល ៖ « កុំខ្លាចអី ឲ្យ​គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ » ( ម៉ាកុស ៥:៣៦ ) ។ យើង​ទុក​ចិត្ត​លើ​ទ្រង់ ខិតខំ​អស់ពី​សមត្ថភាព​ដើម្បី​រក្សា​បទបញ្ញត្តិ ហើយ​ស្វែងរក​ព្រះហស្ត​របស់​ទ្រង់​ក្នុង​គ្រប់​ការណ៍​ទាំងអស់ ។ « ហើយ​មនុស្ស​មិនដែល​ជំទាស់​ព្រះ​ក្នុង​ការណ៍​ណាមួយ​ឡើយ … លើក​លែង​តែ​អស់​អ្នក​ណា​ដែល​មិន​ទទួល​ស្គាល់​ព្រះ​ហស្ត​របស់​ទ្រង់​ក្នុង​គ្រប់​ទាំង​អស់ ហើយ​មិន​គោរព​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់​ប៉ុណ្ណោះ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៩:២១ ) ។

ព្រះ​ហស្ត​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​យើង​មិនមែន​មាន​ន័យថា​ទ្រង់​ធ្វើឲ្យ​មាន​សេចក្តី​អាក្រក់ ឬ​សោកនាដកម្ម​ដ៏គួរឲ្យ​ភ័យខ្លាច​ដែល​មាន​នៅក្នុង​ពិភពលោក​របស់យើង​នោះទេ ។ ទោះជា​យ៉ាងណា​ក៏ដោយ វា​មាន​ន័យថា​នៅក្នុង​ពេល​នៃ​ការលំបាក និង​ភាព​មិន​យុត្តិធម៌​របស់​បងប្អូន ទ្រង់​នឹង​គង់នៅ​ក្បែរ​បងប្អូន ពង្រឹង​សមត្ថភាព​របស់បងប្អូន លួងលោម​បងប្អូន និង « ធ្វើ​ឲ្យ​សេចក្ដី​វេទនា​ទាំង​ឡាយ​របស់​កូន ក្លាយ​ទៅ​ជា​ផលប្រយោជន៍​ដល់​កូន​វិញ » ( នីហ្វៃ​ទី២ ២:២ ) ។

ការស្តាប់​ឮ​ព្រះសូរសៀង​របស់​ទ្រង់

នៅពេល​យើង​មាន​សេចក្តី​ជំនឿ​លើ​ទ្រង់ និង​រក្សា​បទបញ្ញត្តិ​របស់ទ្រង់ នោះ​យើង​រៀន​ស្តាប់ឮ​ព្រះសូរសៀង​របស់ទ្រង់​កាន់តែ​ប្រសើរឡើង​ដោយ​ឯកឯង ។

នៅ​ខែ​កញ្ញា ឆ្នាំ​១៩៩៣ ឆ្នាំ​ដំបូង​របស់ខ្ញុំ​ក្នុង​នាមជា​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ឆ្នាំ១៩២០–២០០៧ ) កាលនោះ​ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់ បាន​អញ្ជើញ​ភរិយា​របស់ខ្ញុំ ខេធី និង​ខ្ញុំ​ឲ្យ​ចូលរួម​ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ជាមួយ​លោក ។ សូម​ចាំ​ថា ឆ្នាំ​១៩៩៣ គឺមុនពេល​មាន​ការរីករាលដាល​នៃ​ទូរសព្ទ​ឆ្លាតវៃ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​អ៊ីនធឺណិត ។

នៅក្នុង​សុន្ទរកថា​របស់លោក​ដែលមាន​ចំណងជើង​ថា « ព្រះសូរសៀង​នៃ​ព្រះវិញ្ញាណ » ប្រធាន ហ្វោស្ត បាន​ព្រមានថា ៖ « នៅក្នុង​ជំនាន់​របស់​បងប្អូន បងប្អូន​នឹង​ត្រូវបាន​រំខាន​ដោយ​សំឡេង​ជាច្រើន​ដែល​ប្រាប់​បងប្អូន​ពីរបៀប​រស់នៅ របៀប​បំពេញ​ចំណង់​ចំណូល​ចិត្ត​របស់​បងប្អូន របៀប​ដើម្បី​មាន​អ្វីៗ​ទាំងអស់ ។ បងប្អូន​នឹង​មាន​ប៉ុស្តិ៍​ទូរទស្សន៍​រហូត​ដល់ទៅ​ប្រាំរយ​នៅក្នុង​ដៃ​របស់បងប្អូន ។ វា​នឹង​មាន​សុសវែរ​គ្រប់​ប្រភេទ ម៉ូដឹម​កុំព្យូទ័រ​សម្រាប់​ទំនាក់ទំនង​នឹង​កុំព្យូទ័រ​ផ្សេង​ទៀត មូលដ្ឋាន​ទិន្នន័យ និង​ក្ដារ​ប្រកាស​ព័ត៌មាន វា​នឹង​មាន​ការបោះពុម្ព​លើ​កុំព្យូទ័រ ការទទួល​តាមរយៈ​ផ្កាយរណប និង​បណ្តាញ​ទំនាក់ទំនង​ដែលនឹង​ធ្វើឲ្យ​បងប្អូន​សន្ធប់​ជាមួយ​នឹង​ព័ត៌មាន ។ … សំឡេង​ដែល​បងប្អូន​ត្រូវ​រៀន​យកចិត្ត​ទុកដាក់ គឺជា​សំឡេង​នៃ​ព្រះវិញ្ញាណ » ។

ប្រធាន ប៊យដ៏ ឃេ ផាកកឺ ( ឆ្នាំ​១៩២៤–២០១៥ ) ប្រធាន​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់ បាន​បង្រៀន​អំពី​សំឡេង​តូចរហៀង​របស់​ព្រះវិញ្ញាណ​ក្នុង​ការរៀបរាប់​អំពី​បទពិសោធន៍​របស់​ចន ប៊ូរ៉ូ ដែលជា​អ្នកចូលចិត្ត​ធម្មជាតិ ខណៈ​ដែល​លោក​កំពុង​ដើរ​ជាមួយ​មិត្តភក្តិ​ឆ្លងកាត់​ឧទ្យាន​ដែលមាន​មនុស្ស​ច្រើន ។ នេះ​គឺជា​ប្រសាសន៍​របស់​ប្រធាន ផាកកឺ ៖

« លើស​ពី​សំឡេង​នៃ​ជីវិត​ទីក្រុង [ លោក ប៊ូរ៉ូ ] បាន​ឮសំឡេង​របស់​បក្សី​មួយ ។

« លោក​ឈប់ ហើយ​ស្តាប់ ! អ្នក​ដែល​នៅ​ជាមួយនឹង​គាត់​មិន​បាន​ឮ​សំឡេង​នោះ​ទេ ។ គាត់​បាន​សម្លឹង​មើល​ជុំវិញ ។ គ្មាន​នរណា​ម្នាក់​ផ្សេងទៀត​បាន​កត់សម្គាល់​ពី​សំឡេង​នោះ​ទេ ។

« វា​រំខានចិត្ត​លោក​ណាស់ ដែល​មនុស្ស​គ្រប់គ្នា​មិន​ឮអ្វី​ដែល​ពីរោះ​ដូច្នេះ​នោះ ។

« គាត់​បាន​យក​កាក់​មួយ​ពី​ហោប៉ៅ​របស់​គាត់ ហើយ​បោះ​វា​ទៅក្នុង​អាកាស ។ វា​បាន​ធ្លាក់​លើ​ចិញ្ចើមផ្លូវ​ដោយ​មាន​សំឡេង​មួយ ដែល មិន​ឮ​ខ្លាំង​ជាង​សំឡេង​របស់​បក្សី​នោះ​ទេ ។ មនុស្ស​គ្រប់គ្នា​ងាក​រកមើល ពួកគេ​អាច​ឮ​សំឡេង​នោះ !

« វា​លំបាក​ណាស់​ក្នុង​ការញែក ចម្រៀង​របស់​បក្សី​ចេញពី​សំឡេង​ទាំងអស់​នៃ ចរាចរណ៍​ទីក្រុង ។ ប៉ុន្តែ​បងប្អូន​អាច​ឮ​វា​បាន ។ បងប្អូន​អាច​ឮ​វា​យ៉ាង​ច្បាស់ ប្រសិនបើ​បងប្អូន​បណ្តុះបណ្តាល​ខ្លួនឯង​ដើម្បី​ស្តាប់​វា » ។

ការបង្រៀន​របស់​ប្រធាន ផាកកឺ អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ធ្វើឡើង​ក្នុង​ឆ្នាំ​១៩៧៩ ជាពេល​ដែល​ជីវិត​កាន់តែ​មាន​ភាព​ស្ងប់ស្ងាត់ ហើយ​សំឡេង​រំខាន​នៃ​ពិភពលោក​កាន់តែ​មាន​ភាពយ៉ាប់យ៉ឺន​ពេលនោះ ។

ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា « ប៉ុន្តែ​បើ​ប្អូនៗ​កំពុងផ្ដោត​កាន់តែ​ខ្លាំង​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយសង្គម ជាង​ប្អូនៗ​ផ្ដោត​ទៅលើ​ការ​ខ្សឹប​ប្រាប់​ពី​ព្រះវិញ្ញាណ នោះ​ប្អូនៗ​កំពុង​ដាក់​ខ្លួន​ប្អូនៗ​ទៅ​ក្នុង​ហានិភ័យ​ខាង​វិញ្ញាណ​ហើយ » ។

ប្រធាន ហ្វោស្ត បាន​មាន​ប្រសាសន៍​ថា « ប្រសិនបើ​យើង​ត្រូវ​ស្តាប់តាម​សំឡេង​នៃ​ព្រះវិញ្ញាណ នោះ​យើង​ក៏ត្រូវ​បើក​ត្រចៀក​របស់​យើង ងាក​ភ្នែក​នៃ​សេចក្តី​ជំនឿ​ទៅកាន់​ប្រភព​នៃ​សំឡេង​នោះ ហើយ​សម្លឹង​មើល​យ៉ាង​មុតមាំ​ឆ្ពោះ​ទៅរក​ស្ថានសួគ៌​ដែរ » ។

សំឡេង​នៃ​ព្រះវិញ្ញាណ​នេះ​ចូល​មក​ទាំង​ក្នុង​បញ្ញា និង​អារម្មណ៍​របស់យើង ។ « យើង​នឹង​ប្រាប់​អ្នក​នៅ​ក្នុង​គំនិត​របស់​អ្នក និង​នៅ​ក្នុង​ចិត្ត​របស់​អ្នក ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​នឹង​សណ្ឋិត​មក​លើ​អ្នក ហើយ​ដែល​នឹង​គង់នៅ​ក្នុង​ចិត្ត​របស់​អ្នក » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៨:២ ) ។ ចូរ​ស្តាប់​មនសិការ​របស់​បងប្អូន—វិវរណៈ​ជាញឹកញាប់​ចាប់ផ្តើម​នៅទីនោះ ។

អែលឌើរ អាន់ឌើរសិន មាន​ប្រសាសន៍​ទៅកាន់​ក្រុម​មួយ

ក្នុង​អំឡុងពេល​ដំណើរ​ទស្សនកិច្ច​ទៅកាន់ Girls’ Home Boys’ Town Complex នៅក្នុង​ទីក្រុង ម៉ាគីណា ប្រទេស​ហ្វីលីពីន ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២៤ អែលឌើរ អាន់ឌើរសិន បាន​បង្រៀន​យុវវ័យ​ថា ពួកគេ​គឺជា​បុត្រាបុត្រី​របស់​ព្រះ ៖ « ទ្រង់​ស្រឡាញ់​ក្មួយៗ ។ ហើយ​ក្មួយៗ​អាច​ទូល​ទៅកាន់​ទ្រង់​បាន ។ ទ្រង់​នឹង​ឆ្លើយតប​ការអធិស្ឋាន​របស់​ក្មួយៗ » ។

អធិស្ឋាន​ដោយ​ចិត្តជឿ

ចម្លើយ និង​ចំណាប់​អារម្មណ៍​មិន​អាច​បង្ខំ​បានទេ ។ យើង​អធិស្ឋាន ហើយ​យើង​រង់ចាំ​ដោយ​ចិត្តជឿ ។ ចម្លើយ​មួយចំនួន​នឹង​មិន​មក​នៅក្នុង​ជីវិត​នេះ​ទេ ប៉ុន្តែ ចំពោះ​អ្នក​សុចរិត ព្រះអម្ចាស់​នឹង​បញ្ជូន​នូវ​ភាពសុខសាន្ត​របស់​ទ្រង់​ជានិច្ច ( សូមមើល យ៉ូហាន ១៤:២៧ ) ។ ចម្លើយ​ជាញឹកញាប់​មក​នៅពេល​ដែល​យើង​កំពុង​អធិស្ឋាន​ដើម្បី​ជួយ​អស់អ្នក​ដែល​នៅជុំវិញ​យើង ។ ពេលខ្លះ​ចម្លើយ​ទាំងនោះ​មក « មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដង » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៨:១២ ) ។

សំឡេង​នៃ​ស្ថានសួគ៌​អាច​កើត​មាន​ឡើង​ចំពោះ​យើង នៅ​ពេលវេលា​ដែល​មិន​នឹកស្មាន​ដល់ និង​នៅកន្លែង​ដែល​មិន​គិត​ដល់ ប៉ុន្តែ​យើង​រកឃើញ​ឱកាស​ដ៏​គួរ​ឲ្យ​កត់សម្គាល់​បំផុត​របស់យើង​នៅ​កន្លែង​ដ៏​ស្ងប់ស្ងាត់ និង​កន្លែង​ពិសិដ្ឋ​នានា ។ នៅក្នុង​ភាពស្ងប់ស្ងាត់​នៅក្នុង​ការអធិស្ឋាន និង​ការជញ្ជឹងគិត​នៅពេល​ព្រឹក​ព្រលឹម​របស់ខ្ញុំ ខ្ញុំ​រកឃើញ​ពរជ័យ​ដែល​មិន​ធម្មតា​នានា ។ ការអាន​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ដោយ​មិនមាន​ការរំខាន ប្រចាំថ្ងៃ ខណៈពេល​ដែល​ជាទម្លាប់ ពេលខ្លះ​នាំឲ្យ​សំឡេង​នៃ​ព្រះវិញ្ញាណ​យាង​ចូលមក​ក្នុង​ដួងចិត្ត​របស់យើង ដូចជា​ភ្លើង​នៅពេល​ផ្សេងទៀត ។

ពេលខ្លះ ចំណាប់​អារម្មណ៍​គឺ​ពិសេស​ដែល​មកពីអ្វី​ដែល​យើង​កំពុង​អាន ហើយ​ពេលខ្លះទៀត មកពី​អ្វី​ដែល​យើង​ជញ្ជឹងគិត​ដែល​នាំ​មកនូវ​ចម្លើយ​ចំពោះ​ការព្រួយបារម្ភ​ផ្សេងទៀត ។ ចូរ​ចងចាំ​ពាក្យសម្តី​របស់​អែលឌើរ រ៉ូបឺត ឌី ហែល ៖ « នៅ​ពេល​យើង​ចង់​និយាយ​ទៅ​កាន់​ព្រះ នោះ​យើង​អធិស្ឋាន ។ ហើយ​នៅ​ពេល​យើង​ចង់​ឲ្យ​ទ្រង់​មាន​បន្ទូល​មក​កាន់​យើង នោះ​យើង​ស្រាវជ្រាវ​ព្រះគម្ពីរ​ទាំងឡាយ » ។

នៅពេល​ដែល​សំឡេង និង​ការរំខាន​នៃ​ពិភពលោក​ហ៊ុំព័ទ្ធ​ជុំវិញ​យើង ព្រះអម្ចាស់​បាន​ដឹកនាំ​ព្យាការី​របស់ទ្រង់​ឲ្យ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​កាន់តែ​ច្រើនឡើងៗ ។ នៅក្នុង​ដំណាក់​ដ៏ពិសិដ្ឋ​របស់​ព្រះអម្ចាស់​ទាំងនេះ ពេល​យើង​ទុក​ឧបសគ្គ​របស់យើង​នៅ​ខាងក្រៅ ប៉ុន្តែ​ចូលទៅ​ដោយ​ការអធិស្ឋាន និង​កង្វល់​របស់​យើង នោះ​យើង​ត្រូវ​បាន​បង្រៀន​ពី​សេចក្តីពិត​នៃ​ភាពអស់កល្ប​ជានិច្ច ។

កាលពី​មួយឆ្នាំ​មុន ប្រធាន ណិលសុន បាន​ផ្តល់ឲ្យ​យើង​នូវ​ការសន្យា​ដ៏​អស្ចារ្យ​នេះ​ថា ៖ « បងប្អូន​ប្រុសស្រី ជាទី​ស្រឡាញ់​របស់ខ្ញុំ នេះគឺជា​ការសន្យា​របស់ខ្ញុំ ។ គ្មាន​អ្វី​នឹង​ជួយ​បងប្អូន ច្រើនជាង ការថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់​តាម​ដែល​កាលៈទេសៈ​របស់​បងប្អូន​អនុញ្ញាត​ឲ្យ ដើម្បី​កាន់​ដំបង​ដែក​យ៉ាង​ខ្ជាប់ខ្ជួន​ជានិច្ច​នោះទេ ។ គ្មាន​អ្វី​ដែល​នឹង​ការពារ​បងប្អូន ពេល​ដែល​បងប្អូន​ជួប​នឹង​ភាពងងឹត​នៃ​ពិភពលោក ជាង នេះនោះ​ទេ ។ គ្មាន​អ្វី​ដែល​នឹង​ពង្រឹង​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ឬ​ជួយ​បងប្អូន​ឲ្យ​យល់​ពី​ផែនការ​ដ៏​អស្ចារ្យ​របស់​ព្រះ ជាង នេះ​នោះ​ទេ ។ គ្មាន​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​បងប្អូន​ធូរស្រាល​ក្នុង​អំឡុង​ពេល​ឈឺចាប់ ជាង នេះនោះ​ទេ ។ គ្មាន​អ្វី​ដែល​នឹង​បើក​ស្ថានសួគ៌ ជាងនេះនោះ​ទេ ។ គ្មាន​ទាល់តែ​សោះ ! »

សន្និសីទ​ទូទៅ​នីមួយៗ​នាំមក​នូវ​ពរជ័យ​ដ៏​សន្ធឹកសន្ធាប់​បន្ថែមទៀត ។ នៅក្នុង​ខែ​មេសា​ខាងមុខ​នេះ យើង​នឹង​ជួបប្រជុំ​នៅក្នុង​សន្និសីទ​ទូទៅ ដើម្បី​ស្តាប់​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​ជាថ្មី​ម្តងទៀត ។ យើង​មក​សន្និសីទ​ទូទៅ​ដោយ​បាន​អធិស្ឋាន និង​បានរៀបចំខ្លួន ។ សម្រាប់​យើង​ម្នាក់ៗ​មាន​ការព្រួយបារម្ភ​ជា​ខ្លាំង និង​សំណួរ​ដ៏​ស្មោះត្រង់​នានា ។ យើង​មក​ដើម្បី​បន្ត​សេចក្តី​ជំនឿ​របស់​យើង​នៅលើ​ព្រះអង្គសង្គ្រោះ​របស់យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ និង​ពង្រឹង​សមត្ថភាព​របស់យើង​ដើម្បី​ទប់ទល់​នឹង​ការល្បួង ។ យើង​មក​ដើម្បី​បាន​រៀន​ពី​ឋាន​លើ ។ ខ្ញុំ​សូម​សន្យាថា នៅពេល​ដែល​បងប្អូន​រៀបចំខ្លួន ហើយ​មក​ចូលរួម​សម័យ​ប្រជុំ​នៃ​សន្និសីទ​ទូទៅ​ដោយ​ការអធិស្ឋាន នោះ​បងប្អូន​នឹង​ទទួល​អារម្មណ៍​ថា ទទួល​បាន​ចម្លើយ​ចំពោះ​កង្វល់​របស់​បងប្អូន ហើយ​បងប្អូន​នឹង​ដឹង​ពី « ឥទ្ធិពល​នៃ​ស្ថានសួគ៌ » នោះ គឺ​នៅលើ​បងប្អូន ។

ចូរ​មាន​សេចក្តី​ជំនឿថា​ព្រះវរបិតាសួគ៌​របស់បងប្អូន​កំពុង​មាន​ព្រះបន្ទូល​មកកាន់​បងប្អូន ។ ទ្រង់​ពិតជា​មាន​ព្រះបន្ទូល​មកកាន់​បងប្អូន​មែន ! សូម​ឲ្យ​សេចក្តី​ជំនឿ​របស់បងប្អូន​នៅលើ​ទ្រង់ និង​ព្រះរាជបុត្រា​ស្ងួនភ្ញា​របស់​ទ្រង់ ជួយ​បងប្អូន​បើក​វាំងនន និង​អាច​ស្ដាប់ឮ​ព្រះសូរសៀង​របស់​ព្រះវរបិតា ។ ខ្ញុំ​ធ្វើជា​សាក្សីថា ទ្រង់​គង់នៅ​ទីនោះ ហើយ​ស្រឡាញ់​បងប្អូន​ច្រើន​ជាង​ពាក្យសម្តី​អាច​រៀបរាប់​បាន ។

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « Joy Cometh in the Morning » Ensign ខែ​វិច្ឆិកា ឆ្នាំ​១៩៨៦ ទំព័រ​៦៨ ។

  2. ជែមស៍ អ៊ី ហ្វោស្ត « The Voice of the Spirit » ( Brigham Young University devotional ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​១៩៩៧ ) ទំព័រ ២, ៣ នៅលើ​គេហទំព័រ speeches.byu.edu ។

  3. ប៊យ ឃេ. ផាកកឺ « Prayers and Answers » Ensign ខែ​វិច្ឆិកា ឆ្នាំ​១៩៧៩ ទំព័រ​១៩ ។

  4. រ័សុល អិម ណិលសុន និង ស៊ីស្ទើរ វេនឌី ដ័បុលយូ ណិលសុន « Hope of Israel » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០១៨ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  5. ជែមស៍ អ៊ី ហ្វោស្ត « The Voice of the Spirit » ទំព័រ​៤ ។

  6. រ៉ូបឺត ឌី ហែល « Holy Scriptures: The Power of God unto Our Salvation » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០០៦ ទំព័រ ២៦–២៧ ។

  7. រ័សុល អិម ណិលសុន « រីករាយ​នៅក្នុង​អំណោយទាន​នៃ​កូនសោ​បព្វជិតភាព » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២៤ ទំព័រ​១២២ ។

  8. សូមមើល នែល អិល អាន់ឌើរសិន « The Voice of the Lord » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ទំព័រ​១២៦ ។